ភាគ០៥៖ជេរថាយ៉ាងម៉េច?

4K 249 2
                                        

    មន្ទីពេទ្យ Sejeong
    សំបុត្រពណ៌ដដែល រូបរាងដដែល តែ ជុងហ្គុក នៅតែបន្តបើកអានមិនមានអារម្មណ៍ធុញទ្រាន់នោះទេ តែថ្ងៃនេះគេបានអានសំបុត្រ មានអារម្មណ៍រំភើបប្លែកជាងរាល់លើក បើសួរគេថាគួររំភើបលើរឿងអ្វី គេក៏មិនច្បាស់ក្នុងចិត្តខ្លួនឯងដែរ សុខៗក៏មានអារម្មណ៍បែបនេះកើតឡើងមកដោយឯកឯង។
    "បងពេទ្យដឹងទេថ្ងៃនេះ ថេយ៍ ប្រឡងធ្វើបានគ្រប់មុខវិទ្យាទាំងអស់ អរគុណបងពេទ្យច្រើនណាស់ដែលជួយបង្រៀនមេរៀន ថេយ៍ កាលពីម្សិលមិញ ថ្ងៃនេះការប្រឡងប្រកបទៅដោយរលូន គ្មានភាពស្ទាក់ស្ទើរនោះទេ!"
    តុៗ...
    ជុងហ្គុក ដកខ្សែភ្នែកចេញពីសំណេរក្នុងសំបុត្រភ្លាមៗ រួចងើបមុខសម្លឹងមើលអ្នកជំងឺស្រីម្នាក់ដែលបានដើរចូលមក។
    «សួស្តីលោកដុកទ័រ!»
    «បាទសួស្តី!» នារីរូបស្រស់ស្ថិតក្នុងរ៉ូបពណ៌ទឹកប៊ិក ចាប់ញញិមគួរសមចំពោះអ្នកកំលោះរួចបានដាក់គូទអង្គុយចុះ បបួលដុកទ័រសង្ហាពិគ្រោះអំពីបញ្ហាជំងឺរបស់ខ្លួន។
    «អ្នកនាងមានបញ្ហាក្រពះពោះវៀនធ្ងន់ធ្ងរ ថ្មីៗនេះកុំឧស្សាហ៍ផឹកស្រាញឹកញាប់ខ្លាំងពេក វាមិនអាចជួយធ្វើឱ្យសុខភាពរបស់អ្នកនាងធូរស្រាលបានឡើយ!»
    «ដោយសារតែខ្ញុំជាស្រីបម្រើក្នុងបារកម្សាន្ត ទើបត្រូវតែផឹកស្រាកំដរភ្ញៀវប្រុសៗរាល់ថ្ងៃ ខ្ញុំក៏មិនចង់សេពគ្រឿងស្រវឹងដែរ ប៉ុន្តែដើម្បីការងារខ្ញុំមានតែត្រូវបង្ខំចិត្តធ្វើវាដូច្នេះ!» ជុងហ្គុក មិនដឹងថាការងារនាងវាមានតម្រូវការឱ្យនាងបំពេញតួនាទីយ៉ាងណាខ្លះឡើយ សុខភាពរបស់នាងគឺសំខាន់ខ្លាំងណាស់។ ប្រសិនបើនាងនៅតែបន្ត ផឹកស្រារាល់ថ្ងៃទៀត រាងកាយរបស់នាងអាចនិងប្រឈមមុខជាមួយបញ្ហាជំងឺផ្សេងៗ មិនមែនប៉ះពាល់តែផ្នែកក្រពះតែមួយមុខគត់នោះទេ នាងថែមទាំងបានជក់បារីទៀត។ វាអាចមានផលវិបាកខ្លាំង មានការប៉ះពាល់យ៉ាងខ្លាំងទៅដល់ ខួរក្បាល សួត ប្រព័ន្ធប្រសាទ និងអវះយវះខាងក្នុងរាងកាយទៀតផង។
