បើទោះបីជាក្តីសង្ឃឹមនៅសល់តិចតួច ប៉ុន្តែ ថេយ៉ុង មិនព្រមបោះបង់ ជុងហ្គុក ចោលត្រឹមតែប៉ុណ្ណេះនោះទេ ក្រុមគ្រួសាររបស់គេបានព្យាយាមបញ្ចូន ជុងហ្គុក ទៅកាន់មន្ទីពេទ្យឱ្យបានលឿនបំផុតតាមអ្វីដែលអាចធ្វើទៅបាន។ ខណៈរោងការដែលសប្បាយរីករាយទាំងមូលប្រែក្លាយទៅជារឿងសោកសង្រេងគួរឱ្យសង្វេគក្នុងចិត្តណាស់។ សំឡេងសើចហាក់ស្ងាត់នៅសល់តែសំឡេងទ្រហោយំគ្រលួចបន្លឺលាន់សូររណ្តំរងុំពេញត្រចៀកទិដ្ឋភាពដ៏សោកសៅក្រៀមក្រំធ្វើឱ្យគ្រប់គ្នាមិនអាចទប់ទឹកភ្នែកជាប់នៅក្នុងក្រពីងបានទេ។ យ៉ាងណាក៏សោកស្តាយដែលតែងតែបណ្តែតបណ្តោយឱ្យពេលវេលាមានរឿងបែបនេះកើតឡើងមក មិនគួរណាមិនខ្វល់ខ្វាយ មិនគួរណាទុកគេចោលឱ្យនៅតែម្នាក់ឯង មិនគួរណាប្រងើយកន្តើយចំពោះគេ រហូតដល់ធ្វើឱុ្យគេចួបផលវិបាកតែម្នាក់ឯងអ៊ីចឹងឡើយ។
ង៉ោង!!!
រថយន្តបរចេញទៅលឿនស្លេវរាងកាយដែលដេកញ័រទទ្រើកនៅសល់ដង្ហើមចង្រិតងឺតៗ ត្រូវបានគេជួយសង្គ្រោះបឋមទៅដោយការដាក់ឧបករណ៍អុកស៊ីហ្សែនជំនួយនៅតាមផ្លូវឆ្ពោះទៅកាន់មន្ទីពេទ្យយ៉ាងលឿនស្លេវ។
«អាជុងហា..ឯងកុំកើតអីឱ្យសោះណា រឹងប៉ឹងឡើងដើម្បីកូនណា!»
ណាមជុន និយាយបណ្តើរលើកដៃអង្អែលលើក្បាលប្អូនប្រុសបណ្តើរ កាលបើទឹកភ្នែកឯណោះវិញហូរស្ទើរជន់លិចលុងខ្លួនប្រាណគេស្លាប់ទៅហើយ។
«ជុងហ្គុក ហ៊ឹកៗ..ជុងហ្គុក ស្តាប់អូននិយាយណា!» ថេយ៉ុង ឱនទៅជិតក្បែរត្រចៀក ជុងហ្គុក ខំព្យាយាមហៅគេដាស់នាយឱ្យភ្ញាក់ឡើងមិនឱ្យនាយគេងលុងលក់ទៅរហូតនោះទេ។
«ទ្រាំបន្តិចណាបង ទ្រាំបន្តិចណាអូននាំបងទៅមន្ទីពេទ្យហើយ អូននឹងនៅមើលថែបងមិនព្រមចេញទៅណាទេបងស្តាប់អូនឮទេ? ឮអូននិយាយទេបង?» ថេយ៉ុង ប៉ះថ្ពាល់ ជុងហ្គុក អង្រួនថ្នមៗស្រក់ទឹកភ្នែករហាមយំធ្វើឱ្យ ជុងហ្គុក សម្លឹងមើលឃើញ ខណៈទឹកភ្នែករបស់គេក៏ហូរចុះមកព្រមគ្នាជាមួយរាងតូចមិនចាញ់គ្នាអ្វីប៉ុន្មានឡើយ។
«នៅទ្រាំរស់ចាំមើលមុខកូនយើងណាបងណា..នៅចាំសម្លឹងមើលមុខតូចៗដែលជាឈាមជ័ររបស់បងឮទេ កុំទៅណាចោលអូន ចោលកូន បងថាបងស្រលាញ់អូន បងដាច់ចិត្តទុកឱ្យអូនមើលថែរក្សាកូនតែម្នាក់ឯងបានដែរអ្ហេះ? ក្មេងត្រូវការឪពុកផង ម្តាយផង សូមបង..ហ៊ឹកៗ..សូមបងកុំទុកឱ្យកូនយើងរស់នៅកំព្រាគ្មានឪពុកហៅអី អូនសូមអង្វរ អូនសូមទោស!»
