រឿង លោកប្តីក្លែងក្លាយជាទីស្រលាញ់ ភាគទី33

1.3K 34 0
                                    

      ក្រោយពីបានជួបជាមួយអាល់ដាន់ សំណួរ និងចម្ងល់ជាច្រើនបានកើតមានឡើងនៅក្នុងខួរក្បាលរបស់ឆូរ៉ុង។ត្រឡប់មកផ្ទះវិញនាងអង្គុយមើលមុខឡាលីមឹសៗ ចង់សួរបន្តិចអត់បន្តិច បើសួរខ្លាចក្រែងគេស្ដីឱ្យព្រោះឡាលីធ្លាប់បដិសេធការឆ្លើយសំណួរទាក់ទងនឹងគ្រួសារគេរាប់ភ្លេចមកកាន់នាងទៅហើយ។
      <<ឡាលី! បងត្រូវការអីដែរទេ?>>
      គេគ្រវីក្បាលហើយញញឹម
      <<អត់ទេអរគុណហើយ!>>
      <<អឺ...នែ...>>
      ជាក្មេងដែលតែងតែចង់ដឹងចង់ឮរឿងច្រើន បើមិនបានដឹងច្បាស់ជានៅមិនសុខក្នុងអារម្មណ៍ឡើយ។ឡាលីដឹងថានាងប្រាកដជាឆ្ងល់ ហើយក៏ចង់ដឹងថាមានរឿងអីឱ្យប្រាកដទើបគេនិយាយប្រាប់នាងតែម្ដង
      <<ឆ្ងល់រឿងដែលខ្ញុំ និងអាល់ដាន់និយាយជាមួយគ្នានោះឬ?>>
      មិនបង្អង់យូរនាងក៏ឆ្លើយយ៉ាងរហ័ស
      <<ចាស៎!>>
      <<គេជាប្អូនជីដូនមួយបង្កើតរបស់ខ្ញុំ ខ្ញុំមិនមែនជនជាតិកូរ៉េទេឆូរ៉ុង>>
      ឡាលីនិយាយរៀបរាប់ប្រាប់ពីប្រវត្តិរបស់គេប្រាប់ទៅកាន់ស្រស់ស្រីសព្វគ្រប់គ្មានចន្លោះ។ភ្លាមនោះរឿងមួយក៏បានផុសឡើងក្នុងចិត្តរបស់នាងដែលនាងមិនអាចរំលងបាន
      <<ឡាលី! ចុះរូបថតនោះ...>>
      នាងកំពុងតែនិយាយដល់រូបថតដែលឡាលីថតជាមួយជេននីនោះឯង។គេប្រាប់ខ្លួនឯងថាមួយរយ:ពេលកន្លងមកនេះគេភ្លេចនាងហើយ តែពេលដែលរំលឹកពីនាងឡើងវិញម្ដងទៀតហេតុអីក៏បេះដូងគេនៅតែឈឺឆៀបៗបែបនេះ?
      <<រូបថតនោះមែនទេ?>>
      <<អឹម! វាមើលទៅដូចជាអ្នកទាំងពីរកំពុងថតរូបរៀបការ មនុស្សស្រីម្នាក់នោះជាអ្នកណា?>>
      ឡាលីញញឹមតិចៗឆ្លើយតបទាំងខ្សាវៗ
      <<ជាភរិយាកុងត្រា!>>
      នាងក្រមុំឆូរ៉ុងចងចិញ្ចើមមិនយល់សម្ដីរបស់គេ
      <<ស្អីទៅ?>>
      <<គឺបងបានរៀបការជាមួយនឹងនាងក្រោមកិច្ចសន្យាមួយដែលធ្វើឡើងដើម្បីតែគេចវេសពីបញ្ហាមួយចំនួនប៉ុណ្ណោះ>>
      <<អាចទៅរួចដែរឬ?>>
      ឡាលីងក់ក្បាលជាមួយភាពខូចចិត្តដាមក្នុងបេះដូងរបស់គេ វាមានអារម្មណ៍ថាជម្ងឺចាស់រើឡើងវិញ។ភាពឈឺចាប់នៅតែដិតជាប់ក្នុងខួរក្បាលរបស់គេជានិច្ច
      <<បងស្រលាញ់គាត់ទេ?>>
     ឆូរ៉ុងសួរទៅគេទាំងញ័របបូរមាត់ បេះដូងនាងក៏ប្រែជារញ្ជួយដោយការខកចិត្ត តើនាងកំពុងមានអារម្មណ៍ស្អីទៅ? ហេតុអីត្រូវមានអារម្មណ៍បែបនេះចំពោះគេ?
