៥ ខែក្រោយមក..
ប្រទេសបារាំង
មន្ទីពេទ្យពហុព្យាបាល
អ្នកកំលោះស្ថិតក្នុងទឹកមុខដ៏ស្រស់បស់ញញឹមអង្គុយលើរទេះរុញសម្លឹងមើលទៅកាន់ទេសភាពខាងក្រោមនៃអាគារមន្ទីពេទ្យដោយកែវភ្នែកមុតថ្លាមានពន្លឺត្រចង់ ខណៈគិលានុបដ្ឋាយិកាស្រីម្នាក់បានលើកចានទម្រកែវទឹកនឹងថ្នាំចូលមកហើយដើរសំដៅទៅរកអ្នកកំលោះរូបស្រស់ម្នាក់នោះក្នុងទឹកមុខដ៏រួសរាយស្រស់ញញឹម។
«អញ្ជើញលោកដល់ម៉ោងញ៉ាំថ្នាំហើយ!» ប្រអប់ដៃពេញប្រៀបទៅដោយកម្លាំង ចាប់លើកទៅទទួលយកកែវទឹកនឹងគ្រាប់ថ្នាំមកលេបឱ្យបានទៀងទាត់ពេលវេលាទៅតាមវេជ្ជបណ្ឌិតណែនាំ រួចក៏សម្លឹងមើលមុខគិលានុបដ្ឋាយិកាស្រីម្នាក់នោះដោយទឹកមុខស្ងៀមស្ងាត់។
«បន្តិចទៀតលោកដុកទ័រ សេម អញ្ជើញមកដល់ហើយ ដូច្នេះលោកអាចពិគ្រោះយោបល់ជាមួយគាត់តាមរយៈជំងឺរបស់លោកបាន!» នាយគ្រាន់តែងក់ក្បាលផ្ងក់ៗ ដុកទ័រ សេម ដែលគិលានុបដ្ឋាយិកាបាននិយាយអម្បាញ់មិញនេះ ស្រាប់តែចូលមកដល់ល្មម។
«អរនោះគាត់មកដល់ហើយ!» ដុកទ័រ សេម រន្ថាន់ដើរចូលមកខណៈគិលានុបដ្ឋាយិកាក៏បានដើរចេញទៅវឹងបាត់។
«ថ្ងៃនេះសុខភាពរបស់លោកល្អប្រសើរច្រើនណាស់ សុភាពឆ្អឹងខ្នងរបស់លោកត្រូវបានព្យាបាលជិតជាសះស្បើយហើយ នៅសល់រយៈពេលមួយសប្តាហ៍ទៀត លោកអាចចាកចេញពីមន្ទីពេទ្យបានហើយ ជុងហ្គុក វេសតុន៍!» និយាយដល់ ដុកទ័រ សេម គាត់គឺជាអ្នកដែលបានព្យាបាល ជុងហ្គុក នៅឯមន្ទីពេទ្យក្នុងទីក្រុង ញ៉ូវយក ប៉ុន្តែដោយហេតុថាមានបញ្ជាពី ជុងហ្គុក ទើបគាត់សម្រេចចិត្តផ្លាស់ប្តូរនាយមកព្យាបាលនៅឯប្រទេសបារាំងវិញម្តង។
«ខ្ញុំមិនចង់វិលត្រលប់ទៅទីក្រុងញ៉ូវយ៉កវិញទេ! ព្រោះពួកគេបានដឹងថាខ្ញុំស្លាប់ហើយ ខ្ញុំមិនចង់ត្រលប់ទៅកន្លែងដែលធ្វើខ្លួនឯងមានវិបត្តិច្រើនជាងនេះបន្តទៀតទេ!» ជុងហ្គុក ស្រដីដោយទឹកមុខរាបស្មើនិយាយដល់រឿងគ្រួសាររបស់គេ គេនៅមិនទាន់រសាយបាត់អារម្មណ៍ឆ្គាប់ឆ្គងដែលមានចំពោះពួកគេឡើយ។
«ប៉ុន្តែភរិយារបស់លោកកំពុងតែមានកូន បើលោកមិនទៅចួបពួកគេយល់ថាលោកជាឪពុកដាច់ចិត្តខ្លាំងពេកហើយ ម្យ៉ាងវិញទៀតគ្រួសារលោកក៏មិនចង់ធ្វើបែបនេះដែរ សូមលោកព្យាយាមយល់ហើយចាត់ទុកថារឿងទាំងអស់នេះជាអតីតកាលទៅចុះ!»
«អរគុណលោកច្រើនណាស់សម្រាប់រឿងគ្រប់យ៉ាង!»
«បាទ!»