«ទៅដល់មន្ទីពេទ្យឥឡូវហើយកុំកើតអីណាកូនណា!» ស្ត្រីចំណាស់គ្រវីក្បាលញ័រតតាត់ហូរទឹកភ្នែកតក់ៗនឹកស្តាយកំហុសខ្លួនមិនគួរណាធ្វើចំពោះកូនឱ្យគេទទួលរង់សម្ពាធអារម្មណ៍ដល់ថ្នាក់នេះឡើយ ហើយក៏គ្មានម្តាយឯណាដែលថាមិនអាណិតស្រលាញ់ថ្នាក់ថ្នមកូន ដែលខិតខំពរពោះមើលថែគេដោយដៃខ្លួន ចាប់តាំងពីបាតជើងក្រហមរងាលនោះទេ ទាំងស្រលាញ់និងអាណិត ខំព្យាយាមឱបក្រសោបកូនកាត់ថ្ងៃក្តៅរងាសព្វគ្រប់បែបយ៉ាងកន្លងមក គាត់ពិតជាមិនបាត់បង់កូនប្រុសម្នាក់នេះទៅដោយវិធីទាំងអស់នេះនោះទេ។
មន្ទីពេទ្យ..
«ដល់ហើយលោកស្រី..» ដេវីត ញាប់ដៃញាប់ជើងរូតរះបើកទ្វារឡាន ខណៈបុគ្គលិកក្នុងមន្ទីពេទ្យក៏បានព្យាយាមបម្រើសេវាកម្មទទួលអ្នកជំងឺបញ្ចូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់យ៉ាងយកចិត្តទុកដាក់បន្ថែមដែរ។
បន្ទប់ ICU
ស្ថិតក្នុងស្ថានភាពដ៏តឹងតែង អាកាសធាតុចុះត្រជាក់ស្ទើរតែរឹងខ្លួន ថេយ៉ុង កំពុងមានទម្ងន់ មានទាំងទុក្ខសោកគេយំមិនព្រមឈប់ទាល់តែសោះមានផ្ទៃពោះគឺជាដំណឹងល្អ ស្របពេលឪពុកក្មេងកំពុងចួបបញ្ហាធំ ដំណឹងអាក្រក់ក៏បានហុចផលចូលមក តើថ្ងៃណាពេលណាទើបពួកគេអាចរស់រានមានជីវិតល្អប្រសើរជួបជុំគ្នារហូតបានទៅ។ រឿងរ៉ាវដ៏ឈឺចាប់កើតឡើងមកលើពួកគេរាប់មិនអស់ ចួបអស់ហើយការឈឺចាប់ ស្ទើរស្លាប់ ស្ទើររស់ ស្ទើរឆ្កួត ស្ទើរជា គួរបន្ទោសម្នាក់ណាក៏មិនបានដែរ ព្រោះនេះជាជោគវាសនាដែលព្រហ្មលិខិតបានសច្ចាមកអស់ទៅហើយ យ៉ាងណាក៏គេចជៀសមិនផុតដដែល។
«អូយ!» ថេយ៉ុង ឧទានបញ្ចេញអាការៈឈឺចាប់នៅពេលអង្គុយសុខៗស្រាប់តែមានអារម្មណ៍ថាឈឺចុកពោះចម្លែកណាស់។ ជីមីន ឯណេះឈរហូរទឹកភ្នែកស្រក់ហូររហាមប្រញាប់ប្រញាល់ដើរចូលទៅអង្គុយក្បែររាងតូចហើយប្រញាប់ដោះអាវធំក្រៅរបស់ខ្លួន គ្របដណ្តប់លើកាយតូចស្តើងជួយផ្តល់ភាពកក់ក្តៅពីអាកាសធាតុរងារខ្លះដែរ។
«កុំគិតច្រើនអី អាជុង វាមិនអីទេ!»
