១ខែកន្លងទៅនេះថ្ងៃណាក៏លីសាសើចក្អាកក្អាយព្រោះតែជេននីដែរ។ តាំងពីថ្ងៃដែលនាងចូលមកក្នុងឆាកជីវិតរបស់គេជីវិតដែលមានតែភាពងងឹតសូន្យសុងមួយនេះស្រាប់តែចាប់ផ្តើមមានពន្លឺភ្លឺស្វាងឡើងដូចជាក្រោយភ្លៀងមេឃស្រលះ។ ស្នាមញញឹមប្រកបដោយភាពបរិសុទ្ធរបស់ជេននីធ្វើឱ្យបេះដូងរឹងមាំចាប់ផ្តើមមានសំណើម។ ការគិតបែបសុទិដ្ឋិនិយមរបស់នាងធ្វើឱ្យផ្លូវចិត្តដែលខូចទ្ទិចខ្ទីព្រោះស្នាមរបួសកាលពីអតីតកាលរបស់លីសាចាប់ផ្តើមជាសះស្បើយបន្តិចម្តងៗ។ តទៅទៀតនេះលីសាមិនចាំបាច់សុបិន្តអាក្រក់ជារៀងរាល់យប់ទៀតនោះទេ ហើយក៏មិនចាំ បាច់ប្រឈមមុខនឹងបិសាចចិត្តរបស់ខ្លួនឯងស្ទើរតែគ្រប់ពេលវេលាដែរ មានជេននីនៅទីនេះធ្វើឱ្យលីសាមានអារម្មណ៍ថាកក់ក្តៅនិងមានសុត្ថិភាពអាចបំភ្លេចរាល់រឿងអាក្រក់ៗទាំងឡាយដែលតែងតែតាមបន្លាចនាង។ អ្នកទាំងពីរគិតតែពីជជែកគ្នាពីនេះពីនោះរហូតដល់យប់ជ្រៅ រីឯសំដីក៏ចាក់គ្នាទៅវិញទៅមកមិនបាត់មួយម៉ាត់។ ជាពិសេសពេលនេះជេននីនិយាយមិនឈប់រករឿងលីសាទាល់តែរកពាក្យតបលែងឃើញក៏មាន។ តែមិនយូរប៉ុន្មានសូរសំនៀងរបស់មនុស្សស្រីខ្លួនតូចរូបនេះក៏លែងបន្លឺឡើង។
"នែ! ងើបឡើងទៅគេងនៅក្នុងបន្ទប់ទៅ! ឡប់ងើបឡើង!!"លីសាអង្រួនជេននីតិចៗទាំងអស់សំណើច។ សំដីបានហើយដេកកន្លែងណាក៏បានទៀត ស្រីដូចនាងមួយពិភពលោកនេះប្រហែលមានតែមួយទេមើលទៅ។ លីសាទាល់តម្រិះក៏បីនាងចូលទៅផ្ទះធំដាក់ឲ្យគេងក្នុងបន្ទប់ស្រួលបួលទើបបិទភ្លើងបិទទ្វាបន្ទប់ចាកចេញទៅបន្ទប់របស់នាងវិញ។
ព្រឹកឡើង...
នារីម្នាក់បានស្លៀកពាក់ខោខូវប៊យជាមួយអាវសាច់ក្រណាតពណ៌សឈរឆ្លុះកញ្ចក់នៅមុខម៉ាតដែលជាកម្មសិទ្ធរបស់នាង។
តឹង!!!
ទ្វារម៉ាតបានបើកឡើងមកជាសញ្ញាបញ្ជាក់ថាមានមនុស្សចូលមក។
"ម៉ាតមិនទាន់បើកទេ កុំមករញ៉េរញ៉េ!!" បើកទ្វារឡើងមិនទាន់នារីរូបស្អាតឆេយ៉ុងស្រែកជេរភ្លាម ជីស៊ូងាកទៅមើលដូចជាសត្រូវកាលពីជាតិមុន។ ទឹកមុខរបស់គេបានបញ្ជាក់ពីសេចក្តីមិនពេញចិត្ត មិនចូលចិត្តម្នាក់នេះយ៉ាងខ្លាំង។