    «នាងគួរតែបញ្ឈប់វា..ប្រសិនបើនាងស្រលាញ់សុខភាព ការងារក៏ដូចគ្នាបើមានការងារណាមួយដែលធ្វើឱ្យនាងស្ត្រេស ឬកាន់តែពិបាកសម្របខ្លួន ដើម្បីបម្រើការងារមួយនោះទៀត នាងគួរតែលាឈប់ពីវា មុនពេលខ្លួននាងកាន់តែពិបាក ការងារសង្គមមានច្រើនទៀតណាស់ រកមើលការងារមួយណាដែលអាចជួយធ្វើឱ្យសុខភាព ទាំងផ្លូវកាយ ឬ ផ្លូវចិត្តរបស់នាងល្អប្រសើរឡើងទៅ កុំបណ្តោយវារហូតដល់ថ្នាក់កែប្រែលែងរួច ព្រោះការងារដែលនាងកំពុងតែធ្វើរាល់ថ្ងៃនេះ ហាក់បានផ្តល់ប៉ះពាល់ដល់នាងយ៉ាងខ្លាំង ជាពិសេសគឺសរសៃប្រសាទ!» ឆុងអា ឮដូច្នេះចាប់មានអារម្មណ៍ព្រួយបារម្ភពីសុខភាពខ្លួនឯងមួយរំពេចភ្នែក ជុងហ្គុក និយាយមិនខុសទេ នាងមិនមែនផឹកតែស្រាមួយមុខគត់នោះឡើយ នាងថែមទាំងបានជក់បារី និងប្រើប្រាស់ថ្នាំកំឡុងពេលបម្រើការងារនាពេលរាត្រីទៀត។
    «អរគុណលោកដុកទ័រច្រើនណាស់ដែលបានណែនាំដល់នាងខ្ញុំ!»
    «ខ្ញុំគ្រាន់តែជួយដាស់តឿន ព្រោះពេលវេលាទៅខាងមុខប្រែប្រួលយ៉ាងណាគ្មាននរណាម្នាក់អាចកំណត់ដឹងបានឡើយ ដូច្នេះហើយនាងត្រូវតែកែប្រែវាដើម្បីខ្លួនឯងដែរ!» ជុងហ្គុក និយាយបណ្តើរសរសេរបំពេញបែបបទទៅក្នុងក្រដាសមួយហុចទៅឱ្យនាងបណ្តើរ។
    «អ្នកនាងត្រូវទៅប្រាប់ខាងផ្នែកឱសថការី គេនិងបានរៀបចំផ្សំថ្នាំឱ្យអ្នកនាង កុំភ្លេចព្យាយាមធ្វើតាមវេជ្ជបណ្ឌិតណែនាំ ទើបសុខភាពរបស់អ្នកនាងអាចបានធូរស្បើយឡើងមកបាន!» ឆុងអា ទទួលយកក្រដាសពីដៃនាយកំលោះមកកាន់សម្លឹងមើល ពេលដឹងពីស្ថានភាពជំងឺរបស់ខ្លួនហើយ ភ្នែកនាងក៏ចាប់ផ្តើមផ្សារលេញរលោងជ្រាបសំណើមចេញមកដោយចិត្តកុកក្តួលអួលណែនពិបាកបរិយាយ។
    «អរគុណ លោកដុកទ័រ!»
    «បាទ!»
    ក្រាក!!
    ប៊ឹប!!!!
    «ស..សូមទោស!» ដូជុន ដឹងកំហុសខំប្រឹងនិយាយញ័របបូរមាត់តតាត់ទៅកាន់នាងក្រមុំ រូបស្រស់ ឆុងអា មិនតបតនិងនាយ ប្រញាប់រត់ចេញទៅបាត់។
    «ដើរមិនប្រយ័ត្នប្រយែងសោះឯងនេះ!» ជុងហ្គុក ជេរប្រទេចតិចៗទៅលើមិត្ត ដូជុន ច្រានទ្វារបិទរួចដើរចូលទៅដាក់គូទអង្គុយចុះខាងមុខតុធ្វើការរបស់ ជុងហ្គុក។
    «ឯងដឹងទេ បងស្រីយើងទើបតែខលទូរស័ព្ទមកប្រាប់អម្បាញ់មិញនេះ ពេលទៅដល់ភ្លាម ថេយ៉ុង ខិតខំមើលមេរៀនណាស់ ឯងបានធ្វើអ្វីចំពោះគេ ហេតុអីទើបបានជាគេផ្លាស់ប្តូរទម្លាប់លឿនដល់ថ្នាក់នេះ?»