«សូមទោសណាបង..ខ្ញុំភ្លេចគេមិនបានទេហ៊ឹកៗ..ខ្ញុំស្រលាញ់ ជុងហ្គុក ខ្លាំងណាស់ខ្ញុំមិនចង់ធ្វើខុសចំពោះគេបន្តទៅមុខទៀតទេ!» ថេយ៉ុង ឈប់ក្បត់ផ្លូវអារម្មណ៍ខ្លួនឯងទៀតហើយ គេមិនចង់ឈឺចាប់ម្តងហើយម្តងទៀត ព្រោះតែការធ្វើខុសគិតខុសចំពោះមនុស្សដែលខ្លួនឯងស្រលាញ់នោះទេ គេនៅតែនឹក នៅតែស្រលាញ់ មិនដាច់អាល័យងាយៗឡើយ បេះដូងនៅតែដង្ហោយឈ្មោះ ជុងហ្គុក គ្រប់ពេលគ្រប់វេលា ទោះបីជាអាចមានវត្តមាន ជីមីន ម្នាក់នៅរង់ចាំមើលថែលួងលោមក៏ប៉ុន្តែសេចក្តីនឹករំឭកនិងការស្រលាញ់ដែលមានចំពោះ ជុងហ្គុក មិនអាចលុបជ្រះស្រឡះចេញពីបេះដូងរបស់គេអស់ឡើយ។
«បងដឹងថា ថេយ៍ មិនងាយបំភ្លេចគេបានទេ បងក៏ដឹងថា ថេយ៍ មិនអាចស្រលាញ់បងបានទេ បងគ្រាន់តែចង់មើលថែ ថេយ៍ ឱ្យបានល្អ យូរៗទៅ ថេយ៍ ក៏គង់តែមានផ្លូវចិត្តរឹងមាំ ហើយអាចមើលថែទាំខ្លួនឯងបាន បងគ្មានបំណងចង់ឱ្យ ថេយ៍ ឈឺចាប់ឬបែកបាក់ពី ជុងហ្គុក នោះទេ!» ថេយ៉ុង លើកខ្នងដៃជូតកៀសដំណក់ទឹកភ្នែក ក្រោកឈរទាំងជើងញ័រទទ្រើក ស្របពេលនោះទ្វារបន្ទប់សង្គ្រោះបន្ទាន់ស្រាប់តែបានរបើកឡើង។
«អ្នកជំងឺបាត់បង់ឈាមច្រើនណាស់ មុខងារខួរឆ្អឹងខុសប្រក្រតីរបស់អ្នកជម្ងឺមហារីកខួរឆ្អឹងហាក់ទទួលរងសំពាធខ្ពស់ហើយធ្វើឱ្យខ្វះឈាម ពួកយើងត្រូវការអ្នកបញ្ចូលឈាមនរណាជាសាច់ញាតិរបស់អ្នកជំងឺ?» ស៊ូហ្គា លើកដៃឡើងទាំងកែវភ្នែករលីងរលោង ហូរទឹកភ្នែកជោកមិនទាន់ស្ងួតពីថ្ពាល់នៅឡើយ។
«ខ្ញុំជាបងប្រុសគេ!»
