ភាគ០៣៖អង្គុយនៅឱ្យស្ងៀម

2K 166 5
                                    

      «ថេយ៍!» ជុងហ្គុក ស្រែកហៅរាងតូចដោយសំឡេងគ្រលរមាំធំ ខណៈ ថេយ៉ុង ពុំបានខ្វាយខ្វល់ពីការដង្ហោយហៅ ដែលបានប្រកូកឡើងបន្លឺពីខាងក្នុងរថយន្តទំនើបនោះទេ គេគិតតែពីដើរទៅមុខរហូតគ្មានការតបឆ្លើយ គិតហើយថាមិនងាកទៅរវីរវល់ជាមួយមនុស្សចិត្តអាក្រក់ម្នាក់នោះទៀតឡើយ។ ដ្បិតគេក៏មិនបានមានអារម្មណ៍អ្វីល្អចំពោះខ្លួនដែរ បើតាមព្យាយាមយល់ពីចិត្តគេតែម្ខាង យល់ថាខ្លួនឯងគ្មានតម្លៃអ្វីសោះ។ ប្រអប់ជើងដ៏ស្រឡូនបានបោះជំហ៊ានទៅមុខឥតឈប់ឈរ អារម្មណ៍ខឹងនិងការតូចចិត្ត បានធ្វើឱ្យខ្សែភ្នែកគេព្យាយាមគេចពីវត្តមានប្រុសកំលោះ សូម្បីតែត្រចៀកក៏មិនចង់ស្តាប់ឮសំឡេងបុរសនោះនិយាយពាក្យគ្មានបានការអ្វីទាំងអស់ដែរ។
      «ចិត្តខ្មៅ!» ថេយ៉ុង ឧទានក្នុងចិត្ត ទឹកភ្នែកហូរសស្រាក់ឱ្យតែគិតដល់ទិដ្ឋភាពក្នុងហាងអាហារបារាំងអម្បាញ់មិញ ធ្វើឱ្យគេចត់បាយអួលណែនក្នុងចិត្តខ្លាំងណាស់។
      «ថេយ៍ ឡើងឡានមកបងជូនទៅផ្ទះកុំដើរបែបនេះវាមានគ្រោះថ្នាក់ណាស់!» ជុងហ្គុក បើកឡានត្រឹកៗពីក្រោយដំណើរសកញ៉ក ទោះបីជាគេខំប្រឹងស្រែកឡូឡាហាមឃាត់យ៉ាងណាក៏មិនអាចបានគ្រប់គ្រងចិត្តរឹងមានៈរាងតូចឱ្យចាញ់ច្រាបក្រោមការស្តាប់តាមការបង្គាប់បញ្ជារបស់ខ្លួននោះដែរ។
      ង៉ឺត!
      រថយន្តទំនើបបានចតបញ្ឈប់ រាងខ្ពស់ស្រឡះអមដោយដំណើរដ៏ស្វាហាប់ប្រញាប់ចុះរត់ដេញតាមចាប់រាងតូចកំពុងបន្ទាន់ល្បឿនជើងប្រឹងដើរទៅមុខទាំងដែលភ្នែកកំពុងធ្មេចហាមឃាត់សំណើមកុំឱ្យវាស្រក់ហូរចុះមកទៀត។
      «ថេយ៍!»
      «កុំមកតាមខ្ញុំ ខ្ញុំមកខ្លួនឯងបាន ខ្ញុំទៅផ្ទះដោយខ្លួនឯងទៀតក៏បានដែរ បងកុំមករវល់!» ថេយ៉ុង មិនដឹងប្រមូលអារម្មណ៍ខឹងមកពីណា ស្រាប់តែស្រែកបញ្ចេញកំហឹងដាក់នាយប្រៀបដូចជាមនុស្សមានអារម្មណ៍ក្តៅក្រហាយពុះពោរឆេះឆួលសម្បើមណាស់ កែវភ្នែកក្រហមតែត បបូរមាត់ញ័រទទ្រើក សម្ពាធរាងកាយបែរជាក្តៅឡើងដល់ក្រហមស្លឹកត្រចៀកងាំងទាំងសងខាង។
      «បងគ្រាន់តែមានបំណងល្អចំពោះ ថេយ៍!»
