ភាគ ១០ ១១

465 27 3
                                        

រឿង ជំនួបបេះដូង
ភាគ ១០ ១១

បន្ទាប់ពីមើលការខុសត្រូវនិងកែតម្រូវខ្លះៗអំពីការសាងសង់រីសតថ្មីជាមួយស្ថាបត្យករួចមកវាក៏យូរគួសមល្មមដែរទម្រាំតែរួចរាល់ទើបនាំគ្នាត្រឡប់ទៅវិញតែមិនមែនទៅរីសតសម្រាកឡើយព្រោះឮនាងរអ៊ូថាមិនទាន់ចង់ទៅស្តាយទេសភាពចង់នៅមើលបន្តទៀតគេក៏សម្រេចចិត្តនាំនាងទៅកន្លែងមួយ
"លោកពូ ពួកយើងទៅណា?"ដោយអត់ទ្រាំឆ្ងល់មិនបានទើបប៊ែលឡាក៏សួរឡើងទាំងភាពចង់ដឹងតាមចម្ងល់ដែលកំពុងតែឆ្ងល់នៅពេលនេះ
"ពេលទៅដល់នឹងដឹងហើយ"ថេយ៉ុងងាកមកញញឹមដាក់នាងបន្តិចទើបងាកមកផ្តោតអារម្មណ៍ក្នុងការបើកបរជិះឆ្វែលតាមជើងភ្នំឆ្ពោះទៅកន្លែងដែលចង់ទៅ ទាំងមិនដឹងឡើយថាប៊ែលឡាកំពុងតែមុខក្រហមងាំងព្រោះស្នាមញញឹមសង្ហារបស់គេមុននេះ
(ឯងកើតអីទៀតហើយនាងប៊ែល?)ប៊ែលឡាងាកទៅម្ខាងដើម្បីគេចកុំឲ្យគេចាប់បានថានាងកំពុងតែអៀនដោយលើកដៃដាក់លើទ្រូងខាងឆ្វេងដែលកំពុងលោតដឹបៗនោះមុននឹងខ្សឹបសួរខ្លួនឯងនៅក្នុងចិត្តទាំងមិនយល់ ហេតុអីនាងចាំបាច់លួចរំភើប លួចសប្បាយចិត្តគ្រប់ពេលដែលគេយកចិត្តទុកដាក់ព្រួយបារម្ភនិងស្នាមញញឹមរបស់គេដែរ តើពេលនេះនាងកើតអីឲ្យប្រាកដ? ប៉ុន្តែទោះខំប្រឹងសួរខ្លួនឯងយ៉ាងណាក៏នៅតែរកចម្លើយមួយដែលពិតប្រាកដមិនបានដដែលវានៅតែជាសំណួរដែលសួរទៅកាន់ខ្លួនឯងជារើយៗ។ កន្លងទៅបានបន្តិចសន្ទុះឡានដែលបើកមុននេះក៏ឈប់នៅក្នុងបរិវេណចម្ការទំពាំងបាយជូមួយកន្លែងមុននឹងមានកម្មករប៉ុន្មាននាក់រត់មកចាំទទួលបន្ទាប់ពីដឹងច្បាស់ថានេះជាឡានរបស់ចៅហ្វាយនាយ
"លោកចៅហ្វាយ អញ្ជើញមកតាំងពីពេលណា?"អ៊ុំប្រុសម្នាក់ស្រដីទៅកាន់ថេយ៉ុងភ្លាមទាំងស្នាមញញឹមសប្បាយចិត្តនិងភាពឱនគោរពក្នុងភាសាបែបអ្នកភ្នំនិយាយមិនសូវច្បាស់អ្វីបែបនេះ
"ខ្ញុំទើបតែមកដល់ម្សិលមិញនេះទេ ខានមកទីនេះយូរហើយយ៉ាងមិចដែរអ៊ុំ?"ថេយ៉ុងក៏តបទៅគាត់វិញដោយស្នាមញញឹម ព្រោះគេមិនសូវជាមានពេលបានមកចម្ការទំពាំងបាយជូនេះប៉ុន្មានទេគ្រប់យ៉ាងគឺទុកឲ្យលោកអ៊ុំម្នាក់នេះជាអ្នកចាត់ចែងនិងផ្ញើរបាយការមកឲ្យគេតែប៉ុណ្ណោះ
"មិនអីទេចៅហ្វាយទំពាំងបាយជូប្រមូលផលបានល្អណាស់ទាន ចំណែកកម្មករក៏គ្មាននរណាគេលួចខ្ជិលដែរ"