«បាទសូមអញ្ជើញលោក..» ស៊ូហ្គា ស្ម័គ្រចិត្តបញ្ចូលឈាមទៅឱ្យប្អូនប្រុសរួចដើរសំដៅកាន់បន្ទប់ពិនិត្យមើលសុខភាព ស្របពេល ជីន នឹង ណាមជុន ព្រមទាំង ហូស៊ុក ក៏ប្រញាប់ប្រញាល់ដើរទៅតាម ព្រោះកាលណាដែលមានសមាជិកសាច់ញាតិណាម្នាក់មានជំងឺប្រចាំកាយមិនអាចយកឈាមម្នាក់នោះមកបញ្ចូលឱ្យអ្នកជំងឺបានទេ លុះត្រាតែបានត្រួតពិនិត្យនឹងឆ្លងកាត់ការធ្វើតេស្តឈាមរកមើលភាពខុសប្រក្រតីក្នុងគ្រាប់ឈាមឱ្យបានល្អិតល្អន់ជាមុនសិន។
«គ្មានភាពខុសប្រក្រតីទេ..អញ្ជើញលោកអាចចូលបន្ទប់បូមឈាមបាន!» ស៊ូហ្គា ងក់ក្បាលភ្លាមៗចូលទៅបូមឈាមបរិច្ចាគឱ្យទៅ ជុងហ្គុក ស្របនឹងពេលដែលដុកទ័រកំពុងរង់ចាំឈាម ត្រូវការបញ្ចូលឱ្យអ្នកជំងឺមិនអាចខកខានបានទេ។
«បើប្អូនកើតអីទៅ ខ្ញុំមិនលើកលែងឱ្យខ្លួនឯងទេ ខុសមកពីខ្ញុំដែលមិនរវីរវល់ជាមួយគេកន្លងមក!» ជីន ចាប់ផ្តើមសោកសៅបន្ទោសខ្លួនឯងដាក់សម្ពាធឱ្យខ្លួនឯងស្របពេលគ្រប់គ្នាក៏មានអារម្មណ៍ខុសឆ្គងចំពោះ ជុងហ្គុក ខ្លាំងដូច្នេះដែរ។
គ្មាននរណាចង់ឃើញគេយ៉ាប់យឺនឡើយ ហើយក៏គ្មាននរណាម្នាក់ដាច់ចិត្តទុកគេចោលដែរ។ រឿងរ៉ាវជីវិតកើតចាស់ឈឺស្លាប់ចួបទុក្ខនិងបញ្ហាអ្វី គ្មាននរណាអាចមើលឃើញឬទាយដឹងបាននោះទេ។ ការគិតមានគំនិតដ៏ស្រពិចស្រពិលជាសារហេតុដែលនាំឱ្យមានភាពវិនាសអត្តរាយ ការយល់ស្របគំនិតគ្មានភាពច្បាស់លាស់មិនប្រាកដថាអ្វីៗដែលអាចធ្វើទៅដោយចិត្តបង្ខិតបង្ខំ គិតខ្លីពេក ងាយពេក អាចប្រព្រឹត្តទៅដោយភាពរលូននិងសុទ្ធសឹងតែទទួលបានភាពជោគជ័យតែរហូតទៅនោះទេ។
«កំហុសទាំងអស់ខុសពីខ្ញុំ!» ថេយ៉ុង ស្រវាចាប់ទាញយកកំហុសឆ្គងទាំងអស់ដាក់សម្ពាធឱ្យខ្លួនឯង បើគេមិនដើរចូលមកក្នុងជីវិត ជុងហ្គុក ក៏គ្មានរឿងអាក្រក់បែបនេះកើតឡើងមកបានរួចដែរ ដើមឡើយគេចូលមកមានបំណងមិនល្អ គិតចង់បំផ្លិចបំផ្លាញអ្វីៗគ្រប់យ៉ាងដែលជាការងារមិនទៀងត្រង់របស់មីង ជុងហ្គុក តែមានពេលខ្លះគេក៏យល់ថាខ្លួនឯងគិតត្រូវណាស់ដែរ ព្រោះបានហែកស្បែកមុខទីកន្លែងដែលមានប្រភពការងារមិនល្អ មិននឹកស្មានថារឿងរ៉ាវទាំងអស់ឈានទៅដល់ភាពស្មុគស្មាញកាន់តែរីកធំឡើងៗដូច្នេះទេ។
