ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី57
ក្រឡេកមកមើលអៃដេននិងស្រីសម្អប់ដែលគេតាមរកសឹងតែឆ្កួតអស់រយៈពេល2ថ្ងៃមកនេះ គ្រាន់តែបានឃើញនាង អារម្មណ៍គេក៏រំជើបរំជួលរកនិយាយអ្វីមិនចេញ ខួរក្បាលគេបញ្ជាមកដៃនឹងជើងឲ្យកាន់ក្ដាប់កាយនាងឲ្យជាប់ ខណៈបេះដូងដែលស្ថិតនៅផ្នែកខាងឆ្វេងនៃទ្រូងបែរជាបញ្ជាគេឲ្យអោបក្រសោបខ្លួននាងជំនួសទៅវិញ។
"អ្នកប្រុស..អ្នកប្រុសអៃដេន! លែងខ្ញុំ"
"អត់ទេ! យើងគ្មានថ្ងៃលែងដៃនាងម្ដងទៀតជាដាច់ខាត គ្មានផ្លូវទេ លីងអឺ សុីរ៍" អៃដេនមិនបានដោះលែងនាងពីការអោប ហើយក៏ថែមទាំងប្រកែកដាច់អហង្ការទៅលើការស្នើសុំរបស់នាងថែមទៀត។ លីងអឺឯណេះវិញ នាងក៏ម៉ីងមាំង ធ្វើអ្វីមិនចេញត្បិតថាពេលនេះខ្លួននាងត្រូវកាយមាំទាំ មានកម្លាំងអោបក្រសោបសឹងតែកំពិតខ្លួនដូចចេកចៀនអ៊ីចឹង។
"នាងគិតចង់គេចទៅណា? ហេតុអីក៏មិនស្ដាប់ការបកស្រាយពីលោកតាសិន? ហេតុអីក៏នាងចូលចិត្តអារកាត់គ្រប់យ៉ាងដោយខ្លួនឯងបែបហ្នឹង?" ដំបូងលីងអឺនាងមិនធ្វើអ្វី តែក៏នៅស្ងៀមព្រមឲ្យគេអោបក្រសោបខ្លួន តែបន្ទាប់ពីលឺអៃដេននិយាយហាក់ដូចជាស្ដីបន្ទោសនាងបែបនេះ លីងអឺក៏ចាប់ផ្ដើមខឹងក្រោធ ហើយក៏ប្រញាប់រុលដៃរុញទ្រូងគេចេញ លែងឲ្យអោបនាងទៀត។
"ចុះចៅមិនគិតពីឋានៈរបស់ក្មេងម្នាក់នោះ? ចង់ឲ្យខ្ញុំនៅស្ដាប់លោកតារបស់អ្នកប្រុសលើករឿងឋានៈអ្នកក្ររបស់ខ្ញុំមកនិយាយម្ដងជាពីរដងបែបហ្នឹងមែនទេ? មែនហើយ! ខ្ញុំជាស្រីក្ររហាម ខួរក្បាលមិនល្អ ល្ងង់ ទើបបានជាខ្ញុំពូកែខាងអារកាត់សម្ដីអ្នកមានចំណេះនិងទ្រព្យសម្បត្តិដូចជាអ្នកប្រុសបែបនេះ.."
"យើងមិនបានចង់មានន័យបែបហ្នឹងទេ"
"ខ្ញុំមិនចង់និយាយពីរឿងអស់ទាំងហ្នឹងទៀតទេ លែង!" ការគេចវេសគេវាជារឿងហត់នឿយមួយទៅហើយ បើឲ្យនាងមកឈរចាំនិយាយបកស្រាយនិងស្ដាប់ប្រុសអាក្រក់ម្នាក់នេះបន្ទោសទៀត នាងសុំមិនចង់ដឹងល្អជាង។
លីងអឺព្យាយាមរើខ្លួនដែលអៃដេនកំពុងតែចាប់កាន់នោះ តែក៏នៅតែមិនបានផល ព្រោះលើកនេះគេលូកដៃម្ខាងចាប់ករដៃនាង រួចក៏ដឹកដៃនាងទៅជាមួយគេទាំងមិនឲ្យដំណឹងអីជាមុនសោះ។
"លែង..លែងដៃខ្ញុំ ខ្ញុំមិនទៅជាមួយអ្នកប្រុសវិញទេ ហ្អាយ៎" ការដឹកដៃអូសនាំមកជាមួយមិនរលូន អៃដេនក៏ប្ដូរបែបបទមកជាការលើកបីនាងឡើងផុតពីដី ដើរទៅមុខម្ដង ម្ដងនេះទោះជានាងរើបម្រាស់ ដាល់គេទាល់តែបែកទ្រូង គេក៏មិនព្រមលែងនាងជាដាច់ខាត។
ក្រាក!
ភឹប..
