Part12🤍

150 2 0
                                    

Enjoy your reading 🖤🤟

«ព្រឹកថ្ងៃថ្មី»
"ម៉ាក់ ខ្ញុំទៅរៀនហើយ"នាងតូចចាប់កង់បណ្តើរស្រែកប្រាប់លោកស្រីគីមបណ្តើរ
"អា លីស៊ូមិនយកលុយទេហេស"លោកស្រីគីមសួរ ព្រោះរាល់ពេលនាងតែងតែ មកសុំលុយពីមុខពីក្រោយមិនឈប់
"ក្រែង ម៉ាក់ថាមិនអោយលុយកូនទេនោះ"រាងស្តើងស្រែកប្រាប់
"មែនហើយ តែថ្ងៃនេះ ឯងមិនបានញុំាបាយព្រឹកផងហើយអត់មានលុយចាយយ៉ាងមិច"លោកស្រីគីមពិតជាចិត្តមិនដាច់ឡើយ តែយល់ថារាល់ដងនាងមិនដែលបែបនេះទេទោះគាត់ថាមិនអោយលុយនាង នាងគឺតាមសុំទាល់តែបាននិង
"មិនអីទេ ថ្ងៃនេះកូនប្រឡងផង កូនទៅសិនហើយ"នាងតូចនិយាយហើយក៏ជិះកង់ទៅបាត់រកតែលោកស្រីគីមយកលុយអោយមិនទាន់
"អេ កូននេះប្រហែលជាក្តីខ្លួនហើយ"គាត់និយាយទាំងគ្រវីក្បាលសម្លឹងមើលកូនដែលជិះកង់ចេញទៅ។
"អូហ៍ ក្មួយជេយ៍ក្រោយហើយហេស"គាត់ងាកមកវិញក៏ឃើញរាងក្រាស់នៅពីក្រោយល្មម
"បាទ"អ្នកកម្លោះតប
"បានក្មួយក្រោយល្អហើយ ឆាប់ទៅរៀបចំងូតទឹកសម្អាតខ្លួនទៅនិងបានញុំាអាហារពេលព្រឹក"លោកស្រីគីមនិយាយទាំងញញឹមរាងក្រាស់ក៏ញញឹមតបមុននិងចុះទៅសម្តៅបន្ទប់ទឹករៀបចំខ្លួន។មួយសន្ទុះក្រោយមករាងក្រាស់ក៏ចេញមកវិញស្របពេលលោកស្រីគីមរៀបចំអាហារអោយគេរួចល្មម
"អូហ៍ ម៉ោះក្មួយឆាប់ញុំាទៅ"លោកស្រីគីមហៅរាងក្រាស់អោយមកញុំាអាហារ គេក៏មកអង្គុយតុទាំងមុខឆ្ងល់ទើបសួរ
"ហេតុអីក៏មានបាយតែមួយចាន ចុះលោកពូ អ្នកមីងហើយនិងប្អូន មិនពិសារទេហេស"គេនិយាយលោកស្រីគីមក៏ញញឹមមុននិងតប
"លោកពូ គាត់ក្រោកតាំងពីម៉ោង5កន្លះយកនំទៅបោះតាមតូបគាត់ពិសារមី ជំនួសបាយរួចហើយ ចំណែក លីស៊ូ នាងក៏រៀបចំទៅរៀនតាំងពីព្រឹក មីងក៏ញុំាអីជាមួយលោកពូរួចដែរ"គាត់និយាយរាងក្រាស់តប
"អញ្ចឹងសម្រេចថានៅតែខ្ញុំម្នាក់ទេ"គេនិយាយទាំងហេងហាង តាមមើលប្រហែលមានតែគេទេដែលគេងយូរជាងគេនៅទីនេះ
