រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់ភាគទី23

1K 40 0
                                    

      ឡាលី និងវីលៀនឡើងមកដល់លើគោកទាំងម្នាក់ៗទទឹកជោករៀងខ្លួន។វីលៀនកណ្ដាស់ឆែតៗព្រោះនាងជាមនុស្សចាញ់ត្រជាក់មិនបង្អង់យូរឡាលីក៏ប្រញាប់នាំនាងទៅផ្ទះរបស់គេយ៉ាងប្រញាប់។
     <<ប្រាប់បងមកមើលឯងមានរឿងអី ហើយប៉ុន្មានឆ្នាំនេះឯងនៅឯណា តើមានរឿងអីខ្លះកើតឡើងទៅ?>>
     ក្រោយពីផ្លាស់ខោអាវហើយអស់ឡាលីក៏ចសប់ផ្ដើមសួរចម្លើយស្រស់ស្រីប្រៀបដូចអ្នកទោស។វីលៀនអង្គុយផឹកទឹកក្ដៅបណ្ដើរធ្វើមុខជូរបណ្ដើរ
      <<បងក៏ដឹងថាជីវិតរស់នៅក្នុងវាំងវាបែបណា! ខ្ញុំមិនចង់បន្តជីវិតនៅទីនោះទេ>>
      <<រយ:ពេល4ឆ្នាំមកនេះគ្រប់គ្នាតាមរកឯងស្ទើរឆ្កួតហើយឯងបែរជាមកនិយាយបែបនេះឬ?>>
      គេឯណេះទៅវិញទេដែលស្ទើរឆ្កួតនោះ តែពេលនេះហួសចិត្តនិយាយលែងចង់ចេញតែម្ដង
      <<បើខ្ញុំនិយាយសុំត្រង់ៗតើម្ចាស់អ៊ំនឹងយល់ព្រមដែរទេ? បើមិនធ្វើបែបនេះបងគិតថាខ្ញុំនឹងអាចមានជីវិតមកដល់សព្វថ្ងៃនេះទេ?>>
      ឡាលីស្ងាត់មាត់បន្តិចព្រោះអ្វីដែលនាងនិយាយគឺត្រូវតែទាំងអស់។បើមិនរត់គេចគឺត្រូវជាប់ក្នុងទ្រុងមាសនោះរហូតហើយ
      <<ហើយឯងនៅឯណា?>>
      <<បងមិនបាច់បារម្ភទេខ្ញុំនៅកន្លែងដែលល្អហើយនៅជាមួយមនុស្សល្អហើយ>>
      <<នៅជាមួយអ្នកណា? ល្អយ៉ាងម៉េចបានដល់ថ្នាក់ឯងមកសម្លាប់ខ្លួនបែបនេះ?>>
     គេជឿបានយ៉ាងម៉េចថានាងនៅជាមួយមនុស្សល្អហើយអាចមើលថែនាងបាននោះ? ទោះពីមុនពួកគេមានអារម្មណ៍ល្អៗជាមួយគ្នាតែពេលនេះគេអាចមើលដឹងតាមរយ:កែវភ្នែកទាំងសងថាពួកគេប្រែប្រួលលែងដូចមុនហើយ។អារម្មណ៍ទាំងនោះបានប្រែប្រួលសល់ត្រឹមពាក្យថាបងប្អូនប៉ុណ្ណោះ
     <<បងនេះរអ៊ូច្រើនមែន!>>
     ឡាលីខោកក្បាលវីលៀនភូសទាំងក្នក់ក្នាញ់
     <<បើមិនប្រាប់ឯងនៅទីនេះជាមួយបងរហូតទៅ!>>
     <<អើយ! ប្រាប់ក៏បានដែរ>>
     ឡាលីញញឹមពេលដែលទទួលបានជ័យជំនះ
     <<គឺនៅជាមួយអ្នកម៉ាក់!>>
     <<ម៉ាក់? ម៉ាក់ណាអ៉ីចេះ វីលៀន?>>
     គេសួរទាំងឆ្ងល់ត្បិតវីលៀនជាក្មេងស្រីកំព្រាតែប៉ុណ្ណោះហើយត្រូវបានម្ចាស់ប៉ាយកមកចិញ្ចឹមដោយលាក់បាំងសាវតាពិតនាងនិងប្រាប់គ្រប់គ្នាថាវីលៀនជាក្មួយស្រីបង្កើតរបស់ទ្រង់។ហើយពេលនេះនាងច្រមក់នេះមកនិយាយថានាងនៅជាមួយម៉ាក់បានន័យយ៉ាងម៉េចទៅវិញ?
