រឿង ជំនួបបេះដូង
ភាគ ០៦
បបូរមាត់ក្រាស់រំកិលខិតកាន់តែកៀកជិតនឹងប៉ះបបូរមាត់ស្តើងទៅហើយតែក៏ប្រញាប់ដកចេញមកវិញយ៉ាងលឿនបណ្តេញគំនិតចង់កេញចំណេញមុននេះចេញគ្មានសល់ដោយអត់នឹងជេប្រទិចខ្លួនឯងមិនបាន
"ធ្វើឆ្គួតស្អីអាថេយ៍"ថេយ៉ុងស្តីថាបន្ទោសខ្លួនឯងដែលបម្រុងនឹងធ្វើរឿងឆ្គួតឡប់មុននេះ បើសិនជានាងភ្ញាក់មកទាន់ច្បាស់ណាស់គេប្រាកដជាបានជាំមុខជាមិនខានទេ
"នែ៎! ស្រីកម្ជិលក្រោកដល់ហើយ"បន្ទាប់ពីស្តីបន្ទោសឲ្យខ្លួនឯងអស់ចិត្តហើយទើបងាកមកស្រែកឡូឡាតាមតែចិត្តខ្លួនឯងដាក់ត្រចៀកប៊ែលឡាខ្លាំងៗស្របជាមួយដៃក៏យកទៅច្បិចខ្ញាំថ្ពាល់ខ្លាំងៗដូចគ្នាបង្កើតជាសំឡេងរបស់នាងស្រែកឡើងទាំងភ្ញាក់ក្រញាង
"អូយ!ឈឺ ពូធ្វើឡប់ស្អីនឹង?"ប៊ែលឡាស្រែកទាំងបិទភ្នែកម្ខាងដោយលើកដៃទៅបេះដៃគេចេញពីថ្ពាល់នាងរហូតបានសម្រេចទើបលើកមកអង្អែលថ្ពាល់ខ្លួនឯងដែលចាប់ក្រហមងាំងនោះមុននឹងនិយាយទៅគេទាំងទឹកមុខមិនរីកលាយឡំជាមួយកំហឹងតិចៗ អ្នកណាចិត្តព្រះទ្រាំមិនខឹងបាននោះបើមនុស្សកំពុងតែដេកសុខៗមកស្រែកសឹងបែកក្រដាស់ត្រចៀកទៅហើយ
"ដាស់ស្រួលបួលមិនព្រមក្រោកទាល់តែបែបនេះ ចុះមកដល់ហើយ"ថេយ៉ុងងាកមកនិយាយជាមួយនាងទាំងសម្លក់មិនឈប់មុននឹងបើកទ្វារឡានចុះទៅបាត់ទុកឲ្យនាងតូចចុះទៅតាមក្រោយ។ បបូរមាត់ប៊ែលឡាចាប់ផ្តើមចំហធំៗបរិយាកាសជុំវិញពោរពេញទៅដោយពណ៌បៃតងសែនស្រស់ស្អាត ខាងមុខរីសតក៏មានសួនផ្កាឈូករ័ត្នខ្ពស់ៗពណ៌លឿងទុំប្រៀបប្រដូចជាព្រះអាទិត្យកំពុងតែរៀបលិចនាពេលឥឡូវនេះយ៉ាងអ៊ីចឹងដែរ កូនភ្នំខ្ពស់ទាបជាច្រើនចាំងស្រមោលជាមួយព្រះអាទិត្យបង្កើតជារូបភាពស្រស់ស្អាតទាក់ទាញចិត្តនាងក្រមុំមិនស្ទើរទេ ចំណែកឯខាងរីសតរៀបចំបែបលក្ខណៈជាកូនផ្ទះតូចៗធ្វើមកពីឈើប្រណិតដែលឃ្លាតចម្ងាយពីគ្នាប្រហែលប្រាំម៉ែត្រ
"ស្អាតណាស់ពូ"ប៊ែលឡានិយាយសរសើរមិនដាច់ពីមាត់ចំពោះការរៀបចំនៅទីនេះ បរិយាកាសនៅទីនេះត្រជាក់ស្ងប់ស្ងាត់ល្អសម្រាប់លំហែកាយ មិនតែប៉ុណ្ណោះនាងអាចស្តាប់ឮសំឡេងទឹកធ្លាក់ល្ហៀងៗក្បែរត្រចៀកច្បាស់ណាស់វាអាចនឹងចេញពីប្រភពណាមួយក្បែររីសតក្នុងសណ្ឋានដីលាតសន្ធឹងធំធេងនេះហើយ