      «ទុកបំណងល្អរបស់បងឱ្យអ្នកផ្សេងទៀតចុះ ខ្ញុំមិនត្រូវការទេ ប៉ុន្មានថ្ងៃមកនេះយល់ថាខ្ញុំរំខានបងច្រើនពេកហើយ តទៅខ្ញុំមិនចង់ធ្វើខ្លួនគួរឱ្យរំខានបែបហ្នឹងតទៅទៀតទេ!»
      «តែបងមិនគិតថា ថេយ៍ តាមរំខានបងទេ បងគ្រាន់តែស្គាល់ហើយដឹងថាផ្លូវត្រូវទៅខាងមុខវាមានភាពលំបាកលំបិនយ៉ាងណាខ្លះ បងមិនចង់ឱ្យ ថេយ៍ ធ្វើខ្លួនហីៗចំពោះការរៀនសូត្រ អាយុក៏នៅក្មេង អារម្មណ៍បែងចែកច្រើនដំណាក់កាលទៀតណាស់ កុំខឹងនិងបងព្រោះតែពាក្យសម្តីត្រឹមតែប៉ុណ្ណឹង វាមិនអាចកាត់ន័យយល់ថាបងជាមនុស្សចិត្តអាក្រក់ចំពោះ ថេយ៍ បានទេ!» ជុងហ្គុក ខំប្រឹងបកស្រាយញ័របបូរមាត់រន្ថើន ចាប់ដៃរាងតូចមកកាន់ជាប់ ខណៈផ្ទៃមេឃខ្មៅងងឹតខ្មួរខ្មាញ ស្រាប់តែបន្លឺសំឡេងផ្គរគ្រហឹមឡើងខ្ទរខ្ទារពេញដែនអាកាសហាក់បីដូចជាចង់បង្អុរភ្លៀងធ្លាក់។
      «ខ្ញុំមិនទាន់បានប្រាប់បងឯណាថាខ្ញុំនិងធ្វើខ្លួនជាក្មេងមិនល្អ បងគិតវាដោយខ្លួនឯង គិតថាខ្ញុំនិងដើរផ្លូវខុស!»
      «មេឃជិតភ្លៀងហើយ ឆាប់ឡើងឡានទៅ បងជូនទៅផ្ទះ!»
      «ខ្ញុំជិះតាក់ស៊ីទៅផ្ទះបាន បងកុំចេះដឹងពេកបានទេ? ទៅរកការងាររបស់បងធ្វើវិញទៅ!» ថេយ៉ុង រលាស់ក.ដៃចេញពីការចាប់ រួចបែរខ្នងបម្រុងដើរចេញ។
      «ម៉ោះទៅផ្ទះ!» ជុងហ្គុក កញ្ជ្រោលស្ទុះទៅចាប់បីត្រកងក្រសោបរាងតូចច្រឡឹងឡើង រួចបែរទៅរកឡានដើម្បីរុញអាល្អិតក្បាលរឹងដូចដែកចូលទៅក្នុងឡាននិងទាញទ្វារបិទឱ្យមានសភាពជិតស្លប់។
      «បើកទ្វារ..»
      «អង្គុយនៅឱ្យស្ងៀម!» អ្នកកំលោះបន្លឺសំឡេងស្រែកសម្លុត រួចងាកទៅចាប់បញ្ជាចង្កូតឡាន បញ្ឆេះម៉ាស៊ីនបើកចេញតម្រង់ទៅរកផ្ទះ ថេយ៉ុង យ៉ាងលឿនស្លេវ។
     
      ភូមិគ្រឹះ គីម
      នៅពេលមកដល់ផ្ទះភ្លាម ថេយ៉ុង សម្រូតខ្លួនរត់ចុះចេញពីឡានទាំងទឹកភ្នែកហូរសស្រិកសស្រាក់ ធ្វើដូចបងពេទ្យវាយដំច្រំធាក់មកពីណាអ៊ីចឹង ស្រែកយំផ្អើលអស់អ្នកផ្ទះឱ្យតាមមើលសភាពតោកយាករបស់គេដោយក្តីងឿងឆ្ងល់មិនបាត់។
      «មានរឿងអី?» លោកស្រី ដារីរ៉ា ឆោឡោរត់តាមមកចាប់កូនប្រុសសួរនាំឃើញ ថេយ៉ុង យំស្រោចហូរទឹកភ្នែកជោកថ្ពាល់រលាក់ទើបបារម្ភពីកូនអស់ព្រលឹងព្រលះរលីង។
      «ហ៊ឹកៗ..ម៉ាក់..»
