ភាគ០១÷ ភ្លាត់មាត់

5.4K 297 4
                                        

    មន្ទីពេទ្យ Sejeong
    «នរណាថាយើងអកតញ្ញូជាមួយមនុស្សប្រុស យើងកតញ្ញូដល់ថ្នាក់គេចម៉ោងរៀនសូត្រលួចចេញមកប៉ុណ្ណឹងហើយ គេនៅមើលមិនឃើញពីគុណតម្លៃរបស់យើងទៀត?» ថេយ៉ុង បោះជំហ៊ានឈានជើងមកដល់មន្ទីពេទ្យ Sejeong ភ្លាមរអ៊ូរងូវៗម្នាក់ឯងដូចឃ្មុំមិនត្រឹមតែលួចជេរប្រទេចបណ្តាសារថាឱ្យមិត្តរបស់ខ្លួននោះទេ ប៉ុន្តែគេនៅខឹងក្តៅក្រហាយ មិនដឹងថាត្រូវរកវិធីដោះសារមកកាន់មន្ទីពេទ្យមួយនេះដើម្បីអ្វីទៀត ប្រសិនបើចួបគ្រូពេទ្យ គួរប្រាប់ថាឈឺអី? ឬគ្រាន់តែឈឺក្បាលហើយមកផ្សំថ្នាំលេបតែប៉ុណ្ណឹង? ឆ្កួតមែនគំនិតបម្រុងក្នុងខួរក្បាលរបស់គេកាន់តែគិតរឹតតែគ្មានបានការទៅទៀតហើយ។
    «ថេយ៉ុង!!»
    «លោកពូ ដូជុន!» ថេយ៉ុង ឧទានមិនភ្លេចគិតរកវិធីមកនិយាយដោះសារដោយសារតែ ដូជុន ជាលោកពូបង្កើតរបស់គេហើយក៏ភ្លេចគិតឱ្យឈឹងទៅថា ដូជុន ធ្វើការនៅមន្ទីពេទ្យមួយនេះដែរ។
    «ហើយមកទីនេះធ្វើអីអ្ហះ? មានបញ្ហាអីឆាប់ប្រាប់ពូភ្លាមមក?» ស្មានថាគេឈឺអ្វីធ្ងន់ធ្ងរទើបនាយបារម្ភណាស់ខំរូតរះរត់មកចាប់ក្រសោបខ្លួនរាងតូចច្រឡឹងបង្វិលមើលចុះឡើងដោយអាការៈបារម្ភ។
    «គឺ..លោកពូ..ថេយ៍..ឈឺពោះ ចុកពោះតាំងតែពីព្រលឹម!» ថេយ៉ុង ប្រើលេសក្មេងខ្ចីមកនិយាយកុហកឥតសមទំនង។
    «ពុលអាហារ ឬមិនបានញ៉ាំបាយ?»
    «មិនដឹងទេ សុខៗក៏ចុកពោះឆាវៗតែម្តងណាលោកពូ!» ដូជុន លែងសួរនាំប្រញាប់ប្រញាល់ចាប់បង្អូសដៃក្មួយប្រុស ចូលទៅកាន់បន្ទប់ពិនិត្យមើលសុខភាព ថេយ៉ុង អង្គុយចុះសម្លឹងមើលផែនខ្នងមាំក្រាស់ទាំងចិត្តឆ្លេឆ្លា កាលបើបាននិយាយកុហកមនុស្សចាស់រួចហើយ មានអារម្មណ៍លែងនឹងនរ បើ ដូជុន ពិនិត្យរកមើលមិនឃើញពីស្ថានភាពជំងឺរបស់គេ នោះប្រាកដជាគិតថាគេបាននិយាយកុហកស្រស់ៗហើយ។
    «លោកពូ!»
    «ហ្អឹម?» កំលោះសង្ហាមុខស្រស់ងាកក្រឡេកមកសម្លឹងមើលវ័យជំទង់តាមរយៈខ្សែភ្នែកងឿងឆ្ងល់។
    «ខ្ញុំលែងចុកពោះហើយ!»
