រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់ ភាគទី15

1K 47 1
                                    

     ស្នាមញញឹមរបស់ឡាលីបានបង្ហាញទៅកាន់អ្នកស្រីគីមដែលទើបនឹងបញ្ចប់ប្រយោគផ្ដែផ្ដាំទៅកាន់គេហើយ
     <<សូមអ្នកម៉ាក់កុំបារម្ភអី!>>
     ពិធីបានចាប់ផ្ដើមលោកអាចារ្យបានបើកគម្ពីឡើងហើយក៏និយាយប្រកាសក្ដែងៗ
     <<អាពាហ៍ពិពាហ៍គឺជាចំណងចងជីវិតមនុស្សពីរនាក់ឱ្យរួមរស់នឹងគ្នាប្រៀបដូចជារាងកាយតែមួយ និងជីវិតតែមួយ ដំណើរទៅមុខទៀតនៅវែងឆ្ងាយខ្លាំងណាស់ត្រូវចេះអត់ឱនចំពោះគ្នាទៅវិញទៅមក ស្រលាញ់និងយកចិត្តទុកដាក់ដោយក្ដីសណ្ដោស>>
     ឡាលីមើលមុខរាងស្ដើងដែលលាក់ក្រោមស្បៃស្ដើងពណ៌សទាំងទ្រូងរំភើប។ជេននីឯណេះក៏មានអារម្មណ៍ថារំជើបរំជួលមិនចាញ់គេដែរ វាជាការរៀបការដែលនាងមិនបានមានចិត្តស្រលាញ់គេឡើយ មង្គលការនេះកើតឡើងដោយសារតែការព្រមព្រៀង និងលក្ខខណ្ឌប៉ុណ្ណោះ ហេតុអីនាងត្រូវរំភើបដែរនោះ?
     <<អ្នកនាងស្ហេន ឡាលី! តើអ្នកនាងព្រមទទួលយកអ្នកនាងជេននីធ្វើជាភរិយាស្របច្បាប់មួយជីវិតដែរឬទេ? បើទោះជាថ្ងៃមុខនាងមានឬក្រ មានជម្ងឺឈឺថ្កាត់យ៉ាងណានោះ?>>
    ឡាលីឆ្លើយដោយមិនគិតច្រើន ព្រោះសម្រាប់គេគឺមិនបានគិតថាការរៀបការនេះជាការរៀបការក្លែងក្លាយឡើយ
     <<ខ្ញុំ...យល់ព្រម!>>
     <<អ្នកនាងគីម ជេននី! តើអ្នកនាងព្រមទទួលយកអ្នកនាងជេននីធ្វើជាស្វាមីស្របច្បាប់មួយជីវិតដែរឬទេ? បើទោះជាថ្ងៃមុខនាងមានឬក្រ មានជម្ងឺឈឺថ្កាត់យ៉ាងណានោះ?>>
     ជេននីហាក់គិតយ៉ាងយូរទម្រាំតែនាងដាច់ចិត្តឆ្លើយតបធ្វើឱ្យឡាលីធ្លាក់ទឹកមុខមួយពព្រិច
     <<ខ្ញុំព្រម!>>
     <<ពីពេលនេះទៅអ្នកទាំងពីរគឺជាប្ដីប្រពន្ធនឹងគ្នាហើយដោយមានព្រះជាសាក្សី!>>
     ឡាលីបើកស្បៃគ្របមុខរបស់នាងចេញថ្នមៗ គេភ្ញាក់ព្រើតពេលដែលឃើញតំណក់ទឹកភ្នែករបស់នាងហូរចុះយឺតៗ។ឃើញហើយក្នុងទ្រូងគេក៏ហាក់ឈឺពើតឡើងដោយមិនដឹងខ្លួន ឡាលីឱនទៅថើបបបូរមាត់ជេននីថ្នមៗមុននឹងនិយាយខ្សឹបៗ
     <<បងស្ដាយក្រោយឬ?>>
     ជេនគ្រវីក្បាលមិននឹងតបមកវិញ
