ភាគទី១ : សុំទោសដែលយើងមិនល្អគ្រប់គ្រាន់សម្រាប់ឯង

3.9K 216 12
                                    

ត្រុក! ត្រុក! ត្រុក!
សម្លេងស្នូរសម្រឹបជើងរត់របស់សត្វពាហនៈលាន់លឺមកពីចម្ងាយបំបែកបរិយាកាសស្ងាត់ជ្រងំពោរពេញទៅដោយភាពស្ងប់សុខនៃព្រៃជ្រៅដែលមនុស្សជាច្រើនយកមកនិយាយតៗគ្នាថាមានពពួកសត្វមានជីវិតដែលរស់នៅកាន់កាប់តំបន់ព្រៃអាថ៌កំបាំងមួយនេះ ពួកគេមានអំណាចលើសពីសត្វធម្មតាឬសូម្បីតែមនុស្សក៏គ្មានឱកាសអាចយកឈ្នះពួកគេបានឡើយ។
សត្វចចករោមពណ៌មាសក្រាស់ឃ្មឹក មាឌធំដំបងជាមួយកម្ពស់ខ្ពស់យ៉ាងចម្លែក ចង្កូមសស្ញាចជាមួយភ្នែកពណ៌លឿងភ្លឺដូចមាស ក្រញ៉ាំមុតស្រួចបោះជំហានលឿនដូចផ្លែព្រួញលាន់សន្ធឹកពេញព្រៃ រាងកាយជាចចកចាប់ផ្តើមរលាយក្លាយជាពន្លឺតូចៗបង្កើតឡើងជារូបរាងក្រាស់មាឌមាំខ្ពស់ស្រឡះផ្គុំរូបរាងឡើងជាមនុស្សពេញលេញបន្ទាប់ពីរាងកាយជាចចករលាយបាត់ទៅតាមខ្យល់។ មនុស្សចចកហក់ទៅក្រសោបរាងកាយតូចស្តើងដែលឈរញ័រខ្លួនដោយក្តីភ័យខ្លាចនៅកណ្តាលហ្វូងចចកព្រៃមកអោបជាប់ទ្រូងមុននឹងងាកទៅស្រែកដាក់ចចកតូចៗទាំងនោះវិញ។
« ពួកឯងចង់ស្លាប់មែនទេ​​? »
« នាំគ្នាចេញឱ្យអស់ទៅ »
សម្លេងគ្រហឹមបន្លឺឡើងស្ទើរបែកព្រៃធ្វើឱ្យហ្វូងចចកទាំងនោះភិតភ័យរត់ប្រសេចប្រសាចជាន់គ្នាបែកខ្ញែកទៅអស់បន្សល់ទុករាងកាយរបស់មនុស្សធំខ្ពស់ម្នាក់ដែលនៅឈរអោបរាងកាយតូចមួយនោះក្នុងដៃរហូតដល់ប្រាកដចិត្តថាគេអាចឈរដោយខ្លួនឯងបានទើបលែងដៃ។
« លោក- អ្ហា៎.......ចចក...ចចក.... អ្ហា៎ ចេញទៅ ចេញទៅ »
ម្ចាស់រាងកាយតូចដួលទៅលើដីបន្ទាប់ពីត្រូវលែងដៃឱ្យឈរខ្លួនឯង តែបែរជាក្រឡេកភ្នែកទៅឃើញបុរសដែលអោបក្រសោបការពារគេមុននេះមានចង្កូមនិងភ្នែកជាចចកទៅវិញ នេះគេកំពុងគេចពីចចកធម្មតាមកជួបបីសាចចចកឬ?
