Ep16 : ប្រុសល្ងង់

1.3K 188 7
                                    

   ថេយ៉ុងសម្ងំនៅក្នុងទ្រូងដ៏កក់ក្តៅរបស់ជុងហ្គុកយ៉ាងយូររហូតគេអាចឈប់យំបាននៅសល់តែសម្លេងអណ្តឺតអណ្តកទើបគេព្រលែងរាងក្រាស់ចេញពីរង្វង់ដៃព្រមដោយស្នាមញញឹមដក់ជាប់ផែនថ្ពាល់ទាំងសង  កាលដែលគេអាចកម្រើកជើងបានក៏ធ្វើអោយរំភើបមិនតិចដែរព្រោះវាមានន័យថាគេច្បាស់ជាអាចនឹងឆាប់ដើរបានឆាប់ៗនេះ។

   "យ៉ាងម៉េចហើយ?"ជុងហ្គុកយកម្រាមដៃជូតទឹកភ្នែកអោយថេយ៉ុងថ្នមៗ សម្លឹងមើលផ្ទៃមុខតូចដែលធ្វើមុខគួរអោយស្រលាញ់ដាក់គេនោះធ្វើអោយគេខ្នក់ខ្នាញ់ជាខ្លាំង។

   "គ្រាន់បើហើយទេដឹង"ថេយ៉ុងសើចទាំងអារម្មណ៍ល្អ តាមពិតបំណងរបស់គេគឺគួរតែជាគេដែលលួងជុងហ្គុកតែបែរជាអោយជុងហ្គុកមកអង្គុយអោបលួងលោមគេយ៉ាងយូរទៅវិញ។

   "ខ្ញុំខលហៅគ្រូពេទ្យសិន"ជុងហ្គុកប្រញាប់ស្រវេស្រវារាវរកទូរស័ព្ទមកចុចខលទៅគ្រូពេទ្យប្រចាំខ្លួនរបស់ថេយ៉ុងអោយមកទីនេះជាបន្ទាន់ ចំណែកថេយ៉ុងគេក៏យករឿងនេះខលទៅប្រាប់លោកយាយរបស់គេផងដែរ។

   "នៅសុខៗក៏ស្រាប់តែនាំគ្នាយំ"ថេយ៉ុងរអ៊ូពេលដែលជុងហ្គុកបិទទូរស័ព្ទរួចដាក់ខ្លួនអង្គុយក្បែរគេ តាមពិតគេមិនចូលចិត្តធ្វើខ្លួនទន់ជ្រាយទេព្រោះម៉ាក់គេអាចនឹងដៀលគេបានគ្រប់ពេលតែនៅចំពោះមុខជុងហ្គុកទោះជាព្យាយាមបិទបាំងយ៉ាងណាក៏ជុងហ្គុកនៅតែមើលដឹងពីភាពទន់ជ្រាយរបស់គេដដែល។

   "អ្នកប្រុសនិយាយអោយខ្ញុំរំជួលចិត្តនោះអី"

   "ខ្ញុំនិយាយអី? មិនបាននិយាយទេ"

   "ត្រង់នេះ! អ្នកប្រុសថាត្រង់នេះទំនេរ"ជុងហ្គុកចុចត្រង់ស្មាថេយ៉ុងតិចៗដែលធ្វើអោយរាងតូចបានតែញាក់ស្មាធ្វើដូចមិនដឹងខ្យល់អី។

   "ក៏ទំនេរពិតមែននោះអី"គេនិយាយទាំងទប់ស្នាមញញឹមរួចក៏ធ្វើជាមើលទៅមាត់បង្អួចមិនចង់ប្រឈមជាមួយក្រសែភ្នែកដ៏ផ្អែមល្ហែមរបស់ជុងហ្គុក។

   "បើអ្នកប្រុសអាចដើរបានចង់ទៅណាមុនគេ?"ប្រអប់ដៃក្រាស់អង្អែលប៉ះថ្នមៗលើជើងខាងឆ្វេងរបស់ថេយ៉ុងខណៈម្ចាស់ខ្លួនជ្រិមភ្នែកហាក់ព្យាយាមរកនឹកបន្តិច។

អ្នកប្រុសសំណព្វ💫Where stories live. Discover now