វគ្គ ៩

1 0 0
                                    

Xiuyuដឹងខ្លួនឡើង បើកភ្នែកភ្លាមស្ទុះងើបឃើញខ្លួនឯងនៅក្នុងឈុតអ្នកជំងឺ ដៃជាប់សេរ៉ូម គេងនៅលើគ្រែដ៏ធំមួយនៅក្នុងបន្ទប់ធំទូលាយពណ៌ប្រផេះក្រម៉ៅ។ នាងមើលជុំវិញបន្ទប់មិនឃើញមានអ្នកណា បន្ទប់នេះទំនងជាបន្ទប់penhouseទំនើប។ ស្រីព្យាយាមចាំថាមកនៅទីនេះបានដោយរបៀបណា។ ស្រីចាំបានថានាងសន្លប់នៅលើឡានពេលអង្គរក្សរបស់Yang Wuជូននាងទៅផ្ទះគេ។ នាងស្ទាបពោះរបស់ខ្លួន ហើយក៏ដឹងថាកូននៅក្នុងផ្ទៃលែងនៅហើយ។ វាប្រៀបដូចជាការយល់សប្តិ ស្រីរលីងរលោងទឹកភ្នែក អារម្មណ៍កាន់តែហេងហាង។ ស្រីបម្រុងនឹងដកម្ចុលសេរ៉ូមពីដៃតែទ្វារបន្ទប់ក៏របើកឡើងបង្ហាញឱ្យឃើញស្រីវ័យកណ្ដាលម្នាក់ដើរចូលមក។ គាត់ស្លៀកពាក់ជារបៀបមេផ្ទះ នៅក្នុងដៃមានថាសអាហារមួយ។

«អ្នកស្រីភ្ញាក់ហើយ? ញ៉ាំស៊ុបបន្តិចទៅ ឆាប់មានកម្លាំង!» គាត់និយាយ ដាក់ថាសលើតុតូចហើយងាកទៅជួយទាញភួយឱ្យមានរបៀប។

«ខ្ញុំនៅកន្លែងណា? ហេតុអីខ្ញុំនៅទីនេះ? ហើយអ៊ំជាអ្នកណា?» នាងសួរ តាមមើលគាត់ដែលដាក់តុដែលមានចានស៊ុបចំពោះមុខនាង។ គាត់គ្រវីក្បាល មិនដឹងឆ្លើយសំណួរណាមុន។

«អ្នកស្រីញ៉ាំស៊ុបសិនទៅ! លោកប្រុសបញ្ជាមកបែបនេះ»

«លោកប្រុស?» នាងលាន់មាត់ គិតថាប្រហែលជាYang Wuហើយព្រោះគេជាអ្នកជួយនាងពីQianfei។

«ខ្ញុំគេងយូរប៉ុនណាហើយ?»

«តាំងពីមកដល់ទីនេះម្លេះ» គាត់ឆ្លើយ Xiuyuមើលទៅនាឡិកាលើតុឃើញថាម៉ោងដប់មួយយប់ហើយ។

«ខ្ញុំចង់ចេញពីទីនេះ!»

«មិនបានទេ! លោកប្រុសបញ្ជាដាច់ខាតថាមិនឱ្យអ្នកស្រីចេញទៅណាទេ ណាមួយអ្នកស្រីនៅខ្សោយនៅឡើយ ហើយនេះយប់ជ្រៅហើយ» គាត់និយាយ មើលមុខស្លេកស្លាំងរបស់នាង។

«ខ្ញុំនឹងប្ដឹងប៉ូលីសថាលោកប្រុសរបស់អ៊ំចាប់មនុស្សមកឃុំ វាខុសច្បាប់ណាអ៊ំ»

«ខ្ញុំថាអ្នកស្រីចាំនិយាយជាមួយលោកប្រុសខ្លួនឯងទៅ គាត់កំពុងត្រលប់មកវិញហើយ» គាត់និយាយហើយដើរចេញពីបន្ទប់បាត់។ Xiuyuដកម្ចុលចេញពីដៃ លើកតុអាហារទៅម្ខាង ហើយចុះពីគ្រែទាំងនៅឈឺពេញខ្លួន នាងរត់ចេញពីបន្ទប់យ៉ាងលឿន ហើយប្រញាប់រត់ទៅរកទ្វារផ្ទះទាំងគ្មានស្បែកជើងពាក់ បាតជើងនាងស្រកៀរដោយសារភាពត្រជាក់ និងភាពសរសៃខ្ចីរបស់ស្រ្តីទើបតែរលូតកូន។ ភ្លាមនោះសំឡេងលេខកូដទ្វារត្រូវបានចុចពីក្រៅ នាងបុកពោះ ច្បាស់ជាYang Wuត្រឡប់មកវិញ នាងគេចលែងទាន់ហើយ។ ស្រីស្រវាចាប់ឆ័ត្រដែលនៅក្បែរនោះមកកាន់ ត្រៀមវាយគេជាស្រេច។ ទ្វារបើកម្ចាស់ផ្ទះក៏ដើរចូលមកក្នុង គេពាក់មួកខ្មៅ ជាមួយម៉ាស់ខ្មៅបិទមុខជិត តែXiuyuស្រាប់តែគាំងពេលឃើញគេ ឆ័ត្រធ្លាក់ពីដៃមួយរំពេច។

បំណុល (The Debt)Where stories live. Discover now