ផាច់...សំឡេងទះកំផ្លៀងលាន់ខ្ទរពេញបន្ទប់ ដោយសារស្នាដៃនារីស្រស់ស្អាតឆើត ឆ្មើងឆ្មៃម្នាក់ នោះគឺគីម ជេននី បានលើកដៃទៅទះកំផ្លៀងស្វាមី គ្មានតម្លៃរបស់ខ្លួនគ្មានក្ដីអាណិតបន្តិច។
''ខ្លួនត្រូវភ្លៀងសើមអោយកក្លាក់ គួរអោយរអើម មិនដឹងជាមានធូលីកង្វក់ស្អីខ្លះហើរប៉ះខ្លួនទេ ហ៊ានមកចូលក្នុងបន្ទប់ខ្ញុំបានយ៉ាងម៉េច ចេញទៅស្អុយណាស់'' ជេននី គំហកច្រែតៗ ទាំងមិនពេញចិត្ត និយាយធ្វើមើលគេសំរាម កែវភ្នែកសម្លឹងទៅស្វាមីរបស់ខ្លួនទាំងសេចក្ដីស្អប់។
''បងសុំទោសណា នៅខាងក្រៅភ្លៀងខ្លាំងពេក ណាមួយឡានក៏បែកកង់ មិនអាចរកតាក់សុីជិះមកបាន ទើបបងដើរមកផ្ទះទាំងហាលភ្លៀង ជេនកុំខឹងបងណា'' ឡាលីសា ម៉ាណូបាល នារីរាងខ្ពស់សក់សេះខ្មៅរលើប សម្បុរស ផ្ទៃមុខម៉ត់រលោងដូចតុក្កតាមានជីវិតបានជាប់ស្លាកស្នាម ម្រាមដៃប្រាំក្រហមដិតនៅលើថ្ពាល់ខាងឆ្វេង កែវភ្នែកមូលក្រឡង់មានមន្តស្នេហ៍ ចិញ្ចើមងរខ្ទើតគួរអោយទាក់ទាញ ក្រមុះស្រួច បបូរមាត់ពណ៌សុីជម្ពូរគួរជាទីប៉ងប្រថ្នាចង់ថ្នាក់ថ្នម មួយជុំវិញខ្លួនស្អាតសង្ហាភើហ្វិច ពោរពេញទៅដោយតំណក់សើមជោគខ្លួន ប្រាប់ហេតុផលទៅកាន់ប្រពន្ធសម្លាញ់ចិត្ត ទាំងវាចាស្រទន់ ដោយមិនបានខឹងទៅលើនាងឡើយ។
''នៅរកលេសនិយាយស្អីទៀត ឯងនៅឈរដល់ពេលណា មិនគិតទៅផ្លាស់ប្ដូរសម្លៀកបំពាក់ទេឬ កុំសូចសាញ ធ្វើមុខត្រាម៉ាគួរអោយអាណិត ខ្ញុំមិនដូចលោកតាទេគ្រាន់តែប្រាប់ឯងអោយយល់'' ស្រីស្រស់ ឈរអោបដៃពេបមាត់ ជ្រេញឫកស្វាមី ក្នុងឈុតគេងយប់ខោខ្លី អាវដៃវែង ទម្លាក់សក់ខ្មៅក្រឹបប្រាស់ស្មាយ៉ាងរលាស់ទន់រលោង។
''បងយល់ហើយ ចាំបងទៅផ្លាស់ប្ដូរសម្លៀកបំពាក់''
''ឈប់! មិនមែនផ្លាស់ប្ដូរនៅក្នុងបន្ទប់ខ្ញុំទេ ឯងទៅផ្លាស់នៅខាងក្រោមទៅ មិនចង់ជាប់របស់កង្វក់ក្នុងបន្ទប់''
''បាទ'' លីសាញញឹមស្ងួត ទាំងលួចតូចចិត្តនឹងរាងតូចដែលមិនចេះបារម្ភសុខទុក្ខរបស់គេបន្តិចសោះ រាងខ្ពស់បែរខ្នង ដើរទៅផ្លាស់ប្ដូរសម្លៀកបំពាក់នៅខាងក្រោម បន្ទាប់មកជេននីក៏បិទទ្វាបន្ទប់វិញទាំងមិនភ្លេចចាក់គន្លឹះ ព្រោះមិនចង់អោយលីសាចូលមកក្នុងបន្ទប់។
បន្ទាប់ពីធ្វើធុរៈផ្ទាល់ខ្លួនរួចរាល់ លីសាដើរទៅយកថ្នាំបំបាត់ក្ដៅខ្លួននិងឈឺក្បាលមកលេប ព្រោះតែល្ងាចនេះគេត្រូវភ្លៀងខ្លាំងបណ្ដាលអោយគេមានអាការៈមិនស្រួលខ្លួនឡើងមក។ រួចប្រញាប់ធ្វើអាហារសម្រាប់ប្រពន្ធជាទីស្រលាញ់។
លុះពេលធ្វើរួចរាល់ គេក៏លើកអាហារ ឡើងទៅលើបន្ទប់របស់ជេននី មុនលើកដៃគោះទ្វាបន្ទប់ស្រស់ស្រី។