     <<អត់ទេ! តែខ្ញុំខ្លាច...ខ្លាចថាឯងនឹងត្រូវលំបាកដោយសារតែខ្ញុំ>>
     <<បងជាប្រពន្ធខ្ញុំណា៎!>>
     សម្ដីគេនិយាយហើយធ្វើឱ្យនាងកក់ក្ដៅ តែវាមិនបានធ្វើឱ្យនាងស្ងប់ចិត្តគ្រប់គ្រាន់ឡើយ ព្រោះនាងដឹងច្បាស់ណាស់ថាគ្រប់យ៉ាងទាំងនេះគឺគ្រាន់តែជារឿងក្លែងក្លាយប៉ុណ្ណោះ
     <<ឯងក៏ដឹងថាមង្គលការនេះគឺស្ថិតក្រោមលក្ខខណ្ឌរបស់ពួកយើងទាំងពីរដែរមិនអញ្ចឹង? ដូច្នេះកុំឆ្លងព្រំដែនរបស់ខ្ញុំអីឡាលី>>
     ស្ដាប់ហើយចុកទ្រូងណាស់ ឡាលីញញឹមចុងមាត់ខ្សោះកក្រោះហើយក៏ថើបជេននីទាំងទើសទាល់។គ្រប់គ្នាទះដៃអបអរដល់ពួកគេទាំងពីរតែគ្មានអ្នកណាដឹងឡើយថាទាំងនេះគឺសុទ្ធសឹងជាការបន្លំភ្នែកទាំងអស់។
     យប់ឡើងបានមកដល់ឡាលី និងជេននីត្រូវគេងបន្ទប់តែមួយជាមួយគ្នា។គេប្រះខ្លួនគេងត្រង់ភ្លឹងមិនបាននិយាយរកជេននីមួយម៉ាត់ឡើយ។នាងក្រមុំឯណេះក៏មិនបានមាត់កច្រើន ត្បិតគិតស្មានថាគេអស់កម្លាំងទើបចូលគេងទាំងមិននិយាយរកគ្នាសូម្បីមួយម៉ាត់។
     កណ្ដាលយប់ស្ងប់ស្ងាត់ទៅហើយ ជេននីក៏គេងលង់លក់ តែមួយសន្ទុះឡាលីក៏ភ្ញាក់ដឹងខ្លួនមកវិញបើកភ្នែកក្រឡោត។កែវភ្នែកខ្មៅក្រិបរេមើលជុំវិញជាពិសេសគឺជេននី។នាងឆក់យកបេះដូងគេបានយ៉ាងងាយ តែហេតុអីក៏គេមិនអាចសូម្បីធ្វើឱ្យនាងរង្គោះរង្គើរសូម្បីតែបន្តិច?
     <<កុំអី...កុំទៅចោលអូន...ហឹកៗ...ជុងអ៉ីន!>>
     សំឡេងមមើហៅឈ្មោះអ្នកដទៃប្រៀបដូចជាកាំបិតចាក់ចំដើមទ្រូងគេឱ្យពើតផ្សា។ឡាលីខាំមាត់ដាក់ខ្លួនគេងវិញទាំងណែនបំពង់កហាស្ដីលែងចេញ យប់ថ្ងៃរៀបការបែរជាប្រពន្ធស្រែករកឈ្មោះអ្នកដទៃឱ្យគ្រលួចបែបនេះទៅកើត។
     ព្រឹកឡើងជេននីក្រោកពីគេងក៏មិនបានឃើញឡាលីនៅក្បែរ។នាងក្រោកអង្គុយទាំងមុខស្ងួតដោយសារយល់សប្តិកាលពីយប់មិញ។នាងសុបិន្តឃើញនូវរឿងអតីតកាលដែលមនុស្សប្រុសម្នាក់បានបោះបង់នាងចោល។ក្រោយពីងូតទឹកផ្លាស់សម្លៀកបំពាក់រួចនាងក៏ចុះមកក្រោមឃើញឡាលីកំពុងតែជួយម៉ាក់របស់នាងរៀបចំអាហារពេលព្រឹក មើលទៅដូចជាត្រូវគ្នាណាស់
     <<ម៉ាក់! ឡាលី! អ្នកទាំងពីរកំពុងធ្វើអីហ្នឹង?>>
     ឡាលីឃើញនាងហើយក៏គ្រាន់តែញញឹមតិចៗតែមិនបានឆ្លើយតបមាត់កដូចជារាល់ដងនោះទេ។អ្នកស្រីគីមឆ្លើយទៅកាន់កូនស្រីដោយន័យបន្ទោស
