ភាគ២៣៖អូនស្អាតណាស់

5.7K 216 3
                                        

    «មិនមាត់បានចិត្ត!» ជុងហ្គុក និយាយស្របពេលច្របាច់ថ្នាំដុះធ្មេញដាក់ច្រាស់លួចអស់សំណើចចំពោះក្មេងល្ងីល្ងើគួរឱ្យចង់ចាប់គ្រញិចបំបាក់ឆ្អឹងចោល ឃើញគេស្ងាត់ស្ងៀមមិនសូវនិយាយស្តីកុំស្មានថាគេល្ងង់មិនចេះធ្វើរឿងមនុស្សធំឱ្យសោះ គេគ្រាន់តែមិនបញ្ចេញធាតុពិត មិនចង់ផ្តល់មេរៀនដើរមិនរួចឱ្យរាងតូចចួបបញ្ហាដោយសារតែខ្លួន តែមកពីក្មេងសាងទង្វើភ្លើតភ្លើនមុន បើជ្រុលជាស្នើសុំគេដល់ថ្នាក់នេះទៅហើយ ភ្លើងខៀវបើករង់ចាំស្រាប់ ចាត់ការពេលនេះក៏ជារឿងល្អបំផុតដែរ។ គេងូតទឹកបណ្តើរសើចបណ្តើរ យប់មិញប្រាកដជាលេងជ្រុលដៃខ្លាំងហើយ ដោយមិនខ្វល់ថាការផ្សំដំណេកជាមួយគ្នាវាជារឿងលើកដំបូងទាំងពីរនាក់នោះទេ Skill របស់គេខ្លាំងណាស់ ខ្លាំងដល់ថ្នាក់ ថេយ៉ុង បាក់ស្បាតលែងហ៊ានក្រអឺតក្រទមជាមួយខ្លួនតែម្តង។
    ក្រាក!!
    «ឯណាអូនថាស្ក្រាប់ស្បែក?» ជុងហ្គុក ដើរចេញពីបន្ទប់ទឹក លើកកន្សែងជូតសក់ចោលសំណួរទៅកាន់អ្នកដែលអង្គុយធ្វើមុខជូរហួញ។
    «អូនមិនស្រួលខ្លួន!» ថេយ៉ុង វាចាដោយទឹកតមសំឡេងស្អករងុំ ជុងហ្គុក ឃើញហើយប្រញាប់ប្រញាល់ដើរចូលទៅអង្គុយរាងតូចលូកដៃទៅកាន់ឱបលើចង្កេះតូចអង្ក្រងបង្ហាញទឹកមុខតាមរយៈសេចក្តីបារម្ភ។
    «ចាំបងទៅរក Pharmacy ក្បែរនេះទិញថ្នាំឱ្យអូនញ៉ាំណា បងមិនបានដាក់ថ្នាំមកតាមខ្លួនទេ ប្រញាប់ងូតទឹកញ៉ាំអាហារពេលព្រឹកទៅឱ្យបងសូមទោសណា!» ជុងហ្គុក ឈ្ងោកថើបថ្ពាល់ ថេយ៉ុង មួយដង្ហើម ព្រឹកឡើងត្អូញឈឺខ្លួនឱ្យទាល់តែបាន ព្រោះកាលពីយប់មិញនាយលេងខ្លាំងៗដៃណាស់ គ្រញិចរាងតូចបន្សល់ទុកស្នាមជាច្រើនគួរឱ្យសង្វេគក្នុងចិត្តដែរ ប៉ុន្តែក្តីសុខនៅពេលយប់នោះហាក់បីដូចជាបានបិទបាំងខួរក្បាលរបស់គេខ្លាំងពេក ទើបមិនបានគិតអាកាត់ពីបញ្ហានៅពេលក្រោយ។
    «អ្ហឹម!!» កំលោះតូចគ្រហឹមងក់ក្បាលសន្សឹមៗនិងក្រោកចាប់យកកន្សែងមកដាក់លើស្មា។
    «ឱ្យបងបីទៅទេ? ឬដើរមិនរួច?» ថេយ៉ុង ខាំបបូរមាត់ឮសូរ ជុងហ្គុក សួរខ្លួនដូច្នេះមានអារម្មណ៍ខ្មាសអៀនស្ទើរតែបរិយាយអ្វីមិនចេញទៅហើយ។
    «អូនដើរបានមិនអីទេ!» បបូរមាត់ខំប្រកែកទាំងដែលប្រអប់ជើងព្យាយាមឈានទៅមុខដោយចលនាញ័រៗទប់លំនឹងសឹងតែមិនចង់រួច។
    «មកណេះមកកុំរឹងរូសពេក!» ព្រោះសេចក្តីបារម្ភខ្លាំងធ្វើឱ្យនាយកំលោះមិនអាចឈរឱបដៃសម្លឹងមើលដោយកែវភ្នែកទទេបានទេ។ 
    ជុងហ្គុក ស្ទុះវឹងទៅចាប់ក្រសោបបីបមរាងតូចក្តៅគគុកឡើង សំដៅទៅរកបន្ទប់ទឹក រួចសម្រេចចិត្តទម្លាក់រាងតូចថ្នមៗទៅក្នុងអាង សម្លឹងមើលអ្នកដែលអង្គុយបង្ហាញឫកពាអឹមអៀន ព្រោះអាម៉ាស់មុខដែលខ្លួនបានធ្វើឫកពាល្ងិតល្ងង់តាំងពីរាត្រីមកគួរឱ្យខ្មាសណាស់។
    «ងូតទឹកទៅបន្តិចទៀតបងមកវិញ!»