      «ប្អូនជុង!» គាត់និយាយស្របពេលដែល ជុងហ្គុក ដើរចូលមកល្មម។
      «ដូចដែលបងឃើញស្រាប់!» គេនិយាយបានតែប៉ុណ្ណឹងក៏អាចនាំឱ្យអ្នកជាម្តាយកាត់ន័យយល់បានខ្លះៗដែរ តាមពិតទៅចរិតធម្មជាតិកូនប្រុសគាត់មកបែបណាគាត់សុទ្ធតែអាចទាយដឹងបានទាំងអស់។
      ថេយ៉ុង យំអណ្តឺតអណ្តក់ ច្រើនលើក ច្រើនសារ រត់ឡើងទៅខាងលើបន្ទប់បាត់ស្រមោលឈឹង លោកស្រី ដារីរ៉ា ក៏មិនទាន់តាមទៅ សួរនាំកូន ទើបត្រូវអញ្ជើញ ជុងហ្គុក ឱ្យអង្គុយចុះដើម្បីសួរនាំគេពីរឿងដែលបានកើតឡើងសិន។
      «ជុងហ្គុក អង្គុយចុះសិនមក!» ជុងហ្គុក ស្តាប់តាមសម្តីគាត់ ឆាប់ដាក់គូទអង្គុយចុះ មកដល់អម្បាញ់មិញមិនបានគួរសម ព្រោះតែវាកើតរឿងឡើងភ្លាមៗខ្លាំងពេក។
      «សូមទោសផងបងស្រី ខ្ញុំមកដល់អម្បាញ់មិញខ្វះការគួរសមចំពោះបង!»
      «ហ្អឹម មិនអីទេ តែបងចង់ដឹងរឿងសិន ថាមានរឿងអ្វីកើតឡើង!»
      «ល្ងាចមិញខ្ញុំចេញទៅញ៉ាំបាយជាមួយប្អូន ហើយក៏បាននិយាយគ្នាពីនេះពីនោះ បន្ទាប់មកពួកយើងក៏ទាស់សម្តីគ្នាតិចតួច គ្មានរឿងអ្វីធំដុំទេបង តែបងប្រាកដជាបានដឹងច្បាស់ហើយ ថាចរិតក្មេងមានអត្តចរិតឆេវឆាវរឹងរូសយ៉ាងណាខ្លះ!»
      «អ្ហា- គេនៅខ្ចីណាស់ បងយល់!» គាត់មិនថាអី្វទេ ព្រោះស្គាល់ ថេយ៉ុង ច្បាស់ជាងនរណាៗទាំងអស់។
      «ខ្ញុំសូមទោសចំពោះរឿងដែលបានកើតឡើងនៅថ្ងៃនេះផង ខ្ញុំក៏គ្មានចេតនាចង់ឱ្យវាកើតឡើងមកដែរ វាជាកំហុសរបស់ខ្ញុំ ដែលទៅនិយាយស្តីផ្តេសផ្តាស់ប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្អូន!»
      «គេតែប៉ុណ្ណឹងទៅហើយ និយាយតិចតួចប៉ះពាល់មិនបានទេ នៅក្មេងពេកការគិតរបស់គេក៏នៅខ្ចីណាស់ដែរ តែធំបន្តិចទៀតគេប្រហែលជាអាចចេះគិតវែងឆ្ងាយបានច្រើន ពេលនេះមានតែបណ្តោយគេឱ្យធ្វើអ្វីតាមចិត្តខ្លួនឯងសិនទៅ!»
      «ខ្ញុំបារម្ភទើបនិយាយប្រាប់ខ្លាចប្អូនដើរផ្លូវខុស!»
      «បងថាក្មេងគេចង់សប្បាយ ចង់ដឹង ចង់សាក ចង់ស្គាល់ មិនទាន់ចេះរិះគិតជ្រៅជ្រះនៅឡើយ កុំទៅគិតច្រើនអីណា បើ ថេយ៍ សាងភាពមិនត្រឹមត្រូវចំពោះ ជុងហ្គុក ឱ្យបងសូមទោសជំនួសគេផង!»
      «មិនអីទេបងស្រី ខ្ញុំមិនប្រកាន់ទោសអូសដំណើរច្រើនទេ!» ជុងហ្គុក សំណេះសំណាលជាមួយគាត់បានត្រឹមតែប៉ុណ្ណេះ នាយក៏គិតថាត្រូវវិលត្រលប់ទៅផ្ទះវិញណាមួយមេឃក៏ងងឹតខ្លាំងទៅហើយដែរ។
      ក្រាក!!
      សូរទ្វារបន្ទប់បន្លឺ ទាញយកចំណាប់អារម្មណ៍រាងតូចឱ្យភ្ញាក់ស្វាងចេញពីការយំអណ្តឺតអណ្តក់ តាមទឹកមុខតូចចិត្តជាខ្លាំង និងអារម្មណ៍ដែលខឹងមិនរលាយបាត់ពីដើមទ្រូងអស់នៅឡើយ។
      «សុខៗក៏ទៅមានរឿងជាមួយនិងមិត្តភក្តិពូឯង ទៅស្គាល់គេបានដោយរបៀបណា ទើបមកយំស្រែកទឹកភ្នែក ទឹកសំបោរ សំងំខាងក្នុងបន្ទប់តែម្នាក់ឯង?» គ្រាន់តែតាមមកដល់បន្ទប់កូនភ្លាម លោកស្រី ដារីរ៉ា ក៏លាន់មាត់ស្រដីចោទសំណួរសួរនាំដល់កូនប្រុសភ្លែតតែម្តង។
      «ហ៊ឹកៗ..ខ្ញុំកំពុងមិនសប្បាយចិត្ត ម៉ាក់មកសួរនាំបែបនេះទៀត?»
      «ព្រោះម៉ាក់ចង់ដឹងចង់ឮ!» ថេយ៉ុង ងាកសម្លឹងមុខម្តាយតាមរយៈទឹកភ្នែកហូរជោកផែនថ្ពាល់យ៉ាងរហាម។
      «ខ្ញុំស្គាល់គាត់បានដោយរបៀបណា ម៉ាក់មិនចាំបាច់ចង់ដឹងទេ ដឹងត្រឹមថាខ្ញុំស្រលាញ់គាត់ខ្លាំងណាស់ណាម៉ាក់..» អ្នកជាម្តាយបានត្រឹមតែលើកប្រអប់ដៃគក់ដើមទ្រូងយ៉ាងហួសចិត្ត វ័យពេញសិក្សាតែគេបែរជាលង់ស្រលាញ់មនុស្សប្រុសខុសពេលខុសវេលាអ៊ីចឹងទៅរួចដែរ?។
      «កូននៅក្មេង នៅរៀន មិនទាន់ ចប់ចុង ចប់ដើម ផង ហេតុអីគិតឃើញផ្លូវនេះទៅរួច? ម៉ាក់ក៏មិនចង់ឱ្យកូន ដើរលើផ្លូវមួយនេះដែរ រៀនឱ្យចប់សិន អាយុច្រើនគួរសម ចាំគិតគូរអំពីរឿងស្នេហាមិនបានទេឬ?»
      «រឿងចិត្ត រឿងបេះដូង ហាមបានដែរឬម៉ាក់? បើហាមបានខ្ញុំក៏មិនតាមទៅអំពុលទុក្ខគាត់ដែរ ហ៊ឺៗ..អ្ហឹកៗ..»
      «មើលទៅគេក៏មិនពេញចិត្តកូនដែរ!»
      «ម៉ាក់..» ថេយ៉ុង ឧទានដោយសំឡេងញ័រទទ្រើក។
      «ម៉ាក់ក៏និយាយតាមតែការពិត!»
      «បើម៉ាក់តាមមកនិយាយឌឺដងឱ្យខ្ញុំ ម៉ាក់ចេញទៅវិញទៅល្អជាង!» រាងតូចក្រោកឈរស្រែកទាំងទឹកភ្នែកហូររលាក់ខ្លាំងទៅៗ លោកស្រី ដារីរ៉ា ស្រលាញ់គេខ្លាំងណាស់ មានពេលខ្លះទោះខឹងនិងកូនយ៉ាងណាក៏ពុំដែលធ្វើឱ្យគេយំស្រែកដល់ថ្នាក់នេះដែរ។
      «កន្លងមកម៉ាក់ចិញ្ចឹមបីបាច់កូនទម្រើសខ្លាំងពេកមែនទេ?»
      «អ្ហឹកៗ..»
      «ទាំងបង ទាំងម៉ាក់ និយាយចង់ឱ្យកូនល្អតែប៉ុណ្ណោះ គ្មាននរណាមួយខឹងស្អប់ចំពោះកូន មើលឃើញថាកូនអាក្រក់នោះទេ ថេយ៉ុង!»
      «.......»
      «ម៉ាក់ស្រលាញ់កូន ទើបម៉ាក់ហាម ត្រឹមដឹងថាកូនជាខ្ទើយ ម៉ាក់ក៏ត្រៀមខ្លួនធ្វើចិត្តទទួលយកពេញមួយទំហឹងណាស់ណាទៅហើយ កុំនឹកឃើញចង់សេពគប់នរណាក៏បានតាមចិត្ត កុំនឹកឃើញអារម្មណ៍រំភើបមួយគ្រាៗធ្វើឱ្យកូនលុងខ្លួនកាន់តែជ្រៅទៅ ហើយដើរផ្លូវខុស វាមិនមែនជាការចង់បានរបស់ម៉ាក់ទេ!» លោកស្រី ដារីរ៉ា ពោលពាក្យដោយបញ្ចេញកែវភ្នែកអស់សង្ឃឹមចំពោះកូន ស្តាប់សម្តីរបស់គាត់ហើយកាន់តែធ្វើឱ្យគេអួលណែនក្នុងទ្រូងបន្ថែមទៀត។
      «ម៉ាក់..»
      «បើកូនអាចក្លាយទៅជាម្តាយរបស់គេ នៅពេលដែលកូនមានកូននិងយល់ហើយថាអារម្មណ៍ជាម្តាយ វាមានអត្ថន័យបែបណាខ្លះ ម៉ាក់មិនអលឯកក្នុងការតស៊ូចិញ្ចឹមបីបាច់កូនមកដោយដៃម៉ាក់តែម្នាក់ឯងនោះទេ តែម៉ាក់ខ្លាចកូនជ្រើសរើសបុរសខុស ខុសដូចជាម៉ាក់..»
      «បងពេទ្យមិនមែនដូចជាប៉ា បងពេទ្យមិនមែនមនុស្សប្រុសងប់ងល់និងរឿងស្រីញីដល់ម្លឹងទេ!»
      «មើលគេត្រឹមតែសំបកកាយខាងក្រៅកូនធ្វើម៉េចនិងអាចដឹងបានទៅ?» ថេយ៉ុង ស្ងាត់មាត់ច្រៀប កំឡុងពេលដែលម្តាយស្រែកដាក់ខ្លួនយ៉ាងខ្លាំង។
      «មនុស្សប្រុសមិនអាចដូចគ្នា តែមនុស្សប្រុសអាចធ្វើរឿងបានស្រដៀងគ្នាទាំងអស់ ខំរៀនទៅ រៀនឱ្យចប់ រៀនឱ្យដល់គោលដៅ កុំភ្លើតភ្លើន ចំពោះរឿងដែលមិនអាចទៅរួចទៀត!»
      «បើម៉ាក់គិតថាហាមខ្ញុំបាន ម៉ាក់ហាមប៉ាមិនឱ្យមានស្រីដែរទៅ?»
      «កូន ថេយ៍!» លោកស្រី ដារីរ៉ា ស្រែកទាំងសេចក្តីខឹងគ្រោតគ្រាតជាខ្លាំង។
      «គាត់មើលរំលងខ្ញុំ ទាំងដែលគាត់ដឹងហើយថាពេលធំឡើងខ្ញុំនិងក្លាយទៅជាអ្នកមាន!»
      «ឯងមានតែទ្រព្យ តែចរិតអន់អ៊ីចឹង នរណាគេយកឯង!»
      «ដូចតែម៉ាក់!»
      «......» គាត់បែរជាស្ងាត់ ស្ងាត់ដោយអារម្មណ៍អួលណែន គិតថាគាត់ចង់បានជីវិតព្រាត់ប្រាស់និរាសគ្នាបែបហ្នឹង? គិតថាគាត់ចង់ឃើញកូនមកលំបាកវេទនាជាមួយខ្លួនដែលជាប់ឈ្មោះជាស្ត្រីមេម៉ាយ គាត់ក៏ចង់បានស្នេហាពិតប្រាកដដែរ គាត់ក៏ចង់ធ្វើខ្លួនឱ្យល្អ ឱ្យស្វាមីពេញចិត្ត ប៉ុន្តែគាត់មិនអាចបំពេញគ្រប់ចន្លោះប្រហោងដែលស្វាមីម្នាក់នោះចង់បានទាំងអស់នោះទេ។ ងារជាភរិយាក្រោយជីវិតអាពាហ៍ពិពាហ៍គាត់ពិតជានឿយហត់ខ្លាំងណាស់ គាត់ហត់ទាំងកាយ ហត់ទាំងចិត្ត ហត់ទាំងជីវិតដែលបានមក ក្រោយពេលសម្រេចចិត្តជ្រើសរើសយកបុរសដែលគ្មានទំនួលត្រូវក្នុងនាមជាស្វាមី ជាប្តីពូកែតែរឿងកាមគុណ ងប់ងល់តណ្ហា ទទួលបានតែក្តីស្រលាញ់ដែលមិនស្មោះត្រង់ ធ្លាប់សួរគាត់ទេ ថាគាត់ចង់បានបែបហ្នឹងណាស់មែនទេ? ជាកូនហេតុអ្វីមិនយល់ចិត្តម្តាយខ្លះ បើគង់តែគិតថាគេនៅជាក្មេងខ្ចីពេក ថ្មើរណេះគាត់ប្រហែលជាមិនមកឈរតឹងសរសៃ.កជាមួយកូនតែមួយគ្រាប់នេះឡើយ។
      ថេយ៉ុង ឃើញគាត់ស្ងាត់ ទើបឈប់ប្រកែក ហើយបែរខ្លួនដើរចេញស្របពេលទឹកភ្នែកអ្នកជាម្តាយកំពុងតែហូរស្រក់តក់ៗក្រោយខ្នងគេ។
      «ម៉ាក់ស្រលាញ់កូនខ្លាំងណាស់ ថេយ៉ុង!» ថេយ៉ុង មិនបានឮពាក្យទាំងអស់នេះទេ គេដើរចេញទៅបាត់ ស្របពេលដែលគាត់លួចយំនិងបរិយាយពាក្យទាំងនេះចេញមកតែម្នាក់ឯង។
      គាត់ចាប់ផ្តើមយំសស្រាក់ ហាក់យល់ថាជីវិតខ្លួនឯងកម្សត់ណាស់ ទោះមានអ្វីៗគ្រប់យ៉ាងនៅក្នុងដៃមិនមានខ្វះមុខក្រោយ តែគាត់បែរជាអសមត្ថភាព មិនអាចក្រសោបទាញយកសុភមង្គលជូនកូនប្រុសរបស់ខ្លួនបានគាត់ពិតជាឈឺចាប់ហើយអស់សង្ឃឹមចំពោះខ្លួនឯងពិតមែន។
      «យប់ហើយចង់ទៅណា?» ដូជុន ទើបតែដឹងរឿងក្រោយ ជុងហ្គុក ទូរស័ព្ទប្រាប់ដំណឹង ទើបតាមទៅសួរក្មួយប្រុសសំណព្វចិត្តដោយទឹកមុខស្មឿគៗ។
      «ពូកុំចេះ..» សម្តីកំបុតៗធ្វើឱ្យដើមទ្រូងបុរសជាពូនោះណែនស្ទះមួយប៉ប្រិចភ្នែក។
      «កាន់តែធំនិយាយស្តីកាន់តែគ្មានការអប់រំ!» ដូជុន ស្រែកទាំងសំឡេងគ្រលរធំ បីដូចជាខឹង ហឹងដល់ត្រចៀក លោកស្រី ដារីរ៉ា ទៀត។
      «ដូជុន កុំអី!» គាត់ស្រែកពីចម្ងាយ ត្របក់ភ្នែកហើម ប្រឡាក់សំណើមទឹកភ្នែកស្រមកស្រមាមមើលក៏ដឹងថាគាត់ប៉ះទង្គិចអារម្មណ៍យ៉ាងណាខ្លះដែរ។
      «ឡើងទៅខាងលើបន្ទប់វិញភ្លាម!» ថេយ៉ុង មិនស្តាប់គេស្រាប់តែដើរបង្ហួស ខណៈប្រអប់ដៃមាំលូកចាប់កដៃស្រឡូនអូសត្រលប់មកវិញមួយទំហឹងកម្លាំង។
      «លោកពូ!!» រាងតូចចាប់ផ្តើមឈឺបញ្ចេញអាការៈមិនស្រួលឡើងមកនាំឱ្យចិត្តអ្នកជាម្តាយភ័យផើតខ្យល់ពេញក្នុងពោះ។
      «ដូជុន!» លោកស្រី ដារីរ៉ា ឧទានសព្វនាមប្អូនប្រុសដោយខ្សែភ្នែកបារម្ភយ៉ាងខ្លាំង។
      «បើរឹងរូសជាមួយពូ កុំថាពូមិនបានប្រាប់ឱ្យសោះ!» ម្តងនេះគេប្រាប់ក្នុងទឹកមុខមាំប្រាកដប្រជានិងមានភាពច្បាស់លាស់ដែលញ៉ាំងឱ្យកាយតូចហាក់បីដូចជាភ័យខ្លាចបន្តិចបន្តួចដែរ តែគេជាក្មេងមានចរិតមានៈណាស់ ទោះគេមិនចាកចេញទៅខាងក្រៅក៏ត្រលប់ទៅបន្ទប់ចាក់សោរឃុំខ្លួនឯងដែរ។
      គ្រាំង!!
      កម្លាំងទ្វារបិទលាន់បន្លឺសំឡេងទ្រហឹងពេញផ្ទះ អ្នកដែលស្តាប់ដឹងឮមានអារម្មណ៍មិនស្រណុកក្នុងចិត្តគ្រប់ៗគ្មា រីឯអ្នកជាម្តាយក៏ចាប់មានចិត្តឆ្លេឆ្លានៅពុំស្ងៀម ដោយសារតែទិដ្ឋភាពមុននេះ ហាក់ដូចជាបានវាយប្រហារស្មារតីកូនប្រុសខ្លួនខ្លាំងពេក។
      «បងយល់ថា ដូជុន ហត់ហើយទៅសម្រាកសិនក៏បាន ងូតទឹកសម្អាតខ្លួនរួច សឹមចុះមកញ៉ាំបាយណា!»
      «ខ្ញុំលែងឃ្លាន លែងអីហើយ!» ដូជុន ប្រកែកញ៉ាំងដាក់បងស្រីរួចក៏ដើរចេញទៅលឿនស្លេវក្នុងសភាពមួម៉ៅ កាលបើឃើញពួកគេមាន មានអារម្មណ៍ទាស់ទែងចំពោះគ្នាបែបនេះទៅហើយ គាត់ក៏ពិបាកចិត្តកាន់តែខ្លាំងឡើងៗដែរ។
     
      ព្រឹកថ្ងៃថ្មី
      ម៉ោង ៨:៣០ នាទី
      ពេលនេះម្ហូបចម្អិនហើយរួចរាល់ល្មម តែបែរជាបាត់មិនឃើញសមាជិកម្នាក់ទៀតចុះមករកញ៉ាំអាហារខ្លះសោះ ទាំងម៉ែដោះ ទាំងលោកស្រី លោកប្រុស នាំគ្នាពិបាកចិត្តឥតឧបមា ដោយសារតែការរង់ចាំអស់ពេលជាងកន្លះម៉ោងរួចមកហើយ បើទោះបីជាមានអ្នកតាមទៅហៅក៏មិនឃើញអ្នកប្រុសតូចអើតខ្លួនបង្ហាញស្រមោលចុះមកនោះដែរ។
      «ទុកឱ្យខ្ញុំទៅហៅ!» ដូជុន ថាចប់ក្រោកឡើងទៅរកបន្ទប់ ថេយ៉ុង ទន្ទឹមនិងខ្សែភ្នែកបងស្រីបានតាមដានមើលគេយ៉ាងជាប់ពីខាងក្រោយខ្នង។
      តុៗ...
      ដូជុន លើកខ្នងដៃគោះទ្វារ ជាច្រើនដង ជាច្រើនសារ តែក៏មិនឃើញថា ថេយ៉ុង ចេញមកបើកទ្វារសោះ។
      «ថេយ៍ ចេញមកញ៉ាំអាហារពេលព្រឹកមក!»
      «......»
      «ឮពូនិយាយទេ?»
      «......»
      «ចចេសដល់ណាទៀត? ចចេសរឹងរូសគិតថាបានផលមែនទេ ចុះបើឈឺក្រពះគិតយ៉ាងណា ពូមកនិយាយជាមួយហើយ ឱ្យចេះស្តាប់គ្នាដឹងរឿងខ្លះផង!» ដូជុន រិះរកមធ្យោបាយមកនិយាយគ្មានបានការសោះ និយាយយ៉ាងណាក៏ ថេយ៉ុង នៅតែមិនព្រមចេញមកបង្ហាញខ្លួនទៀត។
      «ណារីន ទៅយកសោបន្ទប់មកឱ្យខ្ញុំ!»
      «ចាសលោកប្រុស!» នាងក្រមុំបែរស្ទុះរត់វឹងទៅសុំចាប់យកសោរពីលោកស្រីធំនៅឯជាន់ខាងក្រោមមកប្រគល់ជូន ដូជុន ភ្លាមៗ ក្រោយពីបានសោររួច គេក៏ចាក់គន្លឹះសោរហើយបើកទ្វាររុញចូលទៅមើលផ្នែកខាងក្នុងបន្ទប់ ទើបឃើញអាល្អិតគេងគ្របភួយបែរខ្នងយ៉ាងរំផើយ។
      «ថេយ៍!»
      «ខ្ញុំស្អប់លោកពូខ្លាំងណាស់ ចេញទៅកុំចូលមកជិតខ្ញុំ!» ថេយ៉ុង ស្រែកឮសូរចាចទឹកភ្នែកហូរដូចបាក់ទំនប់ តូចចិត្ត ខឹងចិត្ត ចំពោះទង្វើលោកពូកាលពីយប់មិញធ្វើឱ្យគេឈឺចិត្តខ្លាំងណាស់។
      «តែ ថេយ៍ ត្រូវក្រោកមកញ៉ាំអាហារមិនត្រូវបង្អត់បាយអ៊ីចឹងទេ!»
      «ខ្ញុំមិនឃ្លានទេ ខ្ញុំចង់គេង កុំមករំខានខ្ញុំ!»
      «រឹងទទឹងដល់ណាទៀត!» ដូជុន ប្រុងតែតឹងសរសៃ.កម្តងៗ ខណៈខ្លួនឯណេះក៏កញ្ជ្រោល ស្រាប់តែមានប្រអប់ដៃធំមាំលូកចូលមកចាប់ស្មារបស់គេយ៉ាងជាប់។
      «ទៅប្រាប់ឱ្យគេលើកអាហារឡើងមក!»
      «អាជុង!!!»
   

ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Where stories live. Discover now