Part 31 : បងនឹងត្រឡប់មករកអូនវិញ

481 68 3
                                    

Jungkook ចាកចេញទាំងមិនដាច់អាល័យជាមួយនឹងក្មេងដែលទួញសោកនៅក្នុងបន្ទប់ នាយក៏មិនចង់ ប៉ុន្តែគ្មានជម្រើសឡើយ បើបណ្ដោយឲ្យ Tae កើតរឿងអ្វីគេច្បាស់ជាមិនលើកលែងអោយខ្លួនឯងជាដាច់ខាត ។ គេបាត់បង់មកច្រើនហើយ នៅឡើយ Tae ម្នាក់ជាក្ដីសង្ឃឹម បើនាយថែគេមិនបានទៀត តើរស់មានន័យអី?

«ម្ចាស់ប្រុស!!»ចុះមកដល់ខាងក្រោម បណ្ដាកូនចៅក៏រហ័សឱនគំនាប់តាមទម្លាប់ ឯខាងមុខទ្វារក៏មានឡានតម្រៀបជាជួររង់ចាំនាយត្រឡប់ទៅវិមាន ។

«ហាមបណ្ដោយឱ្យ Tae ចេញពីទីនេះបានជាដាច់ខាត បើគ្មានបញ្ជាពីយើង នរណាក៏មិនអោយចេញពីផ្ទះនេះដែរ ស្ដាប់បានទេ»សម្ដីមានអំណាចសង្កត់ធ្ងន់អោយកូនចៅខ្លបខ្លាចមិនហ៊ានប្រកែក ។

«បាទ/ចាស»

«សូមអញ្ជើញចៅហ្វាយ»នាយ Ken បើកផ្លូវអោយម្ចាស់ ឆ្ពោះទៅកាន់ឡានដែលត្រៀមរួចជាស្រេច ម្នាក់ៗទឹកមុខមាំរៀងខ្លួន ព្រោះដឹងថាការចេញដំណើរលើកនេះ មិនមែនជាការកំសាន្តឬធ្វើការដូចជារាល់ដងឡើយ តែទៅកម្ចាត់សត្រូវទៅវិញទេ ។

Jungkook ចូលមកក្នុងឡានដោយរឹកពារនឹងធឹងស្ងប់ស្ងាត់ដូចជារាល់ដង តែខាងក្នុងកំពុងតែជ្រួលច្របល់ខ្វល់ខ្វាយពីអ្នកម្ខាងទៀត ។ ខណៈដែលឡានបើកចេញទៅ រាងក្រាស់លួចដៀងកន្ទុយភ្នែកសម្លឹងទៅបន្ទប់ជាន់ខាងលើ ជាមួយនឹងអារម្មណ៍ជាច្រើនវាយលុកបញ្ចូលគ្នា ។

"បងនឹងត្រឡប់មករកអូនវិញ"Jungkook បន្លឺឡើងក្នុងចិត្តជាការសន្យាចំពោះខ្លួនឯង នាយមិនដែលខ្លាចសេចក្ដីស្លាប់ នាយក៏មិនធ្លាប់ខ្វល់ខ្វាយពីនរណាខ្លាំងជាងខ្លួនឯង ក្នុងជីវិតរបស់នាយគឺមានតែពណ៌សនិងខ្មៅ គ្រប់យ៉ាងហាក់ងងឹតរកទិសតំបន់មិនឃើញ ប៉ុន្តែចាប់តាំងពីមានវត្តមានរបស់ Tae ជីវិតរបស់គេប្រែប្រួលគ្រប់យ៉ាង Tae ផ្ដល់ជីវិតអោយគេថ្មីដែលពោរពេញទៅដោយពន្លឺនិងភាពស្រស់បំព្រង ទើបគេសន្យានឹងខ្លួនថាត្រូវតែថែរក្សាពន្លឺមួយនេះអោយបាន ទោះបីជាត្រូវប្ដូរដោយជីវិតក៏ដោយ ។

ប៉ុន្តែកំឡុងពេលនេះពន្លឺដ៏ភ្លឺថ្លាកំពុងប្រែជាស្រពាប់ស្រពោន ទឹកភ្នែកដែលហូរស្រក់បន្តមកឥតស្បើយ Tae យំសសឹកប្រឹងរកវិធីស្រាយចំណងប៉ុន្តែមិនអាច ចង់គេទាញកន្ត្រាក់យ៉ាងណាក៏មិនរួច ហាក់ដូចជាចង់ឃាត់គេអោយនៅទីនេះយ៉ាងចឹង ។

ស្នេហ៍ប្រែពណ៌Where stories live. Discover now