«យើងមិនចង់ឃើញនរណាមកស្រែកថាខ្លួនឯងជាអ្នកខុសនោះទេ យើងមិនបន្ទោសនរណាម្នាក់ឡើយ យើងជាម្តាយដែលគ្មានបានការ មកពីយើងខ្លួនឯងដែលតែងតែទុកគេចោលមិនបានមើលថែទាំគេអស់រយៈពេលជាយូរមកហើយ ពួកឯងឈប់គិតច្រើនទៅ រឿងរ៉ាវទាំងអស់ខុសមកពីយើង..យើងទេដែលបំផ្លិចបំផ្លាញអនាគតកូនខ្លួនឯង ហ៊ឹកៗ..កូនម្តាយ ម៉ាក់សូមទោស!» មាត់គាត់ថាមិនចង់បន្ទោសទៅលើនរណា តែគាត់មកទម្លាក់កំហុសបន្ទោសខ្លួនឯងវិញម្តង ត្របកភ្នែកធ្ងន់របស់គាត់បើកស្ទើរតែមិនចង់រួច ព្រោះបៀមជាប់ទឹកភ្នែកដែលហូរស្រក់មិនព្រមរីងស្ងួត ព្រោះតែសេចក្តីអាណិតអស់ពីដួងចិត្តចំពោះកូនប្រុសពៅតែម្នាក់គត់ មិនគួរណាមកកើតមានជំងឺប្រចាំកាយទាំងវ័យនៅខ្ចីអ៊ីចឹងឡើយ បេះដូងគាត់ឈឺចុកចាប់ ហួសអស់ពាក្យបរិយាយគ្មានសល់ទៅហើយ គាត់សោកស្តាយណាស់ ស្តាយដែលធ្វើខុសចំពោះកូន ស្តាយដែលមិនព្រមសួរនាំ សម្លឹងមើលថាកូនកំពុងតែកើតទុក្ខមានបញ្ហាអ្វីធំដុំយ៉ាងណាទេ។
ស៊ូហ្គា ចាប់ដើរចេញមកពីបន្ទប់បរិច្ចាគឈាម ក្នុងសភាពហេវហត់អស់កម្លាំងណាស់ ទើបប្តូរមកអង្គុយសម្រាកក្បែរស្ត្រីចំណាស់ រួចលើកដៃឱបក្រសោបខ្លួនប្រាណគាត់ តាមពិតមានតែគេម្នាក់ទេ ដែលតែងតែតាមលួចសង្កេតមើលសកម្មភាពរបស់ ជុងហ្គុក ក្នុងចិត្តលួចបារម្ភ លួចអើពើចំពោះប្អូន តែគេបែរជាសំងំនៅស្ងៀមស្ងាត់ ហាក់មិនចូលទៅសួរនាំថាគេកើតអី ដឹងថាប្អូនកំពុងមានបញ្ហា កំពុងឈឺ ហេតុអីពេលនោះមិនព្រមស្ទុះស្ទារចូលទៅសួរនាំ ហេតុអ្វីដាច់ចិត្តទុកគេចោលឱ្យឯកោ ឱ្យក្រៀមក្រំកើតទុកម្នាក់ឯងដល់ថ្នាក់នេះទៅវិញ។ នៅពេលដែលបានដឹងការពិតរួចមកហើយចង្វាក់បេះដូងគេលោតមិនស្មើគ្នាទេ គេស្ទើរតែឆ្កួតចិត្តពេលដឹងថាខ្លួនឯងជាបងប្រុសគ្មានបានការមិនបានជួយអ្វីធំដុំហើយនៅមានពេលខ្លះលួចគិតបន្ទោសថាប្អូនធ្វើរឿងអាក្រក់ៗទៀត។
ជុងហ្គុក នៅក្មេងជាងគេក្នុងចំណោមបងប្អូនប្រុសទាំងអស់ ដូច្នេះហើយគំនិតរបស់គេក៏នៅមានវ័យខ្ចីជាងគេដែរ គេត្រូវការភាពសប្បាយ ហ៊ឺហារ ក្នុងវ័យមួយដែលគេចង់បាន គេត្រូវការបំផុតគេមិនសូវស្តាប់សម្តីរបស់នរណាម្នាក់ទេ ដោយសារតែគំនិតរបស់គេ គិតមិនទាន់បានជ្រៅជ្រះច្បាស់លាស់ ទើបបងៗចេះតែបណ្តោយឱ្យគេធ្វើអ្វីតាមតែទំនើងចិត្ត ណាមួយមានប្អូនប្រុសពៅតែម្នាក់គត់ទៀត បណ្តោយរហូតដល់កាច់ពុតលែងបាន ទើបគ្មាននរណាម្នាក់ទៅនិយាយដាស់តឿនគេ ព្រោះដឹងថាគេមិនស្តាប់ មិនព្រមធ្វើតាម។
ទឺត~ទឺត!!
