លង់ស្នេហ៍នាយកកម្លោះ
ភាគ៦៦២ឆ្នាំកន្លងផុតទៅ...
ថ្ងៃខែប្រែក្លាយជាឆ្នាំ ក្ដីស្រឡាញ់ ភាពស្និតស្នាលនឹងការអោបរឹតគ្រប់សកម្មភាពដែលពួកគេទាំង២ធ្លាប់បានសាងជាមួយនឹងគ្នាក៏ប្រែក្លាយមកជាអនុស្សាវរីយ៍ដែលដិតដាមជាប់ក្នុងទ្រូង ជាពិសេសនោះគឺបុរសម្នាក់ដែលនៅរង់ចាំផ្លូវនាង ទោះជាដឹងថានាងគ្មានថ្ងៃត្រឡប់វិញក៏ដោយ។
រាងកាយមាំទាំពួនសម្ងំនៅក្នុងបន្ទប់មួយកន្លែងដែលជាទីកន្លែងដែលគេលួចរត់មកលាក់ខ្លួនអស់ជាង២ឆ្នាំមកហើយ គេក៏សុខចិត្តជាប់ឈ្មោះជាជនកំសាកមិនហ៊ានចេញទៅប្រឈមមុខនឹងទិដ្ឋភាពសង្គមខាងក្រៅ គេអាចសារភាពបានថាក្រោយពីបាត់បង់នាងទៅគេក៏គ្មានជំនឿលើអ្វីរឹតតែមិនចង់ចេញទៅប្រឈមមុខនឹងពិភពលោកដ៏គួរឲ្យខ្លាចមួយនោះថែមទៀត។
"ប្រុសហ្សូ.." សំឡេងទ្វារបន្ទប់បើកឡើងស្រាលៗព្រមជាមួយនឹងសំឡេងបែបព្រួយបារម្ភចេញពីមាត់ស្ត្រីជាម្ដាយដែលតែងតែឡើងមកមើលកូនជាប្រចាំ នាងក៏មិនបានទៅណាឆ្ងាយពីកូនគឺនាងក៏មកនៅជាមួយនឹងកូន មើលថែគេពីចម្ងាយបែបនេះ។
ស្កាលេតចូលមកព្រមជាមួយនឹងថាសអាហារដែលមាននៅក្នុង នាងចូលមកក៏ឃើញថាថាសអាហារដូចគ្នានេះក៏នៅមិនទាន់ប៉ះ នាងយកមកពីម្សិលបែបណាគឺនៅបែបនោះដដែល ស្កាលេតក៏ព្រលែងខ្យល់ដង្ហើមធំបន្តិចរួចដាក់ថាសអាហារលើកតុ មុននឹងដើរហួសទៅរកកូនប្រុស។
"ប្រុសហ្សូ..ញ៊ាំបាយបន្តិចទៅកូន! កូនខានញ៊ាំអាហារមកប៉ុន្មានថ្ងៃហើយ..កូនអាចនឹងឈឺបានណា៎" ស្កាលេតទម្លាក់ខ្លួនអង្គុយចុះក្បែរកូនប្រុសរួចលូកកាន់ប៉ះស្មានាយ អ៊ែនហ្សូក៏ងាកមើលទៅម្ដាយព្រមជាមួយនឹងទឹកមុខស្រងូតស្រងាត់ មុននឹងទម្លាក់ក្បាលកើយនៅលើស្មាម្ដាយតិចៗ។
"កូនបង្អត់អាហារខ្លួនឯង មិនទៅធ្វើការ មិនចេញទៅណាបែបនេះវាមិនមែនជាអ្វីដែលខេតចង់បានទេ..នាងបានផ្ដាំផ្ញើកូនរួចហើយថាសុំឲ្យកូនរស់នៅឲ្យបានល្អបំផុត មិនមែនឲ្យកូនធ្វើបាបខ្លួនឯងព្រោះតែនាងបែបនេះឡើយ" ស្កាលេតក៏និយាយឡើងស្របនឹងដៃលូកអង្អែលប៉ះក្បាលកូន លួងលោមកូនប្រុសជាទីស្រឡាញ់ វាមិនដឹងជាលើកទីប៉ុន្មានទៅហើយទេដែលនាងនិយាយលួងលោមគេបែបនេះ អ៊ែនហ្សូកាន់តែដុនដាបពីមួយថ្ងៃទៅមួយថ្ងៃតាំងពីខេតចាកចេញទៅ គេចាប់ផ្ដើមទន់ជ្រាយ បង្ហាញការឈឺចាប់ចេញមកខាងក្រៅឲ្យអ្នកជុំវិញខ្លួនបានឃើញ ស្កាលេតនាងក៏សប្បាយចិត្តត្បិតតាំងពីខេតចូលមកក្នុងជីវិតអ៊ែនហ្សូមកគេក៏ក្លាយជាមនុស្សដែលបើកចំហរអារម្មណ៍ជាងមុនហើយក៏មិនខ្លាចនឹងបង្ហាញអារម្មណ៍មកកាន់គ្រួសារ។
"កូននឹកនាងណាស់ម៉ាក់..នាងដូចជាទើបតែចាកចេញទៅពីម្សិលមិញ ស្នាមញញឹមនាង ការអោបក្រសោបរបស់នាង ពាក្យសម្ដី កាយវិការគ្រប់យ៉ាងរបស់នាងហាក់នៅក្នុងខួរក្បាលនឹងកែវភ្នែកកូននៅឡើយ.. តើកូនអាចនឹងភ្លេចនាងបានដោយរបៀបណាទៅ?" សំឡេងស្អកបន្លឺឡើងព្រមជាមួយនឹងដៃមាំលូកកាន់ក្រសោបចង្កេះតូចច្រឡឹងរបស់ម្ដាយជាប់ដូចជាកូនក្មេង បបូរមាត់និយាយរៀបរាប់ពីគ្រប់យ៉ាងដែលគេកំពុងតែគិតនាពេលនោះ ស្កាលេតក៏ព្រលែងខ្យល់ដង្ហើមធំបន្តិចរួចលូកទាញយកថាសអាហារដែលនាងលើកយកមកមុននោះ រួចទាញកូនពីការអោបបន្តិច។
"កូនញ៊ាំបបរបន្តិចទៅ..នេះវ៉ាយ៍ធ្វើឲ្យកូនជាពិសេសណា៎" ស្កាលេតនិយាយផងលូកដៃដួសបបរនោះឡើងបណ្ដើរ អ៊ែនហ្សូក៏ងាកសំឡឹងមើលទៅម្ដាយទាំងទឹកមុខក្រៀមតែបបូរមាត់ក៏ហើបបើកឡើងទទួលយកការបញ្ចុកមួយនោះ ស្កាលេតក៏ញញឹមទាំងទឹកភ្នែកមួយតំណក់ហូរស្រក់កាត់ផែនថ្ពាល់នាង ស្កាលេតក៏ដួសបបរបញ្ចុកកូនប្រុសជារឿយៗ។
សកម្មភាពម្ដាយកូនទាំង២នាក់នោះក៏ត្រូវបានអ្នកដែលនៅឈរមាត់ទ្វារឯណោះសំឡឹងមើលមកព្រមជាមួយនឹងទឹកមុខស្មើធេង អ្នកជាឪពុកក៏សំឡឹងមើលមកកូនប្រុសតែមួយនឹងភរិយាបង្ហាញភាពសោកសៅទៅកាន់គ្នាទៅវិញទៅមក ការបាត់បង់របស់កូននាពេលនេះហាក់បីដូចជារំលឹកដល់រឿងអតីតកាលរបស់គេអញ្ចឹងដែរ គេធ្លាប់បានឆ្លងកាត់គឺគេយល់ច្បាស់ជាងនរណាៗទាំងអស់។
"ប៉ាក្មេក.." វត្តមានរបស់បុរសមាឌមាំខ្ពស់ស្រឡះម្នាក់ចូលមកព្រមជាមួយនឹងឈុតអាវធំមិនខុសពីលោកប៉ាក្មេករបស់គេដែរ ហូស៊ុកងាកមើលទៅស៊ុកជីនបន្តិចរួចទាញទ្វារបន្ទប់បិទសារជាថ្មី។
"ពួកយើងចេញដំណើរទៅ..ប្រុសកណ្ដាលត្រូវការពេលច្រើនដើម្បីសម្រាក" ហូស៊ុកពោលប៉ុណ្ណេះរួចក៏ប្រញាប់នាំខ្លួនចេញពីទីនោះដោយមានកូនប្រសារច្បងចេញទៅជាមួយផងដែរ។
...