"នៅចាំអីទៀតឆាប់ញុំាទៅ ម្ហូបត្រជាក់អស់លែងឆ្ងាញ់ឥឡូវហើយ"លោកស្រីគីមនិយាយរាងក្រាស់ញញឹមមិនសូវសមមុននិងដួសបាយដាក់ចូលមាត់ ញុំា តែម្នាក់ឯង ដោយមានលោកស្រីគីមធ្វើនំនៅក្បែរនោះផង
"បន្តិចទៀតជាងឡានមកដល់ហើយ មីងបានតេ តឿនគេតាំងពីព្រឹកព្រលឹមព្រោះខ្លាចគេគេចទៀត"លោកស្រីគីមនិយាយទាំងដៃនៅធ្វើនំជាប់
"សំណាងហើយដែលមានអ្នកមីងកុំអីខ្ញុំច្បាស់ជា ពិបាកហើយ អរគុណណាស់ អ្នកមីង"រាងក្រាស់និយាយទាំងញញឹម មុននិងលើកទឹកមកផឹក លោកស្រីគីមឃើញហើយក៏ប្រញាប់សួរ
"អីយ៉ា នេះក្មួយលែងហើយហេស មិនក៏ញុំាតិចម្ល៉េះ ឬក៏ម្ហូបមិនឆ្ងាញ់"លោកស្រីគីមសួរ ព្រោះឃើញគេញុំាតិចពេក មិញនេះគាត់ដួសបាយដាក់អោយគេតិចណាស់តែគេនៅញុំាសល់ទៀត
"អត់ទេ អ្នកមីងធ្វើម្ហូបឆ្ងាញ់ណាស់ តែខ្ញុំឆ្អែតហើយ"រាងក្រាស់ប្រកែកក៏មិនភ្លេចនិយាយសរសើរពីស្នាដៃលោកស្រីគីមដែរ
"ដូចជាលឺសម្លេងឡានប្រហែលជាជាងឡានមកដល់ហើយ មីងចេញទៅមើលសិន"លោកស្រីគីមនិយាយហើយក៏ដើរចេញទៅមើល ស្របនិងរាងក្រាស់រៀបចំចានដើម្បីយកទៅលាង
"គឺជាងឡានមែន"លោកស្រីគីមងាកមកនិយាយដាក់អ្នកកម្លោះទាំងញញឹម តែឃើញសកម្មភាពគេគាត់ក៏ប្រញាប់និយាយឡើង
"អេស ក្មួយធ្វើអីនិង ទុកនៅនិងហើយចាំមីងយកទៅលាង"លោកសរីគីមឃាត់ តែរាងក្រាស់មិនស្តាប់ឡើយ
"មិនអីទេ អ្នកមីងខ្ញុំអាចធ្វើបាន"បន្ទាប់ពីនិយាយហើយ ជេយ៍ក៏លើកចានសម្តៅផ្ទះបាយដើម្បីលាង បន្ទាប់ពីលាងរួច គេក៏ចេញពីផ្ទះបាយមកវិញ
"អ្នកមីងខ្ញុំសុំទៅមើលជាងឡានបន្តិច"រាងក្រាស់និយាយលោកស្រីគីមក៏តប
"ត្រូវហើយមីងក៏ចង់ទៅមើលដែលទៅជាមួយគ្នាទៅ"លោកស្រីគីមនិយាយរាងក្រាស់ក៏ញញឹមហើយតប
"បាទ អញ្ចឹង អ្នកមីងអញ្ជើញទៅមុនទៅ"រាងក្រាស់និយាយដោយធ្វើដៃអោយលោកស្រីគីមទៅមុន បន្ទាប់គាត់ក៏ដើរទៅដោយមានអ្នកកម្លោះដើរតាមពីក្រោយ
«ខាងក្រោម»
"យ៉ាងមិចហើយតើត្រូវផ្លាស់ប្តូរអីខ្លះ"លោកស្រីគីមសួរ ស្របពេលជាងកំពុងដើរមើល
"សំបកកងនៅប្រើការបាន អញ្ចឹងប្តូរតែពោះវៀនទេ"ជាងនិយាយ
