Episode 1: ចំណុចចាប់ផ្តើម

5.1K 135 12
                                    

បើក្រឡេកមើលថយក្រោយ នេះហើយជាការចងចាំរបស់ខ្ញុំ........

[១០ ឆ្នាំមុន]

......«កូនស្រីហ្អា ឱ្យលឿនឡើង ប៉ានិង បងប្រុសឯងទៅចោលឥឡូវហើយ»

«ចា៎ម៉ាក់! កូនកំពុងចុះទៅហើយ!»

«យីកូននេះ តែងខ្លួនយូរនោះយូរ»

ថ្ងៃនោះដើមឡើយគួរណាស់តែជាការចងចាំមួយដ៏ល្អ គ្រួសារពួកយើងបួននាក់កំពុងតែរៀបចំទៅដើរលេងវិសមកាល។ខ្ញុំនិងបងប្រុសសុទ្ធតែសប្បាយចិត្តខ្លាំងណាស់  តាមផ្លូវពួកយើងនិយាយគ្នាលេង យ៉ាងសប្បាយ រហូតដល់ប៉ានាំយើងទៅកាន់ទីណាក៏មិនដឹង។

ទីនោះស្អាតដូចឋានសួគ៌អញ្ជឹង មានទេសភាពថ្ងៃលិចដ៏ស្រស់ស្អាត នៅមានសួនផ្កាឈូករ័ត្នពណ៌លឿងស្រងាត់ ទៀតផង។

អ្វីដែលអស្ចារ្យ  នោះគឺវាគ្រាន់តែជាភូមិមួយដ៏តូចដែលគេហៅថា ភូមិផ្កាឈូករ័ត្ន (Sun flower village)ព្រោះទីនោះទោះជាផ្ទះតូចធំប៉ុណ្ណាក៏មាន ដាំដើមផ្កាឈូករ័ត្នដែរ។

ជួនអីថ្ងៃនោះមានបុណ្យភូមិរបស់អ្នកស្រុក មានមនុស្សកុះករប្រជុំគ្នា មើលទៅគួរឱ្យសប្បាយខ្លាំងណាស់។ ប៉ាក៏សម្រេចចិត្តនាំពួកយើងទៅចូលរួម។

វាពិតជាអ៊ូអរមែនទែន។ យើងបានហូបចំណីប្រចាំតំបន់ជាច្រើន ថែមទាំងបានរាំលេងនឹងគេទៀតផង។ ដើមឡើយខ្ញុំសប្បាយចិត្តខ្លាំងណាស់ អ្នកណាទៅស្មាន ដល់ថាខណៈពេលកំពុងរាំ..........

«នាងតូច! កុំមាត់ទៅជាមួយពូ» ខ្ញុំរៀប នឹងហាមាត់ស្រែកតែខ្ញុំបិទមាត់ទៅវិញព្រោះតែកាំបិតវានៅនឹងចង្កេះរបស់ខ្ញុំនោះបាត់ទៅហើយ។

ដោយសារដងខ្លួនដ៏តូចរបស់ខ្ញុំ បុរសម្នាក់ នោះក៏ចាប់ខ្ញុំពរ។ ខ្ញុំត្រូវគេពរទៅឆ្ងាយពីប៉ាម៉ាក់ដែលកំពុងអង្គុយពិសាបាយម្ហូបបន្តិចម្តងៗ រហូតខ្ញុំដាច់ចិត្តប្រថុយជីវិតស្រែក។

«ប៉ា!ម៉ាក់!បងប្រុស!»រួចហើយអ្វីៗក៏ងងឹតសូន្យឈឹង។

តើខ្ញុំត្រូវបានគេសម្លាប់ហើយមែនទេ?

...............

ខ្ញុំដឹងខ្លួនម្ដងទៀតព្រោះតែក្លិនស្អុយដែល នៅក្បែរខ្លួនខ្ញុំ។ ព្រះអើយ! អ្នកណាយកខ្ញុំមកចងក្បែរគំនរសម្រាម?!ស្អុយឡើងចង់សន្លប់ទៅវិញហើយ។សង្ស័យច្រមុះពួកនេះ គេកាត់ចោលទេដឹង ទើបវាមិនចេះស្អុយ?

ខ្ញុំឃើញមានអ្នកយាម៣នាក់។ ខ្ញុំមិនបានឱ្យសញ្ញាអ្វីថាខ្ញុំដឹងខ្លួននោះទេ យល់ល្អរងចាំឱកាសរត់វិញ។ ចាំរហូតស្ទើរដេកលក់ ទើបពួកវាដាច់ចិត្តនិយាយគ្នាពីរឿងខ្ញុំ។

«កាលណាទើបបងធំដោះដូរនាងក្មេងតូចនេះទៅ?»

