រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់ ភាគទី30

1.3K 41 1
                                    

     ក្រោយចាកចេញពីផ្ទះឡាលីជេននីក៏មិនបានធ្វើការទាក់ទងនឹងគេទៀតដែរ។ទំនាក់ទំនងរវាងនាង និងគេត្រូវបានកាត់ផ្ដាច់ទាំងស្រុង។រាងស្ដើងអង្គុយក្នុងសួនផ្កាកុលាបទាំងកំពុងតែគិតពីឡាលី មួយរយៈនេះនាងភ្លឹកៗ ភាំងៗ ក្នុងចិត្តប្រែជាល្ហល្ហេវដូចជាបាត់បង់អ្វីម្យ៉ាង។ការរស់នៅជាមួយជុងអ៉ីនបែរជាដូចនៅតែរាងកាយ ឯបេះដូងឆ្ងាយពីគេទៅវិញ។
      <<ហ៉ើយ...>>
      នាងលើកទូរស័ព្ទមកមើលឆែករកអាខោនinstagramរបស់ឡាលី តែគេខានactiveជាងមួយខែទៅហើយ។ពីមុននាងធ្លាប់និយាយថាមិនចង់ដឹងឮ មិនចង់ពាក់ព័ន្ធអីនឹងគេទៀតឡើយតែពេលនេះបែរជារសាប់រសល់ចង់ដឹងសុខទុក្ខរបស់គេទៅវិញ។កំពុងតែច្របូកច្របល់ក៏ស្រាប់តែជុងអ៉ីនដើរចូលមកល្មម
      <<ធ្វើអីហ្នឹងជេន?>>
      <<អ៎! គ្មានអីទេ អូនគ្រាន់តែអង្គុយលេងប៉ុណ្ណោះ>>
      <<នេះពាក់អាវទៅមេឃត្រជាក់ណាស់!>>
      ជុងអ៉ីនយកអាវក្រៅរបស់គេមកដណ្ដប់ឱ្យនាងមុននឹងអង្គុយចុះក្បែរនាង។ជេននីប្រឹងសួរខ្លួនឯងម្ដងហើយម្ដងទៀតហេតុអ្វីនាងផ្លាស់់ប្ដូរ? ចំពោះជុងអ៉ីនពេលនេះគេប្រៀបដូចជាបងប្រុសនាងទៅវិញ ពេលខ្លះនាងមានអារម្មណ៍ថាគេមិនសាកសមនឹងមនុស្សស្រីដែលប្រឡូកប្រឡាក់ដូចនាងឡើយ។នាងជ្រុលជ្រួសនិងឡាលីទៅហើយ នាងមិនចង់ឱ្យជុងអ៉ីនត្រូវប្រើជីវិតជាមួយមនុស្សស្រីដូចនាងទេ តែពេលខ្លះនាងក៏មានអារម្មណ៍ថានាងមិនបានស្រលាញ់គេដូចកាលពីមុនឡើយ អារម្មណ៍ល្អៗប្រែជារសាត់ឃ្លាតឆ្ងាយមិនដឹងខ្លួន
      <<មួយរយៈនេះបងសង្កេតឃើញអូនដូចជាមិនសូវសប្បាយចិត្តសោះ តើមានរឿងអីដែរទេ?>>
     ជុងអ៉ីនសួរនាំដោយការបារម្ភ ខ្លាចថាគេធ្វើអ្វីឱ្យនាងមិនពេញចិត្ត ខ្លាចថាគេមានការខ្វះខាតដែលនាងមិនហ៊ាននិយាយ
      <<អត់ទេ...គឺ...មួយរយៈនេះអូនមានអារម្មណ៍ថាមិនសូវស្រួលខ្លួន>>
      នាងកុហកគេទៀតហើយ តើនាងត្រូវទ្រាំកុហកគេដល់ពេលណាទៀត? ក្ដីស្រលាញ់រវាងមនុស្សពីរនាក់ក្រែងត្រូវការ ការទុកចិត្តមិនអ៉ីចឹងឬ? ហើយហេតុអីនាងបែរជាក្បត់ការទុកចិត្តរបស់គេម្ដងហើយម្ដងទៀតបែបនេះទៅវិញ?