    «យ៉ាងម៉េចហះ? មុននេះត្អូញថាចុកសោះ?»
    «មុននេះចុកពិតមែន ប៉ុន្តែឥឡូវនេះលែងអីហើយ លោកពូគ្រាន់តែផ្សំថ្នាំឱ្យ ថេយ៍ លេបជាប្រចាំបានហើយ ព្រោះយូរៗក៏ចុកម្តងៗ..» ថេយ៉ុង តែងតែឧស្សាហ៍ឈឺចុកពោះពិតមែន ដោយសារតែគេធ្លាប់មានអាការៈឈឺគ្រុនពោះវៀនព្រោះតែការបរិភោគអាហារផ្តេសផ្តាស់នៅឯសាលារៀន។
    «ថ្ងៃក្រោយណា ជ្រើសរើសញ៉ាំអាហារត្រូវមើលលើគុណភាពរបស់វាផង បើវាមិនជួយដល់សុខភាពអ្វីសោះ កុំញ៉ាំតាមតែចិត្តនឹកឃើញទៀត អាយុនៅខ្ចីណាស់ ចុះបើត្រូវខូចក្រលៀន ស្វិតពោះវៀន ឈឺក្រពះទៀត មិននឹកស្តាយពេលវេលាត្រូវដើរទៅមុខបន្តទេមែនទេ?» ដូជុន ដាស់តឿនគេមិនមែនតែម្តងនោះទេ ប៉ុន្តែនាយបាននិយាយជារឿយៗទាល់តែសឹកបបូរមាត់អស់ទៅហើយព្រោះតែបារម្ភពីសុខទុក្ខក្មួយប្រុសខ្លាំងពេកណាមួយស្រលាញ់ថ្នាក់ថ្នមដូចជាកែវអ៊ីចឹងឮសូរថាឈឺក៏បារម្ភឡេះឡះក្នុងទ្រូងនៅមិនស្ងៀមសោះ។
    «លោកពូ..នៅទីនេះ មានដុកទ័រឈ្មោះ ចន ជុងហ្គុក ទេ?» ពេលដែលប្រមូលភាពក្លាហានបានគេក៏នឹកសួរនាំពីលោកដុកទ័រសង្ហាភ្លាម ខណៈបុរសមានងារជាពូខាងណោះ ចងចិញ្ចើមចូរគ្នាដោយអារម្មណ៍មិនល្អភ្លែត។
    «សួរពីអាពេទ្យធ្វើអី?»
    «ម្តេចក៏លោកពូហៅគាត់អាក្រក់ស្តាប់យ៉ាងនេះ?» ថេយ៉ុង ច្រឡោតខឹងតោតតូងមួយរំពេច កាន់តែធ្វើឱ្យ ដូជុន ទៅជាឈរងេមងាមដោយសារទម្ងន់សម្តីនិងសំឡេងដ៏ស្រួយស្រែសបានស្រែកសឹងតែរហែកក្រដាស់ត្រចៀកខ្លួនអម្បាញ់មិញនេះ។
    «ក៏ព្រោះតែវាជាមិត្តរួមការងាររបស់ពូ ពួកយើងតែងតែហៅគ្នាថាបែបនេះ យ៉ាងម៉េច? គ្រាន់តែពូហៅវាអាប៉ុណ្ណឹង ឆេះឆួលចិត្តដាក់ពូខ្លាំងម្លេ៉ះ?»