"មិនអីទេសម្រាកខ្លះក៏បានដែរអ៊ុំ"ថេយ៉ុងដាក់ដៃអង្អែលស្មារបស់គាត់ស្រាលៗ គេសែនស្រឡាញ់អ្នកនៅទីនេះណាស់ព្រោះម្នាក់ៗរួសរាយរាក់ទាក់ ចំណែកលោកអ៊ុំម្នាក់នេះធ្វើការតាំងពីជំនាន់លោកប៉ារបស់គេមើលការខុសត្រូវមកម្ល៉េះហើយគាត់ក៏ស្គាល់ម៉ាក់របស់គេច្បាស់ព្រោះពីមុនម៉ាក់របស់គេក៏ជាកម្មករចំការទំពាំងបាយជូនេះដែរ
"អ៊ុំទៅធ្វើការបន្តចុះខ្ញុំដើរមើលទីនេះមួយភ្លែត តោះប៊ែលឡា!"បន្ទាប់ពីនិយាយជាមួយគាត់រួចទើបងាកមកនិយាយទៅកាន់ប៊ែលឡាវិញម្តងទើបនាងតូចប្រញាប់ដើរតាមគេពីក្រោយតែក៏មិនភ្លេចឱនគោរពលោកអ៊ុំនិងកម្មករផ្សេងទៀតដែរ ទើបធ្វើឲ្យពួកគេលាន់មាត់សរសើរនាងមិនដាច់ពីមាត់។
"អូហូ! ពូមានណាស់ណ៎ ជាម្ចាស់ផ្សាទំនើប ជាម្ចាស់រីសតហើយនៅជាម្ចាស់ចំការទំពាំងបាយជូយ៉ាងធំទៀត មួយជាតិនេះដេកចាយតែលុយមិនធ្វើអ្វីក៏មិនអស់ដែរ"ប៊ែលឡាដែលដើរតាមគេត្រុកៗនោះក៏លាន់មាត់ឡើងភ្លាមៗតែវាក៏ដូចនាងនិយាយមិនខុសមួយជាតិនេះទោះគេដេកស្ងៀមមិនធ្វើអ្វីក៏មិនខ្វះលុយចាយដែរ ចំណែកថេយ៉ុងងាកមកញញឹមដាក់នាងបន្តិចក៏ដើរបន្តទៀតទាំងមិននិយាយអ្វី មានលុយតើវាយ៉ាងមិច? មានហើយខ្វះភាពកក់ក្តៅ ខ្វះសុភមង្គលពីគ្រួសារដដែលគេក៏មិនប៉ងចង់បានដូចគ្នា
"អាចញាំបានទេពូ?"ប៊ែលឡាងាកទៅសួរគេស្របពេលដៃកំពុងតែកាន់ចង្កោមទំពាំងបាយជូដែលនៅលើដើមនោះក្នុងន័យសុំក្តីអនុញ្ញាត
"បានតែត្រូវបង់លុយសិន"
"ឥឡូវនេះគ្មានលុយបង់ឲ្យទេសុំជំពាក់សិនបានទេ?"បន្ទាប់ពីឮប្រយោគរបស់នាងរួចថេយ៉ុងស្រាប់តែសើចឡើងភ្លាមៗរួចក៏យកដៃទៅញីសក់ក្បាលនាងឡើងរញ៉េរញ៉ៃអស់ គ្រប់ពេលដែលនៅជាមួយនាងគេតែងតែសប្បាយចិត្តជាប់ជានិច្ចទោះបីពេលខ្លះមិនត្រូវគ្នាក៏ដោយ។ ទម្រាំតតែដើរមើលសព្វចំការរួចពេលវេលាក៏ឈានជិតដល់ពេលល្ងាចល្មមទើបថេយ៉ុងវាចាបបួលទៅស្រីតូចដែលកំពុងតែអង្គុយលើកៅអីព្យាយាមបឺតទឹកផឹកដើម្បីផ្សើមបំពង់កនោះដើម្បីមើលថ្ងៃលិចជាមួយគ្នា
