ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី44
"ចា..ចាស៎?" ពាក្យថាស្វាមីភរិយាជាពាក្យមួយធ្ងន់ខ្លាំងណាស់សម្រាប់មនុស្សស្រីនៅលីវដូចជានាង លីងអឺមិនដឹងជាគួរនិយាយបកស្រាយបែបណាប្រាប់ទៅកាន់គេឲ្យយល់ មានតែព្យាយាមចោលភ្នែកសំឡឹងមើលទៅគេ សុំគេឲ្យមានហេតុផលជាងនេះបន្តិច។
"ដូចដែលយើងប្រាប់នាងមិនអ៊ីចឹងហ្អេស៎? ថាវិមានរបស់លោកតា បើនរណាទៅទាល់តែជាសាច់ញាតិជាមួយនិងអ្នកផ្ទះនោះ"
"តែជាអ្វីផ្សេងក្រៅពីប្រពន្ធមិនបានទេហ្អរ៎?" លីងអឺសួរទៅគេទាំងសញ្ញាសួរលោតពេញក្បាលនាងនៅឡើយ នាងដឹងហើយថានាងមិនអាចទៅអុីតាលីតាមគេបាននោះទេ បើសិនជានាងមិនមានជាប់សាច់ឈាមអ្វីនោះ តែបើសិនជាគេកុហក គេអាចកុហកអ្វីផ្សេងបានទេតើ ចាំបាច់អីតែកុហកថានាងជាភរិយាគេនោះ?
"បើមិននិយាយថាជាប្រពន្ធ អ៊ីចឹងនាងចង់ឲ្យយើងប្រាប់ថានាងជាអី? ជាកូនយើងអ៊ីចឹងហ្អេ៎? ក៏បាន.."
"លីងអឺ សុីរ៍ កូនស្រីចិញ្ចឹមរបស់ប៉ា! ប៉ាឃ្លានណាស់ សុំមួយមើល"
"មនុស្សឆ្កួត.. ស្មោគគ្រោកបំផុត អឹស" កាលបើត្រូវអៃដេនចំអន់ ផ្លែផ្កាបែបព្រានមកកាន់ខ្លួនបែបនេះ លីងអឺក៏ខិតកិលខ្លួនចេញទៅដេកឆ្ងាយពីគេបន្តិច មិនភ្លេចសម្លក់សំឡឹងគេវិញទាំងខឹងសម្បារផង។
"ឃើញទេ? ក្រៅពីក្លែងធ្វើជាប្រពន្ធយើង នាងមិនអាចទៅជាស្អីផ្សេងបាននោះទេ លីងអឺ សុីរ៍" អៃដេននិយាយតែប៉ុណ្ណេះហើយគេក៏បិទភ្នែកសម្ងំដេកមួយកន្លែងវិញ លីងអឺឯណោះក៏នៅបន្តសំឡឹងមុខគេរហូតមិនប្រណី នាងតូចមិនយល់សោះ មិនយល់ថាហេតុអីក៏ពេលនេះគេតែងតែមកធ្វើចារិកព្រាន ហើយខ្សែលើមកលើនាងបែបនេះ កាន់តែគិតនាងក៏កាន់តែឈឺក្បាលវិលមុខតែម្ដង។ ស្រីតូចគិតបណ្ដើរ សួរខ្លួនឯងបណ្ដើររហូតទាល់តែទន់ភ្នែកទើបនាងបិទភ្នែកសម្ងំគេងលង់លក់នាពេលនោះតែម្ដង។
#2ថ្ងៃកន្លងផុត..
ការតាមដាននិងព្យាបាលរបួសទើបតែបាន2ថ្ងៃប៉ុណ្ណោះទេ តែអៃដេនក៏ទាមទារចង់ចេញពីមន្ទីរពេទ្យ ដោយយកលេសថាគេមានការងារសំខាន់ ខានមិនបាន ទើបស្ទេហ្វាន៍ដែលជាបងប្រុសត្រូវសម្រេចចិត្តធ្វើជាអាណាព្យាបាលនិងធានាគេចេញពីមន្ទីរពេទ្យមុនកំណត់បែបនេះ។
ឡានទំនើបបើកចេញយ៉ាងលឿនស្លេវ បើកដោយដៃកម្លោះសង្ហាកូនច្បងត្រកូលអាឡិចសាន់តូស៍សានឯណោះ គេម្នាក់ឯងអង្គុយនៅបាំងខាងមុខ ខណៈប្អូនប្រុសនិងលីងអឺអង្គុយនៅបាំងខាងក្រោយជាមួយគ្នាដូចជាគូស្នេហ៍ដែលបែកគ្នាមួយជំហានមិនបាន។
"អេ៎?!" ឡានបើករលាក់យូរៗទៅ ក្បាលលីងអឺក៏ទ្រេតសន្ធប់មកលើស្មារបស់អៃដេនឯណោះ ដំបូងគេមិនសូវជាចាប់អារម្មណ៍មើល តែពេលក្បាលនាងទ្រេតមកប៉ះនិងស្មាគេ ទើបអៃដេនដឹងថានាងកំពុងតែដេកលង់លក់យ៉ាងសុខស្រួលបំផុត។ គេសំឡឹងមើលទៅនាងច្រម៉ក់ដែលដេកលង់លក់នោះ មុននិងលើកដៃម្ខាងទៅកាន់ទប់ឲ្យនាងគេងឲ្យស៊ុបនៅលើស្មាខាងឆ្វេងរបស់គេ សកម្មភាពអៃដេនក៏ត្រូវបានបងប្រុសដែលបញ្ជាចង្កូតឡាននៅខាងមុខនោះឃើញ ហើយក៏បញ្ចេញស្នាមញញឹមជាប់លើផ្ទៃមុខ។
"ប្រហែលជានឿយនិងមើលថែឯងប៉ុន្មានថ្ងៃនេះហើយអាអៃដេន.. នេះមានធ្វើស្អីឲ្យអូនលីងអឺពិបាកខ្លាំងរឺអត់?"
"គ្មានទេ..ដៃយើងកម្រើកមិនទាំងកើតផង ទៅធ្វើស្អីនាងកើតនោះ? បានតែហិតៗហ្នឹង" លឺប្អូនប្រុសនិយាយទាំងមុខជូរហួញបែបនោះ ស្ទេហ្វាន៍គេក៏អស់សំណើចតិចៗ ត្បិតគេអាចមើលដឹងថាអៃដេនដូចជាទ្រាំសឹងមិនចង់បានទេ រាល់ពេលដែលគេនៅក្បែរស្រីក្រមុំសាច់ក្រអូបដូចជាលីងអឺនេះ ទោះប្អូនមិននិយាយ គេក៏អាចមើលយល់តាមរយៈក្រសែភ្នែកស្រេកឃ្លានមួយនោះ។
"ទ្រាំទៅ..គង់តែបានវិញទេ មើលថែទាំតែផ្លូវចិត្តនាង កុំស្ដីបន្ទោស គំហកដាក់នាងពេកទៅបានហើយ" ស្ទេហ្វាន៍និយាយម្ដងនេះគឺនិយាយពិតមែន ព្រោះគេក៏លួចបារម្ភដែរ បារម្ភខ្លាចថ្ងៃណាមួយអៃដេនគេជ្រុលខ្លួន ធ្វើបាបចិត្តលីងអឺខ្លាំង ខ្លាំងរហូតដល់នាងចាកចេញបាត់ គេដឹងថាអៃដេនចូលចិត្តខឹងនាង គំហកដាក់នាង តែគេមិនដែលចង់បាត់នាងទៅណាពីក្រសែភ្នែកទេ ដូចជាថ្ងៃដែលនាងលួចរត់ទៅពួននៅភោជនីយដ្ឋាននោះអ៊ីចឹង អៃដេនរកនាងវង្វេងវង្វាន់ដូចជាមនុស្សគ្មានសតិ គេនៅចាំទឹកមុខនិងក្រសែភ្នែករបស់ប្អូននៅថ្ងៃនោះបានច្បាស់ខ្លាំងណាស់។
"និយាយអ៊ីចឹង..ខែក្រោយទៅអុីតាលី ឯងនឹងទៅជុំគ្នាជាមួយយើងទេ?" សុខៗអៃដេនក៏ស្រាប់តែលើកសំនួរចោទសួរទៅកាន់បងប្រុសដែលនៅអង្គុយបាំងខាងមុខឯណោះ ស្ទេហ្វាន៍ងាកចុងកន្ទុយភ្នែកមើលទៅប្អូនតាមកញ្ចក់ឡាន រួចក៏ញ៉ោចស្នាមញញឹមបន្តិច។
"យ៉ាងមិច? ខ្លាចថាបងប្រុសមិនទៅ ឯងនឹងនៅមិនសុខមែនទេ?"