    «មកពីលោកពូប្រើសម្តីអាម៉ឹងនៅនឹងមុខ ថេយ៍ ក្រែងលោកពូធ្លាប់បានបង្រៀន ថេយ៍ មិនឱ្យនិយាយពាក្យបែបនេះនៅចំពោះមុខនរណាម្នាក់?» ដូជុន ញញិមឡើងភ្លាមងាកមកចាប់ក្រញិចថ្ពាល់ទាំងសងខាងរបស់ក្មួយប្រុសដោយអារម្មណ៍គ្រឺតក្នាញ់។
    «ឆ្លាតណាស់នៅចងចាំសម្តីពូបានទៀត!» មិញនេះគេគ្រាន់តែប្រើលេសជំនួសភាពគាំងទ្រឹងមួយពេលតែប៉ុណ្ណោះ កាលបើសំណួរដ៏មុតស្រួចរបស់លោកពូបានបាញ់យ៉ាងចំចំណុចសំខាន់ក្នុងចិត្តខ្លួនរួចមកហើយទើបត្រូវឆ្លើយឱ្យរួចផុតតែពីមាត់សិនទៅ។
    ក្រាក!!
    សូរទ្វារបន្ទប់បានបន្លឺ..
    «មកហើយអ្ហេះ?» ដូជុន ក្រឡេកទៅសន្ទនាជាមួយកំលោះសង្ហាក្នុងទឹកមុខនឿយហត់ខាងណោះ។
    «ដល់វេនឯងម្តងហើយ!» ជុងហ្គុក ហុចក្រដាសសិក្ខាសាលាទៅឱ្យ ដូជុន ភ្លាមៗ ភ្នែកក៏ស្រាប់តែរំពៃទៅចំក្មេងប្រុសវ័យខ្ចីរូបនោះតាមរយៈភាពស្ងៀមស្ងាត់។
    «អូយ..លោកពូ ចុកពោះណាស់!» ថេយ៉ុង ស្រាប់តែស្រែកហើយស្ញូញមុខសំដែងភាពឈឺចាប់ព្រមទាំងពេបមាត់យំឈូរសស្រាក់ លះបង់ភាពអៀនខ្មាសជំទាលស្រែកដូចកូនក្មេងត្រូវម្តាយវាត់ប៉ុន្មានរំពាត់អ៊ីចឹង។
    «ធ្វើយ៉ាងម៉េចទៅពូដល់ម៉ោងចេញធ្វើការហើយហ្នឹង?»
    «ហ៊ឹកៗៗ..លោកពូ ប៉ុន្តែខ្ញុំចុកពោះ..ហ៊ឺៗៗ..ចុកណាស់ ចុកចង់ស្លាប់ទៅហើយណាលោកពូ!» ថេយ៉ុង គ្រវីក្បាលញ័រតតាត់សម្រក់ដំណក់ទឹកភ្នែកថ្លាយ៉ង់តក់ៗកាត់ផែនថ្ពាល់ក្មេងវ័យមិនព្រមឈប់។
    «ឯងទៅៗ..ទុកឱ្យយើងជាអ្នកពិនិត្យ!» ជុងហ្គុក ក្រសោបយកភារៈកិច្ចមកបំពេញតែម្នាក់ឯងកំលោះ ដូជុន ងក់ក្បាលរួចប្រញាប់ប្រញាល់រត់ចេញទៅបំពេញធុរៈជាមួយក្រុមគ្រូពេទ្យដទៃទៀតដោយសារតែគេក៏ត្រូវមានតួនាទី ចុះទៅតាមសាលារៀនដើម្បីផ្តល់ថ្នាំចាក់ឱ្យសិស្សសាលា ស្តីពីបទបង្ហាញការចាក់ថ្នាំបង្ការជំងឺរលាកស្រោមខួរក្បាលផងដែរ។
    «គេងសិនទៅ!» ជុងហ្គុក លូកដៃមកជួយចាប់ទប់ស្មាតូចស្រឡូន រួចរុញរាងតូចឱ្យទ្រេតខ្នងទម្រេតគេងលើគ្រែថ្នមៗ មុននឹងលើកខ្នងដៃស្ទាបប៉ះមុខមាត់តូចច្រម៉ក់មិនភ្លេចទាញឧបករណ៍ពិនិត្យមកបន្ថែមដែរ។