    «ទៅកុំយូរពេកណា!»
    «បាទ!» មិនភ្លេចទេសម្តីផ្អែមរលួយតែងតែនិយាយហើយធ្វើឱ្យថ្ពាល់ទាំងសងរបស់កំលោះតូចក្រហមព្រឿងគ្រប់ពេល។ រាងក្រាស់បញ្ចប់កិច្ចសន្ទនាបែរខ្នងដើរចេញទៅបាត់ នៅសល់តែវត្តមានក្មេងខ្ចីអង្គុយត្រាំខ្លួនក្នុងអាងទឹកបន្ធូរអារម្មណ៍តានតឹងនិងភាពឈឺចាប់ដែលបន្សល់ទុកលើដងខ្លួនកាលពីរាត្រីមក។ 
   
    ថ្ងៃរសៀល
    នៅពេលដែលដល់ម៉ោងរៀបចំខ្លួនចេញទៅថតម៉ូតសម្លៀកបំពាក់ឱ្យខាងស្លាកយីហោ Celine ថេយ៉ុង ចាប់មានអារម្មណ៍មិនសូវល្អទាល់តែសោះព្រោះថ្ងៃស្អែកដល់ពេលដែល ជុងហ្គុក ត្រូវរៀបចំធ្វើដំណើរចាកចេញទៅប្រទេសកូរ៉េវិញហើយ គេព្យាយាមប្រមែប្រមូលអារម្មណ៍ធ្វើដំណើរចាកចេញទៅកន្លែងការងារដោយទឹកមុខស្ងួតជ្រើងប្រៀបដូចគ្មានកម្លាំងកំហែងក្នុងខ្លួន សូម្បីតែនិយាយស្តីអ្វីក៏គេមិនសូវឃោសនាចេញមកដែរ ណាមួយមិនចង់ឱ្យ ជុងហ្គុក មានអារម្មណ៍ស្ទាក់ស្ទើរដោយសារតែខ្លួន ការងាររបស់គេក៏សំខាន់ ពេលវេលាសម្រាប់គេក៏មានរយៈពេលខ្លីត្រឹមតែប៉ុណ្ណេះទៀត។ គិតសន្សឹមៗគេចង់ឱ្យពេលវេលាសិក្សានៅទីនេះដើរលឿនខ្លាំងណាស់ ចង់វិលត្រលប់ទៅកាន់ប្រទេសកូរ៉េវិញក្នុងពេលឆាប់ៗ ពេលបាននៅក្បែរមើលឃើញមុខបងពេទ្យរាល់ថ្ងៃវាមានក្តីសុខជាងពេលណាៗទាំងអស់។
    ខាងក្នុងបន្ទប់ថតម៉ូតសម្លៀកបំពាក់ ថេយ៉ុង នៅតែបន្តព្យាយាមខិតខំធ្វើការរហូតដល់បានបញ្ចប់តួនាទីយ៉ាងល្អប្រសើរ ក្រុមការងារទាំងអស់បានផ្តល់ពេលវេលាឱ្យគេសម្រាកបន្ថែម ព្រោះបានដឹងថាគេមិនសូវមានសុខភាពល្អ ជាពិសេសនោះគឺចង់ប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួន ដើម្បីបាននៅជិតក្បែរមនុស្សដែលខ្លួនឯងស្រលាញ់ឱ្យបានច្រើន សម្រាប់ថ្ងៃចុងក្រោយនៅញ៉ូវយ៉កជាមួយគ្នាអស់ពេលពេញមួយសប្តាហ៍។   
   
    យប់ម៉ោង ៩:២០ នាទី
    ស្កាយបារ៍
    ទីតាំងដ៏ល្អឥតខ្ចោះក្នុងការណាត់ចួបយ៉ាងរ៉ូមមែនទិក ដែល ថេយ៉ុង ប៉ងប្រថ្នាចង់ឡើងមកកាន់ទីនេះតែពីរនាក់ ជុងហ្គុក ក្នុងការជជែកគ្នាលេងនិងបានញ៉ាំអាហារឆ្ងាញ់ៗសម្លឹងមើលទៅកាន់ទេសភាពទីក្រុងជាមួយគ្នា។ 
    រាត្រីនេះអាកាសធាតុត្រជាក់ល្អគួរសម នៅក្រោមពន្លឺភ្លើងទៀនបំភ្លឺឡើងត្រចះត្រចង់ អមទៅដោយទស្សនីយ៍ភាព នៅលើដំបូលអាគារដ៏ទំនើបខ្ពស់ញ៉ាំងឱ្យខ្សែភ្នែកមើលឃើញពីទិដ្ឋភាពទីក្រុងនៅពេលយប់កាន់តែទទួលបានចក្ខុត្រជាក់កែវភ្នែកប្លែកម្យ៉ាងផងដែរ។
    «ថ្ងៃស្អែកបងត្រូវទៅវិញហើយ អូននៅទីនេះមើលថែទាំសុខភាពខ្លួនឯងឱ្យបានល្អកុំញ៉ាំអ្វីផ្តេសផ្តាស់ហាមពិសេសអាហារណាដែលធ្វើឱ្យក្រពះពោះវៀនរបស់អូនចុះខ្សោយ កុំយំណា បងឆាប់ទៅ ឆាប់បានធ្វើការ បើមានថ្ងៃឈប់សម្រាកបងប្រាកដជាហោះហើរមកកាន់ទីនេះម្តងទៀតបងនឹកអូនរាល់ថ្ងៃ..» ជុងហ្គុក និយាយផ្អែមលួងលោមថ្នាក់ថ្នមផ្លូវចិត្តរាងតូច ព្រោះបានដឹងយ៉ាងច្បាស់ថាពេលនាយវិលត្រលប់ទៅវិញ ថេយ៉ុង ប្រាកដជាគេងនឹកដល់ខ្លួនរាល់ថ្ងៃ និងហាក់ស្ងាត់បាត់សំឡេងគ្មាននរណានៅមើលថែចម្អិនអាហារឱ្យគេញ៉ាំ គ្មាននរណាជូនទៅរៀននៅឯសាកលវិទ្យាល័យ រឹតតែគ្មាននរណាដែលនៅគេងក្បែរខ្លួនរាប់យប់ជូនដើរលេងទៅណាមកណាជាមួយគ្នាទៀតទេ។
    «ពេលវេលាពិតជាបានដើរលឿនខ្លាំងណាស់ អូនចង់ឱ្យបងនៅទីនេះជាមួយអូនរហូតដល់ពេលអូនរៀនចប់!»
    «បើបងមិនមានការងារត្រូវបំពេញកាតព្វកិច្ច បងច្បាស់ជាមករស់នៅទីនេះជាមួយអូនរហូតដល់ពេលអូនរៀនចប់ជាក់ជាមិនខាន កុំគិតគំនិតក្មេងខ្ចីបែបនេះអី បន្តិចទៀតពួកយើងគង់តែបានរស់នៅជាមួយគ្នាហើយ អូនកុំតូចចិត្តអីណា!» ថេយ៉ុង ក្រោកឡើងពីកៅអីដើរទៅចាប់ឱបកំលោះសង្ហាយ៉ាងណែនហើយបានបន្លឺសំឡេងយំខ្សឹកខ្សួរអណ្តឺតអណ្តក់ដង្ហក់ជាប់ត្រចៀកនាយលាន់សូររណ្តំទៀត។
    «អ្ហឹកៗ..បងទៅវិញអូនប្រាកដជាស្ងាត់ខ្លាំងណាស់!»