« កុំខ្លាចអី យើងមិនធ្វើអ្វីឯងទេ »
« លោកជាបីសាចចចក កុំប៉ះខ្ញុំ កុំធ្វើបាបខ្ញុំ ដោះលែងខ្ញុំទៅ » Taehyung ស្រែកអង្វរបែកសម្លេងពេលឃើញ Jungkook លូកដៃមកស្រវ៉ាចាប់កដៃរបស់ខ្លួន គេចង់ចេញពីព្រៃនេះ ចេញពីមនុស្សអាថ៌កំបាំងទាំងនេះ។
« ត្រឡប់ទៅវិញ » មនុស្សចចកចាប់ទាញដៃអូសអ្នកដែលក្រាញននៀលលើដីមិនព្រមក្រោកឈរនោះឱ្យដើរទៅតាមគេទោះបីអ្នកម្ខាងទៀតព្យាយាមរើរបម្រាស់ខ្លាំងប៉ុណ្ណាក៏ដោយ។
« ខ្ញុំមិនទៅ ខ្ញុំមិនទៅទេ ខ្ញុំថាហើយ លោកជាបីសាច ខ្ញុំមិននៅជាមួយបីសាចទេ »
« យើងប្រាប់ហើយថាយើងមិនធ្វើបាបឯង ឯងជាប់មានបណ្តាសា យើងត្រូវលាងបណ្តាសាឱ្យឯងសិន »
« ខ្ញុំសុខចិត្តត្រូវបណ្តាសាវេទនាដល់ស្លាប់ក៏មិនព្រមទៅវិញជាមួយលោកដែរ »
« Kim Taehyung!!! »
Jungkook ស្រែកគំហកព្រមទាំងច្រានម្ចាស់ឈ្មោះឱ្យដួលទៅលើដីមុននឹងឡើងសង្គ្រប់ពីលើ មិនយូរប៉ុន្មានចង្កូមរបស់ទ្រង់ក៏លូតឡើងវែងម្តងទៀតបណ្តាលឱ្យម្ចាស់ខ្លួនរហ័សអោនសម្តៅគល់ករបស់អ្នកនៅខាងក្រោមទាំងកម្រោល។
« កុំ....កុំ អ្ហា៎..... »
គ្រាន់តែចង្កូមចាក់ទម្លុះស្បែកចូលដល់សាច់ភ្លាម Taehyung ក៏ទន់ដៃទន់ជើងសន្លប់នៅត្រង់នោះមួយរំពេច។ Jungkook ដកចង្កូមចេញពីករបស់អ្នកម្ខាងទៀតយឺតៗមុននឹងលើកបីរាងកាយស្តូកស្តឹងរបស់គេឡើងដើរសម្តៅទៅប្រាសាទវិញ។
« គេកាន់តែខ្សោយទៅៗហើយ »

ត្រឡប់មកដល់ប្រាសាទវិញ Jungkook ដាក់ Taehyung ទៅលើគ្រែថ្នមៗមុននឹងអោនលិតរបួសលើ ករបស់គេយឺតៗ មិនយូរប៉ុន្មានរបួសដោយសារការខាំបឺតយកថាមពលរបស់ Tae ដែលកំពុងហូរឈាមក៏ត្រូវបានព្យាបាលបន្តិចម្តងៗរហូតដល់ជាសះស្បើយ គ្មានបន្សល់សូម្បីតែស្លាកស្នាមប៉ុនរន្ធរោម។ ពពួកចចកគឺមានថាមពលព្យាបាលរបួសបែបនេះ ដូច្នេះទើបពួកគេមានភាពពិសេសនិងអស្ចារ្យជាងមនុស្សឬសត្វធម្មតា។
« លោកម្ចាស់! »
ស្រីស្អាតសក់វែងប្របចង្កេះចូលមកដល់តាំងពីពេលណាក៏មិនដឹង មកលុតជង្គង់ម្ខាងអោនក្បាលក្បែរគ្រែដែល Jungkook អង្គុយបង្ហាញក្តីគោរពដល់ម្ចាស់ប្រុស។
« រៀបចំពិធីលាងបណ្តាសាឱ្យបានលឿនបំផុត »
« តែលោកម្ចាស់ បណ្តាសាក្នុងព្រៃជាបណ្តាសាដែលស្តេចចចកជាអ្នកដាក់ដោយផ្ទាល់បើលោកម្ចាស់ប៉ះពាល់ច្បាស់ជាមានបញ្ហាមិនខាន » នាងក្រមុំងើយមុខមើលម្ចាស់ដែលអង្គុយក្បែរមនុស្សប្រុសសាមញ្ញម្នាក់ដែលទើបនឹងជួបកាលពីប៉ុន្មានថ្ងៃមុន មើលទៅលោកម្ចាស់របស់នាងដូចជាងប់ងល់នឹងក្មេងម្នាក់នេះណាស់ បែបនេះធ្វើឱ្យនាងនៅស្ងៀមមិនបារម្ភមិនបាន។
« បិតាមិនសម្លាប់បុត្ររបស់ទ្រង់ឡើយ »
« តែបើស្តេចចចកដឹងថាលោកម្ចាស់លួចនាំមនុស្សធម្មតាចូលក្នុងប្រាសាទវិញនោះ ខ្លាចតែ- »
