ភាគទី៣៧: បងទៅណា?

657 70 1
                                    

     ក្រោយញ៊ាំអាហារពេលល្ងាចជាមួយលោកអ៊ំម្ចាស់ចំការទំពាំងបាយជូររួច ពួកគេក៏បានត្រឡប់ទៅផ្ទះវិញ តែមុននឹងទៅ លោកអ៊ំចំណាស់ ក៏បានឱ្យអំណោយទៅកាន់ វី ជាផ្លែឈើនៅចំការដែលមានការវិចខ្ចប់ដាក់ក្នុងប្រអប់យ៉ាងគួរឱ្យចាប់អារម្មណ៍មួយប្រអប់ធំផងដែរ ។ នៅតាមផ្លូវធ្វើដំណើរ វី រអ៊ូថាឈឺក្បាលជាញឹកញាប់ ហេតុនេះ ជុងហ្គុក ក៏ឱ្យគេទំរេតខ្លួនគេងសិន ។ ជុងហ្គុក គិតថានឹងនាំគេទៅផ្ទះរបស់ខ្លួន ប៉ុន្តែមាឌតូចបដិសេធចង់ទៅផ្ទះ មីងស៊ូ ព្រោះគេខានទៅផ្ទះជាងមួយអាទិត្យហើយ ទោះគាត់ដឹងថាខ្លួនឯងកំពុងនៅជាមួយ ជុងហ្គុក ក៏ដោយ យ៉ាងណាក៏ត្រូវត្រឡប់ទៅផ្ទះដែរ ។
      « វី! ដល់ផ្ទះហើយ »
      « ហ្អឹម? អ្ហ៎រ ដល់ហើយហ្អេស៎? » គេក្រោកទាំងម៉ីងម៊ាំ លើកដៃឈ្លីសៀតផ្កាតិចៗ មុននេះអាការៈឈឺក្បាល រើឡើងមិនមែនធម្មតាទេ វាឈឺខ្ទកៗដូចត្រូវនរណាយកដំបងមកវាយក្បាលគេផូសៗអ៊ីចឹង ហើយនេះក៏មិនមែនជាលើកទីមួយដែរ វាកើតឡើងច្រើនដងហើយគ្រាន់តែមិនសូវខ្លាំងដូចអម្បាញ់មិញនេះ ។
      « អូនមិនអីទេហ្អេស៎? ត្រូវការទៅពេទ្យទេ បងជូនទៅឥឡូវនេះ »
      « អត់ទេ ឈឺក្បាលធម្មតាៗប៉ុណ្ណោះ អាចមកពីអូនលេងច្រើនពេកហើយ សម្រាកបន្តិចអស់អីហើយ កុំបារម្ភពេកអី »
     « ឱ្យប្រាកដណា៎ អ៊ូ! មែនហើយ យកទូរសព្ទ័នេះប្រើទៅ ស្រួលទាក់ទងគ្នា » ជុងហ្គុក ហុចទូរសព្ទ័ដែលកាន់ថតរូបឱ្យ វី ថ្ងៃមិញនោះទៅឱ្យគេ ព្រោះនាយយល់ថាទូរសព្ទ័ជារបស់ប្រើការចាំបាច់ មានទូរសព្ទ័ទោះមិននៅជិតគ្នាក៏អាចនិយាយគ្នាបាន ណាមួយ វី ក៏គ្មានប្រើអ៊ីចឹងឱ្យគេប្រើមួយក៏ល្អដែរ ។
