ត្រឡប់មកបច្ចុប្បន្នវិញលីសាហាក់កំពុងតែដេកសុបិន្តឃើញរឿងអតីតកាលដ៏ស្មោកគ្រោគរបស់ឪពុកចុងនាងកកាលពី២០ឆ្នាំមុន។
"ទេ!!!" សម្លេងមួយម៉ាត់ចុងក្រោយស្រែកឡើងបែកសម្លេងហើយលីសាក៏បើកភ្នែកមកទន្ទឹមនឹងពាក្យមួយម៉ាត់ចុងក្រោយនោះដែរ។ គ្រាន់តែឮសំឡេងចៅហ្វាយនាយស្រែកភ្លាមជីស៊ូដែលអង្គុយនៅលើសាឡុងនៅម្ខាងនៃបន្ទប់សម្រាកសម្រាប់អ្នកជំងឺវីអាយភីស្ទុះមកវឹងជិតចៅហ្វាយនាយ។
"អ្នកនាងយ៉ាងម៉េចទៅហើយ?" ជីស៊ូសួរលីសាទាំងបារម្ភ ចំណែកលីសា បានត្រឹមបើកភ្នែកយ៉ាងមមីមមើតែក៏មិនចម្លែកដែរដែលសុខៗនាងត្រូវមកគេងនៅក្នុងមន្ទីរពេទ្យបែបនេះ។ ច្បាស់ជាជីស៊ូជាអ្នកឃើញនាងសន្លប់ហើយក៏យកមកមន្ទីរពេទ្យ។ច្រើនឆ្នាំមកនេះជីស៊ូបានដើរតួជាដៃស្តាំជំនិតផងនិងជាបងប្អូនល្អរបស់លីសាផង នាងក៏ប្រហែលជាហត់ណាស់ហើយ។ កាលពីព្រឹកមិញជីស៊ូបានឃើញលីសាដេកសន្លប់នៅក្នុងសួនច្បារទើបប្រញាប់បញ្ជូនចៅហ្វាយនាយមកកាន់មន្ទីពេទ្យយ៉ាងបន្ទាន់ជាទីបំផុត។
"គ្រាហ្ម៍យើងឡើង!"លីសាបន្លឺសំឡេងយ៉ាងខ្សោយហាក់មិនទាន់មានកម្លាំងកំហែងឡើងវិញនៅឡើយទេ។ ឃើញបែបនេះជីស៊ូកាន់តែបារម្ភឡើងថែមទៀត។
"ចា៎!" ជីស៊ូប្រញាប់គ្រាហ្ម៍លីសាឱ្យងើបអង្គុយ។ ក្នុងចិត្តនាងវិញអាណិតចៅហ្វាយនាយហួសថ្លែង។ នាងទើបតែដឹងពីកូនចៅក្រោមបង្គាប់ថាជេននីជាជនបង្កប់ចូលមកដើម្បីបំផ្លាញលីសា នាងជាពពួកអ្នកកាសែតដែលជីកកកាយរឿងអាក្រក់របស់អ្នកដ៏ទៃទៅចែកចាយក្នុងសង្គមទូទៅ។
"អ្នកនាងមិនអីទេមែនទេ?" ជីស៊ូបានសួរទៅលីសាយ៉ាងស្រងូតស្រងាត់ រីឯលីសាក៏មានទឹកមុខប្រកបដោយភាពស្រងូតស្រងាត់លើសជីស៊ូទៅទៀត លីសាស្តាប់បានសំណួររបស់ជីស៊ូហើយនាងក៏បែរជាដកដង្ហើមធំសម្លឹងមើលទៅយ៉ាងឆ្ងាយ។
"បើយើងប្រាប់ឯងថាយើងមិនអីដូចកុហកឯងពេកហើយ" នាងនិយាយទាំងភ្នែករលីងរលោងហើយជីស៊ូក៏នៅចាំស្ដាប់ចៅហ្វាយខ្លួននិយាយ។
"រឿងកាលពី២០ឆ្នាំមុនវាមកបន្លាចយើងទៀតហើយ..." កែវភ្នែកមុតស្រួចចាប់ផ្តើមស្រក់ទឹកភ្នែកចុះមកយ៉ាងស្ងប់ស្ងាត់។នារីម្នាក់ដែលរឹងមាំតែសំបកក្រៅតែបែរជាមានផ្លូវចិត្តយ៉ាងទន់ជ្រាយព្រោះរងរបួសនឹងអតីតកាលដ៏អប្រិយ។ ឡាលីសា ម៉ាណូបានជាក្មេងដ៏ល្អម្នាក់កាលពីជាង២០ឆ្នាំមុន តែបែរជាក្លាយជាបិសាចសម្លាប់មនុស្សយ៉ាងរោគចិត្តនៅ២០ឆ្នាំក្រោយទៅវិញ។ រឿងបែបនេះតើអ្នកណាស្មានដល់ទៅ? ពីក្មេងស្រីស្លូតបូត ស្មោះត្រង់ និងមានគុណធម៌ម្នាក់ស្រាប់តែប្រែក្លាយទៅជាមនុស្សដែលសង្គមទាំងមូលខ្លាចរអាមិនចង់ចូលក្បែរ។ ពោលគឺគ្រាន់តែឮឈ្មោះរបស់នាងគ្រប់គ្នាក៏ព្រឺក្បាលទៅហើយ។
