រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់ ភាគទី21

1.1K 46 0
                                    


     <<ពួកយើងគិតរឿងនោះតាមក្រោយទៅពេលនេះបងឆាប់ញ៉ាំហើយសម្រាកទៅនឹងអាលឆាប់ជា!>>
     ជេននីញញឹមតិចៗលួងលោមនាយឱ្យប្រញាប់ញ៉ាំបាយនឹងអាលគេង។វាហាក់ភ្លាមៗសម្រាប់នាង ជុងអ៉ីនប្រញាប់ញ៉ាំបាយរហូតរួចរាល់ព្រោះមិនចង់ឱ្យស្រស់ស្រីនិយាយច្រើនសារ។
     <<បងលេបថ្នាំរួចឬនៅ?>>
     <<នៅទេ!>>
     <<ឆាប់លេបទៅអញ្ចឹង!>>
     <<បាទ!>>
     នាងយកថ្នាំឱ្យគេរួចក៏ហុចទឹកមួយកែវមកឱ្យនាយ។ជុងអ៉ីនលេបថ្នាំរួចក៏ដឹងថានាងប្រាកដជាទៅវិញទើបគេប្រញាប់និយាយឃាត់
     <<អូននឹងត្រូវទៅវិញឥឡូវមែនទេ?>>
     <<ចាស៎! ម៉ាក់ចាំផ្លូវយូរហើយ>>
     <<មិនអីទេទៅចុះអញ្ចឹង! ស្អែកបងប្រហែលអាចចេញពីមន្ទីរពេទ្យបានហើយ បងនឹងឆាប់គិតគូររឿងនេះ>>
     ជេនញញឹមតិចៗទាំងបង្ខំហើយងក់ក្បាលមុននឹងដើរចេញទៅ។មកដល់ផ្ទះវិញនាងក៏អង្គុយនៅក្នុងសួនខាងក្រៅដោយមុខស្ងួត រឿងរ៉ាវជាច្រើនក្នុងចិត្តនាងដែលមិនអាចហាស្ដីចេញទៅប្រាប់អ្នកណាបាន។រឿងរវាងនាងនិងជុងអ៉ីនគឺកើតឡើងច្រើនឆ្នាំហើយ អានុស្សាវរីយ៍មានជាមួយគ្នារាប់មិនអស់។ក្ដីស្រលាញ់ ការបារម្ភចំពោះគ្នាគឺនៅដដែល តែងាកទៅម្ខាងទៀតគឺនាងមានអារម្មណ៍ថាខុសចំពោះឡាលី។នាងនិងគេមិនទាន់មានទំនាក់ទំនងអ្វីដែលជ្រាលជ្រៅនៅឡើយទេនាងគួរតែប្រញាប់បញ្ចប់ទើបបាន។
     <<បងមកយូរឬនៅ? ហេតុអីមិនព្រមចូលក្នុង?>>
     ជេននីភ្ញាក់ព្រើតពេលសំឡេងរបស់ឡាលីបន្លឺឡើងនៅក្រោយខ្នងនាងមិនដឹងថាគេមកតាំងពីពេលណា
     <<អា! គឺទើបតែមកដល់ដែរទេ មេឃថ្ងៃនេះស្រឡះល្អណាស់ទើបចង់អង្គុយលេងបន្តិចសិនហ្នឹងណា>>
     <<ចិត្តអាក្រក់ណាស់ចង់អង្គុយតែម្នាក់ឯងមិនហៅខ្ញុំមកអង្គុយជាមួយទេឬ?>>
     គេថាឱ្យនាងជាមួយទឹកមុខក្រមិចក្រមើមមុននឹងអង្គុយក្បែរនាងរួចផ្ដេកក្បាលលើស្មាស្រស់ស្រី។បេះដូងដែលទើបនឹងស្ងប់សុខស្រាប់តែចាប់ផ្ដើមរង្គោះរង្គើញាប់ញ័រដូចត្រូវចរន្តអគ្គិសនីឆក់ម្ដងទៀត ជេនដកដង្ហើមចេញចូលវែងៗសម្រួលអារម្មណ៍អង្គុយស្ងៀមឡើងរឹងដៃរឹងជើងអស់ទៅហើយ