តុកៗ...គោះឡើងក្រហមម្រាមដៃហើយនៅតែគ្មានដំណឹងនាងមកបើកទ្វាអោយគេ។
''ជេន បើកទ្វាបន្ទប់អោយបងបន្តិចមក បងយកអាហារមកអោយអូន!'' លីសានៅប្រឹងស្រែកហៅអ្នកខាងក្នុង នៅតែគ្មានចម្លើយឆ្លើយតបមកកាន់គេបន្តិចសោះ។
''ហឹម'' លីសាគ្រហឹមក្នុងបំពង់_ក គ្រវីក្បាលទាំងនឿយ នាងតែងតែបិទទ្វាបន្ទប់ចោលគេរាល់ពេលដល់ម៉ោងអាហារ ទាល់តែគេយកកូនសោរមកចាក់ដោយខ្លួនឯងទើបបាន។ ពេលខ្លះគេចាក់សោរចូលក្នុងបន្ទប់ដោយមិនគោះទ្វា នាងក៏ស្ដីជេដាក់គេ ទាល់តែពេលគោះទ្វាហៅហើយនាងបែរជាមិនព្រមបើក និយាយទៅធ្វើអ្វីក៏គេខុស។
ក្រាក...ចាក់សោរបើកទ្វាចូលក្នុងបន្ទប់ក៏ឃើញជេននីអង្គុយដាក់កាស់គ្មានខ្សែភ្ជាប់ជាមួយ Bluetooth ស្ដាប់បទចម្រៀង លាបឡេធ្វើព្រងើយ លីសាចូលមកដល់ នាងក្រមុំសម្លឹងសម្លក់លើ សម្លក់ក្រោមទាំងកែវភ្នែកមិនពេញចិត្ត។
''នេះអាហារបងធ្វើសម្រាប់អូន'' លីសាដាក់អាហារនៅលើតុក្បែរគ្រែ និយាយទាំងស្នាមញញឹមស្រទន់ តែទទួលមកវិញនៅក្រសែភ្នែកមិនពេញចិត្តរបស់ស្រី។
''គ្មានភ្នែកទេហ្អេសថាខ្ញុំកុំធ្វើអី យកអាហារឯងចេញអោយឆ្ងាយទៅ ហើយឯងក៏ដូចគ្នាចេញពីមុខពីមាត់ខ្ញុំទៅ ឃើញមុខឯងហើយអារម្មណ៍មិនល្អសោះ'' សម្ដីគំរោះគំរើយ មិនសមជាសុភាពនារី បោះទៅកាន់រាងខ្ពស់ អោយឆ្អល់ទ្រូងលេង។
''អ៊ីចឹងបងទុកអាហារនៅទីនេះ បើពេលណាអូនឃ្លានអូនក៏ញ៊ាំចុះ''
''ខ្ពើម! មិនបាច់ធ្វើល្អចំពោះមុខខ្ញុំទេ លាក់ពុតដល់ពេលណាទៀតមិនបញ្ចេញមកស្ដែងៗតែម្ដងទៅ ខ្ញុំមិនចង់ឃើញឯងសម្ដែងតទៅទៀតទេ និយាយអោយត្រង់ឃើញហើយវាហត់នឿងជំនួសឯងណាស់''
''បងមិនបានសម្ដែង ឬលាក់ពុតដូចដែលអូនបានថាទេ ឈប់ថាអោយបងបែបនេះទៀតទៅជេន''
ប្រាវ ខ្ចាយ...
ជេននីបានស្ទុះទៅគ្រវែងអាហារទាំងប៉ុន្មាននៅលើតុ ខ្ទាតខ្ចាត់ខ្វាយពេញឥដ្ឋការ៉ូ ប្រហាក់ប្រលូកដោយអំបែង។
''អាមនុស្សគ្មានចេះទទួលស្គាល់ការពិត ថោកទាប មុខក្រាស់គួរអោយស្អប់ មនុស្សដូចជាឯងនេះហ្អេស៎ មានសិទ្ធស្អីមកនិយាយហាមយើងនោះ'' ជេននីច្រឡែតឡើង ថែមទាំងរុញទ្រូងរាងខ្ពស់ចេញមួយទំហឹង ទង្វើរបស់នាងស្អប់គេខ្លាំងលើសលប់ ផ្ទុយពីគេស្រលាញ់នាងជាងជីវិត។
''មកពីបងមិនដូចអូននិយាយ'' សំឡេងគេស្រទន់ លក្ខណៈលួងលោមមិនអោយនាងមានចិត្តឆេវឆាវ។
ផាច់...ជេននីមិនព្រមស្ដាប់ នៅផ្ដល់រង្វាន់អោយគេមួយកំផ្លៀងទៀត។
''ឈប់និយាយទៅ ខ្ញុំមិនចង់ស្ដាប់ពាក្យកុហកដ៏សែនថោកទាបរបស់ឯងទេ''
''.......''
