ភាគទី១

901 115 33
                                    

តឹង!
វេកាស ទាញទូរស័ព្ទមកបើកមើលពេលដែលវាលោតបញ្ជាក់ថាមានអ្នកផ្ញើរសារមក។ គ្រាន់តែបើកចូលមើលសាររបស់មិត្តសម្លាញ់ភ្លាម ភ្លើងកំហឹងនិងប្រច័ណ្ឌវាក៏ឆាបឆេះឆួលពេញទាំងទ្រូងរបស់នាយតែម្ដង។ ដោយទ្រាំមិនបានគេក៏បោកទូរស័ព្ទរបស់ខ្លួនចោលបែកខ្ចាយ មិនអស់ចិត្តគេក៏ទាញថូផ្កានិងរបស់ដែលបំបែកបានផ្សេងទៀតមកបោកចោលបន្សល់អំបែងកែវជាច្រើនពាសពេញបន្ទប់។ អ្នកកំលោះដាក់ខ្លួនអង្គុយលើពូកដោយកែវភ្នែកបញ្ជាក់ពីកំហឹងដែលមានក្នុងខ្លួន។
«បែបនេះមែនទេទើបមិនឱ្យយើងប៉ះពាល់ខ្លួន? បាន! បើចង់លេងនឹងភ្លើងយើងនឹងកំដរឯង!» វេកាស ស្បថនឹងខ្លួនឯងថាយ៉ាងណាគេក៏ត្រូវតែចាត់ការមនុស្សដូចជា ផាយ ឱ្យបាន។ ផាយ ហាក់ដូចជាស្គាល់គេតិចពេកហើយ!

