ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥
ទីក្រុងតូក្យូ, ប្រទេសជប៉ុន
K&E Fashion Company
ម៉ោង៥ល្ងាច
“មួយឆ្នាំហើយដែរបងចាកចោលអូន អេឌែន!” សម្លេងខ្សាវៗបានបន្លឺឡើង ពីបបូរមាត់ស្ដើងពណ៌ផ្កាឈូកស្រាល ខណៈដែលខ្លួនតូចក្នុងរ៉ូបដៃតូច វែងពណ៌ខ្មៅក្រោមជង្គង់ កំពុងតែអង្គុយលើវាលស្មៅខៀវខ្ចី សម្លឹងមើលទៅផ្នូររបស់ស្វាមីជាស្រលាញ់ដែលបានចាកចោលនាង។
“ហ៊ឹម!!” នាងបានដកដង្ហើមធុញថប់បន្តិច និងងាកក្រោយសម្លឹងមើលទៅតួអគារ K&E Fashion ដ៏ខ្អស់ត្រដែត ដែលជាក្រុមហ៊ុន ច្នៃម៉ូដសម្លៀកបំពាក់ ល្បីល្បាញជាប់ឈ្មោះលំដាប់ថ្នាក់ពិភពលោក ដោយប្រើពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។
“បងនិយាយថា ទីណាមាន អេឌែន ទីនោះមាន ខេតធី តែគ្រប់យ៉ាងបងកុហកអូន បងទុកឲ្យអូនចោលនៅក្នុងពិភពលោកដ៏ធំមួយនេះតែម្នាក់ឯង” ខេតធី ក្នុងរូបរាងវ័យក្មេងគួរឲ្យស្រលាញ់ បាននិយាយតិចៗហាក់ដូចមនុស្សគ្មានកម្លាំង “អូនហត់! អូនចង់បោះបង់ តែអូនមិនចង់ឲ្យការខំប្រឹងរបស់បងកន្លងមក ត្រូវក្លាយទៅជាអាសារបង់ទេ” ជីវីតនាងពេលនេះខ្ពស់ខ្លាំងណាស់ ជំនួញក្នុងដៃ មានទាំងក្រុមហ៊ុនផលិតឡាន ក្រុមហ៊ុនច្នៃម៉ូដ និងមានមណ្ឌលសម្រាប់ជួយកុមារកំព្រាមួយទៀត មិនត្រឹមតែប៉ុណ្ណោះ ខេតធី ក៏ជាអ្នកតំណាងឲ្យអង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសជប៉ុនមួយរូប ក្នុងការការពារកុមារ និងស្ត្រី ផងដែរ។
“អ្នកស្រី ខេតធី!” ភ្លាមនោះ ជំនួយការស្រីឈ្មោះ ម៉ារីណា បានដើរមករកចៅហ្វាយស្រីដោយទឹកមុខញញឹមញញែម ហាក់បីដូចជាមានរឿងអ្វីមួយអញ្ចឹង។
“មានអ្វីម៉ារី?” ខេតធី បែរមុខមករកកូនចៅ ដោយទឹកមុខធម្មតា និងប្រឹងសម្រួលអារម្មណ៍ឲ្យរឹងមាំវិញ។
ម៉ារីណា បានអង្គុយចុះក្បែរ ចៅហ្វាយស្រី និងរៀបរាប់ដោយក្ដីរំភើប៖
“ថ្ងៃស្អែកមាន អ្នកជំនាញខាងច្នៃម៉ូដឡាន មកពីប្រទេសកូរ៉េ ចង់មកបណ្ដាក់ទុកជាមួយខាងយើង”
“ម្នាក់ឈ្មោះ Mr.ឃី ដែលព្យាយាមចង់ទាក់ទងមកពួកយើងកាលពី មួយខែមុនត្រូវឬអត់?”