    <<មេឃត្រជាក់ណាស់ខ្ញុំចង់នៅជាមួយបងនៅថ្ងៃដែលមានព្រិលធ្លាក់ដំបូង ចង់ផ្សងបំណងមួយជាមួយបង ហិហិ>>
     សំឡេងគេគួរឱ្យស្រលាញ់ណាស់តែនាងមិនអាចឱ្យបេះដីងទៅគេបានឡើយ
     <<ឯងចង់ផ្សងអីទៅ?>>
     <<គឺចង់ឱ្យពួកយើងនៅជាមួយគ្នារហូត!>>
     ឡាលីនិយាយទាំងញញឹមហើយងើបមើលមុខនាងសើចស្ងេញហាក់មិនបានដឹងឡើយថាជេននីកំពុងតែគិតអ្វីក្នុងចិត្តពេលនេះ
     <<ឯងគិតយ៉ាងម៉េចចំពោះខ្ញុំឡាលី?>>
     <<គឺប្រាកដជាស្រលាញ់ហើយ! បងដឹងថាខ្ញុំស្រលាញ់បងប៉ុណ្ណាដែរទេ?>>
     <<ឡាលី...>>
     <<ហេតុអីក៏បងធ្វើមុខបែបនេះ? បងមានរឿងអីហ្អេស?>>
     គេលើកដៃអង្អែលថ្ពាល់នាងថ្នមៗ ស្របពេលនោះទឹកភ្នែកពីរតំណក់បានស្រក់ចុះមកប៉ះម្រាមដៃរបស់គេធ្វើឱ្យគេមានអារម្មណ៍មិនស្រួលក្នុងចិត្តឡើង
     <<ជេននី! បងយំឬ?>>
     គេស្រវាឱបនាងក្នុងដៃទាំងរន្ធត់ចិត្ត ជេននីហាមាត់មិនរួចឡើយតែទីបំផុតនាងក៏និយាយឡើងទាំងតឹងទ្រូងស្ទើរធ្លាយទៅហើយ
     <<ពួកយើងលែងលះគ្នាទៅ!>>
     ឮហើយបេះដូងគេស្ទើរតែរលាយពីក្នុងទ្រូង ត្រចៀកទាំងសងក៏ហ៉ឹងស្ដាប់អ្វីមិនចង់ឮ។ឡាលីលែងខ្លួននាងបន្តិចម្ដងៗរួចសួរនាងម្ដងទៀតទាំងញ័រមាត់ទទ្រើក
     <<បង...បងនិយាយថាម៉េច?>>
     <<ពួកយើងលែងលះគ្នាទៅ! មនុស្សដែលខ្ញុំស្រលាញ់គេត្រឡប់មកវិញហើយ ខ្ញុំនឹងត្រូវរៀបការហើយរស់នៅជាមួយមនុស្សដែលខ្ញុំស្រលាញ់ពិតប្រាកដ>>
     សម្ដីនាងមួយម៉ាត់ៗប្រៀបបីដូចជាកាំបិតឆូតទ្រូងគេឱ្យហូរឈាមដូច្នោះ។ឡាលីមើលមាត់ដ៏តូចរបស់នាងទាំងមិនជឿថានាងអាចនិយាយពាក្យទាំងនេះមកកាន់គេបាន
     <<អ្នកណា? ហេតុអីក៏បងធ្វើបែបនេះ? ខ្ញុំស្រលាញ់បងណាជេននី>>
     <<ហឹកៗ ខ្ញុំដឹងថាឯងស្រលាញ់ខ្ញុំតែខ្ញុំសុំទោស ហឹកៗ សុំទោសពិតមែន>>
     គេមានអារម្មណ៍ថាភ្នែកគេកំពុងតែក្ដៅផ្សាក្រហាយខ្លាំងណាស់ ទឹកភ្នែកគេកំពុងតែបង្ខិតបង្ខំចង់ហូរមកហើយ
     <<ជុងអ៉ីននោះឬ? តើជាមនុស្សប្រុសម្នាក់ដែលបោះបង់បងហ្នឹងមែនទេ?>>
     <<គេមិនបានបោះបង់ខ្ញុំទេ!>>
     នាងស្រែកឱ្យគេហាក់កំពុងតែការពារបុរសម្នាក់នោះ។ឡាលីសឹងទន់ជង្គង់ទៅហើយ អ្វីដែលគេធ្វើកន្លងមកមិនអាចយកឈ្នះបេះដូងនាងបន្តិចសោះឬ?
