រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់ ភាគទី02

1.5K 66 0
                                    

    គីម ជេននី កូនស្រីតែម្នាក់គត់របស់គ្រួសារមហាសេដ្ឋីគីម អាយុ28ឆ្នាំដើរកាន់កាបូបស្ពាយមុខហូវចេញពីហាងកាហ្វេ ដែលមានផ្ទាំងប៉ាណូដាក់អក្សរធំៗថា Lali Café ។ អ៎! ហាងគេអញ្ចឹងតើទើបបានជាជួបគេនៅទីនេះ។
     ថាចេញពីផ្ទះដើរលេងលំហែឱ្យបានធូរស្បើយក្នុងហឬទ័យស្រីថ្លៃខ្លះ តែមានឯណាទៅជាប៊ិះនឹងឡានបុក ជួបក្មេងមាត់ឆ្កែ ហាមាត់ឡើងក្របីរត់ទាំងហ្វូងចេញពីមាត់ ឆ្លៀតដើររកតាក់ស៉ីជិះគ្មានតាក់ស៉ីទំនេរទៀត។ដល់តែយ៉ាងៗនេះពេកនាងក្រមុំចង់តែដោះស្បែកជើងអង្គុយយំ ឱជីវិតអើយជីវិត! ជីវិតគឺជាការតស៊ូ កុំញ៉ាំបាយកៅស៊ូវាមិនឆ្ងាញ់ទេ
     <<តាក់ស៉ីថ្ងៃនេះដេកផ្ទះមើលកូនមែនទេបានជាគ្មានអ្នកបើកមួយសោះអញ្ចឹង!>>
     និយាយផុតពីមាត់មិនទាន់ក៏មានតាក់ស៉ីមួយគ្រឿងបើកលឹមៗវើកៗដូចខ្យង ស្រស់ស្រីខំស្ទុះរាដៃដូចគ្រវីដងទង់បំណងឱ្យឡានចូលឈប់មកយកនាង។អ្វីៗក៏ដូចជាការគិត ឡានឈប់ង៉ក់ ជេននីស្ទុះបើកទ្វារតែដៃតូចពេកគ្មានកម្លាំងឈ្នះអ៉ីមួយមាឌប៉ុនដំរីសារ ប្រលេះដៃនួនល្អងចេញវឹប ចូលអង្គុយផ្លុក ថែមប្រាប់ពូតាក់ស៉ីទៀតថា
     <<ពូទៅបឹងកេងកង!>>
     ហារមាត់ចប់ឡានចេញវឹងទុកឱ្យនារីក្រមុំចាស់ឈរធ្វើភ្នែកស្លេស្លឺម្នាក់ឯង។ឡានខំហៅចង់ងាប់ចុងក្រោយអត់ជិះដដែល ហត់កម្លាំងនឹងអស់ទឹកមាត់ទៀត
     <<មើលទៅថ្ងៃនេះជាថ្ងៃស៊យរបស់យើងមែនទេ? មើលមានស៊យស្អីទៀតមកឱ្យអស់មកវ៉ើយ!>>
     ឆាច់! ទទឹកជោគ ឡានឡាំបូហ្គីនីសេរីទំនើបពណ៌ក្រហមមួយគ្រឿងបើកក្នុងល្បឿនលឿនសាចទឹកលើផ្លូវជះលើជេននីសើមខ្លួនមួយកំណាត់ក្រោម ហេងហើយមិនជះលើមុខ sunscreen ថ្លៃផង។
     <<អ្ហាយ! ឡាបល់កាច់យក៍!>>
     <<សួស្ដីបងស្រី! ជួបគ្នាទៀតហើយ ហិហិ>>
