រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់ ភាគទី13

1.1K 46 0
                                    


     ក្រោយពីត្រឡប់មកពីញ៉ាំអីវិញពួកគេក៏ឆ្លៀតដើរលេងកន្លែងផ្សេងៗដោយមានឡាលីជាអ្នកនាំផ្លូវ និងនៅក្បែរជេននីយ៉ាងជិតស្និទ។ដៃម្ខាងកាន់ការ៉េម ដៃម្ខាងទៀតកាន់ដៃជេនរត់ឆ្លងផ្លូវដោយមិនខ្វល់ពីក្រសែភ្នែកនាងក្រមុំដែលមើលគេដោយភាពចម្លែកនោះទេ។នាងមានអារម្មណ៍ថាសប្បាយចិត្ត និងកក់ក្ដៅ តែនាងមិនចង់ឱ្យទំនាក់ទំនងរវាងនាងនិងគេប្រែក្លាយទៅជាអ្វីលើសពីនេះឡើយ ព្រោះនាងខ្លាច! ខ្លាចថានឹងត្រូវឈឺចាប់ម្ដងទៀត។នាងអាយុប៉ុណ្ណេះទៅហើយរឿងអីដែលថានាងមិនធ្លាប់មានអារម្មណ៍ស្នេហានឹងអ្នកណានោះ គ្រាន់តែនាងមិនបានបង្ហាញប្រាប់អ្នកណាតែប៉ុណ្ណោះ។ជេននីធ្លាប់ទាក់ទងនឹងមនុស្សប្រុសម្នាក់ តែស្នេហានោះបានផ្ដល់ឱ្យនាងនូវសេចក្ដីឈឺចាប់ដក់ជាប់ក្នុងចិត្តមិនរសាយ។វាយូរណាស់មកហើយ តែនាងនៅតែរាងចាលនឹងវា នាងនៅតែមិនអាចធ្វើចិត្តបាន ស្នេហាវាពិតជាសាហាវលើសពីអ្វីទៅទៀត ព្រោះតែដូច្នេះទើបនាងមិនចង់ឱ្យខ្លួនឯងត្រូវប្រឡូកធ្លាក់ចូលអន្លង់នោះម្ដងទៀតទេ។
     <<បងស្រី! មើលនោះទៅ ស្អាតដែរទេ?>>
     ឡាលីហៅជេនឱ្យងាកទៅមើលហាងលក់តុកក្កតាតូចមួយនៅចិញ្ចើមផ្លូវធ្វើឱ្យនាងក្រមុំភ្ញាក់កន្ត្ត្រាក់ដកខ្លួនចេញពីអតីតកាលមកវិញ
     <<អ៎! តោះទៅមើលបន្តិចទៅ>>
     ឡាលីញញឹមស្រស់ហើយក៏ញ៉ាំការ៉េមរបស់គេបណ្ដើរ ដើរទៅហាងនោះបណ្ដើរ
     <<សួស្ដីអ្នកនាង! ត្រូវការអ្វីដែរសូមរើសតាមចិត្តបាទ>>
     បុរសចំណាស់ជាអ្នកលក់និយាយទៅកាន់ឡាលី និងជេននីដោយស្នាមញញឹម។គេញញឹមតបហើយក៏លូកទៅចាប់តុក្កតាខ្លាឃ្មុំតូចមួយឡើងមកមុននឹងខ្សឹបតិចៗជាមួយម្ចាស់ហាង
     <<លោកអ៊ំ! ខ្លាឃ្មុំនេះខ្ញុំទិញឱ្យមនុស្សដែលខ្ញុំស្រលាញ់ លោកអ៊ំគិតថាសាកសមដែរទេ?>>
     <<យកអាពណ៌ផ្កាឈូកនោះវិញទៅស្រស់បំព្រងជាង!>>
     <<តែគាត់មិនចូលចិត្តពណ៌របៀបនេះទេ!>>