ត្រលប់ក្រោយទៅមើលពេលវេលានាថ្ងៃកើតហេតុនៅឯមន្ទីពេទ្យក្នុងទីក្រុងញ៉ូវយកវិញម្តង។
«ខ្ញុំនឹងមិនព្យាបាលទេ!» សម្តីឈ្លោះប្រកែកគ្នារវាងដុកទ័រនឹងអ្នកជំងឺបានបន្លឺឡើង។
«ប៉ុន្តែបើលោកមិនព្រមព្យាបាលទេ លោកអាចនឹងស្លាប់បាន!»
«ស្លាប់ក៏ស្លាប់ទៅ ខ្ញុំលែងចង់រស់នៅទៀតហើយ!» ជុងហ្គុក ប្រកែកទាំងដែលឈាមហូរស្រក់ជោកច្រមុះនឹងមាត់ ដុកទ័រ សេម សម្លឹងមើលសភាពរបស់គេពិបាកភ្នែកណាស់ ទើបខំព្យាយាមនិយាយបញ្ចុះបញ្ចូលនាយដោយចិត្តសាស្ត្រត្រជាក់ជាថ្មីម្តងទៀត÷
«លោកចង់ស្លាប់? ទាំងដែលគ្រួសារលោកនាំគ្នាបារម្ភខ្វល់ខ្វាយពីលោកគ្រប់ៗគ្នា លោកមានយល់ដល់អ្នកដែលមានផ្ទៃពោះកំពុងស្រែកយំព្រោះខ្លាចបាត់បង់លោកដែរទេ? លោកមានគិតខ្លះទេថាពួកគេត្រូវការលោកខ្លាំងប៉ុណ្ណា? ម្តាយចាស់របស់លោកស្រែកយំឥតមានពេលល្ហែ ចំណែកឯបងប្រុសលោកនាំគ្នាទន្ទឹងរង់ចាំលទ្ធផលគ្មាននរណាម្នាក់បានស្ងប់ចិត្តទេ សូម្បីតែភរិយារបស់លោកគេយំស្ទើរស្លាប់ស្ទើររស់ព្រោះអ្នកណា? ព្រោះតែលោកម្នាក់ហ្នឹងហើយ លោកនៅមានកូន កូនតូចៗដែលត្រូវការភាពកក់ក្តៅពីលោកខ្លាំងណាស់ សូមលោកព្យាយាមគិតខ្លះផងទៅ ជុងហ្គុក វេសតុន៍!»
«ពួកគេបារម្ភពីខ្ញុំអ្ហេស? ទាំងដែលពួកគេបានទុកខ្ញុំចោលបែបនេះ? ពួកគេបានរៀបការជាមួយគ្នារួចហើយ អស់ភារកិច្ចរបស់ខ្ញុំហើយ ពេលនេះលោកទុកឱ្យខ្ញុំស្លាប់ទៅ ខ្ញុំមិនចង់រស់នៅទៀតទេ ជំងឺទាំងអស់នេះវាពិតជាពិបាកខ្លាំងណាស់!»
«បើខ្ញុំធ្វើបែបនេះស្មើនឹងខ្ញុំបោះបង់កាតព្វកិច្ចក្នុងនាមជាដុកទ័រចោលហើយ សូមលោកមេត្តាគិតផងទៅចុះ! ទៅប្រទេសបារាំងជាមួយខ្ញុំទៅ ខ្ញុំសុំសន្យាថានឹងព្យាបាលលោកឱ្យឆាប់ជាសះស្បើយ!» ជុងហ្គុក ងើយមុខសម្លឹងមើលដុកទ័រ សេម ដោយខ្សែភ្នែកគ្មានសង្ឃឹម ប៉ុន្តែលោកដុកទ័រ សេម នៅតែបន្តដុកដាន់សុំឱ្យគេធ្វើតាមសម្តីរបស់ខ្លួនធ្វើយ៉ាងណាបញ្ចុះបញ្ចូលឱ្យនាយទន់ចិត្តហើយព្រមប្រគល់ខ្លួនឱ្យលោកដុកទ័រមើលថែតាមសម្រួល។
«តែខ្ញុំមិនចង់ឱ្យពួកគេដឹងថាខ្ញុំនៅរស់ទេ!»
«រឿងនេះខ្ញុំជាអ្នករៀបចំ សូមលោកកុំបារម្ភអី ឱ្យតែលោកយល់ព្រមតាមសំណើររបស់ខ្ញុំ លោកទុកចិត្តចុះ!» ដុកទ័រ សេម គ្រាន់តែបានបញ្ចប់សម្តីភ្លាម ឈានចូលដល់ពេលធ្វើការក្នុងនាមជាដុកទ័រជួយសង្គ្រោះជីវិតរបស់អ្នកជំងឺ។
«ផ្លាស់ប្តូរសាកសព..»