     <<ខ្ញុំមិនដែលមានវត្តមានក្នុងដូងបងសូម្បីតែបន្តិចឬ?>>
     នាងដឹងថាការបដិសេធរបស់នាងនឹងធ្វើឱ្យគេឈឺចាប់ តែនាងមិនចង់ឱ្យគេលង់ខ្លួនជាងនេះបើបន្តគេនឹងឈឺខ្លាំងជាងនេះមិនខាន
     <<ខ្ញុំដឹងថាឯងនឹងខកចិត្តចំពោះរឿងនេះ តែខ្ញុំពិតជាសុំទោស ស្នេហាវាពិតជាអាក្រក់ណាស់ ហើយដែលសំខាន់បេះដូងខ្ញុំតូចចង្អៀតណាស់មិនអាចដាក់ឯងម្នាក់ទៀតបានឡើយ>>
     មិនអាចដាក់គេបានអញ្ចឹងឬ? សម្លាប់គេវិញទៅល្អជាងឱ្យគេរស់នៅប្រឈមនឹងការដែលគ្មាននាងនៅក្បែរបែបនេះ។ជេននីប្រុងនឹងដើរចេញតែគេក៏ចាប់ដៃនាងជាប់បញ្ឈប់ដំណើរត្បិតគេមិនអស់ចិត្ត
     <<បង...ពិតជាចង់ទៅចោលខ្ញុំពិតមែនឬ?>>
     ជេននីលេបទឹកភ្នែកនិយាយនឹងគេឱ្យដាច់ស្រេច
     <<ពួកយើងមានផ្លូវតែមួយដូចគ្នានោះគឺចង់រស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ ការឈឺចាប់នៅក្នុងចិត្តរបស់ឯងខ្ញុំយល់ច្បាស់ណាស់តែខ្ញុំមិនអាចធ្វើអ្វីលើសពីនេះបានឡើយ សុំទោស>>
     ថាចប់នាងក៏ប្រលេះដៃគេចេញរួចដើរទៅក្នុងផ្ទះបាត់ដោយមិននៅនិយាយអ្វីនឹងឡាលីទៀតនោះទេ។រាងខ្ពស់ឈរស្ងៀមទ្រឹងម្នាក់ឯងក្រោមអាកាសធាតុក៏ត្រជាក់ដែលហាក់កំពុងតែបង្កកបេះដូងគេឱ្យធូរស្បើយពីការឈឺចាប់នេះបានខ្លះ។មុននេះនាងសុំទោសគេឬ? ពាក្យសុំទោសពីរម៉ាត់តើគិតថាអាចផ្លាស់ប្ដូរបេះដូងដែលស្រលាញ់នាងបានអញ្ចឹងឬ? តើគិតថាធ្វើបែបនេះហើយគេនឹងមិនឈឺចាប់ឬ? នាងចាត់ទុកថាគេជារបស់លេងឬយ៉ាងម៉េចទើបចង់ហៅមកការក៏បានការ ចង់លែងលះក៏លែងភ្លាមៗបែបនេះ? គេលះបង់គ្រប់យ៉ាងដើម្បីតែនាង តែអ្វីដែលគេទទួលបានគឺនាមជាស្វាមីក្លែងក្លាយមិនបានសូម្បីក្ដីស្រលាញ់ក្ដីអាណិតពីនាងបែបនេះឬ? ហេតុអីក៏អាត្មានិយមបែបនេះ គីម ជេននី!

#យមរាជ

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now