    «ឈឺណាស់!» ថេយ៉ុង ថ្ងួចថ្ងូរមិនស្ងាត់សំឡេងយំ យំយែករហេមរហាមរងូវៗចង់ឱ្យពេទ្យកំលោះងាកមកចាប់អារម្មណ៍ពីវត្តមានខ្លួនឱ្យបានច្រើនជាងនេះ។
    «ញ៉ាំអាហារបីពេលបានទៀងទាត់ទេរាល់ថ្ងៃនេះ?» ផ្ទៃមុខសង្ហាស្បែកមុខភ្លឺម៉ដ្ឋរលោង ឆក់យកបេះដូងវ័យជំទង់ឱ្យកន្ទ្រាក់បោកចលនា ទាញលោតវឹបៗ សឹងតែធ្លុះធ្លាយ ហោះចេញក្រៅដើមទ្រូង។
    «ញ៉ាំ គ្រាន់តែញ៉ាំបានតិចបងពេទ្យ!» ហៅ ដូជុន ថាលោកពូ ហៅ ជុងហ្គុក ថាបង ទាំងដែល ជុងហ្គុក និង ដូជុន មានអាយុស្មើគ្នាពិតជាធ្វើឱ្យនាយហួសចិត្តខ្លាំងណាស់។
    «ថ្ងៃក្រោយត្រូវញ៉ាំអាហារឱ្យទៀងទាត់ពេល ទើបក្រពះមិនឈឺ មិនមានបញ្ហា ត្រូវញ៉ាំអាហារល្អៗ ជំនួយដល់សុខភាព!» ជុងហ្គុក ងាកមកចាប់ហុចទឹកមួយកែវ រួមជាមួយគ្រាប់ថ្នាំ ដែលធ្វើឱ្យ ថេយ៉ុង រៀងរអារក្នុងចិត្តបន្តិច ព្រោះមិនចូលចិត្តថ្នាំគ្រាប់តាំងតែពីដើមមក។
    «ចាំទៅដល់ផ្ទះ ចាំខ្ញុំលេបបានទេ?»
    «មិនបានទេ លេបហើយមានអាការៈល្អប្រសើរឡើងវិញ ចាំត្រលប់ទៅផ្ទះចុះ!»
    «លេបហើយទៅផ្ទះភ្លាមហ្អ៎បងពេទ្យ?» ជុងហ្គុក ងើបក្រសែភ្នែកសម្លឹងមើលផ្ទៃក្មេងច្រម៉ក់ដែលហៅខ្លួនបងៗឱ្យរលួយ សម្តីផ្អែមស្រទន់ ចរិតម្ញិកម្ញក់ សឹងតែមិនដូចជាក្មេងប្រុសទូទៅឯទៀតសោះ។
    «លេបរួចសម្រាក ២០ នាទី ហើយចាំត្រលប់ទៅផ្ទះ!»
    «អ៊ីចឹងបងពេទ្យនៅក្នុងការិយាល័យមួយនេះរហូតទេ?»
    «បងនៅប្រចាំការរហូតដល់ម៉ោងចេញ សម្រាប់វេនល្ងាច ពេលយប់ជ្រៅទើបត្រូវផ្លាស់វេនជាមួយដុកទ័រផ្សេងទៀត!» ថេយ៉ុង សើចញឹមៗសម្រាក ២០ នាទី នៅជាមួយដុកទ័រសង្ហាតែពីរនាក់ក្នុងបន្ទប់តែមួយទៀត ពេលវេលាមិនចេះតែងាយអាចឆ្លៀតឱកាសក្រសោបចាប់បានដោយងាយៗស្រួលៗនោះទេ ទើបគេប្រញាប់ចាប់លើកថ្នាំមកលេប បើទោះបីជាវាមានរសជាតិល្វីងយ៉ាងណាពិបាកលេបយ៉ាងណាក៏ត្រូវតែជម្នះលេបឱ្យបានដែរ។
    «បងពេទ្យព្រឹកមិញចាំខ្ញុំបានទេ?»