"លោកចៅហ្វាយ"អ៊ុំស្រីម្នាក់ក្នុងឯកសណ្ឋានបុគ្គលិករីសតនេះរត់មកទទួលគេទាំងស្នាមញញឹមព្រោះខានឃើញលោកចៅហ្វាយមកទីនេះប៉ុន្មានខែហើយ
"មេកាជួយទៅបើករីសតពីរសម្រាប់ខ្ញុំនិងនាង កុំភ្លេចយកអីវ៉ាន់ទៅរៀបចំទុកដាក់តាមកន្លែងឲ្យត្រឹមត្រូវផង"ថេយ៉ុងឈរជ្រែងចង្កេះចេញបញ្ជាទៅកាន់មេកាស្រីរបស់រីសតនេះភ្លាមៗដោយមិនចាំយូរព្រោះកាន់ចង្កូតឡានពីរម៉ោងទៅហើយក៏អស់កម្លាំងចង់ងូតទឹកឲ្យបានត្រជាក់ខ្លួនខ្លះ
"អឹ...សុំទោសចៅហ្វាយ រីសតណែនអស់ហើយព្រោះថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ នៅសល់តែមួយត្រៀមទុកសម្រាប់ចៅហ្វាយព្រោះមិនគិតថានឹងមានអ្នកនាងខាងនេះមកជាមួយដែរទេ"មេកាប្រញាប់ឱនសុំទោសទៅកាន់ចៅហ្វាយរបស់ខ្លួនតែគាត់មិនដឹងពិតមែនថាមាននាងតូចប៊ែលឡាមកជាមួយដែរនោះទេទើបត្រៀមតែមួយទុកហើយចៃដន្យថ្ងៃនេះរីសតក៏ណែនអស់ដែរ
"មិនអីទេយកទៅទុកក្នុងរីសតតែមួយទៅ"ថេយ៉ុងងក់ក្បាលរួចទើបបញ្ជាឲ្យយកទៅដាក់ក្នុងរីសតតែមួយទើបមេកាហៅក្មេងៗប្រុសៗជាបុគ្គលិកនោះឲ្យជញ្ជូនអីវ៉ាន់យកទៅទុក ប៉ុន្តែគ្រប់សម្តីរបស់ថេយ៉ុងធ្វើឲ្យប៊ែលឡាភ្ញាក់ផ្អើលមិនស្ទើរ គេងក្នុងរីសតតែមួយអ៊ីចឹងឬ?
"ពូនិងខ្ញុំពួកយើងត្រូវគេងក្នុងរីសតតែមួយចឹងហេស៎?"បន្ទាប់ពីមេកាចេញទៅរៀបចំរបៀបរៀបរយបាត់ប៊ែលឡាក៏ងាកមកសួរថេយ៉ុងទាំងមិនចាំយូរ
"មិនបាច់ភ័យ ខ្ញុំមិនធ្វើស្អីនាងទេតូចៗស្វិតៗបែបនេះគ្មានអារម្មណ៍"ថេយ៉ុងបែរមកនិយាយដោយសម្លឹងមើលនាងពីក្បាលដល់ចុងជើងទើបតម្រូវឲ្យនាងលើកដៃមកបិទបាំងដើមទ្រូងទាំងក្តាប់មាត់សម្លក់ទៅកាន់គេ ចំណែកថេយ៉ុងក៏ធ្វើមិនដឹងបែរជាជ្រែងហោប៉ៅដើរចេញទៅធ្វើព្រងើយដូចគ្មានរឿងអ្វី
"ឆ្គួត រោគចិត្ត អ្ហាយចង្រៃមែនគួរឲ្យខឹងណាស់"បន្ទាប់គេចេញទៅបាត់នាងបានត្រឹមតែស្រែកឡូឡាម្នាក់ឯងព្រោះមិនអាចធ្វើអ្វីគេកើត សម្តីរបស់គេធ្វើឲ្យនាងខឹងមិនស្ទើរទេរូបរាងនាងប៉ុណ្ណេះដែរមិនសមណាគេមកមើលងាយបែបនេះទេ រាងកាយនាងមើលពីខាងណាក៏ស្អាត មើលពីជ្រុងណាក៏ទាក់ទាញ ដើមទ្រូងក៏បាន ត្រកៀកក៏ងរ មុខមាត់ក៏ស្អាតមិនអន់ ស្បែកក៏សរលោង អន់តែកម្ពស់បន្តិចទេតែហេតុអីក៏គេថាគ្មានអារម្មណ៍ទៅកើត ឬថាអាខាងក្រោមរបស់គេងាប់បាត់ហើយទើបបែបនេះ? ហុឺយចំជាចង្រៃមែន។
__________