    «មិនអីទេ..ថេយ៍ រឹងមាំខ្លាំងណាស់ រឿងប៉ុណ្ណឹងអូនក៏តស៊ូបានស្រាប់ទៅហើយ ខំរៀនណា រៀនចប់ ឱ្យប៉ាម៉ាក់សប្បាយចិត្ត កុំទន់ជ្រាយ បងមិនចង់ឃើញអូនធ្វើខ្លួនគ្មានភាពរឹងប៉ឹងក្នុងខ្លួនបែបហ្នឹងទេ!» ជុងហ្គុក លើកដៃអង្អែលត្រដុះឈ្លីខ្នងរាងតូចសើរៗទាញឱ្យ ថេយ៉ុង មកអង្គុយលើភ្លៅខ្លួនរួចក្រសោបចុងចង្កាស្រួចកាន់យ៉ាងថ្នមចុងម្រាមដៃបំផុត។
    «អូនស្អាតណាស់! ស្អាតក្នុងកែវភ្នែករបស់បងជានិច្ច បើអូនយំភាពស្រស់ស្អាតនិងបាត់បង់ទៅបន្តិចម្តងៗហើយ កុំយំអីត្រូវខំញញិមឡើង អនាគតភរិយារបស់បងរឹងមាំឆ្លាតវៃជានិច្ច!» ថេយ៉ុង តាំងចិត្តឈប់យំខ្លួនធំប៉ុណ្ណាណីទៅហើយនៅឡើយយំយែកដូចក្មេងបៀមដៃទៀត។
    «អូនឈប់យំហើយ ប៉ុន្តែយប់នេះពួកយើងនៅដើរលេងជាមួយគ្នាពេញមួយថ្ងៃបានទេ អូនចង់នៅជាមួយបងឱ្យបានច្រើន កុំទាន់ត្រលប់ទៅខន់ដូអីណា!» ជុងហ្គុក ចងចិញ្ចើមឡើងបន្តិច រួចញញិមដោយទឹកមុខមានចម្ងល់។
    «អ៊ីចឹងអូនចង់ទៅណាបន្ត?»
    «ចេញពីស្កាយបារ៍ពួកយើងជិះឡានមើលទេសភាពជុំវិញទីក្រុងជាមួយគ្នាទៅ!»
    «អ្ហា-បានតើស..ចាំបងជូនអូនទៅគ្រប់ទីកន្លែងដែលអូនចង់ទៅ!»
    «អូនស្រលាញ់បងខ្លាំងណាស់ ជុងហ្គុក!»
    «ធ្វើខ្លួនគួរឱ្យស្រឡាញ់ស្តាប់សម្តីបែបនេះ ប្រញាប់រៀនឱ្យឆាប់ចប់ណាបងនិងអាលបានចាប់អូនធ្វើប្រពន្ធបងស្របច្បាប់!»
    «ចាំអូនគេងបន់ អង្គុយបន់ ដើរបន់ សូមឱ្យឆាប់ៗរៀនចប់និងអាលបានមករៀបការជាមួយបងមុនគេ!»