     « កុំអី! បើបងឱ្យអូន បងបានអីប្រើ? »
     « ក្មេងល្ងង់! បងមានមួយគ្រឿងទៀតហើយ អូនប្រើវាមួយទៅស្រួលទាក់ទងគ្នា លេខទូរសព្ទ័បងមាននៅក្នុងនេះហើយ មានបញ្ហាអីទាក់ទងមកបងមុនគេឮទេ? »
      « ដឹងហើយៗ អគុណណា៎! អូនទៅហើយ »
      « ឈប់សិន... » ជុងហ្គុក ទាញដៃរាងតូចមកជិតខ្លួន រួចឱនទៅថើបថ្ពាល់គេមួយខ្សឺត វី ញញឹមខ្ចឹប រំភើបចិត្តដល់ហើយ!!
     « រាត្រីសួស្ដី »
      « បាទ! រាត្រីសួស្ដី អូនទៅហើយ » ថាហើយគេក៏បើកទ្វារចុះពីលើរថយន្ដ ប៉ុន្តែឆ្លៀតអើត.កជិតបង្អួចផ្ដែរផ្ដាំបន្ថែមទៀត...
     « ជិះប្រយ័ត្នប្រយ៉ែងណា »
     « បាទដឹងហើយ បាយៗ »
      លាគ្នារួច ជុងហ្គុក ក៏បង្វិលចង្កូតរថយន្ដបើកចាកចេញទៅ វី ឈរញញឹមតាមមើលនាយរហូតផុតកន្ទុយភ្នែក ទើបដើរចូលទៅខាងក្នុងផ្ទះ ដោយក្នុងដៃមានផ្លែទំពាំងបាយជូរនិងស្រ្តប៊ឺរីមួយប្រអប់ដែលបានមកពីលោកអ៊ំម្ចាស់ចំការជូនជាអំណោយ ។
     « បង វី! ម៉ាក់បង វី ត្រឡប់មកវិញហើយ »
     ហាន់ជី ស្រែកប្រាប់ មីងស៊ូ ទាំងសប្បាយចិត្ត មុននឹងស្ទុះរត់ទៅរក វី គេមិននៅផ្ទះជាងមួយសប្តាហ៍អាច្រម៉ក់ខំហូចនេះនឹកស្ទើរស្លាប់ហើយ ។
    « បង វី មានអីផ្ញើរខ្ញុំខ្លះ? »
     « បងមានផ្លែឈើមកផ្ញើរតោះចូលទៅក្នុងផ្ទះទៅ » ថាហើយ វី ក៏ឱបស្មារ ហាន់ជី ចូលទៅក្នុងផ្ទះ ។ វី ចាត់ទុក ហាន់ជី ដូចជាប្អូនប្រុសបង្កើតអ៊ីចឹង គេស្រលាញ់មើលថែទាំយកចិត្តទុកដាក់ ជាញឹកញាប់ មានថ្ងៃខ្លះពួកគេងូតទឹកប្រឡែងគ្នាលេងសើចក្អាកក្អាយទៀតផង ។
      « បងហ្អាស៎! យប់នេះបងជួយពន្យល់លំហាត់ខ្ញុំផងបានទេ? »
      « ប្រាកដជាបាន »
      « យេ៎!! »