    «អាល្អិតឯងក្រែងជាក្មួយប្រុសរបស់ ដូជុន?»
    «ម្តេចក៏បងដឹង?» ជុងហ្គុក ទម្លាក់ឯកសារចុះពីដៃងាកមកសម្លឹងទឹកមុខភ្លីភ្លើដោយកែវភ្នែករាបស្មើធេង។
    «វាផ្ញើសារមកប្រាប់!»
    «អ៊ីចឹងបងក៏ទើបតែស្គាល់ខ្ញុំដែរ ហើយចុះព្រឹកមិញក្រែងកាន់ម្ជុលចាក់ថ្នាំឱ្យខ្ញុំមិនអ៊ីចឹង ម្តេចក៏បងមិនចាំមុខខ្ញុំផង?» ថេយ៉ុង ចាប់ផ្តើមច្រឡោតខឹង ខឹងកាលដែល ជុងហ្គុក ហ៊ានភ្លេចមុខស្អាតៗរបស់ខ្លួន ទាំងដែលដឹងហើយថាសិស្សក្នុងសាលារៀនមួយនោះ គ្មាននរណាមួយមានមុខមាត់ធៀបស្មើគេបានសូម្បីមួយចុងសរសៃសក់ណាឡើយ។
    «សិស្សច្រើនណាស់បងធ្វើម្តេចនិងចាំបាន?» ជុងហ្គុក នៅតែមិនព្រមលែងចិញ្ចើមដែលចងឡើងស្ទើរហួសថ្ងាស់ ព្រោះឆ្ងល់មិនបាត់ពីចរិតឫកពា ដែលក្មេងស្ទើរភ្លើងម្នាក់នេះកំពុងសំដែងអាការៈមិនពេញចិត្តចំពោះខ្លួនឯងឡើយ។
    «ព្រោះបងរវល់មើលមុខក្មេងដទៃហ្នឹង!»
    «ហើយយ៉ាងម៉េច?» ថេយ៉ុង ចាប់ងាកមុខចេញមើលទៅសម្តីម៉ឺងម៉ាត់ មានកម្លាំងកំហែងប្រៀបមិនដូចជាមនុស្សកំពុងតែឈឺទេ សម្តីក៏ធំ កាចឆ្នាស់ កែវភ្នែកវិញ បើកស.ស្គូស ហាក់ដូចជាចង់ស៊ីសាច់គ្រូពេទ្យសង្ហាទាំងរស់។
    «បងពេទ្យ ដែលទៅចាក់ថ្នាំដល់ផ្ទះអ្នកជំងឺផ្សេងទៀតទេ?» រាងតូចសួរស្របពេលដេកបែរខ្លួនចំហៀងសម្លឹងមើលមុខ ជុងហ្គុក។
    «បងមិនធ្លាប់ទៅទេ ព្រោះមានការងារនៅឯមន្ទីពេទ្យច្រើន!»
    «ចុះបើអ្នកជំងឺឈឺធ្ងន់ធ្ងរមកពេទ្យមិនរួច?»
    «ក៏មានឡានពេទ្យទៅរង់ចាំទទួលយកមកព្យាបាល យើងនេះមិនធ្លាប់ឃើញពួកជួបគ្រោះថ្នាក់ចរាចរណ៍អ្នកខ្លះ ដាច់ដៃ ដាច់ជើង ដល់ថ្នាក់សន្លប់ស្តូកស្តឹង មកពេទ្យមិនរួច ក៏ត្រូវតែមានឡានពេទ្យទៅដឹកយកមកកាន់មន្ទីពេទ្យព្យាបាលដែរ!»
    «នៅមន្ទីពេទ្យចួបសុទ្ធតែជំងឺឈឺថ្កាត់មានមេរោគគួរឱ្យខ្លាចណាស់ ថេយ៍ មិនចង់មកព្យាបាល នៅទីនេះញឹកញាប់ទេ!»