«រឿងរបស់មេ យើងមិនបាច់ខ្វល់ទេ គិតទៅក៏អាណិតនាងតូចនេះដែរ ប៉ុន្តែឱ្យធ្វើយ៉ាងម៉េច អ្នកណាប្រើឱ្យប៉ានាងក្បត់លោកបងធំធ្វើស្អី?»

ប៉ា?! នេះគេចាប់ខ្ញុំមកព្រោះតែប៉ាមែនទេ?

«ណាស់ហើយ! ទៅទិញអីមកឱ្យនាងស៊ីខ្លះមក បើសិនជានាងដាច់ពោះស្លាប់យើងវីវរទាំងអស់គ្នាមិនខានទេ»

និយាយរួច គ្នាវា២នាក់ក៏ដើរចេញទៅទិញ របស់ ទុកម្នាក់ឱ្យនៅយាមខ្ញុំ។ នេះជាឱកាសល្អបំផុតហើយ។

ខ្ញុំមិនខ្វល់នឹងចំណងនៅនឹងដៃទេ សំណាងហើយជើងរបស់ខ្ញុំមិនជាប់ចំណង ខ្ញុំមើលជុំវិញខ្លួនក្រែងល មានអ្វីល្អធ្វើអាវុធ តែអ្វីដែលខ្ញុំបានឃើញនោះគឺ ដបទឹកសុទ្ធចាស់ៗ និងអំបែងដបខ្លះដែលនៅឆ្ងាយពីខ្ញុំប៉ុណ្ណោះ។តើវាអាចឱ្យខ្ញុំធ្វើអ្វីបាន?

គិតទៅគិតមកមានតែវិធីមួយប៉ុណ្ណោះគឺ ជ្រ ល ឆ្វេងវាយស្តាំ។ពួកវាអង្គុយមិនឆ្ងាយពីខ្ញុំប៉ុន្មាន។ខ្ញុំនិងផ្អៀងខ្លួនយកអំបែងដបចាស់ៗរួចធ្វើពុតជាសន្លប់តទៀត ខ្ញុំនិងឆ្លៀតកាត់ចំណងដៃហើយខ្ញុំនឹងទាត់ដបទឹកមួយឱ្យខ្ពស់ធ្វើយ៉ាងណាឱ្យថូផ្កាដែលជិតជ្រុះមកនៅលើក្បាលរបស់ចោរធ្លាក់បែកត្រូវក្បាលវរបស់ចោរដែលនៅយាមខ្ញុំម្នាក់នោះដើម្បីឱ្យគេមើលទៅលើ រួចរត់ទៅផ្លូវដែលនៅខាងស្ដាំនៅពេលដែលវាភ្លេចខ្លួនប៉ុន្តែត្រូវប្រើល្បឿនរត់ឱ្យលឿនបំផុតទើបបាន។

គិតហើយក៏ប្រតិបិត្តការតែម្ដង។ ខ្ញុំពិតជារត់បានសម្រេចមែន តែវាចង្រៃយ៍នៅត្រង់អាចោរម្នាក់នោះរត់ដេញតាមខ្ញុំទាល់តែបាន។

ទោះបីជាយ៉ាងណា ទោះបីរត់ដាច់ជើងចោលក៏ត្រូវតែរត់ដែរ។ ទាយទៅថាមានរឿងអ្វីកើតឡើង? អាចង្រៃនោះវាខ្ជិលដេញតាម វាក៏គប់ស្អីមិនដឹងត្រូវខ្នងខ្ញុំពីក្រោយ។ ដល់ពេលងាកមើលទើបដឹងថាវាជាម្ជុលសណ្ដម។

ខ្ញុំមិនខ្វល់ច្រើនក៏ខំរត់តទៀតរហូតដល់ភ្នែកមើលអ្វីលែងច្បាស់។ ខ្ញុំចាំថាមុនពេលខ្ញុំសន្លប់ខ្ញុំបានរត់បុកមនុស្សម្នាក់ តែខ្ញុំមើល
មុខគេមិនឃើញ។ ខ្ញុំទៅមុខលែងរួចក៏បានត្រឹមពោលពាក្យថា:

«ជួយផង!»

To be continued.

នេះជាnovel ខ្មែរដំបូងបំផុតដែលខ្ញុំបានសរសេរ។សង្ឃឹមថាវានឹងទទួលបានការគាំទ្រច្រើន។

Mysterious love(slow update)Where stories live. Discover now