    <<ឡាលីក្រោកតាំងពីយូរមកជួយរៀបចំអាហារពេលព្រឹករបស់ម៉ាក់ហើយមើលទៅឯងទៅមើលង្ងៃរះចាំងគូទទៅហើយទើបនឹងក្រោក>>
     <<ម៉ាក់!>>
     <<បានហើយឆាប់មកអង្គុយមក ឡាលីត្រូវប្រញាប់ទៅធ្វើការរបស់គេផង!>>
      ក្រោយបញ្ចប់អាហារពេលព្រឹករួចជេននី និងឡាលីក៏ឡើងឡានទៅហាងកាហ្វេ។ក្នុងឡានគេមិនបាននិយាយស្ដីធ្វើឱ្យជេននីនឹកឆ្ងល់ពន់ពេក
     <<ឡាលី! ឯងកើតអី?>>
     <<ខ្ញុំមិនអីទេ!>>
     គេឆ្លើយទាំងមុខស្មើគ្មានស្នាមញញឹម ក្នុងចិត្តនៅឈឺស្ពឹកមិនទាន់បាត់នៅឡើយ
     <<នែ! ខឹងខ្ញុំរឿងអីនិយាយមកមើល>>
     ឡានឈប់ង៉កមកដល់មុខហាង ឡាលីរកចុះទៅហើយតែក៏ត្រូវជេនចាប់ជាប់មិនឱ្យទៅ
     <<ចង់ទៅណានិយាយគ្នាឱ្យដឹងរឿងសិនទៅមើល>>
     <<ខ្ញុំគ្មានអីត្រូវនិយាយនោះឡើយ!>>
     <<ឯងមិនដែលបែបនេះទេ ឡាលី!>>
     <<ចឹងបងមិនបាច់ខ្វល់ទេចប់រឿងហើយ! ខ្ញុំកើតអីក៏ជារឿងរបស់ខ្ញុំ>>
     ថាហើយគេក៏បេះដៃនាងដើរចូលទៅក្នុងហាងបាត់ទុកឱ្យស្រស់ស្រីអង្គុយធ្វើមុខស្លឺម្នាក់ឯង។
     <<ហើយគេកើតស្អីគេ? ខ្មោចចូលឬ?>>
     នាងមិនដឹងពិតមែនថាខ្លួនឯងបានធ្វើអីខ្លះទើបគេប្រែទៅជាបែបនេះ ខឹងមិនដឹងមូលហេតុដូច្នេះតើឱ្យនាងតាមលួងគេយ៉ាងណាទៅ? ក្មេងម្នាក់នៅមិនដែលខឹងឡើយ ដល់តែខឹងម្ដងងំយកពិបាកដល់កយកតែមែនទែន
      <<ហ៉ើយ! ខឹងស្អីក៏ខឹងទៅមិនខ្វល់ទេ ឆឹស!>>
      នាងបើកឡានត្រឡប់ទៅផ្ទះវិញទាំងមុខម៉ូវ នាងមិនដែលទ្រអ្នកណាផងរឿងអីដែលគិតចង់ទៅលួងគេនោះ? បើចង់ខឹងក៏ខឹងឱ្យដល់ស្លាប់ទៅនាងមិនខ្វល់ខ្វាយជាមួយឡើយ។
      ថ្ងៃបន្តិចអ្នកស្រីគីមមកពីក្រុមហ៊ុនហើយក៏ឃើញជេននីអង្គុយនៅផ្ទះមើលទូរទស្សន៍ តែតាមសភាពនាងដូចជាមិនមែនតែកំពុងតែមើលទេវាដូចជាកំពុងតែបញ្ចេញកំហឹងតាមរយ:កែវភ្នែកទៅលើទូរទស្សន៍ទៅវិញទេ
     <<អា៎ ជេន! កូនធ្វើអីហ្នឹង?>>
     <<អ៎គឺមើលទូរទស្សន៍ណាម៉ាក់!>>
     អ្នកស្រីគីមសើចតិចៗ មើលទូរទស្សន៍តែដៃក្ដាប់តេលេឡើងប្រេះទៅហើយកូនស្រីម្ដាយអើយ!

#យមរាជ

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now