"យើងគ្រាន់តែសួរ ព្រោះបើឯងទៅ យើងក៏នឹងយកលីងអឺទៅដែរ ទុកនៅរីសតតែឯងមិនបានទេ ជើងវែងណា ស្រួលមិនស្រួលស្ពាយកូនយើងរត់បាត់ទៀត"
"នែ អ្នកប្រុស" លីងអឺឯណោះ លឺគេថាខ្លួនជាស្រីជើងវែង នាងក៏ប្រញាប់ងាកទៅតវ៉ាជាមួយគេភ្លាម បើនិយាយពីមុខវិញគឺក្រម៉ូវដូចជាគេយកទៅចងបាញ់អ៊ីចឹង។
"បើឯងយកនាងទៅ ឯងបម្រុងប្រាប់លោកតាថានាងត្រូវជាស្អីជាមួយឯងអាអៃដេន?" ស្ទេហ្វាន៍សួរនូវសំនួរដែលនាំឲ្យលីងអឺនឹកឃើញពីសម្ដីរបស់អៃដេននិយាយកាលពីយប់មួយនោះ។
(អ្នកដែលអាចចេញចូលវិមានលោកតាបាន ទាល់តែជាកូនចៅរឺក៏សាច់ញាតិ អ៊ីចឹងនាងត្រូវតែទៅក្នុងនាមជាប្រពន្ធយើង លីងអឺ សុីរ៍!)
"ហូយ៎ អត់ទេ" ខួរក្បាលឆ្លើយប្រាប់ បបូរមាត់នាងក៏បដិសេធឆៅៗតែម្នាក់ឯង ដល់ថ្នាក់ធ្វើឲ្យអៃដេននិងស្ទេហ្វាន៍ត្រូវមើលនាងទាំងឆ្ងល់ព្រមៗគ្នាតែម្ដង។
"អាអៃ..ឯងសម្រេចយ៉ាងមិច?" ស្ទេហ្វាន៍និយាយស្របនិងដៃបង្វិលចង្កូតឡានបត់ចូលទៅកាន់ទីកន្លែងមួយដែលគ្រាន់តែឃើញភ្លាម លីងអឺភ្ញាក់សឹងតែលស់ព្រលឹងមួយរំពេចតែម្ដង។ ឡានបងប្អូនប្រុសទាំងពីរនាក់បត់ចូលក្នុងវីឡាឃ្វីន ផ្ទះដែលលីងអឺមកជាលើកទីបី លើកទីមួយនាងត្រូវអៃដេនធ្វើបាប លើកទីពីរត្រូវសុីងយីងចាប់បោកក្បាល ចុះលើកនេះនាងនឹងត្រូវមានរឿងអីទៀតទៅ?
ងឹក!