      <<ក៏ស្រលាញ់! តែពេលនេះមិនមែនទេ បងឆ្កួតម្នាក់ឯងដែលដើរហួសព្រំដែនដែលគេកំណត់ គេសម្ដែងតែបងបែរជាលង់ចិត្តទៅលើគេមែនទែន ចុងក្រោយអ្នកបាត់បង់គ្រប់យ៉ាងគឺជាបង>>
      និយាយបណ្ដើរតំណក់ទឹកភ្នែករបស់គេក៏ចាប់ផ្ដើមហូរស្រក់មកសរជាថ្មី។វាហូរក៏ព្រោះតែភាពខកចិត្តដ៏លើសលប់ គេដាក់ចិត្តទៅលើនាងខ្លាំងណាស់តែចុងក្រោយគេបានត្រឹមតែពាក្យថាស្អប់ត្រឡប់មកវិញប៉ុណ្ណោះ
      <<បងប្រហែលជាស្រលាញ់គាត់ខ្លាំងណាស់ហើយ!>>
      <<មែនហើយ បងស្រលាញ់នាងណាស់ តែបងក៏អាក្រក់ដែរដែលបង្ខំនាងទាំងដែលនាងមិនយល់ព្រម វាក៏សាកសមដែលបងត្រូវទទួលបែបនេះណា>>
     <<បានហើយ ឈប់រំលឹកទៅ ខ្ញុំ...ទៅធ្វើអីឱ្យបងញ៉ាំ ល្ងាចណាស់ទៅហើយនៀក>>
     ឆូរ៉ុងរកលេសគេចចេញទាំងរលីងរលោងទឹកភ្នែកចង់យំតាម នាងគ្រាន់តែចូលចិត្តគេប៉ុណ្ណោះតែហេតុអីចាំបាច់ដល់ថ្នាក់នេះដែរ?
      រំលងទៅបានប្រាំថ្ងៃឆូរ៉ុងក៏នាំឡាលីទៅលេងនៅឯសេអ៊ូល ម្យ៉ាងក៏ចង់ទៅស្គាល់ហាងកាហ្វេរបស់ឡាលីផង។គេមិនចង់ទៅឡើយតែដោយសារតែការរំអុកញោចៗរបស់ក្មេងម្នាក់នេះទាំងយប់ទាំងថ្ងៃ ធ្វើឱ្យគេស្រកៀត្រចៀកពន់ពេកទើបសម្រេចចិត្តថាយល់ព្រមតែម្ដង។
      មកដល់ភ្លាមឆូរ៉ុងរត់ឆ្វេចឆ្វាច មើលនេះបន្តិចមើលនោះបន្តិចដូចសេះដាច់បង្ហៀររហូតសឹងតែភ្លេចថាមានឡាលីជាមនុស្សពិការម្នាក់នេះមកតាមទៅហើយ។បើកុំតែបានប៊ុនផាកមកជាមួយកុំអីឡាលីច្បាស់ជាត្រូវយ៉ាប់ខ្លួនមិនខាន
      <<អ្នកនាង មួយៗទៅខ្ញុំតាមមិនទាន់ទេ!>>
      ប៊ុនផាកហៅនាងឱ្យឈប់តែមើលទៅស្រស់ស្រីហាក់មិនខ្វល់ឡើយ
      <<ឆូរ៉ុង! មិនឮប៊ុនផាកនិយាយទេឬ?>>
      នាងខ្ជឹបមាត់ងាកមកសម្លក់ពួកគេទាំងពីរយ៉ាងមាំ ឡាលីមិនបានដឹងឡើយថានាងកំពុងតែសម្លក់មកគេ តែប៊ុនផាកទៅវិញទេដែលទទួលដឹងនូវអារម្មណ៍ស្រៀវក្បាលនូវខ្សែភ្នែកពិឃាតរបស់នាងតូចនោះ
      <<ឮហើយ!>>
      <<អ្នកនាងឡាលី! សំណាងហើយដែលអ្នកនាងពិការ កុំអីច្បាស់ជាមានអារម្មណ៍ដូចខ្ញុំមិនខាន>>
      គេទាញកូនកន្សែងមកជូតញើសទាំងញ័រដៃ ឯឡាលីក៏សើចដោយភាពអស់សំណើច
      <<នេះលោកខ្លាចឆូរ៉ុងដល់ថ្នាក់នេះផងហ្អេស?>>
      <<ខ្ញុំមើលថែអ្នកនាងឆូរ៉ុងតាំងតែពីអាយុ7ឆ្នាំ អ្នកនាងថាទៅមើលខ្ញុំជួបរឿងអ្វីខ្លះ?>>
      <<ច្បាស់ជាពិបាកណាស់ហើយមើលទៅ>>
      <<កាលពីរៀននៅថ្នាក់មតេយ្យ ក្មេងៗរៀនជាមួយទៅផ្ទះទាំងយំរាល់ថ្ងាំរហូតទ្រាំមិនបានត្រូវជួលគ្រូមកបង្រៀនដល់ផ្ទះផ្ដាច់មុខ ពេលចូលរៀននៅវិទ្យាល័យ អ្នកណាក៏ល្បី គ្មានអ្នកណាហ៊ានក្អកជាមួយឡើយ មិនថាប្រុស មិនថាស្រីទេអ្នកនាងឆូរ៉ុងវាយរាបដល់ដី គ្រូណាឈ្លើយក៏មិនលើកលែងដែរ មួយថ្ងៃៗខ្ញុំចេញចូលសាលារបស់អ្នកនាងដូចផ្ទះខ្លួនឯងទៅហើយ នៅមានរឿងមួយទៀតអ្នកនាងទើបនឹងបញ្ចប់ថ្នាក់វិទ្យាល័យពីរខែមុននេះទេកំពុងត្រៀមចូលសាកលវិទ្យាល័យហើយ តែក៏បង្ករគ្រោះថ្នាក់ចរាចរណ៍ជាលើកទីមួយទៅហើយ>>
      ឡាលីស្ដាប់ឡើងចំហរមាត់ បែបនេះនៅអាចហៅថាជាមនុស្សធម្មតាដែរទេ?
