រឿង លោកប្តីក្លែងក្លាយជាទីស្រលាញ់ ភាគទី39

1.6K 45 0
                                    

     ជេននីរស់នៅជាមួយឡាលីយ៉ាងមានក្ដីសុខអស់រយ:ពេលជាងមួយខែ។ការរស់នៅរបស់ពួកគេគឺក្នុងនាមជាប្ដីប្រពន្ធស្របច្បាប់ ហើយថ្ងៃនេះដែរពួកគេទាំងពីរក៏លេចខ្លួនឡើងនៅលើទឹកដីនៃប្រទេសអ៉ីតាលី ឡាលីត្រឡប់មកកាន់រាជវាំងរបស់គេវិញក្រោមការទទូចអង្វរពីអាល់ដាន់ដែលជាប្អូនជីដូនមួយរបស់គេ និងម្ចាស់ប៉ា។មកដល់ភ្លាមអង្គរក្សវាំងជាច្រើននាក់បានដង្ហែរជាក្បួនអមដំណើរជេននី និងឡាលីចូលមកដល់ក្នុងវាំងដោយសុវត្ថិភាព។
     ថ្ងៃនេះគ្រប់គ្នានៅជុំគ្នាល្អណាស់ ជេននីកៀកដៃឡាលីដើរចូលក្នុងវិមានដ៏ស្កឹមស្កៃនេះដោយគ្មានភ័យខ្លាចដូចកាលពីមុនឡើយ។ស្រស់ស្រីបោះជំហានដោយភាពជឿជាក់ និងលែងខ្វល់ខ្វាយពីកែវភ្នែកពិឃាតរបស់អ្នកដទៃសូម្បីបន្តិច
     <<ឡាលី! ខាងនេះ>>
     ជេននីដឹកដៃគេទៅអង្គុយទល់មុខម្ចាស់ប៉ា និងម្ចាស់ម៉ាក់របស់គេរួចទើបនាងអោនខ្លួនគោរពទៅកាន់ពួកគាត់
     <<សួស្ដីម្ចាស់ប៉ា ម្ចាស់ម៉ាក់!>>
     <<ល្អហើយអង្គុយចុះទៅ!>>
     <<តាមដែលខ្ញុំដឹងដូចជាគ្មានអ្នកណាគេហៅនាងមកទេមែនទេ?>>
     ម្ចាស់មីងរបស់ឡាលីនិយាយសម្ដីដៀមដាមទៅកាន់ជេននីជាមួយខ្សែភ្នែកក្រឡេបក្រឡាប់ តែភ្លាមនោះសំឡេងអាល់ដាន់ក៏បន្លឺឡើងកាត់ភ្លាមៗ
     <<គឺខ្ញុំជាអ្នកហៅជេននីមកដូចគ្នា!>>
     <<អាល់ដាន់!>>
     <<បងប្រុស! បងឯងឆ្កួតមែនហើយ រាល់ដងរឿងទាំងនេះបងមិនដែលខ្វល់ទេហើយហេតុអីថ្ងៃនេះលូកមាត់លូកកសម្បើមម្លេះ?>>
     លូស៉ីស្ដីអោយបងប្រុសរបស់ខ្លួនជាហេតុធ្វើអោយជេននីញញឹមចុងមាត់ឡើង។ឡាលីក្ដោបដៃនាងថ្នមៗបំណងមិនចង់អោយស្រស់ស្រីគិតអន់ចិត្តតែគេមិនដឹងថាជេននីពេលនេះមិនមែនដូចពេលមុននោះទេ
     <<ពួកខ្ញុំមកពីឆ្ងាយស្រាប់តែត្រូវប្អូនលូស៉ី និងអ្នកម៉ាក់ទទួលយ៉ាងរាក់ទាក់តែម្ដងហើយបងគិតអ៉ីចឹងទេឡាលី?>>
     <<នាងមានសិទ្ធិអីធ្វើខ្លួនស្មើនឹងយើង? សម្បត្តិត្រឹមរាស្ត្រសាមញ្ញទេកុំតម្លើងសម្ដីតម្លើងឬកស្មើនឹងយើងនោះ>>
     <<លូស៉ី! បិទមាត់ហើយឆាប់ទៅបន្ទប់ឯងវិញទៅ>>
     ព្រះអង្គម្ចាស់ធំស្ដីឡើងខ្ទរភូមិគ្រឹះដោយភាពខឹងសម្បារ ក្រសែភ្នែកទ្រង់គម្រាមកំហែងដល់អ្នកដែលប្អូនស្រីទ្រង់ថែមទៀត
      <<ពិតជាគ្មានមាយាទមែន! យើងខ្មាសគេណាស់>>
