Episode 2

82 24 7
                                    

     ថេយ៉ុងសម្លឹងហូប៊ីដោយទឹកមុខធុញទ្រាន់ ងក់ក្បាលទាំងបង្ខំដើម្បីអោយឆាប់ចប់រឿងនិងអាលបានត្រឡប់ទៅធ្វើការវិញ។អាល្អិតញញឹមពេញចិត្ត និងដើរចេញទៅមុនថេយ៉ុងបាត់ ធ្វើអោយនាយឆ្ងល់យ៉ាងខ្លាំង អំបាញ់មិញទាសងគុណ ឥឡូវបែរជាដើរចេញទៅធ្វើព្រងើយ គេពិតជាមិនយល់ពីក្មេងម្នាក់នេះ។អស់ជម្រើស មានតែដើរទៅតាមពីក្រោយ គ្រាន់តែមានទិសដៅសម្រាប់ទៅផ្សេងៗគ្នា។
     កាយក្រាស់ដើរតាមពីក្រោយហូប៊ីយឺតៗដោយមិននិយាយអ្វី លួចមើលផែនខ្នងរបស់គេជាច្រើនដង នៅតែឆ្ងល់មិនបាត់ថាអាល្អិតម្នាក់នេះមានឥទ្ធិពលអ្វីអាចធ្វើអោយក្រុមក្មេងស្ទាវនោះបញ្ឈប់សកម្មភាពរបស់ពួកគេបានយ៉ាងងាយ។មូលហេតុដែលត្រូវមកទ្រោមខ្លួនបែបនេះព្រោះនាយបានជំពាក់បំណុកពួកគេខ្ទង់មួយពាន់ដុល្លារ តែគ្មានលុយសងព្រោះការងារដែលធ្វើរាល់ថ្ងៃត្រឹមជាបុគ្គលិកក្នុងម៉ាតលក់អីវ៉ាន់មួយកន្លែងនៅម្ដុំនេះ រកមិនបានច្រើនប៉ុន្មានឡើយ ហើយក៏ត្រូវមកទទួលរងការឈឺចាប់ជំនួសវិញ យ៉ាងហោចណាស់ក៏អាចពន្យារពេលដើម្បីរកប្រាក់ទៅសងម្ចាស់បំណុលបានយូរគ្រាន់បើដែរ។
     ព្រោះតែខ្លួនមានកំហុស ទើបសង្ខំស្ងៀមអោយពួកគេវៃ មិនតបតមិនរត់គេច ម្យ៉ាងទៀតជីវិតរបស់គេស៉ាំនឹងសកម្មភាពបែបនេះទៅហើយ វាកើតឡើងស្ទើរតែរៀងរាល់ថ្ងៃ ទោះបីជាមិនត្រូវគេវៃដោយសារជំពាក់បំណុលគ្មានប្រាក់សង ក៏នាយនៅតែទៅវៃជាជាមួយក្មេងស្ទាវដទៃទៀតជាការកម្ដៅសាច់ដុំដែរ។
     ជីវិតបែបនេះក៏ល្អម្យ៉ាងដែរ មានសេរីភាពតែត្រូវឈឺសាច់បន្តិច។សព្វថ្ងៃនាយជាបុគ្គលិកក្នុងម៉ាតមួយ ធ្វើការរកប្រាក់ដើម្បីចិញ្ចឹមជីវិតអោយបានរួចមួយពេល រស់នៅក្នុងកូនបន្ទប់ជួលតូចមួយតាមលទ្ធភាព ការសិក្សាក៏ត្រូវបានបញ្ចប់តាំងពីថ្នាក់វិទ្យាល័យមកម្ល៉េះ។ស្រុកកំណើតរបស់នាយជាអ្នកខេត្តដេហ្គូ ប្ដូរមកសេអ៊ូលដើម្បីរកការងារធ្វើ បោះបង់ចោលនូវការរៀនសូត្រ ព្រោះគ្រួសារគ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់។
     ស្ដាប់ទៅជីវិតរបស់ថេយ៉ុងវេទនាជាងហូប៊ីឆ្ងាយណាស់។អ្នកទាំងពីររស់នៅក្នុងសង្គមតែមួយ តែឋិតនៅផ្នែកម្ខាងម្នាក់ផ្សេងពីគ្នា។ម្នាក់ជាកូនអ្នកមានស្ដុកស្ដម្ភ បន្ថែមជាមួយនិងសម្ពាធពីប៉ាម៉ាក់ខ្លួនឯង ឯម្នាក់ទៀតរស់នៅក្នុងគ្រួសារអ្នកស្រែចម្ការ មិនក្រីក្រីតោកយ៉ាកតែក៏មិនធូរធារណាស់ណាដែរ។...