      <<បើបងធ្វើអីខុសអូនប្រាប់បងបានណា បងនឹងកែដើម្បីអូន>>
      <<បងមិនបានធ្វើអីខុសទេ គឺអូនគ្រាន់តែមានអារម្មណ៍ថានឹកម៉ាក់ប៉ុណ្ណោះ>>
      <<បើអ៉ីចឹងទៅលេងគាត់ទៅ?>>
      នាងងក់ក្បាលរួចក៏ឱ្យនាយជូននាងទៅដល់មុខផ្ទះរបស់អ្នកស្រីគីមទាល់តែបាន។មុននឹងដើរចូលទៅក្នុងផ្ទះរបស់ម៉ាក់ស្រស់ស្រីក៏ឆ្លៀតលួចងាកមើលទៅផ្ទះរបស់ឡាលី។ខាងមុខផ្ទះសុទ្ធតែស្លឹកឈើជ្រុះហាក់ដូចជាខានបោសសម្អាតយូរណាស់មកអ៉ីចឹង នាងជ្រួញចិញ្ចើមហើយក៏ដើរទៅក្នុងផ្ទះបាត់ទៅដោយចិញ្ចឹមចិត្តឆ្ងល់ពន់ពេក។
      <<ម៉ាក់!>>
      អ្នកស្រីគីមដែលកំពុងតែអង្គុយអានកាសែតក៏ងើបមុខមើលទៅកូនស្រីដែលកំពុងតែដើរចូលមកទាំងមុខមាំ។នាងភ្ញាក់នឹងទឹកមុខគាត់បន្តិចដែរតែមិនដឹងថាមូលហេតុអ្វីទើបគាត់ប្រែទឹកមុខទៅជាបែបនេះ
      <<អង្គុយចុះទៅ!>>
      នាងហាក់ទទួលដឹងនូវអារម្មណ៍មិនស្រួលតាមរយ:សំឡេងរបស់គាត់តែក៏អង្គុយចុះតាមបង្គាប់យ៉ាងស្ងៀមស្ងាត់
      <<ម៉ាក់!>>
      <<មានអីចង់និយាយ?>>
      <<គឺ...ម៉ាក់សុខសប្បាយទេ?>>
      <<មើលទៅដឹងហើយថាម៉ាក់សុខទេ!>>
      អ្នកស្រីគីមបោះឯកសារមួយមកលើតុនៅចំពោះនាងព្រមទាំងនិយាយដោយកំហឹង។ស្រស់ស្រីទាញវាមកមើលក៏ឃើញថានោះជាលិខិតលែងលះ
      <<នេះ...>>
      <<ឡាលីផ្ញើរវាមកឱ្យម៉ាក់កាលពីម្សិលមិញ ហើយឆាប់ប្រាប់មកថាតើរវាងពួកឯងវាយ៉ាងម៉េចឱ្យប្រាកដ?>>
      មិនមែនឡាលីជាអ្នកផ្ញើរមកឡើយ តែគេយកវាមកដោយផ្ទាល់តែម្ដង។ឡាលីបានយកលិខិតលែងលះមកឱ្យគាត់ទាំងនិយាយប្រាប់ពីហេតុផលដ៏ហួសចិត្តដែលគាត់មិននឹកស្មានថាមនុស្សដូចឡាលីអាចធ្វើទៅរួច
      <<ម៉ាក់គឺ...>>
      <<វាធ្វើបាបឯងយូរប៉ុណ្ណាហើយជេន? ហេតុអីក៏កូនមិនប្រាប់ម៉ាក់? ហេតុអីក៏កូនទ្រាំឱ្យគេធ្វើបាបយ៉ាងនេះហ្អាស?>>
      ជេននីទៅជាស្រឡាំងកាំងមិនយល់សម្ដីអ្នកជាម្ដាយ គេធ្វើបាបនាងយ៉ាងម៉េច? គាត់កាន់តែនិយាយនាងកាន់តែចាប់មិនយល់ន័យ
      <<ម៉ាក់និយាយអីហ្នឹង?>>
      <<ម៉ាក់ដឹងការពិតអស់ហើយជេន តើកូនចង់នៅការពារវាដល់ពេលណាទៀត? គេមានស្រីក្រៅក្បត់ចិត្តឯងទើបគេចង់លែងលះនឹងឯង ដល់ដំណាក់កាលនេះទៅហើយហេតុអីមិនព្រមប្រាប់ម៉ាក់ទៀត?>>
      ជេននីស្រឡាំងកាំងសឹងធ្លាក់ថ្លើម គេមិនបានប្រាប់ការពិតទៅម៉ាក់របស់នាងឡើយ ថែមទាំងនៅការពារឈ្មោះនាងទៀត។ការពិតទៅជានាងទៅវិញទេដែលធ្វើបាបគេ ជានាងទៅវិញទេដែលជាអ្នកក្បត់គេពិតប្រាកដ។តំណក់ទឹករាវថ្លាបានស្រក់ចុះសន្សឹមៗលើថ្ពាល់ជាមួយការស្ដាយក្រោយ នាងនឹកដល់ពេលដែលនាងបដិសេធនូវសំណើរបស់គេយ៉ាងឃោរឃៅ ពេលដែលនាងនិយាយកាត់ផ្ដាច់ចំណងយ៉ាងដាច់ខាតជាមួយនឹងគេទាំងបេះដូងខ្លួនឯងក៏ត្រូវបានផ្សារភ្ជាប់នឹងបេះដូងគេដែរ។
      <<ជេន...>>
      <<ហឹក...ហ៉ឺ...>>
      នាងគ្រវីក្បាលបណ្ដើរយំបណ្ដើរមុននឹងនិយាយទាំងអណ្ដឺតអណ្ដកប្រាប់ការពិតគ្រប់យ៉ាងទៅកាន់ម្ដាយខ្លួន។ឮហើយអ្នកស្រីគីមក៏គក់ទ្រូងហួសចិត្តនឹងកូនស្រីខ្លួនឯងទៅវិញ ជួបមនុស្សល្អទៅហើយបែរជាទៅស្រវាអ្នកផ្សេងទៅវិញ
      <<ហឹកៗ...ម៉ាក់...ខ្ញុំទៅរកគេសិន>>
      នាងប្រុងនឹងងើបចេញទៅតែក៏ត្រូវអ្នកស្រីឃាត់
      <<គេមិនបាននៅទីនេះទៀតទេជេន!>>
      គេមិនបាននៅទីនេះ? អ៉ីចឹងតើគេទៅណា? គេទៅព្រោះតែនាងមែនទេ?