    «ហិហិ..» រាងក្រាស់នឹកឡើងអស់សំណើចរួចចាប់ថើបគ្រញិចលើផែនថ្ពាល់ទន់ល្មើយដ៏សែនក្នាញ់លាន់ឮសូរតែជុបៗបន្តកន្ទុយគ្នា។ ពេលវេលាញ៉ាំអាហារឆ្ងាញ់ៗបានបញ្ចប់ទៅពួកគេក៏បានសម្រេចចិត្តធ្វើដំណើរចាកចេញទៅជិះរថយន្តទំនើបបន្ត ដើម្បីបានធ្វើដំណើរទៅគ្រប់ទីកន្លែងផ្សេងៗទៀតដែលខ្លួនចង់ទៅជាមួយគ្នា។
   
    ថ្ងៃបន្ទាប់
    អាកាសយន្តដ្ឋានជាតិ New York
    ពេលវេលាដ៏សំខាន់បានខិតចូលមកដល់ហើយ ថេយ៉ុង នៅមិនទាន់ដាច់អាល័យពី ជុងហ្គុក នោះទេគេបានមកកាន់ទីនេះជូនដំណើរអ្នកកំលោះឡើងយន្តហោះវិលត្រលប់ទៅកាន់ប្រទេសកូរ៉េវិញជាមួយកែវភ្នែកសោកសៅក្រៀមក្រំហាក់ដូចជាផ្តល់ចម្លើយចង់បញ្ជាក់ប្រាប់នាយកំលោះថាខ្លួននៅមិនទាន់អាចធ្វើចិត្តបានភ្លាមៗ ខណៈពេលវេលាត្រូវបែកក៏ឈានចូលមកដល់ល្មម។
    «អរគុណបងដែលបានមកមើលថែអូនកន្លងមក អូននឹកដល់បងគ្រប់ពេល!» ជុងហ្គុក ងាកសម្លឹងមើលម្ចាស់សម្តីទន់ជ្រាយរួចប្រញាប់ប្រញាល់លើកដៃក្រសោបលើថ្ពាល់ផ្សើមទៅដោយដំណក់ទឹកភ្នែកហូរជោករហាមមកកាន់ក្តោបផ្តល់ភាពកក់ក្តៅ សន្សឹមឱនទៅថើបបបូរមាត់ញ័រទទ្រើកមួយខ្សឺតបន្ថែម។
    «បងមិនត្រូវការពាក្យអរគុណពីអូននោះទេ សំខាន់ឱ្យតែអូនសប្បាយចិត្ត បងរីករាយធ្វើដើម្បីអូនបានគ្រប់យ៉ាង!» ថេយ៉ុង ចាប់ផ្តើមយំខ្លាំងៗដូចកូនក្មេង ពេលនេះគេសុំយំឱ្យអស់ចិត្តបន្តិចសិន ទោះត្រូវរាងក្រាស់ស្តីបន្ទោសថាគេធ្វើខ្លួនខុសរបៀបដូចជាកូនក្មេងយ៉ាងណាក្តីក៏គេមិនអាចហាមឃាត់ភាពអួលណែនទាំងនេះបានដែរ។
    «ពេលបងត្រលប់ទៅវិញហាមស្រលាញ់អ្នកណាក្រៅពីអូន ត្រូវតែឧស្សាហ៍ Message មករកអូនគ្រប់ពេល អូននឹកណាស់..»
    «បងត្រូវតែនឹកដល់អូន ស្រលាញ់អូន គ្រប់ពេល គ្រប់វេលា តែម្នាក់គត់ បងនិងឧស្សាហ៍ Message មករកអូនរាល់ថ្ងៃ បងក៏នឹកដល់អូនណាស់ដែរ!» ពេលវេលាចុងក្រោយបង្អស់បានខិតចូលមកដល់ ជើងហោះហើរបន្ទាប់ដល់វេន ជុងហ្គុក ត្រូវចាកចេញធ្វើដំណើរទៅហើយ គ្រាន់តែដឹងអំពីការឃ្លាតឆ្ងាយភ្លាម នាយប្រញាប់ចាប់ក្រសោបថើបបបូរមាត់ទន់ភ្លន់ជាបន្ទាន់ រួចបានបឺតជញ្ជក់ខ្លាំងៗ បន្សល់ចិត្តនឹករំឭកផ្តាំដល់ការថើបមុនពេលឃ្លាតឱ្យបានអស់ចិត្តបន្តិចសិន។
    «ហ្អឹម!!» ថេយ៉ុង  គ្រហឹមតិចៗយំយែកសោកសៅកាន់តែខ្លាំងទៅៗ។
    «បងទៅហើយណា..»
    «ថេយ៍ នឹកបង!!»