     ហូប៊ីបន្តដំណើររហូតមកដល់ម៉ាតមួយកន្លែងដែលគេបម្រុងនឹងចូលទៅមុននោះ ដោយមានថេយ៉ុងនៅលួចមើលពីចម្ងាយ ព្រោះវាជាកន្លែងដែលនាយធ្វើការដូចគ្នា។នាយដើរចូលទៅតាមច្រកខាងក្រោយ សម្ដៅទៅកន្លែងគិតលុយ ឃើញរាងតូចកំពុងអង្គុយយ៉ាងស្រងេះសង្រោចមើលទៅខាងក្រៅ។នាយអាចមើលដឹងថាទឹកមុខរបស់គេគឺស្រពោន កែវភ្នែកបង្កប់ទៅដោយកង្វល់។
     « មកវិញហើយមែនទេ? » សម្លេងមួយបានបន្លឺនៅជិតត្រចៀករបស់ថេយ៉ុងអោយនាយភ្ញាក់ព្រើត ព្រោះកំពុងតែភ្លឹកមើលហូប៊ីមិនបានខ្វាយខ្វល់ជាមួយមនុស្សនៅជុំវិញខ្លួន  តែក្រោយពេលមានអ្នកមកហៅស្ងាត់ៗមិនផ្ដល់ដំណឹងមុនបែបនេះទើបប្រញាប់ងាកមកវិញយ៉ាងលឿន។ហូប៊ីមិនបានចាប់អារម្មណ៍ថាថេយ៉ុងនៅក្នុងនេះដែរទេ។
     « ដូចដែលបានឃើញ » វាជាចរិតធម្មតារបស់គេទៅហើយ សោះកក្រោះ បើអ្នកណាមិនដឹងច្បាស់ជាគិតថានាយជាមនុស្សឆ្មើងឆ្មៃ។អ្នកម្ខាងទៀតសើចញឹមៗ ក្រឡេកភ្នែកមើលទៅហូប៊ីដែលអង្គុយច្រត់ដៃទល់ចង្កានឹងតុ យូរៗម្ដងក៏លើកភេសជ្ជ:មកផឹក។គេថាកមកវិញរួចសួរទៅកាន់ថេយ៉ុង ព្រោះមើលទៅគេដូចជាស្គាល់ហូប៊ី÷
     « ឯងស្គាល់គេដែរមែនទេ? » យ៉ុនហ្គី
     « ស្គាល់ » គេឆ្លើយទាំងមិនមើលមុខអ្នកម្ខាងទៀត ធ្វើជារៀបចំអីវ៉ាន់បន្លប់ស្ថានការណ៍ ព្រោះថាបើយ៉ុនហ្គីចាប់បានថានាយលួចមើលឬចាប់អារម្មណ៍ទៅលើហូប៊ីនោះគេច្បាសជាបង្អាប់នាយដល់ស្លាប់មិនខាន។
     « ត្រូវជាអ្វីហ្នឹងគ្នា? »
     « អ្នកដទៃ »
     « បែបហ្នឹងហៅថាស្គាល់ដែរមែនទេ?ឯងកំពុងតែកុហកយើងហើយ » យ៉ុនហ្គីសើចដើមករបៀបហួសចិត្ត គ្រប់សម្ដីដែលថេយ៉ុងនិយាយចេញមកគ្មានចំណុចណាគួរអោយជឿសោះ។ដឹងថាអស់ពាក្យនឹងកុហក គេជ្រើសរើសប្រាប់យ៉ុនហ្គីនៅរឿងគ្រប់យ៉ាង តាំងពីដើមដល់ចប់ ធ្វើអោយអ្នកខាងនោះស្ដាប់យ៉ាងស្លុងអារម្មណ៍ ធ្វើដូចវាជារឿងរន្ធត់ណាស់អ៊ីចឹង។