"តើប្រហែលជាម៉ោងប៉ុន្មានដែរទើបហើយ"រាងក្រាស់សួរ
"បើមានកង់ឡានសាគួរខ្លះប្រហែលជាត្រឹមម៉ោង11អីទេរួចហើយ"ជាងនិយាយគេក៏តប
"ខ្ញុំមានកង់ឡានពីរដែរ"មិនត្រឹមតែនិយាយគេបានបើកគូទឡានដើម្បីអោយជាងយកកង់ឡានចេញមកដើម្បីធ្វើការជួសជុល។
«ម៉ោង11:30»
បន្ទាប់ពីចំណាយពេលតាំងពីម៉ោង7រហូតដល់ម៉ោងជិត12ពេលនេះ ឡានក៏បានធ្វើរួចរាល់ មុននិងគិតគូរថ្លៃធ្វើទៅអោយជាង ហើយជាងក៏ចាកចេញទៅ ចំណែករាងក្រាស់ក៏ងាកមកញញឹមដាក់លោកស្រីគីមដែលឈរពីក្រោយខ្នង គាត់ក៏ញញឹមដាក់វិញ
"អ្នកមីង ឡានធ្វើរួចហើយខ្ញុំគិតថាដល់ពេលដែលខ្ញុំត្រឡប់ទៅវិញហើយ"គេនិយាយទាំងញញឹម មុននិងទាញស្រោមសំបុត្រមួយចេញមក
"អ្នកមីងនេះជាថវិកាតិចតួចខ្ញុំជូនអ្នកមីង ហើយក៏អរគុណអ្នកមីងដែលផ្តល់កន្លែងស្នាក់នៅ ព្រមទាំងអាហារហូបចុក ជាពិសេសផ្តល់ភាពកក់ក្តៅដល់ខ្ញុំ បើមានឱកាសថ្ងៃក្រោយខ្ញុំនិងមកលេងអ្នកមីងទៀត"រាងក្រាស់និយាយទាំងញញឹម លោកស្រីគីមសម្លឹងមុខអ្នកកម្លោះតែមិនទាន់ទទួលសំបុត្រឡើយ
"អ្នកមីងឆាប់ទទួលទៅ នេះជាទឹកចិត្តរបស់ខ្ញុំ"ទោះលោកស្រីគីមមិនលើកដៃទទួលតែគេនៅតែព្យាយាមហុចអោយគាត់មានដាក់ដៃ
"អត់ទេ ក្មួយមកទីនេះ វាជាតួនាទីម្ចាស់ផ្ទះដែលទទួលភ្ញៀវអញ្ចឹងមីងមិនទទួលលុយនេះទេ ក្មួយទុកទៅ គ្រាន់តែក្មួយត្រូវចំណាយលើឡានខូចដែលបង្ករដោយស្នាដៃនាងច្រម៉ក់នោះមីងក៏រអៀសចិត្តណាស់ហើយ"គាត់និយាយទាំងក្រែងចិត្តអ្នកកម្លោះ
"អ្នកមីង វាជារឿងតិចតួចអស់ថ្លៃប៉ុណ្ណឹងមិនសំខាន់ស្មើទឹកចិត្តអ្នកមីងទេ ហើយសូមអ្នកមីងកុំដាក់បន្ទុកប្អូនអី ខ្ញុំមិនប្រកាន់ប្អូនទេ ហើយនាងក៏បានលុបលាងទោសនាងហើយ"រាងក្រាស់និយាយទាំងញញឹម លោកស្រីគីមក៏ញញឹមដាក់គេវិញទាំងទឹកមុខមិនសូវសម ទោះគេនិយាយថាមិនប្រកាន់តែគាត់មិនអាចបណ្តោយអោយនាងមានចរិតបែបនេះបានទៀតឡើយ