“ចា៎! អ្នកស្រី ជាMr.ឃី” ម៉ារីណា រហ័សងក់ក្បាលយ៉ាងលឿន។
“ប្រវត្តិ Mr.ឃី យ៉ាងណា ពួកយើងមិនដឹងទេ ម៉ារី…ខ្ញុំមិនចូលចិត្តធ្វើការជាមួយមនុស្សដែលគ្មានប្រវត្តិច្បាស់លាស់អញ្ចឹងទេ”
“អ្នកស្រី! ខ្ញុំស៊ើបដឹងមកថា Mr.ឃី ជាកូនរបស់ Mr.ខេ ជាអតីតអ្នកប្រណាំងឡានដ៏ល្បី នៅកូរ៉េផងដែរ”
“ច្បាស់?” ខេតធី សង្កត់សួរកូនចៅស្រី បន្ថែមព្រោះមិនចង់ឲ្យមានការថ្លោះធ្លោយនាំមនុស្សចូលក្រុមហ៊ុនខុស។
“១០០ភាគរយ អ្នកស្រី! លោកហ្សូរិច ប្រធានផ្នែកខាងក្រុមហ៊ុនឡាន ក៏ដឹងរឿងនេះដែរ”
“បើច្បាស់ ណាត់ម៉ោងជួប Mr.ឃី នៅថ្ងៃស្អែកជាមួយខ្ញុំ ខ្ញុំចង់ស្គាល់គេ ឲ្យច្បាស់ មុននឹងរួមការងារជាមួយគ្នា”
“ចា៎! អ្នកស្រី! អញ្ចឹងខ្ញុំសុំទៅរៀបចំជូនសិន” ថាហើយ ម៉ារីណា បានរត់ចេញទៅយ៉ាងលឿន ហាក់រីករាយណាស់ ព្រោះបើមានអ្នកជំនាញខាងឡានចូលមកកាន់តែច្រើន ចៅហ្វាយស្រីនាងនឹងលែងសូវហត់នឿយជាមិនខាន។
…………
ថ្ងៃថ្មី….
តុបៗៗ
ស្បែងកែងចោទពណ៌ខ្មៅ បានទង្គិចប៉ះនឹងការ៉ូ បង្កជាសម្លេងលាន់បន្តិចបន្តួច ដោយបាននាំខ្លួនតូច បំពាក់ដោយរូបខ្លីលើជង្គង់ពណ៌ស និងមានអាវក្រៅពណ៌ខ្មៅពាក់ពីក្រៅ កំពុងតែបោះជំហានយ៉ាងជឿជាក់ ដើរចូលក្នុងក្រុមហ៊ុនច្នៃម៉ូដ ក្រោមការគោរពពីបុគ្គលិកច្រើននាក់។
អ្នកដែលមិនស្គាល់ខេតធី ច្បាស់ជាគិតថានាងសំណាង ដែលជោគជ័យតាំងពីវ័យក្មេង និងក្លាយទៅជាបុគ្គលល្បីម្នាក់ ដែលពិភពលោកទទួលស្គាល់នាង។ ដោយឡែកនៅពីក្រោយទឹកមុខមាំ និងស្នាមញញឹមស្រស់ស្អាតរបស់នាង គ្មាននរណាដឹងទេ ថានាងឆ្លងកាត់អ្វីខ្លះនោះ។
YOU ARE READING
Part-II, ម្ចាស់គ្រងបេះដូងភ្លើង វគ្គI&II (On going)
RomancePart-II is publishing.... Part-I, completed អេឌែន & ខេតធី ក្ដីស្រឡាញ់ គឺក្ដីស្រលាញ់ ពិតជាពិបាកឲ្យនិយមន័យមួយច្បាស់លាស់ណាស់! អ្វីដែលអ្នកបានឃើញ ទង្វើដែលអ្នកទទួលបាន សង្ឃឹមថាអ្នកនឹងអាចផ្ដល់និយមន័យពាក្យ 'ស្រលាញ់' ដោយខ្លួនឯងបាន ដោយមិនចាំបាច់ទទួលការបកស្រាយ...