     តាមការពិតវាក៏គួរអោយភ្ញាក់ផ្អើលខ្លាំងណាស់ដែលក្មេងប្រុសមាឌតូចម្នាក់អាចធ្វើអោយពួកនោះរត់ខ្ចាត់ខ្ចាយអស់ តែអ្នកទាំងពីរគិតថាមានរឿងអ្វីមួយនៅខាងក្រោយខ្នងដែលពួកគេមិនទាន់បានដឹង ដូច្នេះហើយមានវិធីតែមួយប៉ុណ្ណោះគឺទៅសួរហូប៊ីដោយខ្លួនឯង។
     « មើលទៅសាច់ឈាមរបស់គេជាអ្នកមាន » យ៉ុនហ្គីឧទានឡើង ស្របពេលមើលអាល្អិតមិនឈប់។ថេយ៉ុងលួចដៀងភ្នែកបន្តិច រួចងាកមកវិញ តបទៅយ៉ុនហ្គី÷
     « ប្រហែលជាបែបនោះទេដឹង! »
     « ឯងមិនគិតទៅរាក់ទាក់ដាក់គេខ្លះទេឬ?ឬក៏គេមិនដឹងថាឯងធ្វើការនៅទីនេះ? »
     « ធ្វើការរបស់បងអោយតែល្អទៅ! » ពេលត្រូវថេយ៉ុងស្ដីអោយរួច យ៉ុនហ្គីស្ងាត់មាត់ជ្រៀប តែនៅសម្លក់ដាក់គេអស់មួយសន្ទុះទើបសម្រេចចិត្តដើរទៅវិញ។គ្រាន់តែយ៉ុនហ្គីចេញទៅផុត ថេយ៉ុងបានឱកាសលួចឈរមើលកាយតូចម្ដងទៀត ម្ដងនេះនាយស្រាប់តែញញឹមចេញមកដោយមិនត្រូវរឿង ពេលមានស្មារតីឡើងវិញប្រញាប់យកដៃទះមុខខ្លួនឯងផាច់ៗអោយស្វាងពីការស្រមើស្រមៃដ៏ឆ្កួតឡប់។
     នាយកាន់ទឹកដោះគោមួយដបទៅជាមួយ រួចសម្ដៅទៅកាន់តុដែលមានហូប៊ីអង្គុយនៅទីនោះ។ពេលទៅដល់ នាយដាក់វានៅលើតុចំពោះមុខអាល្អិត ធ្វើអោយអ្នកដែលអង្គុយភ្លឹកភ្ញាក់ព្រើត ថែមទាំងភ្ញាក់ផ្អើលជាមួយនឹងវត្តមានរបស់ថេយ៉ុងថែមទៀតផង។
     « ញ៉ាំភេសជ្ជ:ពេលយប់បែបនេះមិនល្អទេ!ញ៉ាំអានេះវិញទៅ » នាយទាញកៅអីមកអង្គុយទល់ពីមុខហូប៊ី មិនអើពើជាមួយនឹងការប្រតិកម្មរបស់អ្នកម្ខាងទៀត។ហូប៊ីយកទឹកដោះមកកាន់ មើលវាឆ្លាស់គ្នាជាមួយនិងថេយ៉ុង សួរបកទៅវិញ÷
     « លោកធ្វើការនៅទីនេះ? »
     កាយក្រាស់គ្រាន់តែងក់ក្បាលយឺតៗជំនួសចម្លើយ។
     « យកវាទៅវិញទៅ!ខ្ញុំចង់ផឹកស្រា » គេដាក់វាទៅលើតុវិញ រួចចាប់ផ្តើមអង្គុយធ្វើមុខស្រពោនសារជាថ្មី។
     « អាយុប៉ុន្មានឆ្នាំហើយទើបចង់ផឹកស្រា? »
     « ដប់ប្រាំបីឆ្នាំត្រឹម យ៉ាងមិចដែរភ្ញាក់ផ្អើលទេ? »