     <<បើអញ្ចឹងយកពណ៌បែបធម្មជាតិ អានេះទៅដូចខ្លាឃ្មុំពិតអញ្ចឹង>>
     គាត់រើសយកខ្លាឃ្មុំតូចមួយពណ៌ត្មោតដិតមលឱ្យឡាលីទាំងខ្សឹបខ្សៀវធ្វើឱ្យជេននីនឹកឆ្ងល់មិនដឹងថាអ្នកទាំងពីរនេះកំពុងតែធ្វើស្អី
     <<ឡាលី! ឯងធ្វើអីយូរម្ល៉េះហ្នឹង?>>
     <<ចាំបន្តិចបង!>>
      ថាហើយគេក៏មើលមុខម្ចាស់ហាងបន្តិចរួចក៏ថើរចេញមកទាំងមានស្នាមញញឹមគែមមាត់តិចៗហាក់កំពុងតែលាក់ស្នាមញញឹមនោះ
     <<ឯងមិនទិញអីទេឬ?>>
     <<មិនទីញទេរបស់មិនត្រូវចិត្ត!>>
     ថាហើយគេក៏នាំនាងឡើងឡានចេញមកផ្ទះវិញបាត់ ក្រោមការតាមមើលពីអ៊ំម្ចាស់ហាងមិនដាក់ភ្នែក។រំលងបានមួយថ្ងៃក្រោយមកពួកគេទាំងពីរអ្នកក៏ត្រឡប់មកកូរ៉េវិញ ជេននីហាក់ធូរក្នុងទ្រូងខ្លាំងណាស់ដែលបានត្រឡប់មកដល់ផ្ទះរបស់នាងវិញ។អ្នកស្រីគីមអង្គុយលើសាឡុងមើលមុខកូនស្រីបន្តិច មើលទៅឡាលីបន្តិច
     <<ប៉ាម៉ាក់ឯងនិយាយថាម៉េច?>>
     ឡាលីធ្លាក់ទឹកមុខ គេអន់ចិត្តដែលអ្នកផ្ទះរបស់គេទទួលនាងមិនបានល្អ គេខ្មាសខ្លួនឯងណាស់!
     <<ខ្ញុំសុំ....>>
     <<ប៉ាម៉ាក់របស់ឡាលីទទួលខ្ញុំបានល្អណាស់ម៉ាក់! ហើយការរៀបការគាត់មិនប្រឆាំងទេ តែគាត់បានប្រាប់ថាឱ្យពួកខ្ញុំរៀបការឆាប់នេះចុះ តែពេលរៀបការគាត់មិនបានមកចូលរួមទេ!>>
     អ្នកស្រីគីមចងចិញ្ចើម ការកូនទាំងមូលហេតុអីក៏មិនមក?
     <<ហេតុអីក៏មិនមក?>>
     ជេនដឹងច្បាស់ថាម៉ាក់នាងមិនពេញចិត្ត តែនាងមិនចង់ឱ្យគាត់ស្ដីបន្ទោសទៅលើឡាលីឡើយ
     <<ម៉ាក់! ពួកគាត់មានការចាំបាច់ដែលមិនអាចមកបាន ដោយសារតែប្អូនរបស់ឡាលីមានជម្ងឺធ្ងន់មិនអាចទុកចោលគ្មានអ្នកមើលបាន ឯប៉ារបស់ឡាលីត្រូវរ៉ាប់រងការងារតែម្នាក់ឯងជ្រែកខ្លួន អ្នកម៉ាក់ក៏យល់អារម្មណ៍នេះដែរពេលប៉ាស្លាប់មិនអញ្ចឹង?>>
     ហេតុផលនេះទទួលយកបាន គាត់យល់ពីអារម្មណ៍នោះទើបស្ងាត់ស្ងៀមមិនសួរដេញដោលអ្វីបន្ត
     <<បើអញ្ចឹងម៉ាក់ក៏សប្បាយចិត្តដែលខាងគេរីករាយនឹងឯង!>>
     <<ចាស៎!>>
