"ចន្ទ្រពង្ស! នេះឯងមែនទេ?"
"អូហ៌ សិរីកា!"
កញ្ញាស្រស់ទាំងទ្វេ បានស្ទុះមកឱបក្រសោបគ្នា បង្វិលខ្លួនចុះឡើងព្រោះតែកម្លាំងត្រេកអរលាយឡំនឹងនឹករលឹកក្រសោបពេញថ្លើមប្រមាត់។ សិរីកាស្លៀករ៉ូបចោមពុងខ្មៅ លម្អជាមួយស្រោមដៃ ពាក់គ្រឿងអលង្ការពែក្សផងដែរ គឺជាបុត្រីពៅនៃលោក ស៊ីន យ៉ូរ៉ា ដែលជាអ្នកបើកបរ ព្រមទាំងជាមិត្តរួមជំនាន់ជាមួយឪពុកនាងផងដែរ។ ពួកគេទាំងពីរត្បិតថាពុំមែនជាសាច់ឈាមបង្កើតជាប់គ្នាក្តី ក៏ប៉ុន្តែចិត្តនិងចិត្តហាក់ភ្ជាប់ចំណងឲ្យប្រទាក់ជាប់ក្រឡារហូត បើទោះជានៅទីសែនឆ្ងាយដល់ជើងមេឃប៉ុណ្ណា ក៏នៅតែបកមករកគ្នាវិញ។
"ឯងសុខសប្បាយទេ សិរីកា?"
"សុខសប្បាយជាធម្មតាទេ ខានជួបគ្នាយូរ ឯងស្អាតខ្លាំងមែនទែន!" មាណវីសើចបង្ហាញធ្មេញតម្រៀបជួរយ៉ាងប្រិមប្រិយ។
"អរគុណ ឯងក៏ដូចគ្នា ខានជួបយូរចង់ធំជាងខ្ញុំឯណេះទៀត"
អ្នកស្រស់ទាំងពីរប្រាណ សើចឡើងប្រាវជាមួយគ្នា។ សិរីកាទាញដៃនាំទៅកន្លែងតុអាហារជ្រុងធំមួយ ដែលដាក់បង្អែមប្រដេញចម្រុះពណ៌ប្រដូចនឹងឥន្ទនូ ដែលរចនានិងរៀបចំយ៉ាងមានសោភណនិងសណ្តាប់ធ្នាប់ ទាក់ទាញចិត្តភ្ញៀវកិត្តិយសទាំងអស់ អត់ទ្រាំនឹងចាប់លើចានរាបមូលប៉ស៊ីឡែនឥតចន្លោះ មកភ្លក់រសជាតិ។
"ចន្ទ្រពង្សញ៉ាំតែបន្តិចអញ្ចឹង? ធម្មតាខ្ញុំឃើញឯងញ៉ាំច្រើនណាស់"
"ហឹម! ខ្ញុំឥឡូវញ៉ាំឆាប់ឆ្អែត ប្លែកខុសកាលពីមុន" ស្រីក្រមុំតបត្រឡប់ ដោយយកសមតូចប្រាក់ ចាក់គ្រាប់ខ្នុរខាំបន្តិច។
"ខ្ញុំស្មានតែបងមានរឿងអ្វីតើ ត្រូវការញ៉ាំទឹកផ្សើមកដែរឬទេ?"
"អរគុណហើយ ខ្ញុំមិនរំខានឯងនោះទេ ញ៉ាំតាមសម្រួលទៅចុះសិរីកា"
កែវភ្នែកស្រាប់តែប្រទះជាប់នឹងនាយកំលោះខ្ពស់ស្រឡះ សក់ខ្លីសិតតាមភ្លីយ៉ាងសមសួន គ្រងអាវសសាច់រលោង ប្រឡេះឡេវមួយគ្រាប់ រមួលដៃបង្អួតសរសៃកាន់អាវធំគ្រហ្សេ ខណៈដែលដៃម្ខាងទៀត កាន់កែវស្រាសំប៉ាញ ជជែកគ្នាជាមួយកំលោះៗបីនាក់ ដែលសង្ហារមិនចាញ់គ្នាប៉ុន្មានឡើយ។
YOU ARE READING
ឋានសួគ៌អស្តង្គត࿐
Romance"អូនប្រៀបដូចជាឋានសួគ៌ ឃើញពេលណា បងហាក់មានសេចក្តីសុខឥតមានចន្លោះ" -អ៊ូ មីងកាង "ឯបងប្រៀបដូចជាព្រះអាទិត្យបំភ្លឺជីវិតអូន ត្រឡប់មានពណ៌ស្រស់ត្រកាល អស់ស្បៃអន្ធការរុំព័ទ្ធភ្នែក" -សិង្ហរាជ ចន្ទ្រពង្ស