តំណក់ទឹកសន្សើមនាពេលព្រលឹមស្រក់ចុះមកតក់ៗ ផ្ទៃមេឃដែលបើកថ្ងៃមុននេះប្រែជាស្រទុំទាំងព្រឹកខ្យល់ត្រជាក់ធ្លាក់ចុះមកឱ្យអ្នកដំណើរថ្មើរជើងនិងអ្នកដំណើរដោយកង់ម៉ូតូត្រូវរងារញ័រខ្លួន។ អាកាសធាតុចាប់ប្រែប្រួលភ្លាមៗតែសំណាងដែលម៉ូលីយ៉ាត្រូវធ្វើដំណើរដោយឡានជាមួយជីមីនទើបមិនបានទទួលរងខ្យល់ត្រជាក់ដូចអ្នកឯទៀត។ក្នុងឡានទាំងមូលមានសភាពស្ងប់ស្ងាត់ក្រោយស្តាប់តាមសំដីឪពុកទទួលជូនស្រីតូចទៅមន្ទីរពេទ្យមកតាមផ្លូវម្នាក់ៗក៏គ្មានអ្វីត្រូវនិយាយ គ្មានសំដីត្រូវចរចា មានតែអង្គុយស្ងាត់មាត់រៀងៗខ្លួនរស់នៅម្ខាងម្នាក់ យ៉ាងណាបែបនេះវាក៏ល្អបើនិយាយគ្នាមានតែឈ្លោះទាស់ទែងទៀតតែប៉ុណ្ណោះ។ស្រីតូចម៉ូលីយ៉ាដាក់ក្បាលផ្អែកនឹងបង្អួចកញ្ចក់ឡានដកដង្ហើមចេញចូលស្ទើរស្ទះទ្រូងសម្លឹងមើលផ្លូវដែលពួកគេធ្វើដំណើរតាមបង្អួចកញ្ចក់ឡាន ក្នុងទ្រូងអួលថប់មិនមែនព្រោះផ្លូវខាងមុខចង្អៀតឱ្យនាងធុញទ្រាន់នោះទេតែព្រោះប្រុសក្បែរដៃ។
"តាមពិតទៅភ្នែកខ្ញុំមិនបានកើតអីធ្ងន់ធ្ងរនោះទេ វាទៅជាបែបនេះព្រោះតែអ្វីលោកប្រហែលជាដឹងក្នុងចិត្តហើយ"
"ខ្ញុំមិនចង់នាំទុកដល់អ្នកណាទេបើលោករវល់ជូនខ្ញុំទៅផ្ទះវិញចុះ"ស្រីតូចខាំមាត់ស្រដីឡើងងាកមើលទៅខាងក្រៅជាប់មិនហ៊ានសូម្បីសម្លឹងឱ្យចំអ្នកក្បែរខ្លួន។មិនមែននាងភ័យខ្លាចអីជាមួយគេនោះទេតែនាងមានអារម្មណ៍ថាឈឺចាប់ហើយក៏មិនដឹងថានឹងប្រឈមមុខសម្លឹងគេបានដោយរបៀបណាស្របពេលដែលឃើញមុខគេនាងក៏នឹកឃើញរឿងពីយប់មិញបាត់ទៅហើយ។
"ជូននាងទៅវិញហើយខ្ញុំអាចទៅធ្វើការបានទេ? បើប៉ាដឹងខ្ញុំមានរឿងទៀតមិនខាន"
"រៀនប្រើខួរក្បាលគិតខ្លះផង"ដៃកាន់ចង្កូតឡានជាប់តែក៏ឆ្លៀតបែរមកថាឱ្យមនុស្សស្រីមាឌតូចក្បែរខ្លួនប៉ាច់ៗ គេដឹងក្នុងចិត្តថាគេខុសយប់មិញកម្រោលចូលមួម៉ៅក្តៅក្រហាយធ្វើបាបនាងមិនចេះគិត តែយ៉ាងណាមាត់គេនៅតែខ្លាំងមិនខ្ចីសុំទោសសូម្បីសំដីល្អៗពិរោះភាសាក៏និយាយមិនចេញសូម្បីតែមួយម៉ាត់ ហើបមាត់តជាមួយនាងពេលណាពាក្យដែលនិយាយចេញមករឹងកំព្រឹសស្តាប់មិនចូល។
YOU ARE READING
ម៉ាក់ចុងជាទីស្រលាញ់
Romanceក្តីស្រលាញ់មួយដែលកើតឡើងចេញពីការស្អប់មើលងាយដៀលត្មេះសព្វគ្រប់បែបយ៉ាង ក្នុងកែវភ្នែកគេនាងជាមនុស្សស្រីស្មោគគ្រោក ជាក្មេងដែលហ៊ានលះបង់គ្រប់យ៉ាងសូម្បីតែខ្លួនប្រាណឱ្យទៅមនុស្សប្រុសគ្រប់គ្នាដើម្បីតែប្តូរយកទ្រព្យសម្បត្តិនិងភាពរស់នៅស្រណុកសុខស្រួល។ តែទង្វើគ...