    «ឯងជាគ្រូពេទ្យប្រភេទអី ហេតុអីមិនចេះយល់ពីចិត្តរបស់ក្មួយខ្លះផង ដឹងហើយ ឮហើយ ថាគេមានបញ្ហាផ្លូវចិត្ត ព្រោះប៉ាម៉ាក់បាក់បែកចែកផ្លូវគ្នា គេត្រូវការការលើកចិត្ត និងសេចក្តីស្រលាញ់ ភាពថ្នាក់ថ្នម មិនមែនការបង្គាប់បង្ខំ ភាពដាច់អហង្ការដូចជាឯងបានធ្វើចំពោះគេនោះទេ!» ជុងហ្គុក មានមោទកភាពលើខ្លួនឯងខ្លាំងណាស់ ដែលអាចកែប្រែទម្លាប់របស់ ថេយ៉ុង បានដោយងាយ គេគ្រាន់តែពូកែលួងលោមហើយនិយាយស្តីផ្អែមល្ហែម មិនទ្រគោះបោះបោក មិនគ្រោតគ្រាតដូចជាអាមិត្តភក្តិចោលម្សៀតម្នាក់នេះបានប្រើធម៌ក្តៅ ទៅអប់រំសម្លុតកំហែងដាក់ក្មេងដូច្នេះឡើយ។
    «ល្អហើយបានឯងជាមិត្តភក្តិ កុំអីណាក្មួយយើងក្លាយទៅជាក្មេងបាតសង្គមដើរលេងបាត់ៗពីផ្ទះជក់គ្រឿងញៀនដូចតែម៉ែវាជេរពេលវារឹងក្បាលតមាត់ឱ្យប៉ប៉ែះនោះអ៊ីចឹង!»
    «ឯងក៏គ្មានបានការ ម៉ោងធ្វើការលួចដើរចេញបាត់ៗពីកន្លែងរហូត ទៅចេញទៅ យើងធ្វើការ..» ជុងហ្គុក គ្រវីក្បាលព្រមទាំងបង្ហើបបបូរមាត់ស្រែកបណ្ដេញមិត្តឱ្យញ័របបូរមាត់រន្ថើន។
    «សំបុត្រអ្វី?»
    «រឿងរបស់យើង!» ជុងហ្គុក ស្ទុះវឹងទៅចាប់កញ្ឆក់សំបុត្រពីដៃ ដូជុន មកលាក់ទុកភ្លាម។
    «មានស្អីលាក់បាំងចំពោះគ្នាមែនទេ? ឯណាមានអីពិសេសសុំមើលបន្តិចមក!»
    «ប្រាប់ថាគ្មានអីទេ ឯងចេញទៅវិញទៅយើងដល់ម៉ោងណាត់ចួបអ្នកជំងឺហើយ!»
    «អានេះសង្ស័យមានស្រីសរសេរសំបុត្រផ្ញើឱ្យហើយ..ហាហា!»
    «ចេញទៅ..ទៅៗ!» អ្នកកំលោះស្រែកបន្ទាន់ដេញមិត្តខ្លួនចេញផ្ទួនៗអារម្មណ៍ភ័យបុកពោះផឹបៗអម្បាញ់មិញនេះ បើគេដណ្តើមចាប់សំបុត្រយកមកមិនទាន់ទេបែកការណ៍អស់ជាក់ជាមិនខានឡើយ។
   
    យប់..
    ម៉ោង ៩:២០ នាទី..
