វគ្គ ៤

3 0 0
                                    

នៅមុខភូមគ្រិះរបស់Yang Jun, Haoxiangឈប់ឡានងក់ធ្វើឱ្យនាងក្រមុំXuehuaច្រលោតទៅមុខ ដោយមិនបានត្រៀមខ្លួន។

«ណែ៎ ចុះបើឈប់ឱ្យស្រួលទៅវាថី?» នាងស្រែកដាក់គេ ដៃទប់កដែលស្ទើរតែគ្រេច អ្នកកំលោះចុចបើកគន្លឹះទ្វារ ហើយខិតចូលជិតនាង ឈោងទៅបើកទ្វារឡានឱ្យ រួចគេងាកមកចុចស៊ីភ្លេឡានលាន់រំពង ធ្វើឱ្យកូនចៅរបស់Yang Junស្ទុះចេញមកប្រហែលដប់នាក់ជាង។ គេញាក់ស្មាដាក់ស្រីដែលកំពុងសម្លក់គេដោយសារហួសចិត្តនិងភាពព្រហើនរបស់អ្នកកំលោះចិត្តឆៅ។

«ថ្ងៃនេះគាត់ឯងស្លាប់មិនខាន!» នាងខាំធ្មេញហើយចេញពីឡាន បិទទ្វារមួយទំហឹង។ Haoxiangញញឹមចុងមាត់ពេលឃើញYang Wu និងYang Junរត់ចេញមក។ នៅពេលដែលឃើញកូនស្រីភា្លមគេរត់ទៅរកនាង ហើយឱបកូនស្រីសំណព្វជាប់ក្នុងដៃ។

«អ្នកណាសម្លាប់អានេះបានយើងនឹងឱ្យរង្វាន់ភ្លាមៗ!!!!» Yang Junស្រែកខ្លាំងៗ ហើយកូនចៅគេទាំងអស់ស្ទុះមកព័ទ្ធជុំវិញឡាន។

«ធ្វើបែបនេះដាក់កូនប្រសារខ្លួនឯងយ៉ាងម៉េចកើតប៉ាក្មេក?!» គេបើកកញ្ចក់ឡានហើយស្រែកសួរជាមួយស្នាមញញឹមចំអក ធ្វើឱ្យថៅកែYangកាន់តែក្ដៅឡើងមួយទ្វេរជាពីរ។

«ព្រហើន! ពួកឯង ចាប់វាភ្លាម!!!» Yang Junស្រែកដោយកំហឹង។ អ្នកកំលោះញញឹមចុងមាត់ ជាន់ហ្គែរឡានឱ្យរោទិ៍ទ្រហឹង ហើយក្នុងមួយរំពេចភ្នែកគេបញ្ជាឡានឱ្យមុខយ៉ាងរហ័សមើលសឹងមិនទាន់។ កូនចៅថៅកែYangគេចចង់បាក់ក ហើយប្រញាប់ចេញឡានដេញតាមអ្នកកំលោះយើង។

«ចង់លេងមែន? Yan Haoxiangកំដរបានជានិច្ច!» គេរអ៊ូ បន្ថែមល្បឿន អ្នកដែលដើរតាមផ្លូវភ្ញាក់ ហើយជេរគេគ្រប់គ្នា។

«ចាំដោះស្រាយជាមួយប៉ូលីសទៅអានាង!» គេបើកឡានសំដៅផ្លូវដែលមានប៉ុស្ដិ៍ប៉ូលីស ហើយពេលទៅដល់មុខប៉ុស្តិ៍គេស៊ីភ្លេលាន់ផ្អើលក្រុង ធ្វើឱ្យប៉ូលីសប្រកាសអាសន្នហើយដេញតាមឡានដែលបើកដូចហោះ។ Haoxiangស្គាល់ក្រុងដូចបាតដៃ គេដឹងច្រកចេញដែលអាចឱ្យគេគេចខ្លួន ហើយបញ្ឆោតឱ្យឡានកូនចៅថៅកែYangជាប់ខ្នោះរបស់ប៉ូលីស រួចគេបើកឡានត្រលប់ទៅផ្ទះវិញធ្វើព្រងើយ ទុកឱ្យថៅកែYangដោះស្រាយជាមួយប៉ូលីសឡើងក្រពុលមុខ។

បំណុល (The Debt)Where stories live. Discover now