វគ្គ ៦

1 0 0
                                    

នៅក្នុងបន្ទប់របស់លោកស្រីYiling ម្ដាយរបស់Xiuyu គាត់កំពុងអង្គុយទល់មុខJuan Haoជាប្ដី។ គាត់មានទឹកមុខតានតឹង សម្លក់សម្លឹងប្ដីខ្លួនឯងថ្មែរ។

«កុំថាឡើយមកផ្ទះ សូម្បីទៅធ្វើការក៏មានអ្នកតាមវាដែរ ចង់ហៅចេញមក មិនមែនជារឿងងាយនោះទេ!» លោកស្រីនិយាយ Juan Haoជ្រួញចិញ្ចើមគិត។

«តែបើធ្វើមិនបានទេ មុខរបររបស់បងនឹងរលំរលាយមិនខាន! អ្នកនាងQianfeiមានចិត្តជួយហើយ យើងគ្រាន់តែលួងវាមកសោះមានអីពិបាក»

«តែ...ទោះជាយើងហៅវាចេញមកបាន យើងធ្វើម៉េចហ៊ានចាប់វា...»

«រឿងហ្នឹងអ្នកនាងQianfeiចេះរៀបចំហើយ» គេញញឹម រួចទាញទូរស័ព្ទរបស់ខ្លួនចេញមកខល។

«Xiuyu ម៉ាក់របស់ឯងសន្លប់! ឆាប់មកផ្ទះឱ្យលឿន!» គេធ្វើជានិយាយបែបបារម្ភ និងស្លន់ស្លោ ហើយបិទទូរស័ព្ទមុននឹងនាងអាចសួរដឹងរឿង។

Xiuyuឯណោះស្ទុះងើបពីសាឡុងហើយស្ទុះចូលទៅក្នុងបន្ទប់ដើម្បីយកកាបូប។

«ចង់ទៅណា?» Jiaqiដែលនៅក្នុងបន្ទប់ធ្វើការស្រែកសួរ

«អ្នកផ្ទះខលមកប្រាប់ថាម៉ាក់ខ្ញុំសន្លប់ ខ្ញុំទៅមើលគាត់បន្តិច!» Jiaqiងើបឈរ ហើយដើរតាមនាងពីក្រោយ។

«Juan Xiuyu ឱ្យYinជូនទៅ!» គេប្រាប់ នាងងក់ក្បាល ពាក់ស្បែកជើងរួចរត់ចេញទៅក្រៅ។ Yinប្រញាប់បើកទ្វារឡានឱ្យនាង ហើយគេចូលឡានរួចបើកចេញយ៉ាងលឿន។

គ្រាន់តែមកដល់ផ្ទះភ្លាមនាងរត់តម្រង់បន្ទប់របស់នាងម្ដាយដោយក្ដីបារម្ភ អ្នកស្រីពុតធ្វើជាគេងលើគ្រែ Juan Haoឈរក្បែរនោះតែស្រីមិនខ្ចីមើលមុខ។

«ម៉ាក់យ៉ាងម៉េចហើយ? មិនស្រួលត្រង់ណា?» នាងសួរ ចូលទៅស្ទាបថ្ងាសគាត់ ហើយពេលដែលស្រីភ្លេចខ្លួនបុរសពីរនាក់ចូលមកចាប់នាងពីក្រោយជាប់។

«អេ៎ ធ្វើអីហ្នឹង? ម៉ាក់? នេះជាស្អី?!» នាងសួរ ប្រឹងរើបម្រាស់តែមិនរួច ហើយគេចងស្រីជាប់ បណ្ដើរចេញពីផ្ទះ។ នាងនៅភាំងមិនដឹងថាត្រូវធ្វើអ្វីព្រោះវាលឿនពេក។ ចេញមកដល់ក្រៅនាងស្រក់ទឹកភ្នែកជោគថ្ពាល់មួយរំពេចពេលដែលឃើញYinដេកក្នុងថ្លុកឈាមក្បែរឡាន។

បំណុល (The Debt)Where stories live. Discover now