"ក្មួយពិតជាក្មេងល្អណាស់ មើលទៅលោកស្រីផាក អប់រំកូនបានល្អជាមីងឆ្ងាយណាស់ ទំនេរៗមីងគួរសុំបទពិសោធន៍ ពីម៉ាក់ក្មួយហើយ"លោកស្រីគីមនិយាយបែបលេងសើច ព្រោះតែឃើញរាងក្រាស់មានអត្តចរិតល្អពេកគាត់ពិតជាអត់សរសើរមិនបានពិតមែន ហើយក៏ចង់ដឹងណាស់ដែរថាលោកស្រីផាកទូន្មានកូនចៅបែបណាទើបមើលតែពេលនេះចុះគេគឺមានសីលធម៌ល្អ គួរជាទីពេញចិត្តណាស់
"អ្នកមីងសូមទទួលយកលុយនេះទៅ ទឹកចិត្តអ្នកមីងចំពោះខ្ញុំខ្ញុំទទួលហើយអញ្ចឹងឥឡូវសូមអ្នកមីងទទួលទឹកចិត្តខ្ញុំម្តង"ជេយ៍និយាយព្រមទាំងចាប់ដៃលោកស្រីគីមមកហើយដាក់សំបុត្រនោះក្នុងដៃគាត់ មុននិងទាញសំបុត្រមួយទៀតមក
"ត្រូវហើយអ្នកមីងមួយនេះខ្ញុំសុំផ្ញើអោយលីស៊ូផង"គេនិយាយទាំងញញឹមហើយដៃក៏ហុចសំបុត្រមួយទៀតអោយលោកស្រីគីមគាត់ក៏ទទួលយកវាមកទុកបានយ៉ាងល្អ
"អញ្ចឹងខ្ញុំជម្រាបលាអ្នកមីងសិនហើយ ផ្តាំលោកពូផងថាខ្ញុំលាសិនហើយ"គេនិយាយព្រមជាមួយដៃលើកឡើងសំពះលោកស្រីគីម គាត់ក៏សំពះតបមុននិងនិយាយ
"សុខសប្បាយតាមផ្លូវណា៎ក្មួយ ថ្ងៃក្រោយបើចង់មកលេង ផ្ទះអ្នកមីងស្វាគមន៍ក្មួយជានិច្ច ហើយមីងនិងយាមកូនស្វាអោយល្អជាងនេះ"គាត់និយាយរាងក្រាស់អស់សំណើចបន្តិចមុននិងតប
"បាទ"គេតបហើយក៏ដើរចូលឡានមុននិងបើកចេញទៅស្របនិងលោកស្រីគីមក៏ឈរមើលរហូតឡានបើកចេញទៅផុតទើបឡើងលើផ្ទះវិញ ហើយបើកមើលក្នុងសំបុត្រ
"10000$ ច្រើនពេកហើយ"លោកស្រីគីមលាន់មាត់គ្រាន់តែឃើញទឹកលុយក្នុងសំបុត្រភ្លាម។ចំពោះគ្រួសារដែលមានជីវភាពបានត្រឹមមួយរួចខ្លួនដូចលោកស្រីគីម វាពិតជាច្រើនណាស់ចំនួនលុយនេះគាត់ត្រូវចំណាយពេលយ៉ាងហោចណាស់ក៏2ទៅ3ឆ្នាំដែលទើបបានមួយមុឺន តែមើលចុះ ត្រឹមមួយភ្លែត គាត់បានលុយមួយមុឺនមកនៅក្នុងដៃវាដូចជាយល់សប្តិអញ្ចឹង តែចំពោះរាងក្រាស់វិញវាគឺមិនច្រើនទេបើប្រៀបនិងទឹកចិត្តគាត់ដែលបានជួយអ្នកម៉ាក់លោកប៉ាគេកាលពីមុន
"ចុះសំបុត្រលីស៊ូ ជាអីទៅ"លោកស្រីគីមរៀបនិងបើកមើលទៅហើយតែយល់ថាបើបើកច្បាស់ជាមិនគប្បីនិងជេយ៍ទេ វាប្រហែលជារឿងសំខាន់ហើយទើបគេដាក់ក្នុងសំបុត្របែបនេះ។គិតហើយគាត់ក៏ទុកវានៅម្ខាង រង់ចាំម្ចាស់សំបុត្រមកបើកខ្លួនឯង។