    ម្រាមដៃស្រឡូនម្ខាងលូកចុចបិទកុងតាក់អំពូលភ្លើងអគ្គីសនី ក្រោយពីបានមើលមេរៀនចប់ហើយ មានអារម្មណ៍ស្ពឹកភ្នែកទើប ក្រឡេកទៅរកគ្រែសម្រាកនិងអាលបានទម្រេតខ្នងគេងឱ្យបានលុងលក់ស្រួល។ ពេញមួយថ្ងៃមកនេះ គេបានប្រើប្រាស់រាងកាយមួយនេះដាក់ទោសវាអស់ពេលជាច្រើនម៉ោង អង្គុយប្រឡងចុកចង្កេះ ចុកខ្នង ពេលរាត្រីក៏តម្រូវឱ្យខ្លួនឯង ព្យាយាមខិតខំមើលមេរៀនសង្ខេបទៀត ដ្បិតថ្ងៃស្អែកមានការប្រឡងបិទបញ្ចប់ឆមាសថ្ងៃចុងក្រោយមួយថ្ងៃទើបរួចរាល់។
    «ហ្អឹម!!!» សំឡេងដកដង្ហើម គ្រហឹមតិចៗ រាងតូចខំតាំងចិត្តដេកឱ្យលក់ តែអារម្មណ៍រសាប់រសល់ធ្វើឱ្យគេមិនអាចសំងំបិទភ្នែកលក់មួយធ្មេចណាសោះ។
    «ប៉ានៅតែក្បត់ម៉ាក់ដដែល ប៉ាមិនធ្លាប់មានអារម្មណ៍ស្រលាញ់ម៉ាក់ខ្លះសោះតើមែនទេ សូម្បីតែខ្ញុំជាកូនបង្កើតរបស់គាត់ក៏ប៉ាមិនបានខ្វាយខ្វល់ពីសុខទុក្ខរបស់ខ្ញុំយ៉ាងណាដែរ!» ថេយ៉ុង បង្ហូរទឹកភ្នែកចុះមកច្រោកៗសើមរលាក់តាមកន្ទុយភ្នែកដោយអារម្មណ៍រំជួលចិត្ត ម្តាយរបស់គេជាស្ត្រីម្នាក់ដែលតែងតែខិតខំថែរក្សា ចំណងអាពាហ៍ពិពាហ៍រវាងគាត់និងស្វាមីអស់ពេលជាច្រើនឆ្នាំជាមនុស្សពូកែរកស៊ីទុកដាក់ សន្សំរបស់របរពុំដែលបំផ្លិចបំផ្លាញធ្វើរឿងល្ងង់ខ្លៅឱ្យប្តីបាក់មុខម្តងណាឡើយ។ ផ្ទុយខុសពីបុរសដែលមានតែនាមជាស្វាមី គ្មានបានការម្នាក់នោះវិញ នៅពេលដែលកូនប្រុសកើតមករស់នៅបានអាយុ ១០ ឆ្នាំជាង បញ្ហាទំនាស់ក៏តែងតែកើតមានឡើង មិនចេះចប់ មិនចេះហើយ ជាមួយភរិយាសឹងតែរាល់ថ្ងៃ ជួនមានថ្ងៃខ្លះហ៊ានយកស្រីកំណាន់ មកកំដរអារម្មណ៍នៅនឹងមុខប្រពន្ធស្របច្បាប់ទៀត ទាំងដែលដឹងហើយថាភរិយាឈឺចាប់ ស្រែកយំទឹកភ្នែកហូរស្ទើរតែក្លាយទៅជាសមុទ្រឈាម ប៉ុន្តែគាត់នៅតែមិនព្រមធ្វើខ្លួនអើពើនិងបានចាត់ទុកប្រពន្ធប្រៀបដូចជារូបចម្លាក់ដែលហាក់មិនមានចលនាកម្រើកនិងគ្មានសំឡេងតែប៉ុណ្ណោះ។
    ក្រាក!!