"ចង់ឡើងភ្នំមើលថ្ងៃលិចទេ?"បន្ទាប់ពីបញ្ចប់ប្រយោគរួចនាយក៏ទទួលបានចម្លើយពីនាងមកវិញដោយការងក់ក្បាលមើលទឹកមុខនាងហាក់សប្បាយចិត្តណាស់ព្រោះត្បិតថានាងមិនដែលឡើងភ្នំមើលថ្ងៃលិចបែបនេះពីមុនមកទេ។ បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នារួចទើបនាំគ្នាឡើងភ្នំដែលមានកំពូលខ្ពស់ល្មមដើម្បីមើលថ្ងៃលិចព្រោះទីនោះហើយជាកន្លែងដែលស្អាតបំផុតនាពេលល្ងាច។ ជំហានជើងបោះឡើងលើកាំជណ្តើរឡើងលើកំពូលភ្នំពីមួយកាំទៅមួយកាំរហូតក្លាយជារាប់រយកាំទាំងញើសហូរតក់ៗហត់គឃូសទើបប៊ែលឡាច្រត់ដៃនឹងបង្កាន់ដែលដាក់នៅតាមដងផ្លូវឡើងលើភ្នំដកដង្ហើមញាប់ៗជើងក៏ចាប់ផ្តើមស្ពឹកតិចៗដូចគ្នា
"យ៉ាងមិចហត់ហើយ?"ថេយ៉ុងស្រដីសួរទៅកាន់នាងល្អិតដែលដកដង្ហើមដង្ហក់មិនដល់គ្នានោះ ចំណែកនាងក៏បានត្រឹមតែក្រវីក្បាលតិចៗទាំងដែលពេលនេះហត់សឹងតែធ្លាក់អណ្តាតទៅហើយ
"ទៅរួចទេ?"ថេយ៉ុងក៏តាមឈ្ងោកសម្លឹងមើលមុខនាងរួចបានចម្លើយមកវិញត្រឹមតែការងក់ក្បាលតិចៗបញ្ជាក់ថាអាចទៅរួច យ៉ាងណាក៏មកដល់ពាក់កណ្តាលផ្លូវទៅហើយបកក្រោយមិនបានទេ
"ល្អ អញ្ចឹងតោះឆាប់ទៅប្រយ័ត្នព្រះអាទិត្យលិចបាត់"និយាយចប់ទើបនាំគ្នាឡើងបន្តទៀតដោយប៊ែលឡាមានថេយ៉ុងចាំទប់ពីក្រោយជាប់រហូត កាយវិការបញ្ជាក់ពីភាពការពារ បារម្ភយកចិត្តទុកដាក់របស់គេធ្វើឲ្យប៊ែលឡាចាប់ផ្តើមលួចរំភើបចិត្តម្នាក់ឯងទៀតហើយ។ កន្លងទៅយូរបន្តិចពួកគេក៏មកដល់កំពូលភ្នំពិតមែនក៏ស្របពេលជាមួយគ្នានឹងព្រះអាទិត្យកំពុងតែលិចសន្សឹមៗដូចគ្នា។ ពន្លឺពណ៌មាសចាំងបាចសាចពាសពេញមេឃ ព្រះអាទិត្យមូលក្លំពណ៌ក្រហមចាំងភ្នែកចាប់ផ្តើមបន្ទាបខ្លួនកាន់តែទាបទៅៗ ស្លឹកឈើពណ៌បៃតងស្រស់ក៏ប្រែជាពណ៌ក្រហមដោយសារឥទ្ធិពលពន្លឺព្រះអាទិត្យ
"ស្អាតណាស់"ស្នាមញញឹមលេចឡើងលើបបូរមាត់តូចៗរបស់ប៊ែលឡាសំឡេងស្រួចស្រិបនិយាយចេញមក នាងកំពុងតែឈ្លក់វង្វេងជាមួយទេសភាពនៅចំពោះមុខដោយមិនដឹងឡើយថាមានមនុស្សម្នាក់កំពុងតែសម្លឹងមើលមកនាងទាំងស្នាមញញឹមក្តីសុខដូចគ្នា គេអាចរកចម្លើយឲ្យខ្លួនឯងបានហើយថាហេតុអីគ្រប់ពេលដែលនៅជិតនាងគេតែងតែរំភើបចម្លែក ហើយមូលហេតុនោះក៏ព្រោះថាគេស្រឡាញ់នាង បើសួរថាស្រឡាញ់តាំងពីណា? ចម្លើយប្រាកដជាឆ្លើយថាមិនដឹងដូចគ្នាថាគេចាប់ផ្តើមមានអារម្មណ៍បែបនេះតាំងពីពេលណា ដឹងត្រឹមថាពេលនេះគេកំពុងតែលង់ងប់ងល់ជាមួយនាងខ្លាំងណាស់តែក៏មិនអាចបង្ហាញអារម្មណ៍ទាំងនោះចេញមកឲ្យនាងដឹង បានត្រឹមតែទុកក្នុងចិត្តម្នាក់ឯង។

📚ជំនួបបេះដូង🖤Where stories live. Discover now