មួយសន្ទុះ សម្លេងស្រួយស្រេះក៏បន្លឺឡើង
"ម៉ាក់ ខ្ញុំមកវិញហើយ"សម្លេងស៊ាំត្រចៀកបន្លឺឡើងមុននិងបង្ហាញរូបរាងក្មេងស្រីតូចច្រឡឹងស្ពាយជាមួយកាតាបឡើងមកលើផ្ទះជាមួយទឹកមុខរីករាយតាមទម្លាប់
"អា៎ មកហើយហេស"លោកស្រីគីមសួរ
"ហុឹមឈ្ងុយណាស់ បានអីញុំាអ្នកម៉ាក់ថ្ងៃនេះ"នាងសួរលោកស្រីគីមព្រមទាំងបើកមើលឆ្នាំងផង បន្ទាប់ពីបើកមើលហើយនាងក៏ញញឹមឡើងព្រោះជាម្ហូបដែលនាងចូលចិត្ត តែនាងក៏ចាប់ភ្លឹកថាផ្ទះដូចជាស្ងាត់ណាស់ទើបសួរទៅលោកស្រីគីម
"អេស ត្រូវហើយមិចក៏ស្ងាត់ម្ល៉េះ ម៉ាក់នៅតែម្នាក់ឯងទេហេស"ព្រោះឃើញថាផ្ទះស្ងាត់ចម្លែកទើបនាងតូចនឹកឃើញសួរឡើង
"ចុះបើប៉ាទៅដាក់នំអោយគេ ហើយកូនទៅសាលា បងស្រីឯងក៏មិនទាន់មកវិញ ឯងប្រុងអោយម៉ាក់នៅជាមួយអ្នកណា"គាត់និយាយរាងស្តើងក៏សួរ
"ចុះគេ"នាងនិយាយលោកស្រីគីមប្រញាប់តប
"គេណា"គាត់សួរបើថាសួរពីជេយ៍ មិនកើតទេ ឬក៏នាងមិនបានមើលទេថាឡានចេញបាត់ហើយ
"ក្មួយសំណព្វចិត្តម៉ាក់នោះអី"នាងតូចនិយាយបែបបញ្ឈឺឌឺដងអ្នកជាម៉ាក់ គេមកប៉ុន្មានថ្ងៃទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីម៉ាក់នាងគួរអោយច្រណែនណាស់
"ក្មួយជេយ៍ ចេញទៅមួយសន្ទុះហើយ"គាត់និយាយនាងតូចសួរដេញដោលបន្ត
"ទៅណា"
"ហើយ គេទៅផ្ទះគេនិងហើយ ចេះសួរបែបនិងទៅកើត"គាត់និយាយនាងតូចទម្លាក់ទឹកមុខចុះមួយរំពេច មុននិងនិយាយតិចៗ
"គេទៅវិញហើយហេស"នាងនិយាយមើលទៅទឹកមុខដែលរីករាយក៏ប្តូរជាស្រងូតស្រងាត់ទាំងម្ចាស់ខ្លួនមិនដឹង
"ម៉ាក់កូនសុំទៅបន្ទប់ហើយ"នាងងើបមុខមកនិយាយជាមួយអ្នកជាម៉ាក់ព្រមទាំងញញឹមខ្សោះដាក់គាត់ផង
"អៅ មិនញុំាបាយទេហេស ក្រែងមិញរអ៊ូថាឃ្លានណាស់នោះអី"លោកស្រីគីមសួរ មិញនៅថាឃ្លានសោះស្រាប់តែប្តូរចិត្តមួយរំពេច
"កូនលែងសូវឃ្លានហើយចង់ទៅសម្រាក"នាងនិយាយហើយក៏ដើរចេញទៅតែត្រូវលោកស្រីគីមឃាត់
"អា៎ នេះសំបុត្រក្មួយជេយ៍គេទុកអោយកូន"