    «ថេយ៍!» លោកស្រី ដារីរ៉ា លាន់មាត់ឧទានហៅឈ្មោះកូនប្រុសខ្សឹបៗ ពេលហៀបកំពុងចូលសម្រាន្ត ស្រាប់តែឃើញកូនរុញទ្វារ ដើរចូលមកឈរឆ្កឹងនៅនឹងមុខខ្លួនដូច្នេះ។
    «កូនចង់គេងជាមួយម៉ាក់ដែរ!» ថេយ៉ុង ប្រាប់បានប៉ុណ្ណឹង ឡើងទៅខាងលើគ្រែទម្លាក់ខ្លួនគេងក្បែរដើមទ្រូងម្តាយ លោកស្រី ដារីរ៉ា ដឹងថាកូនប្រហែលជាមានរឿងពិបាកចិត្ត ដ្បិតគាត់បានត្រឹមតែស្ងាត់ពុំសួរនាំខ្លាចកូននិយាយស្តីអ្វីចេញមកមិនរួច។
    «សឺត!» គាត់ថើបថ្ងាស់កូនប្រុសតែមួយគ្រាប់មួយដង្ហើមយ៉ាងវែង រួចលើកដៃឱបលើចង្កេះកូនសម្លឹងមើលទឹកមុខគួរឱ្យអាណិតដោយក្តីស្រលាញ់អស់ពីដួងចិត្ត។
    «ម៉ាក់!»
    «ហ្អឹម?»
    «ថេយ៍ ស្រលាញ់ ម៉ាក់ណា!»
    «ម៉ាក់ក៏ស្រលាញ់កូនដែរ!» គាត់មិនអាចស្មានចិត្តកូនប្រុសដឹងទេ ដឹងត្រឹមថាគាត់អាណិតស្រលាញ់កូនខ្លាំង ឃើញគេស្ងប់ស្ងាត់ បង្ហាញឫកពាប្លែកៗ ក៏បានត្រឹមតែដឹងថាកូនឯកោខ្លាំងប៉ុណ្ណាហើយក៏ចង់លួងលោមកូនដោយក្តីស្រលាញ់ចេញពីចិត្តពិតប្រាកដ។
    ថេយ៉ុង សំងំគេងលក់ស្ងាត់មាត់ច្រៀបទៅហើយ នៅសល់តែស្ត្រីចំណាស់ដែលរក្សាទឹកមុខដ៏កម្សត់ដដែល។ ម្រាមដៃចំណាស់ជ្រីវជ្រួញលើកអង្អែលថ្នមៗលើសក់ក្បាលដ៏ទន់ល្មើយ មុននឹងឈ្ងោកថើបថ្ពាល់ទន់ល្មើយមួយខ្សឺតបន្ថែម។
    «កូនម៉ាក់!»
   
    ព្រឹកថ្ងៃថ្មី
    សាលារៀន
    សូរជជែកវែកញែក បន្លឺទ្រហឹងអឺងកងពេញក្នុងថ្នាក់រៀន ខណៈមានសិស្សស្រីមួយក្រុមកំពុងសន្ទនាគ្នា យ៉ាងសើចសប្បាយបង្កឱ្យបរិយាកាសកាន់តែបន្លឺសំឡេងអ៊ូអរខ្លាំងជាងមុនទ្វេដង។
    «លោកដុកទ័រធំប្រចាំនៅមន្ទីពេទ្យ Sejeong សង្ហាខ្លាំងណាស់ ឯងឃើញទេ កាលពីម្សិលមិញយើងនាំម៉ាក់ទៅពិនិត្យមើលជំងឺ នៅទីនោះ ចួបគាត់ សម្តីគាត់ផ្អែមនិយាយពិរោះគួរឱ្យចង់ស្តាប់ណាស់ ទាំងសង្ហា ទាំងឆ្លាត ហើយពូកែទៀត!»
    «ឯងកាន់តែនិយាយ យើងរឹតតែចង់ចួបមុខគាត់!»
    «មែនហើយ ពួកយើងក៏ចាប់អារម្មណ៍គាត់ដែរ!» ជីនស៊ុក ស្តាប់ដឹងរឿងភ្លាមងាកទៅសម្លឹងអង្គជំនួបមួយនោះដោយខ្សែភ្នែកពិឃាដ។
    «តាមដឹងមីងរបស់យើង ធ្វើការជាគ្រូពេទ្យផ្នែកព្យាបាលរោគស្ត្រី គាត់ធ្លាប់និយាយមកថាលោកដុកទ័រម្នាក់នោះនៅលីវ មិនទាន់មានដៃគូទេ..»