លីសាព្រលែងដង្ហើមធំ ឈាមក្រហមៗក៏ហូររិចៗនៅគែមមាត់របស់គេបានតែបៀមលេបចូលពោះវិញ មិនតបតទៅនាងនាំអោយមានរឿងឈ្លោះគ្នាច្រើន ទើបធ្វើការប្រម៉ែប្រមូលកំទេចកំទីនៅលើឥដ្ឋដែលស្រស់ស្រីគ្រវែងចោលដោយកំហឹង។
''ជាឆ្កែបម្រើ វានៅតែជាឆ្កែបម្រើ ធាតុពិតមិនអាចតម្លើងឋានៈខ្ពង់ខ្ពស់បានឡើយ ទោះបីជាម្ចាស់វាប្រឹងលើកតម្កើនកប់ពពកទៀតក៏ដោយ វាក៏នៅតែជាឆ្កែបម្រើ ប្រៀបបានដូចសំរាមដែលគួរអោយខ្ពើមគួរអោយស្អប់សម្រាប់យើង'' សម្ដីតេះត្មេះ តិះដៀល មើលងាយ កប់ៗមាត់របស់នាងក្រមុំ ញាំងអោយបេះដូងរបស់គេឈឺចុកអួលផ្សាណែន ងើយសម្លឹងមុខនាងទាំងក្រសែភ្នែកឈឺចាប់។
''អូននិយាយជ្រុលពេកហើយជេន''
''យ៉ាងម៉េច ខ្ញុំចង់និយាយ ចង់ធ្វើជ្រុល លើសលួសខ្លាំងជាងហ្នឹងរាប់រយដងទៅលើឯង ក៏វាគ្មានបញ្ហាដែរ ថីឯងខឹងឬ ចេះឈឺដែរមែនទេ បើថាទ្រាំមិនបាន ព្រមស្ម័គ្រចិត្ត សុីញ្ញេលែងលះតែម្ដងទៅ''
សម្ដីប្រៀបបានចុងផ្លែដាវ ចាក់ទម្លុះបេះដូងអ្នកស្ដាប់អោយធ្លុះធ្លាយហូរឈាមតក់ៗ តែថាវាចង់សាំសម្រាប់គេហើយ វាមិនមែន ជាលើកទី1សម្រាប់គេឯណា គេអាចទ្រាំបាន។ លីសាខាំមាត់សង្កត់ចិត្ត មិនស្រដីអ្វីទាំងអស់ ធ្វើការជូតសម្អាតរួចរាល់អស់ គេក៏បន្លឺសម្លេងស្រទន់ទៅស្រស់ស្រី ដែលអង្គុយសម្លក់មុខគេនៅលើពូក។
''បងចុះទៅធ្វើអាហារអោយអូនសារជាថ្មី បើពេលណាអូនឃ្លានក៏ចុះទៅញ៊ាំ តែបើអូនមិនចង់ចុះក្រោមទេ ក៏ខលហៅបងមក ចាំបងលើកមកអោយដល់បន្ទប់''
''មិនសុីទេ'' ជេននីតបមកវិញមួយម៉ាត់ ធ្វើអោយលីសាស្ងាត់មាត់ដូចគេចុក ព្រោះតែពាក្យសម្ដីមួយម៉ាត់ៗរបស់នាង ដាក់អោយគេចុកឈាមទាំងធ្លុកៗ។ លីសាងក់ក្បាល មិនហ៊ាននិយាយច្រើន ទោះបីបារម្ភ ខ្វល់ខ្វាយនាងខ្លាំង បើនិយាយបន្ត នាងច្បាស់ជាមិនពេញចិត្ត។ រាងខ្ពស់ដើរចេញពីបន្ទប់ស្រីដោយបិទទ្វាអោយនាងថ្នមៗ ព្រោះតែដឹងខ្លួនច្បាស់ថាថ្ងៃនេះគេត្រូវគេងលើសាឡុងក្រៅបន្ទប់ដោយមិនចាំបាច់នាងស្រដីដេញចេញ។
YOU ARE READING
សម្អប់ស្នេហ៍💔🥀
Romanceទោះបីអូនស្អប់បងខ្លាំងប៉ុណ្ណា បំផ្លាញបងខ្លាំងយ៉ាងណា ក៏បងនៅតែស្រលាញ់អូន ស្រលាញ់អូនដល់ដង្ហើមចុងក្រោយ