អៃេដនដើរមកដល់ក៏ទាញទ្វារឡានបើករួចក៏ដាក់លីងអឺឲ្យចូលអង្គុយភឹប គេក៏ឡើងមកតាមក្រោយនាង ទាំងដៃម្ខាងក៏កាន់នាងជាប់មិនលែង ស្អិតគ្នាដូចជាស្ករតាំងម៉ែអ៊ីចឹង។
"ពួកយើងចេញឡានបានហើយរឺនៅហ្នឹង?" កាលបើគ្រាន់តែចូលមកដល់ក្នុងឡានភ្លាម សំឡេងមនុស្សម្នាក់បន្លឺចេញពីបាំងខាងមុខ នាំឲ្យលីងអឺនាងភ្ញាក់ជាមួយម្ចាស់សំឡេងនោះភ្លាម អុីទែនងាកបែរមុខសំឡឹងមើលមកកាន់នាងតូចមុខមូលក្រឡង់ដែលជាប្អូនស្រីបង្កើតរបស់គេ តែគេក៏មិនអាចប្រាប់នាងបាន ត្បិតពេលវេលាវាមិនទាន់សាកសម តែយ៉ាងណាក៏គេសុំតាមមើលនាងពីក្រោយ ដូចជាពេលដែលគេតាមមើលនាងជាច្រើនឆ្នាំកន្លងមកនេះ។
"ខ្ញុំមិនទៅទេ.." លីងអឺនាងប្រញាប់ងាកគេចក្រសែភ្នែកបុរសដែលបដិសេធនាងចំពោះមុខថាមិនមែនជាបងប្រុស ទាំងដែលរាល់ពាក្យសម្ដីនិងភាពភ័យខ្លាចរបស់គេគឺដូចគ្នានិងបងប្រុសនាងទាំងស្រុងតែម្ដង។
"មិនទៅក៏ត្រូវតែទៅដែរ"
"អុីទែន.. ចេញឡានទៅ" អៃដេនលូកចាប់ដៃលីងអឺ រួចទាញនាងចូលមកអោបអឹបជាប់និងទ្រូង ស្របនឹងមាត់ហើបប្រាប់អ្នកបញ្ជាចង្កូតឲ្យបើកចេញ អុីទែនឯណោះមិននិយាយអី មានតែបញ្ចេញស្នាមញញឹមតិចតួច រួចក៏បើកចាកចេញពីតំបន់នោះតាមបំណងរបស់អៃដេន។
...
ឡានអុីទែនបើកចេញ ក៏ស្រាប់តែមានឡានមួយបើកតាមពីក្រោយគេជាប់ដែរ ជាឡានខ្មៅក្រឹបដែលមានតម្លៃថ្លៃ ជាឡានដែលគ្រាន់តែអុីទែនក្រឡេកឃើញ គេក៏ដឹងភ្លាមថាវាជាឡានរបស់នរណា ហើយគេក៏ដឹងច្បាស់ថាឡាននេះកំពុងតែតាមឡានគេហ្នឹងឯង។
"អៃដេន! កាន់លីងអឺឲ្យជាប់ណា៎" ក្រោយពីឃើញថាស្ថានការណ៍មិនស្រួល អុីទែនគេក៏ប្រញាប់និយាយរកអ្នកនៅបាំងខាងក្រោយ ដោយឲ្យដំណឹងជាមុន មុននិងគេចង់ធ្វើអ្វីម៉្យាងនាពេលនោះ។ អៃដេនលឺដូច្នោះក៏ងឿងឆ្ងល់ ទើបងើបមុខសួរទៅអុីទែនវិញទាំងឆ្ងល់។
"ហេតុអី? មានរឿងអីមែនទេ?"
"ជិតហួសម៉ោងយកផ្កាហើយ ខ្ញុំចង់បន្ថែមល្បឿនបន្តិច" អៃដេននៅតែលើកចិញ្ចើមឆ្ងល់ តែគេក៏ចាប់សម្គាល់ដឹងពីក្រសែភ្នែកអុីទែនដែលមើលតាមកញ្ចក់ទៅខាងក្រោយរហូត ទើបអៃដេនងាកទៅមើលនិងបានឃើញឡានខ្មៅមួយគ្រឿងបើកតាមពីក្រោយពួកគេយ៉ាងប្រកិតប្រកៀកតែម្ដង។ អៃដេនយល់ការណ៍ក៏ប្រញាប់លូកដៃទាញចង្កេះអ្នកដែលអង្គុយកៀកគេស្រាប់ទៅហើយនោះឲ្យចូលមកកាន់តែកៀកកិតជិតខ្លួនថែមទៀត ដល់ថ្នាក់លីងអឺនាងចង្អៀតសឹងតែរឹងខ្លួនមិនរួចតែម្ដង។
"រួចហើយ! ថែមល្បឿនចុះ"
"អូខេ!"
ង៉ោង!
គ្រាន់តែទទួលបានការឆ្លើយតបពីអ្នកបាំងខាងក្រោយភ្លាម អុីទែនក៏ស៊ុតមួយកប់យកតែម្ដង ឡានដែលប្រកិតប្រកៀកគេឯងមុននោះក៏ត្រូវឃ្លាតឆ្ងាយយ៉ាងលឿនដូចជារន្ទះតែម្ដង អុីទែនបើកជែងឡានដទៃដែលនៅតាមដងផ្លូវស្របគ្នានោះ រហូតទាល់តែដល់ផ្លូវបំបែកជាបួនគេក៏ចុចសុីញ៉ូឆ្វេង នាំឲ្យឡានដែលតាមនោះសុីញ៉ូពីចម្ងាយមកដូចគ្នា គេធ្វើបែបនោះរហូតទាល់តែដល់ផ្លូវដែលត្រូវបត់ រួចគេក៏ប្រើល្បិចដោយគេប្ដូរសុីញ៉ូមកជាបត់ស្ដាំវិញហើយក៏បត់វែវឡើងទៅកាន់ផ្លូវចូលក្រុងវិញ ខណៈឡានដែលតាមនោះចាញ់ល្បិច បត់ឆ្វេងបើកទៅបាត់ ខុសមួយជំហាននាំឲ្យអុីទែនបើកឡានគេចបានសម្រេចតាមបំណង។