ប្រទេសអុីរ៉ាក់...
"អ្នកនាង..អ្នកនាងខ្ញុំពិតជាមិនបានធ្វើទេណា៎ នាងនោះប្រហែលជាកុហកហើយ.." ស្ត្រីវ័យក្មេងម្នាក់ព្យាយាមនិយាយបកស្រាយទៅកាន់មនុស្សម្នាក់ទៀតដែលមានងារជាអ្នកនាងដែលកំពុងតែអង្គុយចុចអោបកូនឆ្កែសំណព្វព្រមជាមួយនឹងទឹកមុខស្មើធេងហាក់មិនជឿជាក់។
"នាងជាអ្នកចុងក្រោយគេដែលនៅក្នុងការិយាល័យ បើសិនជានាងនិយាយថានាងមិនបានធ្វើអញ្ចឹងអ្នកណាជាអ្នកយកវាទៅ? រឺនាងគិតថាលីលីជាអ្នកពាំ?" ស្រីតូចនិយាយព្រមជាមួយនឹងភាពប្រាកដប្រជាដែលធ្វើឲ្យអ្នកដែលដឹងខ្លួនច្បាស់ថាខ្លួនឯងកំពុងតែកុហកនោះប្រញាប់ប្រញាល់រកលេសដោះសារខ្លួន។
"បានហើយ!" រាងកាយតូចស្ដើងក៏ក្រោកឡើងស្របនឹងដៃទម្លាក់កូនឆ្កែតូចនោះពីដៃដូចជាឲ្យសញ្ញាអ្នកម្ខាងទៀតឲ្យកាន់តែភ័យខ្លួន ព្រោះថាឲ្យតែអ្នកនាងតូចនិយាយរឺបង្ហាញកាយវិការបែបនេះ ច្បាស់ណាស់ថានឹងមានរឿងធំជាមិនខាន។
"Get out!"
"អ្នកនាងរីន.." សម្ដីនិយាយឡើងនោះនាំឲ្យស្រីតូចដែលនិយាយពាក្យដេញមុននោះកាន់តែក្រពុលមុខ ស្រីតូចក៏បើកថតតុទាញថេបលេតនាងចេញមករួចបង្ហាញវីដេអូខ្សែអាត់ដែលបង្ហាញថាបុគ្គលិកស្រីម្នាក់នោះបានលួចយកគ្រឿងសម្អាងថ្មីជាច្រើនដាក់កាបូប ទាំងដែលមុននេះនាងប្រកែកដាច់អហង្ការថានាងមិនបានធ្វើ។
"ខ្ញុំដឹងថានាងបានធ្វើតាំងពីដំបូងតែខ្ញុំក៏ចង់ឲ្យឱកាសនាង បើសិនជានាងសារភាពតាមត្រង់ខ្ញុំក៏នឹងផ្ដល់ឱកាសឲ្យនាង តែនេះ...បានហើយ! ខ្ញុំគ្មានពេលនិយាយច្រើនទេ ចុះទៅខាងបេឡាខាងក្រោមរួចបើកលុយកន្លះខែទៅ...បើនាងនៅតែតវ៉ាច្រើនក៏ចេញខ្លួនទទេទៅ.." រាងកាយតូចបោះពាក្យសម្ដីរួចក៏បោះជំហាននាំខ្លួនចាកចេញទៅបាត់ព្រមទាំងមានកូនឆ្កែមួយរត់តាមពីក្រោយ។
(កូនស្រីលោកស្រីគ្រីសស្ទីណាជាអ្នកកាន់ហ៊ុនបន្ត)
(គាត់មានកូនស្រីដែររឺ? ចុះកូនប្រុស?) គ្រាន់តែនាងចេញមកដល់ខាងក្រៅក៏មានសំឡេងបុគ្គលិក២នាក់និយាយគ្នា ស្រីតូចអោបដៃចងចិញ្ចើមសំឡឹងមើលពួកគេភ្លាម ការសំឡឹងរបស់នាងមិនយូរក៏ត្រូវបានគេឃើញនឹងប្រញាប់អោនក្បាលចុះចាំទទួលនាង។
"ទើបតែចូលថ្មី? បានជាមិនស្គាល់ខ្ញុំ?"
"សុំ..សុំទោសអ្នកនាងរីន.."
"ចេញទៅ.."
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន