ភាគ ០៥

301 23 1
                                        

រឿង ជំនួបបេះដូង
ភាគ ០៥

រយៈពេលមួយសប្តាហ៍កន្លងផុតទៅហើយដែលប៊ែលឡាមករស់នៅជាមួយនឹងថេយ៉ុង គេទាំងមើលថែ ទាំងយកចិត្តទុកដាក់ប្រៀបដូចជាមនុស្សក្នុងគ្រួសារតែមួយបើទោះបីជាគេឧស្សាហ៍ស្តីថាឲ្យនាងក៏ពិតមែនប៉ុន្តែសុទ្ធតែក្នុងន័យមានបំណងល្អ ចំណែករឿងការងារក្នុងផ្ទះនាងក៏មិនសូវបានធ្វើដូចមុនដែរក៏ព្រោះតែអ្នកបម្រើក៏ត្រឡប់មកវិញដូចគ្នាចំណែកនាងមានតួនាទីបានត្រឹមតែឆុងកាហ្វេឲ្យថេយ៉ុងបន្តិចបន្តួចប៉ុណ្ណោះ។ រាងកាយសង្ហាអង្គុយនៅលើកៅអីក្នុងបន្ទប់សៀវភៅរបស់ខ្លួនដោយនៅខាងមុខក៏មានឯកសារមួយគំនរល្មមរបស់ផ្សារទំនើបនិងរីសតដែលផ្ញើមកឲ្យគេពិត្យជាបន្តបន្ទាប់នោះឯង។
រុឺងៗ
ប៉ុន្តែសុខៗសំឡេងមួយក៏ចូលមករំខានវាគឺជាសំឡេងរោទិ៍របស់ទូរស័ព្ទដៃដែលដាក់ចោលក្បែរខ្លួនទើបនាយលូកម្រាមដៃក្រាស់ឈោងមកទទួលទាំងភ្នែកក៏នៅតែរវល់ពិនិត្យឯកសារមិនដាក់
"មានការអី?"ដោយស្គាល់ច្បាស់ថាអ្នកដែលខលមកជាជំនិតរបស់ខ្លួនទើបនាយប្រញាប់សួរនាំទៅវិញទាំងមិនរងចាំយូរ
(បាទមាន ខាងរីសតកំពុងតែមានបញ្ហាខាងសាងសង់ថ្មីទើបតម្រូវឲ្យចៅហ្វាយមកពិនិត្យមើលនិងកែតម្រូវឡើងវិញទាន)សំឡេងអ្នកម្ខាងទៀតបន្លឺឡើងតាមអ្វីដែលខលមកចង់ប្រាប់ចៅហ្វាយរបស់ខ្លួនពីការងារនិងបញ្ហាដែលនៅខាងរីសត
"អូខេ ល្ងាចយើងនឹងចេញទៅ"ថេយ៉ុងក៏ឆ្លើយតបវិញទាំងមិនចាំយូរថាគេនឹងចេញដំណើរទៅល្ងាចនេះតែម្តង ព្រោះខាងផ្សារទំនើបមានអ្នកចាត់ចែងជំនួសគេហើយប៉ុន្តែខាងរីសតទើបតែសាងសង់បន្ថែមថ្មីបែបនេះគេត្រូវទៅពិនិត្យដោយផ្ទាល់ទើបបាននិងងាយស្រួលកែតម្រូវកន្លែងមិនត្រូវចិត្តទៀតផង
"ពូចង់ទៅណាមែនទេ?"ប៊ែលឡាដែលចូលមកជាមួយនឹងកាហ្វេមួយកែវតាមគេបញ្ជារបស់គេមុននេះក៏ទាន់ពេលមុនគេបិទទូរស័ព្ទនិងឮឃ្លាចុងក្រោយដែលគេនិយាយទើបនាងក៏សួរឡើងស្របនឹងដៃក៏ដាក់កែវកាហ្វេលើតុជិតគេ
"ខ្ញុំមានការងារត្រូវធ្វើនិងចាត់ចែងនៅរីសត"ថេយ៉ុងទម្លាក់ប៊ិចនឹងដៃចុះឆ្លើយជាមួយនាងរួចក៏លើកកាហ្វេមកផឹកបន្ថយអារម្មណ៍ងងុយដេកបន្តិច
"ពូទៅយូរឬអត់?"មិនយល់ទេហេតុអីនាងត្រូវសួរគេបែបនេះ? នាងគ្រាន់តែជាអ្នកស្នាក់អាស្រ័យហេតុអីចាំបាច់ចង់ដឹងឮរឿងគេច្រើនម្លេះ គេចង់ទៅប៉ុន្មានថ្ងៃប៉ុន្មានខែឬឆ្នាំក៏ជាសិទ្ធរបស់គេ ជារឿងរបស់គេតែហេតុអីនាងចាំបាច់ចង់ដឹងដែរ? នាងសួរហាក់ដូចខ្លាចគេទៅយូរណាស់យ៉ាងអីចឹង
"មិនដឹងទេរហូតទាល់តែការងាររួចរាល់សិន"ថេយ៉ុងមិនសូញសាញច្រើនក៏ឆ្លើយវឹបៗតាមអ្វីដែលនាងសួរ រួចក៏ទ្រេតខ្លួនទើផ្អែកនឹងកៅអីយកដៃស្ទាបកញ្ចឹងកខ្លួនឯងទាំងចុករោយជាខ្លាំងព្រោះមុននេះឱនសម្លឹងឯកសារច្រើនម៉ោងគួរសមដែរ
"ពូឲ្យខ្ញុំទៅដែរបានទេ?"ប៊ែលឡាស្រាប់តែដាក់សំណើរសួនាំទៅកាន់គេភ្លាមៗទើបធ្វើឲ្យគេរាងអស់សំណើចបន្តិច
"ចង់ទៅធ្វើអី? ខ្ញុំទៅធ្វើការមិនមែនទៅដើរលេងទេ"
"ណាពូឲ្យខ្ញុំទៅផងទៅខ្ញុំអផ្សុក"ដោយឃើញថាគេមើលទៅដូចជាចុករោយទើបនាងដើរទៅពីក្រោយលូកដៃច្របាច់ស្មាដើម្បីឲ្យបានធូរបូករួមទាំងការយកចិត្តយកថ្លើមឲ្យគេយល់ព្រមជាមួយនឹងនាង កាយវិការនាងទាំងប៉ុន្មានធ្វើឲ្យថេយ៉ុងក្រវីក្បាលទាំងអស់សំណើច ក៏មិនឆ្ងល់ដែរថាហេតុអីពួកគេស្និទ្ធស្នាលគ្នាយ៉ាងនេះព្រោះរយៈពេលកន្លងមួយសប្តាហ៍មកក៏និយាយល់ចិត្តគ្នាបានច្រើនគួរសម
"អូខេ តែហាមរអ៊ូឮទេ?"