"មើលចុះឯងធ្វើដាក់គេម្លឹងហើយតែគេនៅមានសំបុត្រទុកអោយឯងទៀត"គាត់និយាយព្រមជាមួយដៃហុចសំបុត្រអោយទៅកូននាងក៏ទទួលយកហើយមើលមុខលោកស្រីគីមមុននិងសួរ
"ជាអីទៅ"នាងសួរ លោកស្រីគីមនិយាយ
"កុំមកសួរ ម៉ាក់មិនហ៊ានប៉ះពាល់ទេចង់ដឹង បើកមើលខ្លួនឯងទៅ"លោកស្រីគីមនិយាយនាងសម្លឹងមើលសំបុត្របន្តិចទើបដាក់ចូលក្នុងកាតាបហើយដើរសម្តៅបន្ទប់។ទៅដល់មុខបន្ទប់ រាងស្តើងមិនទាន់បើកទ្វារចូលឡើយ កែវភ្នែកមូលក្រឡង់រេសម្លឹង មើលទៅបន្ទប់ ដែលនៅទល់មុខបញ្ឆិតនិងបន្ទប់នាង សម្លឹងមើលរាងយូរបន្តិច នាងក៏ដាច់ចិត្តដើរទៅបើកបន្ទប់នោះមើល
"ក្រាក"សម្លេងបើកទ្វារ មុននិងជើងតូចបោះជំហានចូលទៅ នាងសម្លឹងមើលជុំវិញបន្ទប់គឺមានរបៀបរៀបរយល្អណាស់ គ្រាន់តែមើលក៏ដឹងថាអ្នកស្នាក់នៅស្រឡាញ់ភាពស្អាតប៉ុណ្ណាដែរ ជើងតូចដើរទៅជិតគ្រែគេង នាងដាក់ខ្លួនអង្គុយចុះ ភ្នែកក៏ក្រឡេកទៅមើលខ្នើយ ដែលនៅលើក្បាលដំណេកនោះ មុននិងយកដៃទៅអង្អែលខ្នើយនោះ មុខនាងស្រពោនណាស់ តែបើសួរថានាងស្រឡាញ់គេមែនទេ ចម្លើយគឺអត់ទេ នាងគ្រាន់តែមានអារម្មណ៍ថា ហេងហាងហើយឯកាចម្លែក ក្រោយពេលដែលគេចាកចេញវាហាក់ស្ងប់ស្ងាត់ណាស់ តែបើសួរថាវាជាស្នេហាមែនទេ នាងគឺមិនអាចឆ្លើយបានដូចគ្នា នាងគ្រាន់តែដឹងថាវត្តមានគេធ្វើអោយនាងមានអារម្មណ៍កក់ក្តៅ
"លោកជាមនុស្សទីមួយហើយ ដែលនៅក្បែរខ្ញុំហើយការពារខ្ញុំ"រាងស្តើងនឹកពាក្យក្នុងចិត្តទាំងរលីងរលោងទឹកភ្នែក
"តើពេលណាយើងបានជួបគ្នាទៀត"លើកនេះនាងនិយាយតិចៗអោយលឺតែម្នាក់ឯងទាំងអួលអស់ដើមក មុននិងងើបពីបន្ទប់នោះសម្តៅបន្ទប់ខ្លួនវិញ។
«ក្នុងបន្ទប់»
កាតាបតូចត្រូវបានដាក់ចុះ មុននិងរូតយកសំបុត្រមួយនៅក្នុងកាតាបយកមកមើល កាយតូចប្រាសខ្លួនគេងទាំងនៅជាឈុតឯកសណ្ឋានសិស្សនៅឡើយ ដៃតូចកាន់ស្រោមសំបុត្រមើលចុះឡើងចុះឡើង ទាំងមិនដាច់ចិត្តបើក នាងសុខចិត្តគេងឆ្ងល់ហើយក្នុងចិត្តចង់ទុកវាជាអនុស្សាវរីយ៍ តែយ៉ាងណា វាមិនអាចរក្សាទុកមួយជីវិតបានទេ បើនាងមិនបើកគង់តែកណ្តុរកាត់ គិតហើយនាងក៏ស្ទុះងើបឡើង ហើយបើកសំបុត្រនោះមើលក៏ឃើញមានក្រដាសមួយនៅក្នុងនោះនាងក៏រហ័សទាញវាហើយបើកអាន