«លោកដុកទ័រ..ចង្វាក់បេះដូងចាប់ផ្តើមខ្សោយទៅៗហើយ!» គ្រូពេទ្យស្រែកដុកទ័រងើយសម្លឹងមើលកញ្ចក់ Oxygen ដោយកែវភ្នែកបើកសស្គូស ស្ទុះវឹងទៅចាប់យកឧបករណ៍ឆក់កន្ទ្រាក់បេះដូងចេញមកភ្លាមៗ។
«កុំចាក់ថ្នាំថែម!» ដុកទ័រនិយាយប្រាប់ដោយសំឡេងធ្ងន់កណ្តុក មុនពេលដើរចូលទៅឈរកៀកនឹងរាងកាយដេកសន្លប់ស្តូកស្តឹងចាប់ឧបករណ៍មកផ្អឹបឆក់កន្ទ្រាក់បេះដូងដោយសារតែអាការៈជំងឺឈានទៅដល់ដំណាក់កាលធ្ងន់ធ្ងរខ្លាំងពេកដូចជា សម្ពាធឈាមស្អិត ឈឺក្បាល វិលមុខ ស្រវាំងភ្នែកហឹងត្រចៀក ហើយស្រាប់តែកើតមានបញ្ហាស្មារតី ស្ពឹកម្រាមដៃ ស្ពឹកម្រាមជើងសរសៃឈាមក្រហមផ្តល់ឈាមឱ្យបេះដូងមិនបានគ្រប់គ្រាន់ បេះដូងមានចរន្តចង្វាក់ចុះខ្សោយទាប បាក់កម្លាំង ព្រមទាំងបញ្ហាប្រព័ន្ធផ្លូវដង្ហើមដកខុសប្រក្រតីខ្លាំងពេក។
«មួយពីបី-ឆក់!»
ផឹប-ប៊ឹប...
«មួយពីបី-ឆក់!!!»
ផឹប-ប៊ឹប...
«លោកដុកទ័រ គ្មានសង្ឃឹមទេ..គ្មានលទ្ធផលជាក់លាក់ច្រើនជាងនេះទៀតទេ!ឋ» ដុកទ័រធំមិនបានគិតចង់បោះបង់ការព្យាយាមព្យាបាលអ្នកជំងឺត្រឹមតែប៉ុណ្ណេះនោះឡើយ គាត់ស្រាប់តែចាប់ដកឧបករណ៍ឆក់បេះដូងនោះចេញប្រើប្រាស់វិធីជួយសង្គ្រោះតាមវេជ្ជបញ្ជា រួចអនុវត្តវិធីសង្គ្រោះ "CPR" Cardiopulmonary resuscitation (សង្គ្រោះបេះដូង) ជំនួសវិញដោយប្រើកម្លាំងដៃសង្កត់លើដើមទ្រូងខាងឆ្វេងជាច្រើនដងនឹងញឹកញាប់ណាស់ប្រឹងប្រែងទៅមុខបន្តរហូតដល់ញើសស្រក់ហូរតក់ៗជាំពពិចពេញថ្ងាស់ព្រមទាំងសើមឯកសណ្ឋានដុកទ័រទាល់តែជោកអស់ពេញខ្នង។
«ហ៊ឹកៗ..ជុងហ្គុក!» ថេយ៉ុង ដើរចូលទៅសម្លឹងមើលកញ្ចក់ថ្លាទ្វារបន្ទប់សង្គ្រោះបន្ទាន់ ខណៈបានមើលឃើញរូបភាពគួរឱ្យសង្វេគខ្លោចចិត្ត រួចក៏ស្រែកទ្រហោយំព្រោះបាត់បង់ម្ចាស់ការអស់ទៅហើយ ដ្បិតឃើញដុកទ័រនិងគ្រូពេទ្យដទៃទៀត ស្វិតស្វាញក្នុងការជួយសង្គ្រោះខ្លាំងពេកទិដ្ឋភាពទាំងនោះវាយប្រហារស្មារតីរបស់គេខ្លាំងណាស់ គេស្រែកយំខ្លាំងៗទាល់តែក្រុមគ្រួសារ ជុងហ្គុក ភ្ញាក់ផ្អើលស្ទុះស្ទារអស់ជំហររៀងៗខ្លួនឡើងសម្លឹងមើលអ្វីដែល ថេយ៉ុង បានចួបប្រទះរួច ចង្វាក់បេះដូងរវាងពួកគេម្នាក់ៗគ្មាននរណានៅបានស្ងប់សុខឡើយ។
«កាន់តែពិបាកមែនទេនហើយម៉ាក់អើយ!» ជីន ស្រែកទ្រហោយំគ្មានភាពជាកូនប្រុសអស់ដៃអស់ជើងខ្សោយទៅៗ នាំឱ្យស្មារតីស្ត្រីជាម្តាយកាន់តែចុះខ្សោយបាក់កម្លាំងនឹងសឹងតែដួលវិះបាត់ជំហរម្តងៗ។
«ម៉ាក់..ម៉ាក់..» ហូស៊ុក ក្រសោបឱបរាងកាយម្តាយក្តោបអង្រួនគាត់ខ្លាំងៗ។
ទឺត!ទឺត!ទឺត!