    «បងក៏នឹកអូនដែរ តែបងដល់ពេលត្រូវទៅហើយ!» ជុងហ្គុក ងាកទៅចាប់កាន់វ៉ាលីអូសមកជិតខ្លួនសម្លឹងមើលមុខ ថេយ៉ុង រៀងយូរបន្តិចទើបបែរខ្នងដើរចេញទៅវឹងបាត់ដាច់ឆ្ងាយក្រសែភ្នែករាងតូចជាខ្លាំង។
    «អ្ហឹកៗ...» ថេយ៉ុង ចាប់ផ្តើមយំស្រក់ទឹកភ្នែកអស់ៗពីខ្លួន យំមិនខ្ចីខ្មាសនរណាម្នាក់សោះ បើទោះជាក្នុងចិត្តខិតខំព្យាយាមធ្វើខ្លួនរឹងមាំតែសំបកកាយខាងក្រៅយ៉ាងណាក៏មិនអាចទ្រាំទ្របានទៅមុខរហូតនោះដែរ។
    «ថេយ៍!» សម្រែកដង្ហោយហៅបានបន្លឺឡើងកាត់ផ្តាច់ចង្វាក់មនោសញ្ចេតនាសោកសៅ កំលោះតូចឱ្យមានភាពចលាចលឡើងវិញមួយរំពេច។
    «ម៉ាក់! ម៉ាក់..»
    «មកទទួលម៉ាក់ហើយអីកូន? ម៉ាក់ខំមកពីស្រុកកូរ៉េ មកចួបមុខកូន មកលេងកូន ម៉ាក់នឹកកូនខ្លាំងណាស់!» លោកស្រី ដារីរ៉ា ប្រឹងអូសវ៉ាលីទីងណាត់ទីងណែង រត់សំដៅមករកកូនប្រុសសំណព្វចិត្តទាំងទឹកមុខនឹករំឭកខ្លាំងជាពន់ពេក មិនភ្លេចចាប់ក្រសោបផ្ទៃមុខស្រស់ស្អាតថើបថ្ពាល់ជោកទៅដោយទឹកភ្នែករហាមជាច្រើនខ្សឺត។
    «មកទទួលម៉ាក់សោះ ចាំបាច់យំធ្វើអ្វីកូន ម៉ាក់មកលេងកូន ព្រោះទ្រាំនឹកមិនបានហ្នឹងណា!»
    «ម៉ាក់មកទីនេះម្តេចមិនប្រាប់កូនផង?»
    «ប៉ុន្តែម៉ាក់បាន Message មកប្រាប់កូននៅក្នុង App Line ដែរ តើស កូនមិនឃើញទេឬ?»
    «កូនអត់បានចូលមើលទេម៉ាក់!»
    «អ្ហាវ-ហើយចុះបើមិនបានចូលមើល Message ម្តេចក៏ដឹងថាម៉ាក់ធ្វើដំណើរមកកាន់ទីនេះមកទទួលម៉ាក់ឱ្យដល់ប្រលានយន្តហោះតែម្តង រួចចុះឯណាប្អូនជុងនោះកូន?»
    «តាមពិតណាម៉ាក់ កូននេះមកជូនដំណើរប្រុសឡើងយន្តហោះវិលត្រលប់ទៅប្រទេសកូរ៉េវិញទេ ចៃដន្យអីម៉ាក់ក៏មកដល់ ស្របពេលបងពេទ្យក៏ចាកចេញធ្វើដំណើរទៅវិញល្មម!»
    «ថោក..អញម៉ែវាគ្មានអារម្មណ៍ គ្មានចិត្តនឹកនាដល់ម្តងនោះទេ បើប្រុសវាវិញ សុខចិត្តយំរហាមរហាមនឹកចង់កើតជំងឺឆ្កួតវិកលចរិត ទាំងដែលយើងនេះនៅផ្ទះនឹកកូនសឹងតែដាច់ខ្យល់ស្លាប់ ខំស្កាត់មកពីនាយវិចខ្ចប់របស់ស៊ីយកផ្ញើកូនដល់ស្រុកក្រៅឆ្អឹងអណ្តែតមែនឯងនេះ..»
    «ខ្ញុំនឹកបងពេទ្យណាម៉ាក់..អ្ហាយ..ខ្ញុំគ្មានអារម្មណ៍អីក្នុងខ្លួនសោះ!»
    «ហើយមើលសក់ក្បាល..» លោកស្រី ដារីរ៉ា និយាយដំណាលនិងការលើកដៃច្បិចទាញបោចសក់ក្បាលកូនប្រុសរបស់ខ្លួន។
    «អូយម៉ាក់..ឈឺ..»
    «បញ្ចូនឱ្យទៅរៀននៅឯសាកលវិទ្យាល័យបរទេសទៅលាបពណ៌សក់ដូចសេះ Unicorn!»
    «លាបសក់កាត់ចិត្តពីប្រុស!»
    «ហួសចិត្ត!»
