ស្អែកឡើង......
                              ជេននីត្រូវដាក់ឱ្យគេងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ មើលទៅសភាពរបស់នាងនៅតែធ្វើឱ្យគ្រូពេទ្យព្រួយបារម្ភខ្លាំងដដែល ព្រោះមុខកាំបិតចាក់ចំចំណុចពេក។ ជេននីរងនឹងការប៉ះទង្គិចក្រពះធ្ងន់ធ្ងរទោះវះកាត់ជោគជ័យតែស្ថានភាពនាងនៅពេលនេះចាំបាច់ត្រូវស្ថិតក្រោមការតាមដានរបស់គ្រូពេទ្យជាប់២៤ម៉ោង ជៀសវាងមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។
                              "នាងយ៉ាងម៉េចហើយ?" លីសាសួរលោកគ្រូពេទ្យយ៉ាងធម្មតាថែមទាំងគ្មានអារម្មណ៍ថាខុសសូម្បីតែបន្តិច។ មិនចម្លែកនោះទេព្រោះឡាលីសាម៉ាណូបានរូបនេះធ្លាប់នឹងស្ថានភាពបែបនេះទៅហើយ។ ជាច្រើនឆ្នាំមកនេះ សម្លាប់មនុស្សដោយប្រើស្ទាយបែបណាក៏នាងធ្លាប់ធ្វើ រឿងអីគ្រាន់តែបាត់បង់ម្ចាស់ការណ៍លើខ្លួនឯងរួចក៏ជ្រុលដៃចាក់មនុស្សដែលគ្មានកំហុសម្នាក់ធ្វើឱ្យនាងមានអារម្មណ៍មិនល្អ?
                              ស្គាល់លីសាតិចពេកហើយ!
                              "ប៉ុន្មានថ្ងៃទៀតនាងដឹងខ្លួនហើយ ប៉ុន្តែកំឡុងពេលនេះនាងមិនទាន់អាចញ៉ាំទឹកឬអាហារបានទេ ត្រូវព្យួរសេរ៉ូមនិងចាក់វីតាមីនជំនួយវិញ"គ្រូពេទ្យនិយាយប្រាប់លីសាតាមការគួរ។ ក្នុងចិត្តនេះក៏ឆ្ងល់ខ្លះដែរ តែមិនហ៊ានសួរត្បិតអីនេះជារឿងរបស់អ្នកដទៃគ្រូពេទ្យដូចពួកគេមានតែតួនាទីព្យាបាលមួយមុខគត់។ពិសេសជាមួយមនុស្សមានឥទ្ធិពលដូច ឡាលីសា ម៉ាណូបាន រឹតតែមិនគួរបៀតបៀន។
                              "បើអញ្ចឹងខ្ញុំលាទៅសិនហើយ" លោកគ្រូពេទ្យឱនគោរពលានាងបន្តិចមុននឹងដើរនាំមុខក្រោមគ្រូពេទ្យពីរបីនាក់ទៀតចេញទៅក្រៅរួចបិទទ្វារវិញយ៉ាងរៀប រយ។ លីសាដើរចូលទៅក្បែរគ្រែអ្នកជំងឺដែលជេននីកំពុងតែគេងលក់មិនដឹងពេលណាទើបដឹងខ្លួន ក្នុងចិត្តលីសាពិតជាឆ្ងល់ណាស់ ឆ្ងល់រហូតមក គឺឆ្ងល់ថា.....
                              "ហេតុអីនាងជួយខ្ញុំ?"លីសានិយាយឡើងយ៉ាងខ្សឹបៗស្ដាប់ស្ទើរតែមិនឮកែវភ្នែកមុតថ្លារបស់នាងសម្លឹងគយគន់រូបឆោមមនុស្សស្រីខ្លួនតូចដែលកំពុងតែសន្លប់មិនទាន់ដឹងខ្លួននៅលើគ្រែ។ លីសាដាក់ខ្លួនអង្គុយចុះលើសាឡុងដែលនៅឆ្ងាយពីគ្រែដែលជេននីគេងប្រមាណជាង១០ជំហាន។ ក្នុងចិត្តលីសាពេលនេះពោរពេញទៅដោយចម្ងល់រាប់មិនអស់។តើគ្រប់យ៉ាងពិតជាមានអ្វីនៅពីក្រោយដូចការគិតរបស់នាងមែនឬអត់?
                                      
                                   
                                              
                                           
                                           
                                               
                                                  