« នាងជាមនុស្សរបស់យើងឬក៏របស់បិតាយើង? អ៎.. » Jungkook អោនមុខសើចហាក់ឌឺដងឱ្យអ្នកម្ខាងទៀត « យើងភ្លេចគិតទៅថា នាងជាមនុស្សដែលបិតាប្រទានឱ្យយើង នាងច្បាស់ជាស្មោះត្រង់នឹងបិតាណាស់ហើយ "
« ខ្ញុំនឹងទៅរៀបចំភ្លាម! » នារីដែលព្យាយាមជំទាស់នឹងបំណងម្ចាស់មុននេះរហ័សប្រែពាក្យមកយល់ស្របពេលលឺសម្តីបញ្ឆិតបញ្ឆៀងរបស់ម្ចាស់ នាងច្បាស់ជាស្មោះត្រង់នឹងទ្រង់បំផុតហើយ គ្មានថ្ងៃឡើយដែលនាងប្រែប្រួលចិត្ត។
Jungkook អង្គុយសម្លឹងមើលការចាកចេញរបស់មនុស្សចំណិត បន្ទាប់ពីនាងចេញផុតទើបទ្រង់ងាកទៅរកអ្នកដែលដេកលើគ្រែវិញ។ ម្រាមដៃវែងស្រឡូនតាមរបៀបមនុស្សប្រុសលូកទៅវែកសក់លើថ្ងាស់របស់ Taehyung ដោយក្តីថ្នាក់ថ្នម ក្មេងប្រុសម្នាក់នេះបង្ហាញខ្លួនកាលពីប៉ុន្មានថ្ងៃមុន គេត្រូវថ្នាំរបស់ពួកមនុស្សហើយរត់គេចចូលមកក្នុងព្រៃវង្វេងតែម្នាក់ឯង ទម្រាំអាចបន្សាបថ្នាំឱ្យ Tae បានទ្រង់ត្រូវប្រើច្រើនវិធីណាស់ តែព្រៃមួយនេះត្រូវបណ្តាសារបស់ស្តេចចចក មនុស្សធម្មតាដែលហ៊ានចូលមកហួសព្រំដែនកំណត់នឹងត្រូវបណ្តាសាដែលធ្វើឱ្យខ្សោយកម្លាំងបាត់បង់ថាមពលនិងស្មារតីបន្តិចម្តងៗ ចុងបញ្ចប់នឹងត្រូវស្លាប់យ៉ាងវេទនា ធម្មតាទ្រង់មិនខ្វល់ខ្វាយនឹងមនុស្សដែលត្រូវបណ្តាសាទាំងនេះឡើយ តែពេលជួបក្មេងម្នាក់នេះ ទ្រង់មិនអាចចងខ្លួនឯងឱ្យឈរមើលគេស្លាប់បាន ដូច្នេះទើបហ៊ានបំពានច្បាប់នាំគេមកលាងបណ្តាសាដល់ក្នុងប្រាសាទ ទឹកមុខរបស់ Tae នៅយប់នោះពេលដែលគេត្រូវថ្នាំធ្វើឱ្យបេះដូងទ្រង់កម្រើកខុសធម្មតា ទ្រង់ចង់ការពារគេ ចង់បានគេមកទុកក្បែរខ្លួន ដូច្នេះទើបកុហកថាជាមនុស្សធម្មតានិងឃាត់ឱ្យគេនៅក្នុងប្រាសាទសិន តែថ្ងៃនេះមិនប្រយ័ត្នធ្វើឱ្យគេឃើញរូបរាងពិត ពេលនេះគេក៏ខ្លាចទ្រង់ទៀត កាន់តែគិតកាន់តែរកដំណោះស្រាយមិនឃើញ តែទោះគេស្អប់ឬខ្លាចទ្រង់ ក៏ទ្រង់គ្មានថ្ងៃលែងដៃគេជាដាច់ខាត។
« លោកម្ចាស់! គ្រប់យ៉ាងរៀបចំរួចរាល់ហើយ »
« យាមកាមឱ្យតឹងរ៉ឹង កុំឱ្យនរណាចូលទៅរញ៉េរញ៉ៃពេលយើងធ្វើពិធីឱ្យសោះ សូម្បីតែព្រះបិតា » Jungkook លើកបី Taehyung ប្រៀបដូចលើកដុំសំឡី ពេលគេភ្ញាក់មមើត្រសុលក្បាលនឹងទ្រូងទ្រង់ធ្វើឱ្យទ្រង់ញញឹមបិទមាត់មិនជិត។
« សូមលោកម្ចាស់បញ្ចប់ពិធីដោយជោគជ័យ »
ស្រីស្អាតមនុស្សចចកលុតជង្គង់ឱនក្បាលដោយក្តីព្រួយបារម្ភ បណ្តាសារបស់ស្តេចចចកគឺខ្លាំងក្លាខ្លាំងណាស់ សូម្បីតែ Jungkook ដែលស្ថិតក្នុងចំណោមមនុស្សចចកដែលមានអំណាចនិងខ្លាំងក្លាទាំងប្រាំពីរនាក់ក្នុងព្រៃអាថ៌កំបាំងមួយនេះក៏អាចនឹងត្រូវបណ្តាសាបកមករកវិញពេលកំពុងធ្វើពិធីដែរ ម្ចាស់បងទីពីររបស់ Jungkook , Hoseok ក៏ស្ទើរតែបាត់បង់ជីវិតដែរកំឡុងពេលលាងបណ្តាសាឱ្យមនុស្សស្រីជាទីស្រឡាញ់កាលពីប៉ុន្មានឆ្នាំមុន។

មនុស្សចចក [Completed]Where stories live. Discover now