   «លោកពូយ៉ាងម៉េចទៅហើយម៉ាក់?» គេទើបតែនឹកឃើញសួរនាំពីសុខទុក្ខលោកពូរបស់ខ្លួន មួយរយៈនេះបានបងពេទ្យ មកនៅជាមួយលែងនឹកនាដល់អ្នកផ្ទះសូម្បីតែម្នាក់សោះពេលខ្លះសឹងតែមិនឆ្លើយតបឆាតទៀតក៏មានដែរ។
   «វាមានយ៉ាងម៉េចវាជួយធ្វើការបងពេទ្យកូនឯងរាល់ថ្ងៃ រវល់តែវក់វីដើរលេងជាមួយប្រុស អាជុន នោះទទួលការងារគេធ្វើជំនួស ហត់ជិតដាច់ខ្យល់ងាប់ហើយ ជួយគិតគូរពីសុខទុក្ខពូឯងផង ន៎ែអញនិយាយយកត្រចៀកស្តាប់ផង!» គាត់និយាយញ័របបូរមាត់តតាត់លើកដៃទាញស្លឹកត្រចៀកកូនប្រុសកំហូចម្តងៗសឹងតែដាច់រលេះ។
   «អូយម៉ាក់!!»
   «យ៉ាងម៉េចបាននៅជាមួយគ្នាតែពីរនាក់សប្បាយចិត្តណាស់អ្ហេះ? ទូរស័ព្ទលែងចេះខលមកសួរសុខទុក្ខម្តាយយ៉ាងម៉េចអស់ហើយ!»
   «សប្បាយចិត្តខ្លាំងហ្នឹងហើយម៉ាក់..សប្បាយខ្លាំងណាស់..ខ្ញុំជាមួយគាត់ទៅណាមកណីជាមួយគ្នារាល់ពេល សូម្បីតែម៉ោងស៊ីបាយក៏មានអ្នកបញ្ចុកដល់ៗមាត់ដែរ បានសង្សាមកកំដរសប្បាយចិត្តភ្លេចម៉ែឪ នេះហើយណាអារម្មណ៍របស់ខ្ញុំពេលបាននៅជាមួយគាត់ណាម៉ាក់!»
   «ចោលម្សៀត..អាកូនចង្រៃ!!!» លោកស្រី ដារីរ៉ា ពោលដោយសេចក្តីខឹងគ្រឺតក្នាញ់មិនភ្លេចវាយក្តិចខ្ញាំកូនដោយអារម្មណ៍មួម៉ៅបន្ថែម។
  
   ប្រទេសកូរ៉េខាងត្បូង
   @មន្ទីពេទ្យ Sejeong
   ឃ្លាតឆ្ងាយមិនបានប៉ុន្មានថ្ងៃផង លោកដុកទ័រដ៏សង្ហារបស់យើងឯណេះចាប់ផ្តើមមានអារម្មណ៍ល្ហិតល្ហៃក្នុងដើមទ្រូងទៀតហើយ ដៃចាប់កាន់ទូរស័ព្ទចុច Text ផ្ញើសារទៅកាន់មនុស្សជាទីស្រលាញ់មិនទំនេរដៃបន្តិចណានោះសោះអារម្មណ៍នឹក អារម្មណ៍ហួងហែង អារម្មណ៍បារម្ភ ក្នុងចិត្តថ្លើមនាយរត់ដេញតាមក្មេងល្ងង់ម្នាក់នោះគ្រប់ជំហ៊ាន។
   ទីង!
   ► អូនកំពុងតែធ្វើអី្វ?
   ◄ អូននៅរៀនឯសាកលវិទ្យាល័យ
   ► បងនឹកអូន ! អូនញ៉ាំអីហើយនៅ?
   ◄ ញ៉ាំរួចហើយ ព្រោះម៉ាក់មកលេងអូនគាត់ជាអ្នកចម្អិនអាហារឱ្យអូនញ៉ាំ
   ► អ៊ីចឹងបងអស់បារម្ភមួយកម្រិតហើយព្រោះបានម៉ាក់ក្មេកទៅមើលថែអូន
   ◄ តែអូនចង់ឱ្យបងបារម្ភពីអូនគ្រប់ពេល
   ► បាទបងបារម្ភពីអូនគ្រប់ពេលរហូតតើស..