      <<ម្ចាស់ប៉ាកុំខ្ញាល់ពេកអី លូស៉ីនៅក្មេងបើចាស់ៗប្រដៅតឹងរឹងជាងនេះបន្តិចគឺអាចនឹងទន់សម្ដីទន់ឥរោយាបថវិញហើយ>>
     ឡាលីនិយាយបណ្ដើរញញឹមចុងមាត់បណ្ដើរ ទោះសម្ដីគេនិយាយមិនចំមែនតែន័យបុកចំកណ្ដាលមុខម្ចាស់មីងគេពេកណាស់ទៅហើយ
     <<នេះគឺមកពីម្ដាយគេចិញ្ចឹមកូនទម្រើសធ្វើតែរឿងអត់ប្រយោជន៍ ឯងល្មមអោយកូននៀកដើរតាមគន្លងបងៗខ្លះផង>>
     <<ម្ចាស់បង!>>
     <<ចេញទៅយើងត្រូវការពិភាក្សារឿងសំខាន់!>>
     គាត់ដើរចេញទាំងមុខខឹងឡើងក្រហម ចំណែកអាល់ដាន់ក៏ហៀបនឹងដើរចេញដែរតែក៏ត្រូវព្រះអង្គម្ចាស់ឃាត់មិនអោយទៅ
     <<ឯងនៅទីនេះហើយអាល់ដាន់!>>
     <<ខ្ញុំ? ខ្ញុំត្រូវនៅធ្វើអីដែរម្ចាស់អ៊ំ?>>
     <<ព្រោះយើងក៏មានរឿងទាក់ទងនឹងឯងដែរ>>
     អ្នកកម្លោះអង្គុយចុះទាំងមុខស្ងួតចាំស្ដាប់ទ្រង់និយាយបន្តយ៉ាងស្ងៀមស្ងាត់
     <<យើង និងឡាលីសម្រេចចិត្តច្បាស់ហើយថានឹងអោយឯងធ្វើជារាជ្ជទាយាទបន្តវេនស្នងរាជ្យពីយើង>>
     <<ថាម៉េច?>>
     ឡាលីងក់ក្បាលយឺតៗបែរមុខទៅរកកន្លែងដែលអាល់ដាន់អង្គុយ
     <<ក្រៅពីឯងបងមើលមិនឃើញអ្នកណាទៀតទេ លូស៉ីឯងក៏ដឹងចរិតនាងច្បាស់ ធ្វើអ្វីឆេវឆាវតាមតែអារម្មណ៍ ហើយចំណែកបងជាមនុស្សពិការមិនអាចកាន់ការងារធំរបៀបនេះបានទេ ឯងជាអ្នកដែលសាកសមបំផុតហើយ>>
     <<តែ...>>
     <<កុំប្រកែកអីណាអាល់ដាន់! ទុកថាឯងធ្វើនេះដើម្បីប្រជាជនយើងទៅចុះ>>
     ប្រកែកមិនបានគឺមានតែតាមដំណើរ អាល់ដាន់ព្រមទទួលយកតំណែងនេះទាំងមុខស្ងួត។នាយដើរទៅកន់បន្ទប់ខ្លួនឯងវិញទាំងធេងធោង និងហត់នឿយតែទៅដល់ក៏ឃើញម៉ាក់របស់គេអង្គុយចាំជាស្រេច
     <<ម្ចាស់ម៉ាក់?>>
     <<ម្ចាស់អ៊ំឯងនិយាយអីខ្លះហ្អាស?>>
     <<ម៉ាក់មកជួបខ្ញុំដើម្បីសួរតែប៉ុណ្ណឹងទេមែនទេ?>>
     នាយដកដង្ហើមធំទាំងហួសចិត្តមើលមុខម្ដាយខ្លួនទាំងសើចចុងមាត់
     <<ឆាប់ប្រាប់ម៉ាក់ភ្លាមមក!>>
     <<គឺខ្ញុំនឹងក្លាយជារាជ្ជទាយាទឆាប់ៗនេះហើយ!>>
     <<ថាម៉េច? ឯងនេះហ្អេស? មិនបានទេ!>>
     <<ហេតុអីមិនបាន? ឬទាល់តែកូនស្រីសំណព្វរបស់ម៉ាក់មែនទេទើបសាកសម?>>
     <<ក្រែងម្ចាស់បងជាអ្នកនិយាយមិនអ៉ីចឹងថារាជ្ជទាយាទត្រូវតែជាមនុស្សស្រីនោះអី?>>
     <<ម៉ាក់គិតខុសហើយ! ប្រៀបធៀបចរិតលូស៉ីជាមួយម្ចាស់បងឡាលីទៅ និយាយតាមត្រង់ណាខ្ញុំមិនចង់បានតំណែងនេះទេ តែបើតំណែងនេះធ្លាក់ក្នុងកណ្ដាប់ដៃលូស៉ីខ្ញុំនឹងធ្វើជាគូប្រជែងរបស់នាងព្រោះអីម៉ាក់ដឹងទេ?>>