    ផាំង!!
    «អ្ហាយ..»
    «គាត់មានរួចហើយ!» ថេយ៉ុង ទះតុក្រោកឈរស្រែកចាចភ្ញាក់ដល់ ជីនស៊ុក បះដៃបះជើងឡើងច្រងេងច្រងាង។
    «ពួកឯងឈប់មានបំណងស្អុយកខ្វក់ចំពោះគាត់ទៀត មនុស្សមានម្ចាស់ហើយហាមគិតផ្តេសផ្តាស់!»
    «ឯងទៅដឹងមកពីណាថាគាត់មានម្ចាស់ហើយ?» យ៉ូជីន ក្រោកឈរនិយាយឆ្កាងដៃ ឆ្កាងជើង តតាំងចំពោះ ថេយ៉ុង យ៉ាងគឃ្លើន ព្រមទាំងប្រមូលគ្នីគ្នាមកព្រួតសួរនាំគេទៀត។
    «បើយើងដឹងវាយ៉ាងម៉េច? បងពេទ្យគាត់មិនងាកមកចាប់អារម្មណ៍ពីក្មេងស្រីមុខដូចត្រីងៀតដូចជាពួកឯងទេ!»
    «ចុមវាដៀលយើង ពួកឯងនៅឈរស្ងៀមដល់ណាទៀត អាក្មេងនេះប្រហើនណាស់!»
    «យើងមិនខ្លាចទេ បើចង់វាយគ្នាចូលមក យើងបោចសក់ពួកនាងឱ្យរលីងរលាត់អស់ពីក្បាលចេញម្តង!» ថេយ៉ុង ចាប់មូលដៃអាវឡើង លើកចិញ្ចើមញ៉ាក់ស្មាយ៉ាងក្លាហានព្រមជាមួយទឹកមុខមាំទាំងនិងខ្សែភ្មែកដ៏មុតស្រួចទៀត។
    «វាយវាទៅ!!»
    «អ្ហាយយយ!»
    «ស្លាប់ហើយៗពួកឯងជួយឃាត់..ជួយឃាត់គ្នា!» ជីនស៊ុក ស្រែកលាន់ខ្ទរខ្ទារស្ទុះចូលទៅចាប់វែកញែកព្រឹត្តិការណ៍វាយប្រតាយប្រតប់ដោយឫកពាឆ្លេឆ្លាជាមួយសិស្សដទៃទៀត ទាំងត្រូវក្រុមវាយតប់គ្នា វាយត្រូវគេទៀត តែគេមិនបញ្ឈប់សកម្មភាពហាមឃាត់ទាំងអស់នេះនោះទេ ពួកគេនៅតែបន្តចូលទៅចាប់បំបែករហូតដល់បានសម្រេច ទម្រាំតែឃាត់បានមានខ្លះក៏បែកមុខបែកមាត់ សក់ក្បាលវិញឡើងសំពោងប្រៀបដូចជាសំបុកមាន់ ចំណែក ថេយ៉ុង ពកក្បាលហូរឈាម ព្រោះតែទង្គិចជាមួយចិញ្ចៀនដែល យ៉ូជីន បានពាក់កំឡុងពេលវាយគ្នាជាមួយគេអម្បាញ់មិញនោះដែរ ខណៈ យ៉ូជីន ឯណោះវិញបែកប្រេះស្រាំបបូរមាត់និងមានស្នាមខ្វាចក្រញាំពីក្រចកម្រាមដៃរបស់ ថេយ៉ុង ដូចគ្នាទៀត។
    «អាខ្ទើយឆ្កួត!»