"មិនរអ៊ូទេឲ្យតែពូអនុញ្ញាតឲ្យខ្ញុំទៅជាមួយ"ប៊ែលឡាក៏រហ័សក្រវីក្បាលតតាត់ញាប់ស្អេក អ្វីក៏នាងយល់ព្រមដែរឲ្យតែបានទៅជាមួយគេព្រោះមួយថ្ងៃៗនៅតែក្នុងផ្ទះធុញសឹងស្លាប់
"ល្អ! ទៅរៀបចំអីវ៉ាន់ទៅខ្ញុំចេញដំណើរទៅល្ងាចនេះ ហើយកុំភ្លេចរៀបអីវ៉ាន់ខ្ញុំផង"
"ទទួលបញ្ជា"គ្រាន់តែនិយាយចប់នាងក៏រត់ទៅបាត់ទាំងមិនចាំយូរនឹងរៀបចំរបស់របរដែលចាំបាច់ ចំណែកថេយ៉ុងក៏ប្រញាប់ប្រញាលបង្ហើយការងារឲ្យបានរួចរាល់នឹងឆាប់បានចេញដំណើរ។
រសៀលបន្តិចម៉ោងប្រមាណជាពីរកន្លះថេយ៉ុងចាប់ផ្តើមឲ្យអ្នកបម្រើជញ្ជូនអីវ៉ាន់ដាក់ក្នុងគូថឡានដើម្បីចេញដំណើរដោយលើកនេះក៏មានប៊ែលឡាទៅជាមួយផងដែរគេក៏មិនឯកាមិនអផ្សុកក៏ព្រោះមាននាងជាគ្នាជជែកតាមផ្លូវ
"រីសតពូនៅឯណាដែរ?"ប៊ែលឡាងាកមកសួរគេស្របជាមួយនឹងមាត់កំពុងតែទំពារនំច្រោកៗ
"ពេលទៅដល់គង់តែដឹងទេ"ថេយ៉ុងជ្រើសរើសមិនប្រាប់ដោយទុកឲ្យពេលទៅដល់នាងឃើញខ្លួនឯងដោយផ្ទាល់តែម្តងល្អជាង
"ប្រាប់បន្តិចផងក៏មិនបាន"ប៊ែលឡាប្រើទឹកមុខបែបងក់ងលួចរអ៊ូតិចៗកុបែរត្រចៀកម្នាក់ឯងរួចទើបបែរទៅមើលទេសភាពខាងក្រៅតាមកញ្ចក់វិញម្តង ចំណែកថេយ៉ុងក៏មិនតបតទោះឮពាក្យរអ៊ូរបស់នាងមុននេះក៏ដោយនាយបានត្រឹមតែក្រវីក្បាលរួចបន្តការបើកបរឆ្ពោះទៅរីសតបន្តទៀត។
ប្រមាណជាពីរម៉ោងក្រោយមកឡានស៊េរីទំនើបបើកបរដោយម្ចាស់រីសតកំលោះសង្ហាវ័យក្មេងក៏បើកមកដល់ទីតាំងដែលចង់មកដោយសុវត្ថិភាព ម៉ាសុីនឡានត្រូវបានពន្លត់ថេយ៉ុងក៏ងាកមកដាស់នាងតូចដែលដេកលក់មិនដឹងខ្លួននោះ
"ប៊ែលឡា ក្រោក! ដល់ហើយ"ថេយ៉ុងឈ្ងោកទៅជិតប្រើចុងម្រាមទះថ្ពាល់ទន់ៗរបស់នាងតិចដើម្បីដាស់នាងឲ្យក្រោកពីដំណេក
"ហឹម..."សំឡេងក្រហឹមត្រង់បំពង់កស្រាលៗប្រៀបដូចជាកូនឆ្មាបន្លឺឡើងពីនាងតូចវ័យក្មេងស្របពេលផ្ទៃមុខក៏ងាកមករកថេយ៉ុងដោយនាងនៅមិនទាន់ភ្ញាក់នៅឡើយ ក្លិនកាយក្រអូបប្រហើររបស់នាងសាយភាយពេញចុងច្រមុះរបស់ថេយ៉ុងដែលកំពុងតែប៉ះជាមួយចុងច្រមុះរបស់នាងដូចគ្នានោះ គេអាចមើលឃើញពីរោមភ្នែកវែងៗប្រៀបដូចសរសៃសូត្រយ៉ាងច្បាស់តាមការបិទភ្នែកនៃភាពដេកលក់មិនដឹងខ្យល់អីរបស់នាងបាន បបូរមាត់ក្រាស់រំកិលខិតចុះតិចៗទាំងស្លុងអារម្មណ៍ភ្លឹកភ្លាំងក្នុងបំណងចង់គ្រប់គ្រងបបូរមាត់ក្រពុំផ្កាឈូកស្រស់របស់ប៊ែលឡា។

📚ជំនួបបេះដូង🖤Where stories live. Discover now