Ep35 : បំបែកមិនបាន

583 89 3
                                    

   ចាប់តាំងពីពេលនិយាយគ្នារួចរាល់មកថេយ៉ុងនៅស្ងៀមទ្រឹងមិនបាននិយាយស្តីរកជុងហ្គុកទេ កាយវិកាទន់ភ្លន់ក៏គ្មាន ពាក្យសម្តីផ្អែមល្ហែមក៏មិនប្រើប្រាស់ គេសម្ងំនៅក្នុងបន្ទប់ហាក់រក្សាគម្លាតពីជុងហ្គុកដែលនៅក្នុងបន្ទប់សៀវភៅ។ ថេយ៉ុងអង្គុយលើគ្រែសណ្តូកជើងចុះក្រោម កែវភ្នែកមានសភាពហើមក្រហមដោយសារម្ចាស់ខ្លួនព្យាយាមលើកដៃជូតជាច្រើនលើកច្រើនសារ បបូរមាត់ក្រៀមព្យាយាមប្រើធ្មេញខាំសាច់ទប់ភាពឈឺចាប់ គេកំពុងព្យាយាម...ព្យាយាមរៀនរស់នៅម្នាក់ឯង ព្យាយាមលើកដៃជូតទឹកភ្នែកខ្លួនឯងទោះជាគ្មានជុងហ្គុកអោបលួងលោមហើយជូតអោយក៏ដោយ ព្យាយាមលុបនូវភាពនឹករលឹក ពេលជុងហ្គុកទៅបំពេញកិច្ចការវាប្រហែលមិនមែនតែមួយថ្ងៃទេដូច្នេះគេត្រូវតែចេះអត់ធ្មត់ហើយទ្រាំ។

   "ថេយ៍! បើកទ្វារអោយបង"សម្លេងមាំគ្រលរបន្លឺឡើងស្របពេលដៃលើកគោះទ្វារម្តងហើយម្តងទៀតព្រោះគេព្យាយាមគោះច្រើនដងហើយតែថេយ៉ុងមិនព្រមបើកសោះ គេដឹងថាដំណឹងនេះជារឿងដែលពិបាកទទួលយកបំផុតសម្រាប់ថេយ៉ុងប៉ុន្តែគេពិតជាគ្មានជម្រើសពិតមែន។ ថេយ៉ុងទម្លាក់ជើងចុះហើយដើរទៅបើកទ្វារដោយរាងកាយខ្សោះខ្សោយកម្លាំង ទ្វាររបើកឡើងបង្ហាញមុខជុងហ្គុកដែលបៀមភ្ជាប់ទៅដោយការព្រួយបារម្ភ។

   "បងខ្លាចអូនសម្លាប់ខ្លួនមែនទេ?"ថេយ៉ុងសួរដោយសម្លេងស្មើដូចមនុស្សគ្មានវិញ្ញាណ វាពិបាកណាស់ក្នុងការត្រឡប់មកចងចាំដូចដើមវិញហើយវាក៏រឹតតែពិបាកថែមទៀតបើសិនជាជុងហ្គុកចាកចេញទៅនៅពេលនេះ គេមិនដឹងថាត្រូវរស់ប្រឈមជាមួយពិភពលោកនេះដោយរបៀបណាទេ។

   "បង..."ជុងហ្គុកគាំងទ្រឹងសម្លឹងមើលភាពសោះកក្រោះរបស់ភរិយា គេគ្មានហេតុផលបដិសេធទេព្រោះគេពិតជាខ្លាចថេយ៉ុងគិតខ្លីពិតមែន។

   "អូនមិនល្ងង់ទេ អូនពិតជា...មិនល្ងង់ទេ អូនគ្រាន់តែត្រូវការពេលវេលាខ្លះដើម្បីសម្របខ្លួនពេលគ្មានបងនៅក្បែរ"ថេយ៉ុងស្រវាលើកដៃជុងហ្គុកមកក្តោបទាំងញញឹមខ្សោះ ពួកគេតស៊ូមកយូរហើយមិនអាចដោយសារតែកាតព្វកិច្ចបន្តិចបន្តួចនាំអោយមានភាពល្អក់កករក្នុងទំនាក់ទំនងរបស់គេទេ ឃើញភាពព្រួយបារម្ភជុងហ្គុកកាន់តែច្រើនប៉ុណ្ណាគេកាន់តែចង់ធ្វើជាមនុស្សរឹងមាំច្រើនប៉ុណ្ណឹងគ្រាន់តែសង្ឃឹមថាជុងហ្គុកនឹងសុខសប្បាយហើយគេក៏អាចព្យាយាមរស់ដោយស្ងប់សុខដូចគ្នា។

អ្នកប្រុសសំណព្វ💫(បន្តពីAccចាស់ Completed)Where stories live. Discover now