    «មីស្រីឆ្កួត!!» ថេយ៉ុង មិនចាញ់ចិត្តងាយៗជំទាលស្រែកជេរពួកនាងលាន់កាកោកវិញ ប៉ះនរណាមិនប៉ះ មកប៉ះបងពេទ្យរបស់គេ គេគ្មានថ្ងៃឱ្យនរណាម្នាក់មកមានបំណងមិនល្អចំពោះបងពេទ្យដាច់ខាត។
    «ក្បាលឯងហូរឈាមហើយ តោះទៅបន្ទប់សង្គ្រោះបឋម!» ជីនស៊ុក និយាយចប់ព្រមទាំងចាប់អូសកដៃ ថេយ៉ុង ដែរ។
    «យើងមិនទៅព្យាបាលនៅទីនេះទេ យើងចង់ទៅព្យាបាលនៅមន្ទីពេទ្យ Sejeong!» ថេយ៉ុង ថាចប់ងាកបែរទៅចាប់កាតាបមកស្ពាយជាប់នឹងស្មារួចដើរចេញទៅដោយមាន ជីនស៊ុក រត់អមតាមទៅពីក្រោយដែរ។
   
    មន្ទីពេទ្យ Sejeong
    បន្ទប់សម្រាកព្យាបាលទូទៅ..
    ក្រាក!!
    «ដុកទ័រ ជុង មិននៅទេ មែនទេបងស្រី?» ថេយ៉ុង សួរទៅកាន់ពេទ្យស្រីម្នាក់ដោយទឹកមុខងឿងឆ្ងល់។
    «គាត់ជាប់រវល់មានទុក្ខធុរៈឱ្យខ្ញុំមកជំនួស!»
    «អ៊ីចឹងមិនបាច់ទេបង ខ្ញុំមិនអីទេ!»
    «ប៉ុន្តែក្បាលប្អូនមានរបួសហើយ!»
    «ប៉ុណ្ណឹងមិនស្លាប់ទេបង!» ថេយ៉ុង ប្រកែករងូវៗ ទម្លាក់ប្រអប់ជើងចុះដើរចេញទៅខាងក្រៅបន្ទប់ជាមួយអារម្មណ៍ក្តៅក្រហាយទ្វេដង។
    «ខ្ញុំខំទៅរៀនវាយគ្នាបែកក្បាល មកពេទ្យដើម្បីចួបមុខគាត់ ឱ្យគាត់ព្យាបាលខ្ញុំ តែគាត់បែរជាដេញពេទ្យស្រីឯណាផ្សេងមកជំនួសវិញ សុខចិត្តបែកក្បាលហូរឈាមក៏មិនខ្ចីឱ្យពេទ្យស្រីឯណា មកព្យាបាលដែរ ក្តៅក្រហាយ ចង់តែបោកក្បាលថែម!» ថេយ៉ុង ដើរផង និយាយផង រអ៊ូដូចឃ្មុំស្រែកទាំងហ្វូងអ៊ីចឹង។
    «រអ៊ូអី? មុននេះបងរវល់លាងឈាមឱ្យគេ!» ជុងហ្គុក មិនដឹងតាមមកតាំងតែពីថ្មើរមាណ ស្រាប់តែបន្លឺសំឡេងនិយាយឮៗ ឱ្យកកោកក្រោយខ្នងក្រោយរាងតូចយ៉ាងកៀកស្និទ្ធ។
    ថេយ៉ុង ភ័យញញីញញ័រដៃជើង មុននឹងងាកទៅសំដែងអាការៈឈឺខ្លួនប្រាណរំអួយដាក់នាយភ្លែត។
    «ឥឡូវឈឺហា ឈឺក្បាលហាបងពេទ្យ ឈឺខ្លាំងៗ ឈឺចង់សន្លប់ ថេយ៍ ខ្លាចឈាមហា ចង់គាំងបេះដូង ភ្នែកស្រវាំងមើលអីអត់ឃើញទេ!» ថេយ៉ុង យំផង អង្អែលមុខរបួសផង ចង់បានចំណាប់អារម្មណ៍ខ្លាំងណាស់។
    «.......» ជុងហ្គុក មិននិយាយស្តី លូកដៃទៅចាប់អូសកដៃរាងតូចចូលទៅក្នុងបន្ទប់ព្យាបាល ទើបចាប់ទាញសំឡីនិងដបថ្នាំទឹកលាងសម្អាតរបួសចេញមក។
    «បងពេទ្យឈឺអត់?» ថេយ៉ុង រអារភ្លាមមើលទៅទំនងផ្សារក្រហាយមុខរបួសខ្លាំងណាស់។
    «វាយគ្នាម្តេចមិនរអ៊ូថាឈឺផង?»