     ក្រោយនិយាយជាមួយនឹងគាត់រួចជេនក៏ជូនឡាលីទៅផ្ទះ ហើយក៏ឆ្លៀតចូលទៅផ្ទះគេតែម្ដង។នាងទម្លាក់ខ្លួនលើសាឡុងដោយភាពនឿយហត់
     <<បងកុហកម៉ាក់ធ្វើអី?>>
     ឡាលីសួរទៅកាន់នាងទាំងជ្រួញចិញ្ចើម គេខ្មាសខ្លួនឯងដែលនាំនាងឱ្យទៅជួបរឿងឈឺខួរជាច្រើន គេមិនបាននាំនាងឱ្យទៅជួបរឿងល្អបន្តិចសោះ
     <<ព្រោះខ្ញុំមិនចង់ឱ្យគាត់គិតច្រើន និងគិតមិនល្អទៅលើគ្រួសាររបស់ឯង>>
     <<គាត់គិតបែបនោះគឺត្រឹមត្រូវហើយ ព្រោះវាជាការពិត ខ្ញុំខ្មាសខ្លួនឯងណាស់ដែលមើលថែបងមិនបានល្អបែបនេះ>>
     គេនិយាយខ្លាំងៗទាំងមុខស្ងួត។ជេនឃើញហើយក៏មិនដឹងនិយាយអ្វីនាងក៏ទាញគេមកឱបឱ្យស្ងប់អារម្មណ៍ខ្លះ កម្ដៅខ្លួនប៉ះគ្នាវាក៏ធ្វើឱ្យគេត្រជាក់ចិត្តបានខ្លះដែរតែនៅតែដក់ជាប់នូវគំនិតបន្ទោសខ្លួនឯងដដែល
     <<កុំគិតបែបនេះ សំខាន់ពេលនេះពួកយើងលែងអីហើយទេតើ ត្រូវរស់នៅដោយសប្បាយចិត្តកុំខ្វល់ពីសម្ដីគេ កុំខ្វល់ពីការមើលឃើញរបស់អ្នកដទៃមកលើយើង>>
     ឡាលីស្រវាឱបជេននីដោយអារម្មណ៍ស្ងប់ចិត្ត មាននាងគេក៏អាចគ្រប់គ្រងកំហឹង គ្រប់គ្រងការឈឺចាប់ និងអារម្មណ៍ផ្សេងទៀតបានដោយត្រជាក់ចិត្ត។សម្ដីនាងមួយម៉ាត់ៗពេលនេះហាក់ជ្រួតជ្រាបបញ្ចេញឥទ្ធិពលលើគេខ្លាំងលើសអ្វីទៅទៀត។
     <<បងស្រី!>>
     <<ហឹម?>>
     <<តើពួកយើងអាចរៀបការនៅខែក្រោយនេះបានទេ?>>
     គេចងើរៀបការឆាប់ៗ ចង់ឱ្យនាងក្លាយមកជារបស់គេឆាប់ៗ បើទោះជាក្លែងក្លាយតែគេក៏ចង់ប្រើឈ្មោះជាស្វាមីនាងដែរ។គេប្ដេជ្ញាថានឹងធ្វើខ្លួនឱ្យក្លាយជាមនុស្សធំដែលនាងអាចពឹងពាក់បាន និងទុកចិត្តជាងគេក្នុងលោកមួយនេះ។
     <<ឯងចង់រៀបការលឿនថ្នាក់នេះផងឬ?>>
     <<អញ្ចឹងក៏ល្អនឹងអាលឱ្យឆាប់ចប់នោះអី!>>
     <<អញចឹងស្អែកនេះទៅលរ៉ូបល្អទេ?>>
     <<អូខេ! ចាំខ្ញុំជូនបងទៅ>>
     គេសើចបញ្ចេញធ្មេញសស្គុះដាក់ស្រស់ស្រីមុននឹងឱ្យជេនត្រឡប់ទៅផ្ទះវិញ។

#យមរាជ

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now