     <<នេះឯងច្រណែនប្អូនស្រីខ្លួនឯងមែនទេអាល់ដាន់?>>
      ម៉ាក់របស់គេស្រែកគំហគអោយអាល់ដាន់មួយទំហឹងតែនាយគ្រវីក្បាលតបទៅវិញ
      <<ព្រោះលូស៉ីគ្មានសមត្ថភាព! ខ្ញុំមិនដែលច្រណែនអ្នកណាឡើយ បើលូស៉ីគឺកាន់តែអត់ទៅទៀតព្រោះនាងជាប្អូនស្រីខ្ញុំ ឃើញប្អូនបានល្អបានខ្ពស់ខ្ញុំសប្បាយចិត្តណាស់ តែបើអោយយកជីវិត និងវាសនាប្រជាជនអ៉ីតាលីទៅប្រថុយក្នុងដៃនាងល្អិតដែលគ្មានសមត្ថភាពនេះខ្ញុំធ្វើមិនបានទេ>>
     <<អាល់ដាន់ឯង...>>
     <<ម៉ាក់ឈប់ទៅ! ម៉ាក់កំពុងតែច្រានលូស៉ីចូលទៅក្នុងរណ្ដៅជ្រៅទៅៗហើយ>>
     <<ឯងទៅដឹងស្អីទៅ? នៅដល់ថ្នាក់បង្អាប់ប្អូនខ្លួនឯងផងមែនទេ?>>
     អាល់ដាន់បិទភ្នែកទប់អារម្មណ៍មិនអោយឆេះឆួលព្រោះគេមិនចង់ឈ្លោះជាមួយម៉ាក់ខ្លួនឯងដោយសារតែរឿងនេះទេ
     <<ចុះវាជាការពិតទេ? លូស៉ីមិនបានមួយចំណិតម្ចាស់បងឡាលីផង>>
     ផាច់!
     <<ឈប់និយាយបែបនេះទៀតណាអាល់ដាន់!>>
     មួយកំភ្លៀងទៅលើថ្ពាល់កូនប្រុសធ្វើអោយម៉ាក់អាល់ដាន់ញ័រសាច់ដោយកំហឹង។រាងក្រាស់មើលមុខម្ដាយដោយគ្មានព្រិចភ្នែករួមទាំងឆ្ងល់ក្នុងចិត្តថាគេជាកូនរបស់គាត់ដែរឬអត់ទើបគាត់ធ្វើបែបនេះដាក់គេ?
     <<តាំងពីដើមមកម៉ាក់ដែលស្រលាញ់ខ្ញុំទេ? ម៉ាក់ធ្លាប់គិតថាខ្ញុំក៏ជាកូនប្រុសរបស់ម៉ាក់ម្នាក់ដែរទេ?>>
     <<បើឯងដើរតាមគន្លងយើង ទំនាក់ទំនងម៉ែកូនយើងក៏មិនដូចជាពេលនេះដែរ>>
     ថាចប់គាត់ក៏ដើរចេញទៅដោយមិនខ្វល់ពីអារម្មណ៍កូនប្រុសអីបន្តិចសោះ។អាល់ដាន់ទម្លាក់ខ្លួនគ្រែដោយភាពតូចចិត្តនឹងវាសនាខ្លួនឯង គេកើតមកក្នុងគ្រួសារដែលខ្ពង់ខ្ពស់និងថ្លៃថ្នូរ តែការរស់នៅ និងទំនាក់ទំនងប្រៀបដូចជាប្រមៀលថ្មឡើងភ្នំ ចូលផ្ទះកាលណាមានតែសំឡេងឈ្លោះប្រកែកគ្នា ក្រសែភ្នែកសំឡឹងគ្នាប្រៀបដូចអ្នកដទៃទាំងដែលការពិតទៅគេជាកូន ជាបងប្រុសនឹងគ្នាសោះ។
     <<តើពេលណាទើបម៉ាក់ព្រមកែប្រែទៅ? បើប៉ានៅរស់ប្រហែលគ្រប់យ៉ាងមិនបែបនេះទេ>>
     គេដេកអោបខ្លួនឯងទាំងមុខស្រពោននឹកអតីតកាលដែលធ្លាប់តែរីករាយកាលពីមុន។អារម្មណ៍បែបនេះវាឯកាណាស់ ព្រោះតែបែបនេះហើយទើបគេមិនចង់ឈានជើងចូលក្នុងវាំង គេចង់តែចាកចេញហើយរស់នៅខាងក្រៅវិញល្អជាង មិនចង់ស្ដាប់ មិនចង់ឮការឈ្លោះដណ្ដើមតែអំណាច ទ្រព្យសម្បត្តិស្អីអស់នេះទេ។វាហត់នឿយណាស់!

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now