«លោក ដុកទ័រ..ចង្វាក់..បេះ..បេះដូងលែងលោតមែនទេនហើយ!» សម្តីគ្រូពេទ្យជួយសង្គ្រោះបឋមបន្លឺឡើង ខ្លួនប្រាណដុកទ័រធំប្រែជាស្រាលស្ញើកអស់មួយទំហឹង កម្លាំងកាយដែលបានបញ្ចេញមកទាំងអម្បាល់ម៉ានធ្វើឱ្យគាត់អស់សង្ឃឹមចំពោះខ្លួនឯងយ៉ាងខ្លាំង កែវភ្នែកបិទ ដៃក្តាប់ស្ទើរតែបាក់ម្រាម អារម្មណ៍ប្រែជារង់សម្ពាធខ្ពស់នឹងសោកស្តាយកាន់តែខ្លាំងឡើងៗ។
ផាំង!! ផាំង!!
«ឈ..ឈប់ធ្វើអី..ហេតុអ្វីក៏បញ្ឈប់ការជួយសង្គ្រោះត្រឹមណេះ?» ស៊ូហ្គា ក្តាប់ម្រាមដៃយ៉ាងណែនវាយតំទៅលើទ្វារទាំងសំឡេងស្រែកស្ទើរតែបែកដើមទ្រូង។
លោក ដុកទ័រ ឈរនៅស្ងៀមស្របពេលគិលានុបដ្ឋាយិកា បានចាប់ទាញក្រណាត់សមួយផ្ទាំងធំមកគ្របដណ្តប់លើរាងកាយដែលចាប់ផ្តើមស្លេកគ្មានឈាម។
ថេយ៉ុង ទន់ឆ្អឹងជង្គង់ដួលក្រឹបទៅលើឥដ្ឋ ដៃជើងនិងរាងកាយទាំងមូលហាក់គ្មានកម្លាំងទឹកភ្នែកហូរច្រោកកាលបើសំឡេងទ្រហោយំឮសូរគ្រលួចរួមជាមួយនឹងសមាជិកគ្រួសារទាំងអស់គ្នាក៏បានបន្ទរឡើងរងុំស្តាប់ហើយកាន់តែនឹកស្រណោះសោកស្តាយនឹងឈឺចាប់ហាក់គ្មានអ្វីផ្ទឹមបានឡើយ។
ក្រាក!!
ទ្វារបន្ទប់សង្គ្រោះបន្ទាន់បានរបើកឡើង លោកដុកទ័រស្ថិតក្នុងទឹកមុខគ្មានក្តីសង្ឃឹម សូម្បីតែមួយភាគរយនោះ បានចាប់ដើរចេញមកដោយសំដែងការសោកស្តាយនឹងឱនខ្លួនឈ្ងោកចុះសូមទោសចំពោះអ្នករាល់គ្នា ព្រមជាមួយនឹងសំឡេងស្រាលគ្មានទម្ងន់អ្វីបន្តិចណានោះសោះ÷
«ខ្ញុំបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពហើយ ប៉ុន្តែពេលវេលាដែលបានផ្តល់ឱ្យពួកយើង គឺតិចតួចខ្លាំងណាស់ យ៉ាងណាក៏ពួកខ្ញុំសូមសំដែងការសោកស្តាយចំពោះការបាត់បង់ដ៏ធំធេងមួយនេះផងទៅចុះ!»
«ហ៊ឹកៗ...ហ៊ឺៗ..ចប់អស់ហើយ!!!»