«លោកដុកទ័រ?» គិលានុបដ្ឋាយិកាធ្វើមុខស្រឡើសម្លឹងមើលមុខដុកទ័រ សេម តាមដោយអាការៈដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
«យកសាកសពដែលត្រូវពិសោធន៍បញ្ហាសេរីរាង្គមកផ្លាស់ប្តូរក្នុងពេលឥឡូវនេះឱ្យឆាប់ឡើងទៅ..ចំណែកឯលោកដុកទ័រ ម៉ាហ្សុន៍ ជួយធ្វើស្បែកមុខឱ្យខ្ញុំក្នុងរយៈពេលដែលលឿនខ្លាំងបំផុតក្នុងយប់នេះបន្ថែមដែរ!»
«ប៉ុន្តែហេតុអ្វីទៅលោកដុកទ័រ សេម?» ដោយសារតែលោកដុកទ័រ ម៉ាហ្សុន៍ មានជំនាញនឹងពូកែខាងធ្វើពុម្ពស្បែកមុខស៊ីលីកូនអំពីជ័រស្វិតប្រៀបដូចស្បែកមុខមនុស្សយើងបេះបិទយ៉ាងអ៊ីចឹង ទើបដុកទ័រ សេម ស្នើសុំដាក់សំណើរដោយស្ថានភាពលឿនបំផុតតាមអ្វីដែលអាចធ្វើទៅបានក្នុងរយៈពេលដ៏ខ្លី។
«មិនអីទេ ខ្ញុំនឹងប្រញាប់ប្រញាល់ធ្វើឥឡូវនេះ!» ក្រោយពីបានពិភាក្សាគំនិតគ្នារួច ដុកទ័រ សេម នឹង គិលានុបដ្ឋាយិកាដទៃរៀបចំឈុតឆាកពិសេសៗធ្វើឡើងបំភ័ន្តឱ្យកែវភ្នែកគ្រួសារ ជុងហ្គុក ប្រៀបដូចជាបានជឿជាក់ថាពួកគេកំពុងតែដុតដៃដុតជើងធ្វើការយ៉ាងយកចិត្តទុកដាក់ខ្នះខ្នែងទាំងដែលការពិត ជុងហ្គុក ត្រូវបានពួកគេបញ្ចូនចេញទៅតាមរយៈជើងហោះហើរនៃអាកាសយាន្តដ្ឋានជាតិទៅកាន់ប្រទេសបារាំងបាត់ទៅហើយ។
បច្ចុប្បន្ន..
«ខ្ញុំអរគុណលោកដុកទ័រច្រើនហើយដែលតែងតែនៅក្បែរហើយមើលថែខ្ញុំក្នុងនាមជាដុកទ័រដ៏ល្អម្នាក់!» ជុងហ្គុក មិនភ្លេចថ្លែងអំណរគុណចំពោះលោកដុកទ័រ សេម ទេដោយសារតែបានគាត់ទើបគេអាចជាសះស្បើយ ចាកឆ្ងាយពីជំងឺដ៏កាចសាហាវមួយនេះបានមកដល់សព្វថ្ងៃ។
«ឱ្យតែលោកបានជាសះស្បើយ ខ្ញុំត្រេកអរណាស់ ណាមួយការងារមួយនេះអាចជាកាតព្វកិច្ចចុងក្រោយដែលខ្ញុំបានធ្វើផង ម្យ៉ាងវិញទៀតខ្ញុំអាយុច្រើនណាស់ណាទៅហើយ ជិតដល់ពេលចូលនិវត្តន៍ ទើបខ្ញុំចង់បំពេញបំណងខ្លួនឯងឱ្យបានច្រើនជាងនេះ លោកអាចត្រលប់ទៅវិញបាន ប្រពន្ធកូនលោកកំពុងតែរង់ចាំផ្លូវនៅឯផ្ទះកុំទុកពួកគេចោលទៀតអី!» អ្នកកំលោះរូបស្រស់ងើបក្រោកឈរឡើងចេញពីរទេះរុញក្នុងឫកពាដ៏មាំមួន ពេលវេលាដែលគេស្ថិតក្រោមការគ្រប់គ្រងពីដុកទ័រ សេម មានរយៈពេលយូរគួរសមខ្លាំងណាស់ ដូច្នេះហើយរាងកាយរបស់គេក៏អាចទទួលបានថាមពលគ្រប់គ្រាន់ជាងមុនទ្វេដងទៅទៀតដែរ។
«បាទ!»
