រឿង:ទណ្ឌកម្មស្នេហ៍
ទណ្ឌកម្មដែលឯងអាចមិនអាចបំភ្លេចយើងម្តងទៀតបាន
ពេលព្រឹកព្រលឹមដ៏ស្រស់ត្រកាល សម្រស់ធម្មជាតិល្អឥតខ្ចោះ សត្វស្លាបទទះស្លាបហើលើវេហាត្រសង រីឯមនុស្សក៏ក្រោកពីដំណេក តាមសំឡេងនៃចក្រវាលរន្ថើនដាស់...
ជើងស្រឡូនបោះជំហានចុះពីគ្រែគេងមួយៗ តាមកាយវិកាល្វត់ល្វន់របស់គេ។កម្លោះតូចរូបស្អាតស៊ាវ អុិចាន់ យកដៃមកញីភ្នែក មមៃមើលនាឡិកាព្យួរលើជញ្ជាំង ថ្ងៃនេះជាថ្ងៃដំបូងនៃការចូលរៀនសកលវិទ្យាល័យរបស់រូបគេ ទើបកម្លោះតូចរូបនេះភ្ញាក់ឡើងលឿនជាងរាល់ដង។
"សំណាងល្អ នៅសល់មួយម៉ោងទៀត"និយាយចប់ អុិចាន់ទាញកន្សែងចូលទៅងូតទឹកបាត់ទៅ
"សកលវិទ្យាល័យស្ថាបត្យករសំណង់"
នាយតូចដើរមកដល់ខ្លោងទ្វាសាលាអានអក្សរលើនោះទាំងស្នាមញញឹម។សកលវិទ្យាល័យនេះហើយជាក្តីស្រមៃរបស់គេតាំងតែពីតូច។នរណាក៏ដឹងថាកម្លោះរូបស្អាតម្នាក់នេះ ទាំងស្អាត ទាំងពូកែ តាំងតែពីគេដឹងក្តីមក មានតែអ្នកស្រលាញ់ចូលចិត្ត ចង់ក្លាយជាគេ។
ក្រោយពីមើលអស់ចិត្ត អស់ចង់ហើយ នាយតូចបម្រុងដើរទៅមុខទៀត ស្រាប់តែបុកនឹងបុរសម្នាក់ ប៊ីសតែដួលផ្ងារក្រោយ
"គឺអាល្អិតឯងទៀតហើយ"បុរសម្នាក់នោះញញឹមទាំងពព្រាយ
"គឺលោក?"អុិចាន់ចំហមាត់មើលមុខនាយទាំងភ្ញាក់ផ្អើល មិននឹកស្មានថា ពិភពលោកនេះតូចចង្អៀតដល់ថ្នាក់នេះសោះ មនុស្សដែលមិនចង់ជួបបែរជាជួប
"ចាំខ្ញុំបានដែលមែនទេ អុិចាន់"នាយបន្តញញឹម រាយមន្តស្នេហ៍
"ទេ ដូចជាមិនចាំទេ!ខ្ញុំចូលរៀនសិនហើយ"ថាចប់ អុិចាន់រត់ចេញពីនាយទាំងប្រញាប់ប្រញាល់ ដោយយើងមិនដឹងថាគេមានរឿងអ្វីជាមួយបុរសម្នាក់នោះ នោះទេ។ស្នាមញញឹមស្រស់ស្អាតរបស់នាយអំបាញ់មិញ ប្រែទៅជាស្នាមញញឹមកំណាច បញ្ជាក់ថាគេនេះ មិនស្លូត មិនល្អដូចដែលគិតឡើយ។
មកដល់ក្នុងថ្នាក់ រកតុអង្គុយបានហើយ អុិចាន់ អង្គុយញ័រដូចជាកូនសត្វ បបូរមាត់ក្រហមស្អាត ប្រែមកជាស្លេកស្លាំង រណ្តំធ្មេញតត្រិត ហាក់ដូចជាគេបានជួបអតីតកាលដ៏ខ្មៅកខ្វក់របស់គេម្តងទៀតហើយ។
រំពេចនោះលោកគ្រូក៏ចូលមកដល់ ដោយនាំសិស្សប្រុសម្នាក់មកជាមួយផង។អុិចាន់គ្រាន់តែឃើញថានាយជានរណាហើយ ធ្វើឲខួរក្បាលរបស់គេឈឺខ្ទោកៗ រំលឹកការចងចាំអាក្រក់ៗពីមុនមក សើឡើងទាំងអស់។
២ឆ្នាំមុន នៅថ្ងៃនោះ ជាថ្ងៃភ្លៀងធ្លាក់ខ្លាំង...
ខ្ញុំបានជួបគេ...