   «អែសហែម...ហ្អឹម!!» សំឡេងគ្រហឹមកាត់ផ្តាច់ចង្វាក់សន្ទនារវាងអ្នកកំលោះសង្ហាឱ្យឆាប់រហ័សរហួនងើបផ្ទៃមុខឡើងជាមួយខ្សែភ្នែករាបស្មើធេង។
   «មកដល់កូរ៉េមិនបានប៉ុន្មាន ប្រញាប់ញាប់ដៃជើងផ្ញើសារទៅរកគេមិនគិតគូរពីរឿងការងារសោះ!» ជុងហ្គុក ឮដូច្នេះអស់សំណើចបន្តិច តាមពិត ដូជុន ក៏និយាយត្រូវម្យ៉ាងដែរ គេនឹកដល់ ថេយ៉ុង សឹងតែគ្មានអារម្មណ៍ធ្វើការទៅហើយ។
   «រឿងរបស់យើង!»
   «បើឯងនឹកគ្នាម្លឹងៗម្តេចមិនព្រមដាក់ពាក្យសុំលាឈប់ពីការងារទៅរស់នៅជាមួយគ្នាទៅ?»
   «ក្បាលឯងអី សង្សាក៏ស្រលាញ់ ការងារក៏ស្រលាញ់ ចោលមួយណាមិនបានទេ!»
   «រង់ចាំឱកាសបានឈប់សម្រាកមិនងាយទេវ្ហើយ គ្រាន់តែឯងច្បាប់មួយអាទិត្យនេះ ការងារបុកចូលមកផ្ទួនៗគ្នា ទប់ទល់ម្នាក់ឯង សឹងតែមិនរួច ពិបាកដែរមានមិត្តភក្តិជាដុកទ័រសង្ហា តែងតែមានអ្នកជំងឺជាមនុស្សស្រីមកពិនិត្យមើលសុខភាពញឹកញាប់រហូត ឆ្ងល់ណាស់ម្តេចក៏ឯងមិនព្រមផ្លាស់ប្តូរផ្នែកទៅខាងព្យាបាលរោគស្ត្រីវិញទៅ?» ជុងហ្គុក គ្រវីក្បាលញ័រតតាត់រួចនិយាយធ្វើឱ្យ ដូជុន សើចឡើងស្ញេញ។
   «បើដូរទៅ..ក៏ត្រូវតែពិនិត្យមើលសុខភាពផ្លូវភេទក្មួយប្រុសរបស់ឯងមុនគេដែរ!»
   «យីអានេះ..មើលវានិយាយ..»
   «.......» ជុងហ្គុក ស្ងាត់ងើបសម្លឹងផ្ទៃមុខ ដូជុន ក្នុងទឹកមុខឌឺ។
   «ន៎ែ..ឯងស្តាប់ណា..តាំងតែពីដំបូងយើងគិតថាចង់ផ្ញើក្មួយឱ្យឯងជួយមើលថែតាមធម្មតាៗតែប៉ុណ្ណោះ..»
   «ហើយយ៉ាងម៉េច?»
   «យើងឱ្យឯងជួយមើលថែក្មួយយើង មិនមែនឱ្យឯងមកស្រលាញ់ក្មួយយើងទេ!» ជុងហ្គុក ស្តាប់ឮចប់ចង់តែសើចឱ្យផ្អើលអស់មេឃដី ធ្វើជាពូគេពិតជាខ្វះភាពអប់រំក្មួយរបស់ខ្លួននៅមានមុខមកតិះដៀលពីកិត្តិយសលោកដុកទ័រសង្ហាទៀត។
   «ក្មួយឯងជាអ្នកញ៉ែយើងមុន ញ៉ែតាំងពីក្មេងរហូតដល់ធំ យើងចាប់ការធ្វើប្រពន្ធកុំបន្ទោសយើង!»
   «ថេយ៉ុង ឯណាធ្វើខ្លួនបែបហ្នឹង?»
   «តែយើងធ្វើគេហើយៗ!»
   «ហះ? ស្អី?????»
   «អ៊ីចឹងហើយបានយើងសុំសិទ្ធិមើលថែពិនិត្យមើលបញ្ហាផ្លូវភេទក្មួយរបស់ឯងតែម្នាក់គត់!»
   «ចុម...អាឆ្កែ!»
  
  

   

   
   
   
   

ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Donde viven las historias. Descúbrelo ahora