     ថេយ៉ុងអស់សំណើចនឹងទឹកមុខក្រម៉េចក្រមើមរបស់ហូប៊ីដល់ថ្នាក់ទប់មិនសើចមិនបាន។
     « ទីនេះមិនមានស្រាលក់ទេ!ទោះបីជាមានក៏មិនលក់អោយឯងដែរ » នាយញាក់ចិញ្ចើមដាក់គេទាំងរបួសពេញមុខ ធ្វើអោយរាងតូចពេបមាត់។
     « គិតថាសង្ហារណាស់ឬ?មុខសុទ្ធតែរបួសបែបនេះខ្ញុំមិនស្រលាញ់ទេកុំបាច់ញាក់ចិញ្ចើមដាក់ខ្ញុំអី » មាត់កំពុងនិយាយឌឺដង តែដៃកំពុងតែរ៉ូតកាតាបយកទឹកអាកុលនិងក្រដាសអនាម័យមួយដុំដែលដាក់មកតាមខ្លួនចេញមកខាងក្រៅ ដើម្បីលាងរបួសអោយថេយ៉ុង។ទោះបីជាមិនសូវចូលចិត្តថេយ៉ុងប៉ុន្មាន គេក៏មិនអត់ចិត្តដល់ថ្នាក់ទុកអោយមុខមាត់សង្ហាររបស់នាយហើមស្ពុលមើលមិនយល់នោះដែរ។
     « នៅអង្គុយទីនេះមកស្រួលខ្ញុំលាងរបួសអោយ » គេទះកៅអីដែលនៅទំនេរ ជាសញ្ញាអោយកាយមាំមកអង្គុយជិតខ្លួន ហើយថេយ៉ុងក៏ព្រមធ្វើតាមទាំងលួចរំភើបក្នុងចិត្តរកថាមិនត្រូវ។កន្លងមកមិនដែលមានអ្នកណាធ្វើបែបនេះដាក់ខ្លួន រិតតែមិនចូលចិត្តនិយាយជាមួយមនុស្សមិនធ្លាប់ស្គាល់គ្នា ប៉ុន្តែសម្រាប់អាល្អិតសម្ដីបានម្នាក់នេះបែរជាខុសប្លែកពីរាល់ដង។
     « បើឯងជួយខ្ញុំបែបនេះប្រហែលជាខ្ញុំត្រូវជំពាក់គុណរបស់ឯងទ្វេរនឹងពីរហើយ »
     « ម្ដងនេះចាត់ទុកថាខ្ញុំមិនបានជួយលោកទៅចុះ » អាល្អិតលាងរបួសអោយថេយ៉ុងយ៉ាងយកចិត្តទុកដាក់និងថ្នមដៃបំផុត ព្រោះខ្លាចថានាយឈឺ តែនៅតមាត់ទៅវិញទៅមកមិនឈប់ឈ ថែមទាំងចេះឌឺដងគួរអោយខ្នាញ់ថែមទៀត។
     រាងក្រាស់ញញឹមយ៉ាងស្រទន់ កែវភ្នែកបញ្ចេញពន្លឺនៅពេលបានឃើញទម្រង់មុខរបស់ហូប៊ីកាន់តែជិត គឺកាន់តែស្អាត។មុខសម៉ត់ខៃគ្មានស្នាមមួយឡើយ ទោះបីជាស្រមោចក៏អាចវាជ្រុះដែរ។បបូរមាត់តូចច្រមិចបែបនេះឃើញហើយគួរអោយចង់នែបណិត ប្រហែលជានាយលង់ស្នេហ៍ជាមួយក្មេងប្រុសម្នាក់នេះហើយ។

To be continued...
Miss me yet guy...?

Love In The End - vhope Where stories live. Discover now