“ លោកប្ដីកំហូច ” ភាគទី 17
___________________
ព្រឹកព្រលឹមថ្ងៃថ្មីក៏ឈានចូលមកដល់ ពេលនេះណាំជុននិងសូហ្វីនក៏បានមកដល់សេអ៊ូលវិញដូចគ្នា គេមិនបានអោយខកខានពេលវេលាយូរនោះឡើយ
“ យ៉ាងម៉េចទៅហើយបងធំ មានដឹងដំណឹងអាថេយ៍និងប្អូនថ្លៃខ្លះទេ? ” ណាំជុន ពេលនេះគេមិនខ្វល់ពីការងារនោះឡើយ ក្នុងខួរក្បាលពេលនេះគិតតែពីសុវត្ថិភាពរបស់ប្អូនតែមួយប៉ុណ្ណោះ
“ នៅមិនទាន់ដឹងនៅឡើយនោះទេ តែប៉ូលីសក៏បានសន្និដ្ឋានថាថេយ៉ុងនិងសូហ្វៀរ៍បានស្លាប់បាត់ហើយ ព្រោះឡានរបស់អាថេយ៍ឆេះខ្លោចគ្មានសល់នោះទេ ” ជីន រៀបរាប់ប្រាប់ព្រោះពួកប៉ូលីសបានបកស្រាយបែបនេះក៏ពិតមែន ប៉ុន្តែខាងគ្រួសារគីម មិនទាន់អស់ចិត្ដនោះឡើយ បើគេស្លាប់គួរណាតែមានស្លាកស្នាមបន្សល់ទុកខ្លះដែរ តែនេះគឺអត់សោះតែម្ដង
“ យ៉ាងណាខ្ញុំក៏នៅមិនទាន់ជឿមួយរយភាគរយដែរ ប៉ុន្តែអោយព័ត៌មានចេញផ្សាយដូចប៉ូលីសសិនចុះ ” ណាំជុន គេមិនទាន់ហ៊ានថាប្អូនរបស់គេស្លាប់នោះដែរ ព្រោះថេយ៉ុងនៅពីក្មេងគេហាត់ពត់ខ្លួនបានរឹងមាំល្អណាស់ មិនងាយមានអ្វីមកឆក់ជីវិតគេងាយឡើយ លើកលែងតែពេលកើតហេតុគេសន្លប់ប៉ុណ្ណោះ
“ ហេតុអ្វី? ម៉េចក៏យើងមិនប្រាប់ពួកគេតាមត្រង់តែម្ដងទៅ? ” ជីន ឆ្ងល់ពីគំនិតរបស់ណាំជុនជាខ្លាំង នេះគេពិតជាគិតថាថេយ៉ុងស្លាប់ទៅតាមប៉ូលីសថាដែលឬ? បានជាអោយប្រាប់អ្នកកាសែតបែបនេះ?
“ ប្រាប់ត្រង់មិនបាននោះទេ ព្រោះនៅពេលនេះយើងរកជនល្មើសមិនទាន់ឃើញ បើវាដឹងថាអាថេយ៍មិនទាន់ស្លាប់ វាប្រាកដជាតាមរកអាថេយ៍រហូតដល់ឃើញមិនខានទេ ” ណាំជុន គេឆ្លាត គេពូកែ មុននិងចាត់ការអ្វីគេតែងតែគិតបានដិតដល់ជានិច្ច សមហើយដែលការរកសីុរបស់គេលេចធ្លោរទូទាំងទ្វីបអឺរ៉ុបយ៉ាងនេះ
“ ឯងដឹងមែនទេថាអ្នកដែលបញ្ជាអោយតាមសម្លាប់អាថេយ៍ជាអ្នកណា? ” ជីន ត្បិតតែនៅពេលដែលកើតហេតុគ្មានអ្នកណាបានឃើញពិតមែន តែញាណរបស់គេប្រាប់ច្បាស់ណាស់ថាថេយ៉ុងមានគេតាមធ្វើបាប មិនមែនបើកសុខៗក៏ធ្លាក់ជ្រោះឯកឯងនោះទេ