     <<សួរច្រើនពិតមែន ធុញណាស់! មានអីញ៉ាំទេខ្ញុំឃ្លានហើយ>>
     ថាបណ្ដើរនាងក៏ក្រោកទៅផ្ទះបាយថាចង់រកអីញ៉ាំបណ្ដើរ តែដើរបានបន្តិចនាងក៏ចាប់អារម្មណ៍លើរូបថតរៀបការរបស់ឡាលី និងយ៉ុងរ៉ូ
     <<ហីយ៉ា! បងរៀបការហើយឬ?>>
     នាងនិយាយដោយលាន់មាត់ស្ទើរមិនជឿ
     <<អត់ទេគឺ...>>
     <<អត់ទេយ៉ាងម៉េចរូបថតប៉ុនជញ្ជាំងវិហារនេះ! នែ ប្រពន្ធបងស្អាតណាស់ ណែនាំឱ្យខ្ញុំស្គាល់ផង>>
      នឹកដល់រឿងនេះឡាលីក៏ឈឺក្នុងទ្រូងដូចគេយកឈើមកចាក់ដំបៅដែលកំពុងតែហូរឈាម។គេធ្លាក់ទឹកមុខសំឡឹងរូបថតដោយខ្សែភ្នែកសោះកក្រោះ
      <<មិនបាច់ទេ ក្រែងឯងឃ្លានហ្អីឆាប់ទៅញ៉ាំភ្លាមទៅ>>
      គេចាប់ស្មាវីលៀនរុញទៅរកផ្ទះបាយតែស្រស់ស្រីមិនព្រមព្រោះចង់នៅមើលមុខជេននីឱ្យច្បាស់។ស្របពេលនោះដែរជេននីក៏មកពីក្រៅល្មម នាងបើកទ្វារចូលមកឃើញឡាលីកំពុងតែឱបស្មាវីលៀនពីក្រោយ នាងក៏ស្រឡាំងកាំងបន្តិចដែរតែមិនហ៊ានមាត់បានត្រឹមដើរហួសទៅបន្ទប់ទាំងស្ងៀមស្ងាត់។ឡាលីតាមមើលជេននីរហូតនាងទៅផុតពីភ្នែកគេដោយណែនក្នុងបំពង់កហាស្ដីមិនចេញ។វីលៀនឯណេះធ្វើភ្នែកស្លឺមិនយល់ហេតុការណ៍ ក្រែងជាប្ដីប្រពន្ធមិនអញ្ចឹងហេតុអីឃើញគ្នាហើយធ្វើដូចជាសត្រូវសួពូជបែបនេះ?
      <<មានរឿងអី? បងឈ្លោះគ្នាមែនទេ?>>
      <<ឆាប់រៀបចំខ្លួនទៅបងជូនឯងទៅផ្ទះវិញ>>
      <<តែបងមិនទាន់ប្រាប់ខ្ញុំថាមានរឿងអីផងហ្នឹង?>>
     <<ឆាប់ទៅវីលៀន!>>
     ប្រកែកមិនបានវីលៀនក៏ដើរទៅចាំឡាលីក្នុងឡានមុនទាំងភ្នែកសស្លែត។ជេននីដែលនៅក្នុងបន្ទប់ឯណោះសម្ងំហូរទឹកភ្នែកម្នាក់ឯងនាងអង្គុយលើគ្រែដោយមុខស្ងួត ឃើញគេបែបនោះនាងគួរតែសប្បាយចិត្តត្រឹមត្រូវហើយ តែហេតុអីនាងបែរជាមានអារម្មណ៍ថាដូចត្រូវគេសំពងក្បាលបែបនេះទៅវិញ?
     <<ក្រែងនិយាយពេញៗមាត់ថាស្រលាញ់យលងមិនអ៉ីចឹង? ហេតុអីពេលនេះយកស្រីផ្សេងមកដល់ក្នុងផ្ទះហើយឱបរឹតមិនខ្មាសខ្មោច ខ្មាសជីងចក់ក្នុងផ្ទះបែបនេះ?>>
      និយាយផងទឹកភ្នែកហូរផង នាងប្រឹងបញ្ជាតែទឹកភ្នែកនេះហាក់មិនស្ដាប់តាមខួរក្បាលសោះ។នាងមិនបានស្រលាញ់គេទេហេតុអីក៏បែរជាឈឺចិត្តពេលគេនៅជិតអ្នកផ្សេង?