"ខ្ញុំសុំចាំនៅក្នុងឡានណា៎ អ្នកប្រុសទាំងពីរចូលទៅធ្វើកិច្ចការអីក៏ធ្វើចុះ" គ្រាន់តែឡានឈប់ងឹក លីងអឺក៏ទាញខ្សែក្រវ៉ាត់មកបំពាក់ រួចអង្គុយញញឹមប្រាប់ពួកគេត្រង់ៗថានាងមិនចុះទៅណាទេ មិនមែនមិនចង់ទៅ តែមិនចង់ឈឺខ្លួនទៀត។
"លើកនេះនាងត្រូវតែចេញ មិនឲ្យចាំក្នុងឡានទេ"
"តែ..អ្ហាយ៎" រកតែលីងអឺនិយាយបកស្រាយមិនទាន់ ស្រីតូចត្រូវអៃដេនទាញដៃនាំឡើងចេញទៅជាមួយគេទាំងបង្ខិតបង្ខំតែម្ដង ស្ទេហ្វាន៍ឯណោះមិនបាននិយាយអី តែក៏លួចអស់សំណើច មុននិងបើកទ្វារចុះពីឡានទៅតាមក្រោយប្អូនៗដែរ។
វត្តមានអ្នកទាំងបីឡើងទៅកាន់វីឡាដែលមានអ្នកបម្រើឆ្វេងស្ដាំចាំទទួលឯណោះ លីងអឺនាងនៅកណ្ដាលគេក៏ចេះតែលាក់ៗមុខ ព្រោះគ្រប់គ្នាអាចនឹងស្គាល់នាង ព្រោះនាងក៏ធ្លាប់មកទីនេះ ហើយក៏ធ្លាប់ជាមនុស្សដែលអៃដេនស្អប់ដល់ឆ្អឹងដែរ។
"អូហ៍! អារៃអេន.." ដើរបានតែប៉ុន្មានជំហានស្ទេហ្វាន៍ក៏ឧទានហៅឈ្មោះប្អូនប្រុសម្នាក់ទៀតដែលនៅឈរចាំជាស្រេចនោះ អៃដេនងើបក្រសែភ្នែកមើលទៅគេ ហើយក៏បញ្ឈប់ដំណើរនិងដើរឡើងទៅកាត់មុខរបស់គេទៀត។ អស់ពីម្នាក់ចូលម្នាក់ អស់ពីជួបរៃអេន ពេលនេះគេក៏ជួបសុីងយីង អតីតភរិយារបស់គេទៀត។
"ស្មានតែនរណាការពិតគឺប្អូនថ្លៃសោះ នេះមករកអីហ្នឹង?" សុីងយីងនិយាយឌឺដងផ្លែផ្កាដាក់អៃដេន ភ្នែកក៏មិនភ្លេចងាកមើលទៅលីងអឺដែលអោនមុខចុះឯណោះ។ អៃដេនងាកមើលទៅលីងអឺ រួចលើកដៃម្ខាងទាញខ្លួននាងមកពីតជាប់ទ្រូង ដល់ថ្នាក់អ្នកកំពុងតែខ្លាចនោះត្រូវងើបមើលមុខគេម៉កៗព្រោះមិនយល់ន័យនៃទង្វើមួយនោះ។
"មានរបស់ដែលត្រូវយកទៅរីសត របស់ដែលអាចប្ដូរឋានៈលីងអឺបានក្រៅពីពាក្យថាជាអ្នកពពោះ" សម្ដីអៃដេនធ្វើឲ្យអ្នកឌឺដងផ្លែផ្កាមុននោះទម្លាក់ទឹកមុខបន្តិច អៃដេនក៏មិនបានិយាយអី គេអោបស្មាលីងអឺយ៉ាងស្និតស្នាលរួចដើរជៀសពីសុីងយីង បន្តទៅកាន់បន្ទប់ចាស់របស់គេឯណោះ។
"អ្នកប្រុស.."
"មិនស្ងាត់មាត់ ប្រយត្ន័យើងយកមាត់បំបិទវិញ"
—
មីកាអៃកាន់តែផ្គើនហ្មង