គេកំពុងតែសម្លាប់មនុស្សប្រុសម្នាក់ ហើយប្រុសម្នាក់នោះគឺជាសង្សាររបស់ខ្ញុំ!ខ្ញុំឃើញគេបាញ់សម្លាប់គាត់ចំពោះមុខ ឈាមរបស់គាត់ហូរសាចដូចគេបូម ខ្ញុំពិតជារន្ធត់ចិត្តខ្លាំងណាស់ ជើងទាំងគូក៏កំរើកលេងបាន ភ្នែកទាំងគូហាក់ស្ពឹក រកដកចេញពីការសម្លាប់ដ៏ស្តែងៗនោះពុំរួច។ទីបំផុតខ្ញុំក៏អាចទាញស្មារតីខ្លួនឯងមកវិញបាន បម្រុងរត់ថយក្រោយ តែអ្វីៗក៏ប្រែទៅជាងងឹតឈឹង ខ្ញុំដួលសន្លប់លើដៃបុរសឃាតកម្នាក់នោះ។
បន្តិចក្រោយមក ខ្ញុំក៏បានដឹងខ្លួន ថាគេយកខ្ញុំមកដល់កន្លែងមួយ វាស្ងាត់ វាត្រជាក់ មានតែភ្លើងចង្កៀងផ្លុងៗបំភ្លឺតែប៉ុណ្ណោះ។មិនប៉ុន្មាននាទីផង មានអារម្មណ៍ថាគេនៅក្បែរខ្លួនខ្ញុំទៅហើយ!គេសម្លឹងមុខខ្ញុំទាំងកំហឹងក្រេលក្រោល ទាំងដែលខ្ញុំទើបតែឃើញមុខគេច្បាស់ពេលនេះប៉ុណ្ណោះ!គេសម្លឹងមកខ្ញុំយ៉ាងយូរ ម្តងជាកែវភ្នែកស្រទន់ ម្តងក៏កំណាច។តាមដែលមើលអាកប្បកិរិយារបស់គេ គេប្រហែលជាស្គាល់ខ្ញុំច្បាស់ ខុសពីខ្ញុំដែលមិនដឹងថា មានមនុស្សឃោឃៅបែបនេះរស់នៅលើផែនដីតែមួយរួមជាមួយដែរឡើយ
"ឯងកំពុងតែរកនឹក ហុឹស!ថាហើយ ឯងចាំខ្ញុំមិនបានទេ តែខ្ញុំចាំឯងបាន ស៊ាវ អុិចាន់"គេនិយាយផង សើចផង ដូចជាមនុស្សសតិមិនគ្រប់
"ឯងជានរណា?"ទីបំផុតខ្ញុំក៏អាចហើបមាត់សួរសំនួរនេះបាន
"ជាមនុស្សដែលតាមស្រលាញ់ឯងពីចម្ងាយរហូតមក"ស្រលាញ់ឬ?ស្រលាញ់គេធ្វើបែបនេះដាក់គ្នាអញ្ចឹងឬ?
"ហេតុអីក៏លោកសម្លាប់គាត់?តើគាត់ខុសអី?"សួរទាំងអួលដើមក ទឹកភ្នែកក៏ស្រក់តក់ៗហាក់បាក់ទំនប់ សម្លាប់មនុស្សម្នាក់ទាំងមូលមិនមែនជារឿងតូចតាចនោះទេ
"វាលួចក្បត់ឯង!"និយាយចប់ភ្លាម គេទាញកែវបោកចោលឥតសំចៃ ហាក់ខឹងខ្លាំងណាស់។ខ្ញុំកាន់តែភ័យ ទម្រុនទឹកភ្នែកឲកាន់តែហូរ
"យើងឈឺចាប់ជំនួសឯងណាស់ ពេលឃើញវាបណ្តើរទាំងស្រីទាំងប្រុស ហើយឯងនេះក៏ល្ងង់ឲវាបោកបានស្រួលៗទៀត យើងទ្រាំមើលមិនបានទេ"
"ទោះជាយ៉ាងណាលោកមិនគួរសម្លាប់គេចោលទេ វាខុសច្បាប់"
"យើងមិនខ្លាចច្បាប់ទេ វាក្បត់ឯង វាត្រូវតែងាប់ចេញពីលោកនេះ"
គ្រាំង!