    «ក៏រកគ្រូពេទ្យប្រចាំថ្ងៃឱ្យទៅព្យាបាលទៅអ៊ីចឹង!»
    «តែខ្ញុំចង់ឱ្យបងពេទ្យទៅពិនិត្យ!»
    «ហើយចុះអាពេទ្យ ដូជុន?»
    «គាត់មិនមើលថែខ្ញុំទេ!»  ជុងហ្គុក លែងសួរនាំ ក្រោកទៅចាប់ក.ដៃស្រឡូនមកក្តោបកាន់ថ្នមៗ។
    «ខ្លួនត្រជាក់គ្រាន់បើហើយ គ្រប់ ២០ នាទីហើយត្រលប់ទៅផ្ទះវិញចុះ!»
    «បងពេទ្យ!!!!!» ថេយ៉ុង បង្អូសសំឡេងឱ្យវែងអន្លាយប្រៀបដូចជាផ្លូវថ្នល់កៅស៊ូ។
    «ហ្អឹម?» ជុងហ្គុក គ្រហឹម។
    «ល្ងាចហើយ ឡានក្រុងចេញចោលអស់ហើយ!»
    «ជិះតាក់ស៊ីទៅ!»
    «ជិះបងពេទ្យ...»
    «អ្ហះ?»
    «ទេចាំជិះឡានទៅជាមួយបងពេទ្យដែរ!»
   
    ម៉ោង ៩:៣៤ នាទីយប់
    ភូមិគ្រឹះ "គីម"
    រថយន្តសេរីទំនើប បានចាប់ពន្លត់ម៉ាស៊ីនយ៉ាងស្ងាត់ច្រៀបទៅវិញនៅខាងមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃដែលឈរយ៉ាងឡូយឆាយចំកណ្តាលទីធ្លាដ៏ធំល្វឹងល្វើយអមដោយសួនច្បារអមក្រឡឹងជុំវិញវិឡាយ៉ាងត្រជាក់ភ្នែក។
    ជុងហ្គុក ស្គាល់ទីនេះ ព្រោះជាកន្លែងដែល ដូជុន ស្នាក់នៅរួមជាមួយគ្រួសារត្រកូល គីម ដែរ គេក៏ឧស្សាហ៍មកញឹកញាប់ ប៉ុន្តែមិនដែលប្រទះជាមួយ ថេយ៉ុង ម្តងសោះ អាចថាគេមកមិនដែលចំពេលដែលអាល្អិតនេះនៅផ្ទះក៏ថាបាន។
    «អរគុណបងពេទ្យច្រើនណាស់!»
    «មកផ្ទះយប់ជ្រៅអ៊ីចឹងមិនខ្លាចម៉ាក់ថាឱ្យទេ?»
    «ថាតើសបង ហឹងត្រចៀករាល់តែថ្ងៃហ្នឹង!»
    «ម្តេចមិនស្តាប់សម្តីគាត់?»
    «ស្តាប់ គ្រាន់តែមិនធ្វើតាមហិហិ!» ថេយ៉ុង សើចកិលចាប់ទ្វារបើកចុះចេញ ឈរលើកដៃគ្រវីបក់ដាក់លោកគ្រូពេទ្យសង្ហាទំនងដូចសប្បាយចិត្តដល់ហើយ ទាំងដែលអ្នកផ្ទះឯណោះទន្ទឹងរង់ចាំមើលផ្លូវគេវិលត្រលប់មកផ្ទះវិញបារម្ភសឹងស្លាប់។
    នៅពេលរថយន្តពណ៌ខ្មៅរលើបបានបរចេញទៅផុត ដំណាលនិងវត្តមានស្ត្រី វ័យកណ្តាលម្នាក់ បានដើរចេញមកតាំងៗ ជាមួយទឹកមុខស្លន់ស្លោបន្ថែម មុននឹងបញ្ជាសម្រែកស្រែកយ៉ាងកកោកឮៗខ្លាំងៗឡើងមក÷
    «ទើបតែមកពីណា យប់ថ្មើរណេះទោហើយ?»