     ឡាលី ជិះកង់មានចង្អើរក្រោយមកឈប់ពីមុខនាងក្រមុំព្រមទាំងប្រើស្នាមញញឹមឆក់បេះដូងដាក់ជេននីម្ដងជាពីរដង
     <<ចេញទៅ! ខ្ញុំគ្មានអារម្មណ៍លេងសើចជាមួយឯងទេ>>
     ឡាលីដោះអាវក្រៅរបស់គេហុចឱ្យនាងដើម្បីបានបិទបាំងកន្លែងដែលសើមនិងប្រឡាក់ព្រោះមើលទៅវេទនាភ្នែកណាស់
     <<នេះបិទកន្លែងនោះទៅហើយឡើងកង់មកខ្ញុំជូនទៅផ្ទះ>>
     <<មិនបាច់!>>
     <<ឬបងចង់ឱ្យពួកក្មេងស្ទាវទាំងនោះជូនទៅ?>>
     គេនិយាយបណ្ដើរដៀងកន្ទុយភ្នែកទៅក្រុមអ្នកលេងនៅម្ខាងផ្លូវទៀតដែលកំពុងសំឡឹងមកជេននីដូចខ្លាឃើញសាច់បណ្ដើរ។ដំបូងថាមិនចង់ទេ តែលុះឃើញខ្សែភ្នែកពួកពាលនោះហើយក៏ព្រមឡើងជិះលើចង្អើរកង់ខាងក្រោយរបស់ឡាលី តែម្ដងដោយមិននិយាយច្រើន
     <<ឱបចង្កេះខ្ញុំឱ្យជាប់ៗ ប្រយ័ត្នធ្លាក់!>>
     <<មិនបាច់!>>
     ឡាលីឮហើយក៏មិនគិតច្រើន មិនឱបក៏ហីទៅមិនមែនគេអ្នកធ្លាក់ឯណា។កង់ចាប់ផ្ដើមទៅមុខលឿនស្លេវ ជេននីស្រវាចាប់ចង្កេះឡាលីណែនក្ដន់បេះមិនចេញ បបូរមាត់ក្រហមឆេះមុននេះប្រែជាស្លេកស្លាំង ម៉ែកូនអើយ មិនដែលជិះកង់ស្អីលឿនដូចអាមិចអញ្ចឹងទេ
     <<ឯងជិះរហន់ទៅណាហ្អាស៎?>>
     ឡាលីឮហើយក៏កាន់តែបន្ថែមល្បឿន ជេននីក៏កាន់តែឱបចង្កេះគេខ្លាំងទៅៗ ព្រលឹងសឹងហោះចេញបាត់ពីខ្លួន
      <<ផ្ទះបងនៅម្ដុំណា៎?>>
      <<ផ្លូវហានកាំង!>>
      <<ហិហិ ខ្ញុំភ្លេចទៅថាផ្ទះបងនៅទល់មុខផ្ទះខ្ញុំ>>
      ជេននីចង់តែលោតចុះពីលើកង់ហើយច្របាច់កក្មេងស្រីម្នាក់នេះឱ្យណាណីទេតាមចិត្តខឹង តែបើលោតចុះនាងអាចនឹងពិការ ឬក៏ស្លាប់ក៏ថាបាន ដូច្នេះស្ងប់អារម្មណ៍កុំឡប់តាមអ្នកកាន់ចង្កូតកង់។
     មួយសន្ទុះឡាលីក៏ឈប់កង់ង៉ក់នៅមុខផ្ទះរបស់ជេននី។នាងក្រមុំចុះពីលើកង់ទាំងសេសឺ ពិភពលោកជុំវិញខ្លួននាងហាក់ដូចកំពុងតែវិលឥតឈប់។ងាកមកមើលឡាលីក៏ឃើញគេដូចកំពុងរាំ តែឈប់សិន! ចាំបន្តិច!