«វាជាខ្សែរដៃ ដំបូងគិតថាអោយវាទៅឆូអុី ប៉ុន្តែខ្ញុំមិនបានឃើញឆូអុីសោះ ឃើញតែក្មេងក្បាលខូចទៅវិញ អញ្ចឹងខ្ញុំអោយវាទៅនាង សង្ឃឹមថានាងពេញចិត្ត ពាក់វាហើយឈប់ក្បាលខូច ឈប់ឌឺ ឈប់រឹងចចេសលឺទេ»ក្នុងសំបុត្រសរសេរតែប៉ុណ្ណឹងបន្ទាប់ពីអានហើយនាងក៏ដាក់សំបុត្រចុះទៅម្ខាងហើយទាញខ្សែរដៃមកមើល វាជាខ្សែរដៃគុជខ្យងពណ៌ផ្កាឈូកស្រាល មើលទៅស្រស់ស្អាតណាស់ នាងគឺពិតជាពេញចិត្តវា នាងតូចសម្លឹងមើលវាទាំងញញឹម តែគិចម្តងទៀតនាងក៏ទម្លាក់ទឹកមុខចុះ
"ឯងមិនគួរសប្បាយចិត្តនិងវាទេ"នាងតូចនិយាយហើយដាក់ខ្សែរដៃនោះ នៅលើតុក្បែរគ្រែ។តើនាងគួរសប្បាយចិត្តបានទេ បើតាមពិតខ្សែរដៃគុជខ្យងមួយខ្សែរនេះពីដើមឡើយម្ចាស់វាមិនមែនជានាងទេ បើកុំតែម្ចាស់វាមិននៅតើនិងបានដល់ដៃនាងទេ វាគួរតែបានទៅលើម្ចាស់វាពិតប្រាកដអ្នកដែលគេចង់អោយ។ តាមពិតជេយ៍ក៏ដឹងថាសរសេរបែបនេះវាពិតជាធ្វើអោយនាងអន់ចិត្តតែគេពិតជាមិនអាចក្បត់និងឧត្តមគតិគេបានឡើយ ឬក៏ចង់អោយគេសរសេរកុហកថាគេទិញវាអោយនាងបែបនេះវារិតតែមិនអាចទៅទៀត ណាមួយគេគឺពិតជាមិនដឹងទេថាលោកស្រីគីមមានកូនស្រីពីរនាក់ ជាពិសេសគេបានតាំងចិត្តទិញវាអោយឆូអុីពិតមែន តែនាងមិន ទិញហើយបើយកទៅវិញក៏ដូចមិនសម ណាមួយនាងតូចក៏ជាកូនលោកស្រីគីមដែរ អោយមួយខ្សែរនេះទៅនាងលើកក្រោយចាំទិញអោយឆូអុីក៏មិនបញ្ហា ណាមួយគេឃើញថានាងតូចជាក្មេងមិនចេះគិតអ្វីច្រើនឡើយ បើទោះនាងអានសំបុត្រហើយអន់ចិត្តបន្តិចតែពេលនាងឃើញខ្សែរដៃនាងប្រាកដជាលោតកញ្រ្ជោលមិនខាន គេក៏ចង់ឃើញសកម្មភាពនាងពេលនោះដែរ តែអ្នកណាទៅដឹងថាក្មេងស្រីដែលគេគិតថាមិនដឹងអី បែរជាមានអារម្មណ៍ថាអន់ចិត្តហើយក៏មិនពាក់វានោះ។

បម្រាមស្នេហ៍💔🔥Where stories live. Discover now