      <<គួរឱ្យខ្លាចណាស់ប៊ុនផាក!>>
      <<ព្រោះតែបែបនេះហើយទើបលោកប្រុស និងលោកស្រីឱ្យអ្នកនាងនៅផ្ទះដាច់ដោយឡែកហ្នឹងណា មិនអ៉ីចឹងពួកគាត់ច្បាស់ជាធ្វើអីមិនកើតឡើយ>>
      <<ស្ដាប់ហើយក៏ព្រឺរោមដែរ!>>
      <<អ្នកទាំងពីរនិយាយគ្នារឿងអីហ្នឹង?>>
      កំពុងតែនិយាយដើមម្ចាស់សាមីខ្លួនក៏ដើរមកសួរល្មម ម្នាក់ៗមុខស្លេកបែកញើសជោកថ្ងាស។ឡាលីសើចហេសៗបន្លប់ដើម្បីកុំឱ្យនាងចាប់បានថាពួកគេនិយាយដើមនាង
      <<គ្មានអីទេ ហើយនេះដើរលេងឆ្អែតនៅ?>>
      <<កាយវិការអ្នកទាំងពីរដូចជាមានពិរុទ្ធ!>>
      <<គ្មា...គ្មានទេ!>>
      ពួកគេទាំងពីរនិយាយព្រមគ្នា ព្រោះដឹងចរិតក្មេងស្រីម្នាក់នេះច្បាស់
      <<ហឹស!>>
      ពួកគេទាំងបីដើរបន្តដំណើរទៅមុខទៀត ភ្លាមនោះជេននីក៏កំពុងតែដើរលើផ្លូវនោះដែរ។នាងកំពុងតែឱនមុខដាក់លុយក្នុងកាបូបលុះងើបមុខឡើងក៏ឃើញឡាលីកំពុងតែដើរជាមួយឆូរ៉ុង និងប៊ុនផាក។ដើរជាមួយអ្នកណានាងមិនខ្វល់ឡើយ សំខាន់គឺឡាលី។គេបាត់ទៅជាយូរ នាងតាមរកយ៉ាងណាក៏គ្មានដំណឹងពេលនេះបែរជានៅចំពោះមុខឡើងជ្រងោរៗ
      <<ឡាលី...គឺជាគេពិតមែន!>>
      នាងប្រឹងសើចទាំងទឹកភ្នែករួចរត់ទៅរកគេដោយភាពត្រេកអរ។ស្រស់ស្រីឈប់នៅពីមុខគេជាមួយស្នាមញញឹុម ឆូរ៉ុងម់លមុខជេននីភ្លឹះៗព្រោះគិតថានាងប្រហែលជាធ្លាប់ឃើញមុខស្រីម្នាក់នេះតែក៏មិនបានចាប់អារម្មណ៍ច្រើនព្រោះឡាលីរវល់តែស្ដាប់ឡាលីរៀបរាប់ពីទីកន្លែងនេះ។ជេននីឈរធ្មឹងស្រឡាំងកាំងពេលដែលឡាលីដើរហួសនាងទាំងមិនសូម្បីក្រលៀសភ្នែកសំឡឹងមើលមកស្រីសូម្បីបន្តិច។ក្នុងទ្រូងខាងឆ្វេងរបស់នាងឈឺខ្ទោកៗដោយអារម្មណ៍មួយមិនអាចពណ៌នាពីភាពឈឺចាប់នេះបានឡើយ។ទឹកភ្នែកស្រក់ចុះដោយមិនអាចទប់បានត្បិតមនុស្សដែលខ្លួនតាមរកជាយូរធ្វើមើលមិនឃើញនាង។នេះឬជាអ្វីដែលនាងទទួលបានបន្ទាប់ពីព្យាយាមរង់ចាំគេអស់រយ:ពេលជាយូរ?
      <<ឡាលី!>>

#យមរាជ

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now