short novel: កូនអ្នកជិតខាង

14 0 0
                                    

           សម្លេងស្រែកហ៊ោកញ្ជ្រៀវ និងទះដៃបានលាន់ឮឡើងកងរំពង  ពាសពេញពហុកីឡាដ្ឋានដ៏ធំសម្បើមមួយ ដែលស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ។ មនុស្សមិនក្រោម 5000 នាក់ឡើយ បានចូលរួមទស្សនាការប្រកួតបាល់ទាត់រវាងបេក្ខនារី ពីរក្រុមនេះ។ ក្រោយពេលបញ្ចប់ការប្រកួត ក្រុមដែលទទួលបានជ័យជម្នះ ញញឹមបិទមាត់មិនជិត វាជាជោគជ័យមួយដែលមិនអាចបំភ្លេចបាននៅក្នុងឆាកជីវិតមួយនេះ។ ស្នាមញញឹមរបស់ពួកគេ ចេញពីចិត្ត ក្រអៅបេះដូង ហើយក៏គ្មានបំណងចង់បញ្ជួស មើលងាយ ឬកាន់ដៃគូរប្រកួតអ្វីនោះទេ។ តែទោះជាយ៉ាងនេះក្តី ក្រហមដែលចាញ់ក៏នៅតែអាក់អន់ ស្រពន់ចិត្តដដែល ព្រោះតែសម្ថភាពរបស់ពួកគេនៅមានកម្រិត  បូករួមទាំងវិបត្តិគ្រួសារថែមទៀតនោះ វាកាន់តែធ្វើឲ្យពួកគេ ស្ទើរតែគ្មានកម្លាំងក្នុងការបន្តទៅមុខទៀតទាល់តែសោះ។
          ក្រាក!!! សម្លេងបើកទ្វាររបស់ផ្ទះវីឡាតូចមួយ ដែលស្ថិតក្បែរផ្សារអូរឫស្សីបានបន្លឺឡើង។   មុំបានដើរចូលផ្ទះទាំងទឹកមុខស្រពាប់ ស្រពោន ថ្ងៃនេះនាងពិតជាហត់ខ្លាំងណាស់ ហត់ទាំងកាយ ហត់ទាំងចិត្តទាំងព្រមតែម្តង។ សម្រិបជើងស្រាលៗ រាងកាយដូចជាមនុស្សដែលគ្មានវិញ្ញាណរបស់ក្រមុំវ័យ25 រូបនេះ បានបោះជំហានដើរយឺតៗ បន្តិចម្តងៗ រហូតទៅដល់តុអាហារ បម្រុងនឹងឡើងកាំជណ្តើរឡើងទៅជាន់លើទៅហើយ ស្រាប់តែមានសម្លេងស្រ្តីម្នាក់បានបង្អាក់ដំណើររបស់មុំ។
           "ត្រឡប់មកវិញហើយហេស៎? អ្នកនាងកូន" មីងណាន ដែលជាម្តាយរបស់មុំ  ក៏បានហាស្តីសួរទៅកាន់កូនបែបផ្លែផ្កា ព្រោះខ្នក់ខ្នាញ់នឹងកូនស្រីតែម្នាក់របស់គាត់ជាពន់ពេក។ មើលចុះ ស្មើរគឺ7 ជិត 8យប់ទៅហើយទើបតែត្រឡប់មកផ្ទះវិញ។ ខ្លួនជាស្រីទេ តែចូលផ្ទះយប់ព្រលប់បែបនេះ បើអ្នកស្រុកដឹង ហើយយកទៅនិយាយដើមនោះ តើឲ្យគាត់គាត់ដែលជាម្តាយនេះយកមុខទៅទុកនៅឯណាទៅ? ណ្ហើយ ដូចពាក្យចាស់បុរាណលោកពោលថា មានកូនស្រី ដូចមានក្រឡប្រហុកនៅក្នុងផ្ទះ  បើកគំរបកាលណាជះពិដោរស្អុយសព្វទិសទីពេលនោះ។
" ចាស ម៉ាក់" មុំមិនបាននិយាយអ្វីច្រើនឡើយ បើនាងនិយាយច្រើនជាងអាចនឹង ទាស់សម្តីជាមួយម៉ាក់នាងក៏ថាបាន។
" ម៉ាក់ប្រាប់ឯងប៉ុន្មានដងហើយ? អារឿងលេងបាល់នឹង ឃើញទេលទ្ធផលគឺបែបនឹង ចាញ់គេហើយត្រូវមកឈឺខ្លួនឥតប្រយោជន៍ទៀត។ ឯងធ្វើឲ្យត្រឹមត្រូវដូចកូនក្រមុំអុីម៉ៅនៅជាប់ផ្ទះយើងនេះខ្លះបានទេ? ល្មមឈប់ហើយអាចរិកដូចប្រុស រត់លេងបាល់ហក់លោតនឹង" មុំហាក់ស្ងប់ស្ងាត់ មិនតបតនឹងម្តាយខ្លួនសូម្បីតែមួយម៉ាត់។ វាមិនមែនជាលើកទី1ទេ ដែលមីងណាន យកកូនអ្នកជិតខាងមកប្រៀបធៀបនឹងខ្លួននោះ គឺគេស្តាប់ឮពាក្យប្រៀបប្រដូចនេះតាំងពីដឹងក្តីមកម្លេះ រហូតក្លាយជាទម្លាប់ទៅហើយ។