    លោកស្រី គីម ដារីរ៉ា មានងារជាលោកស្រីធំ ប្រចាំក្នុងភូមិគ្រឹះមួយនេះ គាត់មានរូបសម្បិត្តដ៏ល្អឥតខ្ចោះ ដែលកាលពីនៅវ័យក្រមុំនរណាៗក៏ល្បីុល្បាញថាគាត់ស្រស់ស្អាតឆ្លាតពូកែ តែឆ្នាស់ឆ្នើម ដាច់អស់ស្រីទាំងពួងទៅទៀត ស្អាតតែរូបមាត់ដាច ពូកែជេរឈ្ងុយ តែរឿងរកលុយ សន្សំប្រាក់កាក់ សល់រាប់សែនម៉ឺនលានដុល្លារតម្កល់ទុកក្នុងភូមគ្រឹះមួយនេះមិនឱ្យចាញ់នរណាម្នាក់ទេ។
    «មកពីពេទ្យ ថ្ងៃនេះកូនឈឺ..»
    «កុហក..បើថាដើរជុំៗក្បាលគ្នា ជាមួយមិត្តភក្តិ គេចទៅដើរលេងម៉ាក់ជឿបានខ្លះណា!»
    «ម៉ាក់..ប្រាប់ថាកូនឈឺហើយនៅមិនជឿសម្តីកូនទៀតមែនទេ?»
    «ដឹងទេថាការដើរលេងយប់ៗជ្រៅបែបនេះវាមានគ្រោះថ្នាក់ខ្លាំងណាស់ ចុះបើគេចាប់កូនយកកូនទៅលក់ ឱ្យហិតថ្នាំញៀន ជក់អាភៀន បែកកញ្ឆា ផឹកស្រា ជក់បារី ចាប់កូនរំលោភបូក មនុស្សប្រុស ដប់ម្ភៃ សាបសិបនាក់ ទ្រូងម៉ែនៀក រហែកប្រេះបែករយះរយាយយ៉ាងណាទៅលោកអើយ?» គាត់ពោលពាក្យដោយលើកប្រអប់ដៃមកគក់ដើមទ្រូងលាន់សូរតែឌុកៗចង់បែកកណ្តាលដើមទ្រូងខណៈកូនប្រុសជំទង់ឈរហួសចិត្តធ្វើភ្នែកសក្បុសឡើងសស្លែត។
    «គិតទៅម៉ាក់មិនដែលគិតកូនក្នុងផ្លូវល្អម្តងណាទេ!»
    «ឱ្យគិតយ៉ាងម៉េចបើឯងញ៉ែតៗតមាត់យើងឱ្យប៉ប៉េះនេះ?»
    «ពេលខ្លះម៉ាក់ក៏តមាត់លោកយាយដែរ!»
    «កុំស៊កសៀតថាឱ្យម៉ាក់!»
    «បើវាជាការពិតម៉ាក់មានអ្វីមកប្រកែក?»
    «ចិញ្ចឹមឯងមួយប្រេះក្រហែងដើមទ្រូង!»
    «កូនស្រគាលត្រចៀកណាស់ម៉ាក់!»
    «មើលកូនគេខំរៀនសំងំនៅតែផ្ទះ..»
    «មើលពូពេទ្យ សង្ហា ពូកែធ្វើការ លុយហូរចូលដូចទឹក ខ្ញុំមិនទៅមើលទេអាកូនគេហ្នឹង!»
    «ពូពេទ្យហ្នឹងចិញ្ចឹមកូនឯងអី?»
    «ថ្ងៃអនាគតគង់តែចិញ្ចឹមទេ!»
    «អាកូននេះវ៉ី!»

  
   
   
   
   

   
 
   
   

ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Where stories live. Discover now