      ព្រឹកបន្ទាប់ វី ក្រោកពីប្រលឹមងូតទឹករៀបចំខ្លួនស្លៀកពាក់យ៉ាងស្អាតបាត ព្រោះគម្រោងព្រឹកនេះមុនទៅធ្វើការគេចង់ជូន ហាន់ជី ទៅសាលារៀន និងហួសទៅផ្សារទិញរបស់ផ្ទាល់ខ្លួនខ្លះផងដែរ ។
     « តោះ! ហាន់ជី »
      « បាទបង! ចាំបន្តិច» ហាន់ជី ម្នីម្នារត់ចេញពីក្នុងបន្ទប់ទាំងប្រញាប់ប្រញាល់ ព្រឹកនេះគេក្រោកយឺតទៀតហើយ មួយអាទិត្យមុនដែល វី មិននៅក៏គេភ្ញាក់យឺតដែរ ទើបតែថ្ងៃនេះគេភ្ញាក់ទាន់ជាងរាល់ដងបន្តិច ។
     « ហីយ៉ា ម៉េចក៏សក់រញេរញៃយ៉ាងនេះ » ម៉ោងដើរប្រកៀកប្រកិតជិតដល់ពេលចូលរៀនហើយ តែ ហាន់ជី នៅមិនទាន់ទាំងសិតសក់ ឡេវអាវក៏បិទខុសទៀត ។
      « ខ្ញុំក្រោកខកហ្នឹងណាបង » វី សើច គេក្រវីក្បាលហួសចិត្ត ។ គេជួយរៀបចំខ្លួនឱ្យ ហាន់ជី សិតសក់នឹងរៀបចំឯកសណ្ឋានសាលារបស់គេឱ្យមានរបៀបរៀបរយ ។ ចំណែកមីងស៊ូនិងប្ដីរបស់គាត់ទៅធ្វើការអស់ហើយ នៅសល់តែ វី និង ហាន់ជី ប៉ុណ្ណោះ ។ ជាទូទៅមីងពូទាំងពីរមិនសូវមានពេលមើលថែកូនប្រុសរបស់គាត់បានដិតដល់ទេ ព្រោះរវល់ធ្វើការរកលុយបង់ថ្លៃសាលាឱ្យ ហាន់ជី ហេតុនេះគាត់តែងតែបណ្ដោយឱ្យ ហាន់ជី ធ្វើអ្វីដោយខ្លួនឯង សូម្បីក្រោកពីប្រលឹមទៅសាលាក៏ត្រូវក្រោកដោយខ្លួនឯងដែរ ទើបតែមួយរយៈនេះ វី នៅជួយមើលការខុសត្រូវ ហាន់ជី ជំនួសពួកគាត់ខ្លះ ។
      « នេះបើបងមិនដាស់ឯងប្រាកដជាដេកដល់ថ្ងៃលិចទៅវិញមិនខានទេ »
      « ប្រហែលហើយ ហិហិ »
      « សល់តែប៉ុន្មានឆ្នាំទៀតចូលថ្នាក់មធ្យមសិក្សារហើយ ថ្ងៃក្រោយរៀនក្រោកពីគេងឱ្យបានលឿនជាងនេះ មិនត្រូវខ្ជិលទេ ឮទេ? ព្រោះមិនប្រាកដថា បងនៅជួយដាស់ឯងបានយូរប៉ុណ្ណាទៀតទេ »
      « បងទៅណា? » ហាន់ជី លើកចិញ្ចើមសួរ ។
      « បងមិនទៅណាទេ បងគ្រាន់តែចង់ដាស់តឿនប្អូនប្រុសរបស់បងប៉ុណ្ណោះ ខុសដែរមែនទេ? »
      « មិនខុសទេ គ្រាន់តែបងនិយាយពាក្យប្លែកៗ ទើបខ្ញុំសួរហ្នឹងណា »
      « ចំមែន! តោះឆាប់ទៅ ប្រយ័ត្នចូលរៀនមិនទាន់គេ »
      « បាទ! » ថាហើយអ្នកទាំងពីរក៏ជិះកងតែមួយជាមួយគ្នា ទៅសាលារៀនដែល ហាន់ជី រៀនសព្វថ្ងៃ ។ ពួកគេធ្វើដំណើរបណ្ដើរជជេកគ្នាពីនេះពីនោះបណ្ដើររហូតដល់មុខរបងសាលា ហាន់ជី ក៏ឱនលា វី ចូលទៅជាមួយកង់របស់គេ ចំណែក វី បន្តទៅផ្សារដែលនៅមិនឆ្ងាយពីម្ដុំនេះប៉ុន្មាន ដោយដើរថ្មើរជើងជាមួយនឹងកាបូបក្រណាត់ស្ពាយជំហៀងមួយជាប់នឹងខ្លួន ជារបស់ មីងស៊ូ ដេរឱ្យគេ សម្រាប់ដាក់របស់ប្រើប្រាស់បន្តិចបន្តិច វាមើលទៅសមញ្ញប៉ុន្តែស្អាតនឹងមានតម្លៃបំផុតសម្រាប់ វី ។

To be continue......

Comments ផងណា🙆‍♀️❤️

❦វាយោផាត់ស្នេហ៍❦Where stories live. Discover now