     <<អួក!>>
     ជេនរត់ទៅក្អួតនៅកៀនផ្ទះទាំងស្លេកមុខ នាងពុលកង់! មែនហើយមិនខុសទេគឺពុលកង់។ម៉ែអើយជិះកង់ម៉ាកស្អីដូចគេប្រណាំងម៉ូតូស្លាប់រស់ ជ្រេលិច ជ្រេកើត ឆ្លៀតសសៀរតាមកៀនកោះកន្លៀតចន្លោះកុងតឺន័រកង់ដប់ក៏មាន យ៉ាងៗនេះបើនាងសុំគេដើរវិញប្រហែលល្អជាង
     <<បងស្រី! យ៉ាងម៉េចទៅហើយ?>>
     ឡាលីអង្អែលខ្នងនាងផងគក់ផងសម្រួលនាងឱ្យក្អួតចេញពីពោះឱ្យអស់។តាំងពីព្រឹកមិនទាន់បានអីចូលពោះមួយម៉ាត់ផង ត្រូវឡាលីធ្វើឱ្យនាងរមូលពោះក្អួតបារអស់ពីក្នុងក្រពះទៀត នេះបានចំជា...ស៊យម៉ែអាស៊យ!
      ក្អួតមួយសន្ទុះក៏មានអារម្មណ៍ថាធូរបន្តិចហើយ ជេនចាប់ផ្ដើមត្រៀមមាត់ងាកមកស៊ុតឡាលីមួយរយៗ
     <<ឯងជិះកង់របៀបនេះចេះរស់មកដល់អាយុប៉ុណ្ណេះបានដែរហ្ន៎? សមតែធ្វើកំណល់ឡានតាំងតែពីអាយុ5ឆ្នាំទេ ឃើញមុខឯងខ្ញុំក្នាញ់ដល់ឆ្មបបង្កើត ក្ដៅដល់ក្រឡើតតែម្ដងហើយ អ្ហាយ!>>
     មិនត្រឹមតែនិយាយ តែនាងក៏ស្រែកចាចរហូតដល់អ្នកស្រីគីមរត់ចេញមកមើលព្រោះឮសំឡេងកូន
     <<នេះមានរឿងអីហ្នឹង?>>
     ឡាលីឱនខ្លួនគោរពអ្នកស្រីគីមដោយចរិតថ្លៃថ្នូរមិនចាញ់ក្រោមភ្លើងកំហឹងរបស់នារីម្នាក់ដែលកំពុងសម្លក់គេស្ទើរជ្រុះគ្រាប់ភ្នែក
     <<គឺខ្ញុំជូនបងស្រីមកផ្ទះ តែគាត់ពុលកង់ស្រាប់តែមកបន្ទោសខ្ញុំតែម្ដង>>
     អ្នកស្រីមើលមុខកូនខ្លួនបន្តិចហើយក៏ញញឹមទាំងមិនសមដាក់ឡាលី។មើលទៅក្មេងស្រីម្នាក់នេះស្លូតបូតគួរឱ្យស្រលាញ់ តែគាត់ប្រហែលជាមិនដឹងទេថាកូនគាត់ពុលកង់ក្អួតត្រឡប់ត្រឡិនដោយសារតែអ្នកណា
     <<ឯងនិយាយមិន....>>
     <<បានហើយជេន! ចូលទៅក្នុងគេងឱ្យស្ងប់អារម្មណ៍ស្រួលខ្លួនបន្តិចទៅ ក្មួយខាងនេះឈ្មោះអីដែរហ្អាស៎?>>
     <<ខ្ញុំ ស្ហេន ឡាលី!>>
     អ្នកស្រីគីមឮហើយក៏ហាក់ប្រហែលៗត្រកូលរបស់គេ តែគាត់ក៏មិនបានគិតច្រើន
     <<អញ្ចឹងអ៊ំអរគុណឯងច្រើនហើយណា៎ដែលបានជូនកូនអ៊ំមកផ្ទះ!>>
     <<ចាស៎ មិនអីទេ! ផ្ទះខ្ញុំនៅទល់មុខនេះបើអ៊ំមានការអីអាចហៅខ្ញុំបាន>>
     <<ចាស៎!>>
     ផ្ដែផ្ដាំចប់គេក៏បណ្ដើរកង់ចូលផ្ទះទាំងមិនភ្លេចលួចសើចក្នុងពោះ។

#យមរាជ

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now