បំណុលប្រាថ្នា (short novel)
ភាគទី១
រីងរឹងៗ...!
សម្លេងទូរសព្ទបន្លឺឡើងលើតុធ្វើការបួនជ្រុងរបស់នាយកម្លោះអ្នកមានមហាសាលអ្នកណាៗក៏ស្គាល់គេព្រោះគេជាអ្នកមានមុខមាត់ម្នាក់ ហើយថែមទាំងមានជំនួញជាច្រើនកាន់កាប់ សង្ហារទាំងរូបរាង មានទាំងទ្រព្យសម្បត្តិ ឡូយឆាយ ស្រីៗមួយពិភពលោកតម្រង់ជួរឲ្យដៃដោយមិនបាច់ចាំគិតច្រើន ។
រំពេចនោះ ក៏លូកដៃយកទូរសព្ទមកលើកទទួលដោយសម្តីគ្រល័រមាំបែបមានមន្តស្នេហ៍៖
(អាឡូ !)
(ចៅហ្វាយ ! សុំទោសផងដែលរំខាន តែខ្ញុំពិតជាចាំបាច់មែន ខ្ញុំមិនចង់ធ្វើឲ្យចៅហ្វាយខាតពេលនោះតែខ្ញុំពិតជា...)
(ឯងរវល់តែរៀបរាប់បែបនេះ វាធ្វើឲ្យខាតតែពេលយើងវិញទេ មានអីក៏និយាយមក កុំស៊ាំញ៊ាំ)ហ្រ្គេត ប្រឹងរៀបរាប់ជាមុន ខ្លាចចៅហ្វាយជេរស្តីឲ្យ តែការដែលព្យាយាមបកស្រាយជាមុននេះហើយជាហេតុដែលធ្វើឲ្យចៅហ្វាយគេជេរទៅវិញទេ បន្ទាប់មក ហ្រ្គេត ក៏បន្ត៖
(បាទៗចៅហ្វាយ ! គឺកូនបំណុលដែលបានជំពាក់នោះគេគ្មានប្រាក់សង ហើយគេក៏មិនចង់ចូលគុកដែរ តើចៅហ្វាយអាចមានជម្រើសផ្សេងឲ្យគេទេ ?កូនបំណុលគឺជាស្រ្តីចំណាស់ម្នាក់គាត់មានកូនស្រីម្នាក់ដែរ តែកូនស្រីគាត់ក៏គ្មានលទ្ធភាពជួយដែរ)ហ្រ្គេត រៀបរាប់ដំណើរដើមទងទាំងអស់ ស្របពេលរាងសង្ហារចាំស្តាប់ដោយយកចិត្តទុកដាក់។
(មានកូនស្រី ?)ផាក ជីមីន សង្កត់សម្លេងសួរបញ្ជាក់ស្របនឹងយកដៃច្រត់ចង្ការដោយការគិតពិចារណា។
(សួរគេទៅ ! យកកូនស្រីមកដោះបំណុលជំនួសប្រាក់បានទេ ?)បានបន្តិចគេក៏និយាយទៅកាន់កូនចៅដោយសម្លេងស្រាលៗ ព្រោះនៅផ្ទះរបស់គេមានស្រីបម្រើឈប់ធ្វើការងារទើបចង់រកមនុស្សមកធ្វើជំនួសហើយជម្រើសនេះមានតែម្យ៉ាងគត់ដើម្បីដោះបំណុល។
(បាទទាន ! មានអ្វីខ្ញុំនឹងប្រាប់ចៅហ្វាយតាមក្រោយទៀតទាន)ហ្រ្គេត ដាក់ទូរសព្ទស្របពេលផ្តាច់ប្រពន្ធ័ខល មុននឹងងាកទៅសម្លឹងរាងចំណាស់រួមនឹងកូនស្រីដោយនិយាយ៖
«ចៅហ្វាយប្រាប់ថានឹងយកកូនស្រីអ្នកស្រីដោះបំណុលជំនួស»
«ឆេយ៉ុង ហ្នឹងអ្ហេ៎ ?»រាងចំណាស់ បើកភ្នែកធំៗចង្អុលទៅកូនស្រីទើប ហ្រ្គេត ធ្វើមុខហួសចិត្តស្របសម្តី៖
«អ្នកស្រីមានកូនស្រីប៉ុន្មាននាក់ ?»
«តែម្នាក់ហ្នឹងឯង !»
«អញ្ចឹងក៏ជានាងនឹងហើយ សំខាន់ជម្រើសនេះព្រមឬមិនព្រម ?»
«ព្រម !»ហ្រ្គេត ពោលសួរមិនទាន់ដាច់កន្ទុយមាត់ផង ឆេយ៉ុង រហ័សឆ្លើយភ្លាមដោយគ្មានរារេ ឆ្លើយដោយទឹកមុខញញឹមញញែមហាក់បីសប្បាយចិត្តជាខ្លាំងបង្កជាចម្ងល់ដល់ម្តាយដែលកំពុងសម្លឹងមុខនាងភ្លឺសៗមុននឹងសួរ៖
«ឯងព្រមលឿនម្លេះ ?»គាត់ខ្សឹបតិចៗឲ្យឮតែពីរនាក់កូនស្រី។
«ម៉ាក់ធ្លាប់មើលភាពយន្តទេ ? តួឯកស្រីជំពាក់បំណុលតួឯកប្រុស ហើយតួប្រុសក៏យកខ្លួនតួស្រីទៅដោះបំណុលមិនត្រឹមតែប៉ុណ្ណោះថែមលុយឲ្យទៀត ហើយតួស្រីក៏បានទៅនៅផ្ទះស្កឹមស្កៃ ក្លាយជាគូរស្នេហ៍របស់តួប្រុស ម៉ាក់ឃើញទេ ? បើកូនទៅ កូននឹងក្លាយជាប្រពន្ធគេហើយបានក្លាយជាអ្នកនាងមានលុយចាយរាប់មិនអស់ ហិៗ គិតលេងៗក៏សប្បាយចិត្តដែរ»ឆេយ៉ុង ខ្សឹបរ៉ាយរ៉ាប់ទៅកាន់រាងចំណាស់ដោយស្នាមញញឹម អាចថានាងមុខលុយក៏បានដែរ តែអ្នកណាមិនមុខលុយ ? ប្រឹងរករាល់ថ្ងៃក៏មិនដើម្បីលុយ ? ឱកាសក្លាយជាអ្នកមានបានរត់មករកនាងហើយនាងមិនត្រូវរុញរាឡើយ បន្ទាប់ពីឮកូនស្រីប្រាប់ស្រ្តីចំណាស់ក៏មានអារម្មណ៍សប្បាយចិត្តនាំគ្នាសើចតិចៗ។