គេបិទទ្វាមួយទំហឹង ចេញទៅណាបាត់ក៏មិនដឹង។
អង្គុយយំមួយសន្ទុះធំ ទើបតែចាប់អារម្មណ៍ ក្នុងបន្ទប់មួយនេះ មានរូបថតរបស់ខ្ញុំជាច្រើន តាំងពីតូចរហូតដល់ធំ បិទពេញជញ្ជាំងសឹងតែគ្មានចន្លោះទំនេរ ខ្ញុំដើរទៅកៀកមើលឲច្បាស់ ចាំងដោយពន្លឺស្រាលៗរបស់ចង្កៀង មើលពីមួយចូលមួយ គ្រប់សកម្មភាពដែលខ្ញុំធ្វើ គ្រប់ជំហានដែលខ្ញុំបោះ គ្រប់ទីតាំងដែលខ្ញុំទៅ គឺមានគេតាមថតទុកទាំងអស់ តើគេជានរណាឲពិតប្រាកដ?
ក្រឹក! សម្លេងចាក់សោទ្វាបើកចូលក៏បន្លឺឡើង ខ្ញុំស្រវាមកអង្គុយកន្លែងដើមវិញ ទោះគេស្រលាញ់ខ្ញុំខ្លាំងប៉ុណ្ណាក៏ដោយ អារម្មណ៍មួយនៅតែមិនទុកចិត្ត
"ឆ្ងល់អីក៏សួរមក"
"លោកជានរណា?"
"វ៉ាង បូវៃ"
"លោកថាខ្ញុំមិនចាំលោក ពួកយើងធ្លាប់ស្គាល់គ្នាមែនទេ?"
"មែន"
"ម៉េចក៏ខ្ញុំមិនចាំ សូម្បីតែឈ្មោះក៏ថ្មីស្រឡាងសម្រាប់ខ្ញុំដែរ"
"សួរច្រើនយ៉ាងនេះ លែងខ្លាចយើងហើយ?"មែនហើយ ខ្ញុំដូចជាក្លាហានពេកហើយ ចុះបើគេធុញ ហើយសម្លាប់ខ្ញុំចោលដែលនោះ
"ខ្លាច តែចង់ដឹង"
"ឯងធ្លាប់ជួយយើងកាលតូច ឯងក្លាហានណាស់អុិចាន់ ឯងហ៊ានរត់មករុញយើងចេញពីឡាន ជួយសង្គ្រោះយើង ហើយឡាននោះក៏បុកឯងពេញទំហឹង"
"ខ្ញុំដូចជាអត់ចាំទេ"
"ការចងចាំរបស់ឯងត្រូវបានបំផ្លាញ"
"ហើយក៏ភ្លេចលោកអញ្ចឹងឬ?"
"មិនមែនទាំងស្រុង មកពីយើងមិនសំខាន់"
"យ៉ាងម៉េចនឹង!"
"ឯងចាំគេគ្រប់គ្នា បំភ្លេចតែយើងម្នាក់ចោល"សម្លឹងចូលភ្នែកគេ គួរឲកំសត់ណាស់ គេប្រហែលជាគួរអាណិតណាស់ហើយនៅពេលនោះ ខ្ញុំអាក្រក់ណាស់ដែលមិនចាំគេ ទុកឲគេដើរមកដល់ចំណុចនេះ
"ខ្ញុំសុំទោស..."ខ្ញុំអោនមុខសុំទោស ទទួលកំហុស
"ឯងមិនខុសទេ អ្នកដែលខុសគឺប៉ាម៉ាក់របស់ឯង"
"បានន័យយ៉ាងម៉េច?"
"ពួកគេស្អប់យើង មិនចង់ឲឯងមកលេងជាមួយយើង ពួកគេប្រើគ្រប់វិធីឲឯងបំភ្លេចយើងចោល ហើយវាបានផលពិតមែន"
"កុំប្រាប់ថាឯងទៅសម្លាប់ពួកគាត់?!"
"ពិតប្រាកដហើយ"បូវៃសើចឡើងយ៉ាងកំណាច ខ្ញុំឯណេះលឺថាប៉ាម៉ាក់ត្រូវបានគេសម្លាប់ ក៏ទន់ខ្លួនលែងមាត់លែងកអ្វីទៀត យំហើយយំទៀត នៅតែមិនអាចកែប្រែអ្វីបាន
"អុិចាន់!អុិចាន់ហា៎"
"ឯងកើតអី?សុខៗក៏យំ"
"ដីចូលភ្នែកនឹងហា៎!គ្នាមិនអីទេ"
"សិស្សថ្មីសង្ហាដល់ហើយវ៉ើយ ឃើញមើលមុខឯងរហូត"ទើបតែចាប់អារម្មណ៍ គេម្នាក់នោះពិតជាមើលមកខ្ញុំមិនដាក់ភ្នែកពិតមែន។ឃាតកសម្លាប់ប៉ាម៉ាក់របស់ខ្ញុំ នៅអង្គុយចំពោះមុខ រក្សាស្នាមញញឹមរបស់គេជាប់ថ្ពាល់។ខ្ញុំគួរតែសម្លាប់គេសងសឹកវិញដែរទេ?