      <<តើគេទៅណាម៉ាក់?>>
      <<ម៉ាក់ក៏មិនដឹងដែរ!>>
      គាត់គ្រវីក្បាលបញ្ជាក់ថាមិនដឹងកាន់តែធ្វើឱ្យជេនអន្ទះអន្ទែងដោយភាពខូចចិត្ត។មកពីនាងគ្រប់យ៉ាង នាងជាអ្នកធ្វើឱ្យចេញឆ្ងាយពីខ្លួន ដល់ពេលដែលបាត់បង់គេទៅទើបស្ដាយក្រោយ នាងធ្វើបាបចិត្តមនុស្សដែលស្រលាញ់នាងដល់ទៅពីរនាក់ក្នុងពេលតែមួយ។ជាពិសេសគឺឡាលី នាងអាក្រក់ណាស់មែនទេ?
      មកមើលឡាលីឯណេះវិញ ពេលនេះគេត្រូវបានលោកលីមនាំមករស់នៅផ្ទះលំហែរបស់គាត់នៅឯមាត់សមុទ្រនៃកោះជេជូជាមួយឆូរ៉ុង។ការងារកូនស្រីរបស់គាត់ពេលនេះគឺមើលថែឡាលីរហូតដល់ជាដូចដើម។របួសគេពេលនេះបានជាសះស្បើយហើយ នៅឡើយតែភ្នែក។គេរៀនប្រើជីវិតជាមនុស្សពិការនិងប្រើប្រាស់ភាពស្រមើស្រមៃជំនួសឱ្យការមើលឃើញ
      <<ឡាលី! បងចង់លេងទឹកទេ?>>
      ឆូរ៉ុងសួរនាំឡាលីទាំងលើកដៃមកឱបកៀកដើមដៃគេបណ្ដើរ
      <<បើចង់ទៅលេងទឹកខ្លួនឯងក៏ថាទៅ!>>
      នាងពេបមាត់ពេលដែលគេតាមទាន់ជាន់កែងខ្លួនដូច្នោះ
      <<ឥឡូវទៅឬអត់?>>
      <<ទៅក៏បានកុំឱ្យក្មេងងរ!>>
      ឆូរ៉ុងសើចចេញធ្មេញសស្គុះរួចក៏ប្រញាប់ដឹកដៃគេចេញទៅក្រៅជាមួយខ្លួន។ជើងស្រឡូនទាំងពីរបានប៉ះផ្ទាល់ជាមួយនឹងទឹកសមុទ្រធ្វើឱ្យឆូរ៉ុងគ្រញែងខ្លួនដោយអារម្មណ៍ត្រជាក់
      <<ទឹកត្រជាក់ដល់ហើយ!>>
      សា!
      <<អា!>>
      នាងក្រមុំជះទឹកស្រោចខ្លួនឡាលីសើមជោករួចសើចកក្អឹក ឡាលីបែរខ្លួនទៅរកនាងតាមសំឡេងហើយក៏ប្រញាប់ទាញនាងឱ្យមកក្បែរខ្លួនរួចចាប់ជ្រមុចទឹកឱ្យស្រស់ស្រីប្រឹងរើបម្រះឡើងហត់គឃូស
      <<លេងខូចគេហើយ!>>
      ឡាលីសើចស្រស់មុននឹងចាប់ក្រសោបចង្កេះនាងឱ្យផ្អឹបជាប់នឹងខ្លួនគេត្បិតខ្លាចថានាងងើបមិនរួចឈ្លក់ទឹក។ផ្ទៃមុខរលោងស្រិលនៅកៀកបង្កើយនឹងច្រមុះឆូរ៉ុងធ្វើឱ្យនាងអាចទទួលដឹងនូវក្លិនក្រអូបប្រហើរចេញពីស្បែករបស់គេ។បេះដូងស្រីតូចប្រែជាលោតញាប់ដូចរន្ទះ កាន់តែសំឡឹងមុខគេ នាងកាន់តែមានអារម្មណ៍ថាប្លែករហូតដល់មុខនាងឡើងក្រហមដោយភាពអៀនខ្មាស។
      <<ឆូរ៉ុង? យ៉ាងម៉េចហើយហ្នឹង? ហេតុអីក៏ស្ងាត់មាត់?>>
      ឡាលីលើកដៃម្ខាងទៀតរាវមកស្ទាបមុខនាងដោយការបារម្ភព្រោះបាត់មាត់បាត់កឡើងស្ងាត់ជ្រាបឮតែសំឡេងរលកសមុទ្រ។

#យមរាជ

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now