" ឯងមានធ្លាប់ឃើញកូនស្រីគេ  ទៅលេងបាល់រត់ប្រដេញកគ្នាដូចឯងទេ ព្រឹកឡើងគេងើបជួយម្តាយគេលក់ដូរ ថ្ងៃទៅធ្វើការនៅសណ្ឋាគារ ល្ងាចឡើងជួយធ្វើម្ហូបអាហារជូនម្តាយឳពុកគេ ចុះឯងវិញ? រាល់ថ្ងៃនេះយើងស្ទើរតែមិនហ៊ានប្រាប់គេ ថាឯងជាកូនស្រីរបស់យើងទៅហើយ ព្រោះតែចរឹករបស់ឯងនឹង" មីងណានរាងច្រឡោតបន្តិច ទឹកមុខរបស់គាត់ឡើងក្រហមព្រាលៗ ក្នុងទ្រូងវិញក្តៅគគុក។ ខឹងណាស់ ខំទូន្មានប្រដៅកូនរាល់ថ្ងៃ តាំងពីតូចរហូតដល់ធំទៅហើយ តែកូនបែរជាមិនស្តាប់បង្គាប់ទៅវិញ។ ចញ្ចឹមកូនគឺបានតែកាយពិតមែន តែចិត្តគំនិតកូនមិនអាចចិញ្ចឹមបានទេ។
     "សុំទោសម៉ាក់" ឈឺណាស់ មួយឃ្លាចុងក្រោយនេះវាប្រៀបបីដូចជាមាននរណាម្នាក់ យកកាំបិតមកចាក់រាប់សិបសិបដង នៅលើដើមទ្រូងខាងឆ្វេងយ៉ាងអញ្ចឹង។ សួរថាអ្នកណាមិនឈឺ បើអ្នកមានគុណជាទីស្រឡាញ់ ពោលថាគាត់ខ្មាស់គេ ព្រោះតែមានកូនដូចជាខ្លួននោះ។  តើមាននរណាម្នាក់យល់ពីអារម្មណ៍នេះដែលទេ ? វាពិតជាឈឺផ្សារខ្លាំងណាស់។ ជាពិសេសទៀតនោះ ក្តីស្រម៉ៃដែលប្រៀបបានទៅនឹងបេះដូងរបស់ខ្លួន ត្រូវបានកម្ទេចដោយដៃរបស់មនុស្សម្នាក់ ដែលជាអ្នកមានគុណលើរូបរាងកាយរបស់ខ្លួនទាំងមូលថែមទៀតផង។ វាមិនខុសអីពីការស្លាប់ទាំងរស់នោះទេ គឺស្លាប់វិញ្ញាណ ដួងចិត្តនឹងហើយ។ មុំស្ទើរតែទន់ជង្គងដួលទៅហើយ កម្លាំងនៅក្នុងខ្លួនហាក់ ហោះហើរ ចាកឆ្ងាយពីខ្លួនប្រាណអស់រលីង។ តើឲ្យនាងហាស្តីបែបណាទៅ នេះគឺជាម្តាយ ជាព្រះរស់។ បើនាងហ៊ានតែប្រកែកតវ៉ា  ច្បាស់ជាក្លាយជាកូនអកតញ្ញូ ជាក់ជាមិនខាន។ ពេលខ្លះវាពិតជាពិបាកណាស់ ដែលយើងគ្រាន់តែចង់ប្រាប់ពីហេតុផល តែក៏អ្នកដទៃបែរជាគិតថា វាគ្រាន់តែជាលេសដោះសារបរបស់យើងទៅវិញ។
    " បានហើយ ឯងយកសម្តីម៉ាក់ទៅដេកគិតទៅ មិនចង់និយាយច្រើនជានឹងទេ ខ្លាចទប់អារម្មណ៍មិនបាន"  និយាយតែប៉ុន្នឹង ម្តាយរបស់មុំក៏ដើរចាកចេកទៅបន្ទប់គេងរបស់គាត់បាត់ទៅ បន្សល់ទុកនៅតែមុំនៅឈរម្នាក់ឯង។ 
ពាក្យសម្តីរបស់មីងណានមុននេះ កំពុងតែលោតពាសពាញខួររបស់មុំទាំងមូល។ នាងពិតជាអន់ចិត្តខ្លាំងណាស់ កន្លងមកនាងតស៊ូ ព្យាយាមជម្នះ នឹងគំនិតអគតិរបស់មនុស្សក្នុងសង្គមមួយចំនួនដែលមានមកលើរូបនាងបាន តែហេតុអ្វីពេលនេះ នាងមិនអាចយកឈ្នះគំនិតម្តាយរបស់ខ្លួនបានផងទៅ។ 
    
            ថ្ងៃថ្មី ក៏បានឈានចូលមកដល់ ពន្លឺព្រះអាទិត្យបានវិលត្រឡប់មកបំភ្លឺភពផែនដែនសារជាថ្មី ប៉ុន្តែការព្រួយបារម្ភរបស់មនុស្សម្នាក់ៗ គឺនៅតែបន្តមានដដែលដរាបណាពួកគេមិនទាន់បានដោះស្រាយបញ្ហាទាំងនោះរួចរាល់នៅឡើយទេ។
  "ទៅណាទៀតហើយ? ព្រឹកភ្លឺច្បាស់មិនទាន់បាត់ស្រមោលឈឹងតែម្តងហើយណ៎" សម្លេងអ្នកជាម្តាយ បានបន្លឺឡើង ម៉ោង6 កន្លះមិនទាន់ កូនស្រីរបស់គាត់ចេញពីផ្ទះទៅហើយ។ ព្រលឹមចេញ ព្រលប់ចូល នេះបម្រុងមិនឲ្យគាត់គាត់ជាម្តាយបានឃើញមុខខ្លះទេហេស៎?

និទានជីវិត💫Where stories live. Discover now