      <<ហឹកៗ...ឈប់ភ្លាមទៅ>>
     នាងកាន់តែជូតទឹកភ្នែកក៏កាន់តែហូរ បានបន្តិចក៏ឮសំឡេងឡាន ជេននីអើតតាមបង្អួចឃើញឡាលីបើកឡានចេញទៅជាមួយវីលៀនបាត់ក៏ចាប់ផ្ដើមដង្ហក់យំម្ដងទៀតខ្លាំងលើសដើម។
     <<ហឹកៗ...យ៉ាងម៉េចឃើញយើងមកក៏ប្រញាប់នាំស្រីទៅកន្លែងផ្សេង ខ្លាចយើងរំខានមែនទេ? ហឹកៗ...ចាំយើងរើចេញក៏បានដែរមិនខ្វះទេកន្លែងដែលចាំទទួលយើងនោះហឹកៗ>>
     និយាយម្នាក់ឯង ខឹងក្ដៅក្រហាយម្នាក់ឯងទាំងមិនបានដឹងថាមនុស្សស្រីដែលនៅជាមួយឡាលីនោះជាប្អូនស្រីគេឡើយ។ជេននីរៀបចំខោអាវដាក់ក្នុងវ៉ាលីសបណ្ដើរយំបណ្ដើរហើយខលហៅជុងអ៉ីនឱ្យមកទទួលនាងដោយមិនបានគិតអ្វីទៀតនោះទេ។បែបនេះរឿងរ៉ាវក៏នឹងឆាប់បញ្ចប់ដែរ នាងនិងឡាលីនឹងក្លាយជាអ្នកដទៃឆាប់ៗនេះមិនខាន។
     <<ជេននី អូនកើតអីហ្នឹង ហេតុអីភ្នែកហើមម្លេះ?>>
     អ្នកម្លោះជួយលើកវ៉ាលីសនាងបណ្ដើរសួរនាំបណ្ដើរ។មិនឱ្យភ្នែកហើមយ៉ាងម៉េចបើតាំងពីពេលនាងនិយាយសុំលែងលះឡាលីមកនាងយំរហូតហ្នឹង ខ្លួនឯងជាអ្នកសុំគេបញ្ចប់សោះតែបែរជាមានអារម្មណ៍ឈឺចាប់ជាងគេទៅវិញ
     <<គឺមានសត្វចូលភ្នែកមុនហ្នឹង! តែឥឡូវលែងអីហើយតោះឆាប់ទៅ>>
     ជុងអ៉ីនមិនបានសួរនាំច្រើនគេអង្អែលក្បាលនាងថ្នមៗរួចបើកទ្វារឡានសម្រាប់ជេននីដើម្បីឱ្យនាងចូល។ក្រោយធ្វើដំណើរអស់មួយសន្ទុះពួកគេទាំងពីរក៏បានមកដល់ផ្ទះរបស់ជុងអ៉ីន។ផ្ទះគេធំខ្លាំងណាស់ សមត្ថភាពរបស់នាយពេលនេះគឺមិនដូចពីមុនឡើយ ចង់បានអ្វីក៏បាន គោះតែម្រាមបន្តិចក៏ដូចចិត្តប្រៀបដូចគេជប់ទៅហើយ
      <<អូននៅចាំទេកាលពីពេលដែលយើងទាក់ទងគ្នាលើកដំបូង? អូនថាអូនចង់បានសួនផ្កាដែលដាំសុទ្ធតែផ្កាកុលាប ពេលព្រឹកអូននឹងធ្វើតែកុលាបនោះឱ្យបងញ៉ាំ ហើយពួកយើងនិងរស់នៅជាមួយគ្នាដល់ចាស់>>
      ជេននីងក់ក្បាលតិចៗ ភ្លាមនោះជុងអ៉ីនក៏អូសដៃនាងទៅខាងក្រោយផ្ទះ រូបភាពចំពោះមុខប្រៀបដូចជាសុបិន្តរហូតជេននីលើកដៃខ្ទប់មាត់ខ្លួនឯងដោយភាពភ្ញាក់ផ្អើល
     <<នេះ....>>
     <<បងចំណាយពេលមើលថែវាសម្រាប់អូន និងរង់ចាំអូនមកធ្វើតែកុលាបឱ្យបងញ៉ាំតាមសន្យា!>>
     គេល្អពេកហើយ តើមានអ្វីមួយដែលប្រុសម្នាក់នេះភ្លេចដែរឬទេហ្ន៎? ជេននីញញឹមស្របពេលដែលតំណក់ទឹកថ្លាៗច្រាលចេញមកដោយភាពរំភើបដូចគ្នា។ភ្លាមៗនោះដែរនាងក៏ស្រាប់តែមានគំនិតមួយផុសឡើងដោយឯងឯងថា បើឡាលីធ្វើបែបនេះចំពោះនាងតើនាងនឹងរំភើបយ៉ាងណាទៅ? គិតហើយភ្លាមនាងក៏ប្រែទឹកមុខមួយរំពេចនៅសុខៗបែរជាគិតដូច្នេះ នាងឆ្កួតពេកហើយ!

#យមរាជ

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Wo Geschichten leben. Entdecke jetzt