    «បងពេទ្យ!!!» សំឡេងស្រួយស្រែកឧទានសាងភាពរំអួយធ្វើឱ្យបងពេទ្យចាប់អារម្មណ៍។
    «នៅឱ្យស្ងៀម!» ជុងហ្គុក ចាប់សំឡីយកមកជូតផ្តិតៗលើមុខរបួស រួចស្តាប់សំឡេងឈឺចាប់បន្លឺសឺតស៊កតាមជើងធ្មេញបណ្តើរជូតថ្នមៗដៃបណ្តើររហូតដល់រួចរាល់ទើបទាញបង់ស្អិតមកបិទមុខរបួសបន្ថែម។
    «រួចហើយ!»
    «បងពេទ្យឃ្លានហើយ!» ដល់ម៉ោងចាប់ផ្តើមយំកិកកុករករឿងទៀតហើយ ចំជាមេបញ្ហាមិនចេះចប់ពិតមែន។
    «តែពេលនេះបងចេញទៅខាងក្រៅមិនបានទេ!»
    «បងពេទ្យកុម្មង់អាហារមកញ៉ាំក៏បានដែរ!»
    «ហើយចង់ញ៉ាំអី?»
    «ញ៉ាំ..ញ៉ាំភ្លៅមាន់បំពងហិហិ!» ថេយ៉ុង សើចស្ញេញស្ញាចកក្អឹកដាក់ ជុងហ្គុក នាយកំលោះឯណេះវិញរហ័សលូកដៃចូលទៅចាប់ទាញទូរស័ព្ទយកមកចុចចូល App រួចកុម្មង់អាហារមកញ៉ាំដូចរាល់ដង។
    ១៥ នាទីក្រោយ..
    នៅពេលដែលអាហារបានមកដល់ហើយ ថេយ៉ុង អង្គុយញ៉ាំវាយ៉ាងឆ្ងាញ់ពិសារ ខាងក្នុងបន្ទប់ការិយាល័យ ជុងហ្គុក មិនតែប៉ុណ្ណោះនៅឆ្លៀតថតរូប ចាត់ទុកជាភស្តុតាងបង្អួតដៃគូសត្រូវខ្លួននៅឯសាលារៀនទៀត។
    «ហើយទៅមានរឿងអីនៅឯសាលារៀននោះ?» មកដល់ត្រឹមណេះ ជុងហ្គុក ស្រាប់តែសួរនាំគេបែបនេះឡើង ដែលធ្វើឱ្យ ថេយ៉ុង ត្រូវខាំបបូរមាត់ដោយទង្វើលាក់លៀម។
    «គឺ...» ថេយ៉ុង រដិបរដុបនិយាយងាយមិនចេញ សម្លឹងមុខ ជុងហ្គុក ក្នុងខ្សែភ្នែកព្យាយាមភូតភរកុហក។
    «យ៉ាងម៉េចបងសួរ?»
    «ពួកវាមកជេរខ្ញុំមុន!»
    «ជេរថាយ៉ាងម៉េច?»
    «វាជេរថាអាខ្ទើយ!» ជុងហ្គុក ទម្លាក់កែវទឹកចុះសម្លឹងមុខក្មេងពូកែភូតភរកុហកដោយទឹកមុខរាបស្មើ។
    «គ្រាន់តែប៉ុណ្ណឹង?»
    «មិនមែនតែប៉ុណ្ណឹងទេបងពេទ្យ..វាជេរខ្ញុំទៀត..»
    «ជេរថាយ៉ាងម៉េចទៀត?»
    «វាជេរថា.......អាខ្ទើយចរិតអាសដាក់បងពេទ្យ!»
   
   
   

   

ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Donde viven las historias. Descúbrelo ahora