+ប្រទេសសឹង្ហបុរី
ខណៈនេះ ផាយ បានមកដល់ប្រទេសសឹង្ហបុរីជាស្ថាពរក្រោយពីលួចឪពុកមកបានយ៉ាងត្រដាបត្រដួស។ គ្រាន់តែចុះពីលើយន្តហោះភ្លាមនាយក៏រហ័សមករកម្ដាយនិងបងប្រុសនៅផ្ទះរបស់ពួកគេភ្លាមមិនបង្អង់ឡើយ។ គេសន្យាជាមួយខ្លួនឯងហើយថានឹងសុំជំនួយពី ភីត ឱ្យបាន! គេលះបង់សេរីភាពឱ្យទៅ ភីត អស់រយៈពេលច្រើនឆ្នាំហើយពេលនេះគេសុំសិទ្ធិទាំងអស់នោះវិញ។ មកដល់ផ្ទះម្ដាយ ផាយ មិនបានចូលទៅភ្លាមៗឡើយនាយតូចនៅឈប់ឈរនឹងថ្កល់មួយកន្លែងបិទភ្នែកសម្រួលអារម្មណ៍ស្រូបខ្យល់ចូលពេញសួតសិន។ ខួរក្បាលរបស់គេកំពិងគិតទៅដល់រឿងកាលពីដប់ឆ្នាំមុន កាលណោះគេមានវ័យ១១ឆ្នាំដូចនឹង ភីត ដែរ។ ម្ដាយឪពុករបស់ពួកគេសម្រេចចិត្តលែងលះគ្នាដំបូងអ្នកដែលត្រូវទៅនៅជាមួយប៉ារបស់គេគឺជា ភីត ព្រោះ ភីត ជាកូនច្បងតែម្ដាយរបស់គេមិនព្រមគាត់ចង់បានទាំង ភីត និង ផាយ ទើបបង្កើតឱ្យមានភាពចម្រូងចម្រាស់ជាច្រើនខែ។ ដោយភ្លោះទាំងពីរមិនចង់ឃើញទិដ្ឋភាពបែបនេះក៏ស្រុះស្រួលគ្នាទៅនិយាយជាមួយឪពុកម្ដាយឱ្យដាច់ស្រេចដោយឱ្យ ភីត ទៅនៅជាមួយម៉ាក់និង ផាយ នៅជាមួយឪពុក។ ផាយ គេមិនចង់នៅជិតឪពុកទេព្រោះដឹងថាឪពុកស្រឡាញ់ ភីត ជាងហើយមិនចូលចិត្តគេទេតែគេគ្មានជម្រើសឱ្យជ្រើសពិតមែនកាលណោះ ភីត មានសុខភាពខ្សោយណាស់ទើបនាយសម្រេចចិត្តឱ្យបងប្រុសភ្លោះទៅនៅជាមួយម្ដាយទុកឱ្យខ្លួនរងព្យុះភ្លៀងតែម្នាក់ឯង។ ក្រោយពីបែងចែកគ្នាដាច់ស្រេចហើយ ភីត បានហោះទៅនៅសឹង្ហបុរីនៅមួយឆ្នាំក្រោយលែងលះ...
«ផាយ!» សំឡេងដែល ផាយ ស្ដាប់ទៅមិនសូវសមត្រចៀកប៉ុន្មានបន្លឺឡើង។ ផាយ មើលទៅប្រភពសំឡេងឃើញថាជា ភីត បងប្រុសភ្លោះដែលមានមុខមាត់ដូចជាគេបេះដាក់សូម្បីសំឡេងក៏ស្រដៀងគ្នាស្ដាប់ហើយបែងចែកមិនចង់ដាច់ទេ។ ភីត កាន់ផ្កាមួុយបាច់ធំពាក់អាវយឺតពណ៌ផ្ទៃមេឃខ្ចីនិងខោខ្លីត្រឹមជង្គង់ដើរយឺតៗមករកប្អូនប្រុសភ្លោះមុននឹងទម្លាក់ផ្កានោះចោលហើយឱបប្អូនដោយក្ដីនឹករលឹក។ តាមគេចាំវាមានរយៈពេល៣ឆ្នាំហើយដែលបងប្អូនគេមិនបានចួបគ្នា។
«បងភីត ខ្ញុំនឹកបងណាស់» ផាយ លូកដៃឱបបងប្រុសវិញដោយក្ដីនឹករលឹកមិនចាញ់គ្នាដែរ។
«ទៅរកម៉ាក់ទេ? ម៉ាក់ប្រាកដជាសប្បាយចិត្តមិនខានបើសិនជាបានឃើញឯង» ភីត ព្រលែងខ្លួនចេញពី ផាយ មុននឹងបបួលគេឱ្យចូលទៅក្នុងផ្ទះ។ ផាយ ងក់ក្បាលតិចៗហើយដើរទៅតាម ភីត ដែលដើរទៅមុននោះ។ រាងតូច ផាយ មើលបរិយាកាសជុំវិញដោយត្រេកត្រអាល។ ផ្ទះនេះសង់ឡើងមកបីជាន់ ជាន់ខាងក្រោមឬជាន់ផ្ទាល់ដីជាជាន់ដែល ភីត បើកហាងលក់ផ្កាមានផ្កាច្រើនប្រភេទចម្រុះពណ៌បង្អួតសម្រស់បញ្ចោលក្លិនក្រអូបផ្កាគ្រប់ប្រភេទពេញទាំងជាន់។ ជាន់ទីពីរជាជាន់ដែល អ្នកស្រីលីផា ម៉ាក់របស់ពួកគេទាំងពីរនាក់ធ្វើការ។ ជាជាន់ដែលពោរពេញដោយភ្លើងពណ៌និងសម្លៀកបំពាក់ស្អាតៗជាច្រើនព្រោះ អ្នកស្រីលីផា ជាជាងកាត់ដេរនោះឯង។ ថ្វីដៃគាត់គឺលេខមួយតែម្ដងមានតារាល្បីៗជាច្រើនមកឱ្យគាត់កាត់សម្លៀកបំពាក់ឱ្យ។ ឯជាន់លើគេបង្អស់ជាកន្លែងគេងរបស់គាត់និង ភីត។ ដើរមើលចប់អស់ហើយ ផាយ ប្រកែកមិនបានឡើយថាគេចូលចិត្តទីនេះខ្លាំងណាស់!
«ម៉ាក់នៅឯណា?» ផាយ សួរទៅកាន់ ភីត ខណៈឡើងមកដល់ជាន់ទីពីរទៅហើយនៅមិនទាន់ឃើញម៉ាក់របស់គេទៀត។
«ម៉ាក់នៅធ្វើម្ហូបនៅឯជាន់ខាងលើមួយទៀត» ភីត ប្រាប់ដោយជើងនៅតែដើរទៅមុខញាប់ឈ្មេញ។ មកដល់ជាន់ទីបី ភីត ខ្សឹបប្រាប់ឱ្យ ផាយ ទៅរក អ្នកស្រីលីផា ទុកឱ្យគេយកវ៉ាលីសនិងឥវ៉ាន់ផ្សេងទៀតរបស់ ផាយ ទៅទុកនៅបន្ទប់។ ក្រោយពីនាយតូច ភីត ចេញផុត ផាយ ក៏ដើរលបៗទៅរក អ្នកស្រីលីផា ដែលកំពុងស្លុងអារម្មណ៍ធ្វើម្ហូបមុននឹងលូកដៃទៅឱបចង្កេះរបស់គាត់ថ្នមៗដោយមិនភ្លេចយកចង្ការទៅទ្រលើស្មារបស់គាត់ឡើយ។
«ភីត កើតអី? ចម្លែកម្ល៉េះថ្ងៃនេះ?» អ្នកមានវ័យចំណាស់ជាងសួរព្រោះមិនសូវជាសមនឹងកាយវិការបែបនេះប៉ុន្មានម្យ៉ាងក៏គិតថាជា ភីត ដែរ។ រាល់ដង ភីត មិនធ្លាប់ធ្វើបែបនេះដាក់គាត់ទេ។ ដ្បិត ភីត កើតមកមានសុខភាពមិនសូវជាល្អប៉ុន្មានតែគេរឹងមាំខ្លាំងណាស់មិនដែលបង្ហាញភាពទន់ជ្រាយឱ្យគេឃើញងាយៗឡើយសូម្បីតែគាត់ជាម្ដាយក៏មិនដែលឃើញ ភីត សម្រក់ទឹកភ្នែកមួយតំណក់ដែរ។
«ខ្ញុំហត់ណាស់ម៉ាក់! ខ្ញុំចង់សម្រាក» ផាយ បិទភ្នែកសម្រក់ទឹកភ្នែកមកយ៉ាងសន្ធឹក។ អ្នកស្រី លីផា បិទភ្លើងចង្ក្រានហ្គាសមុននឹងងាកមកមើលកូនរបស់គាត់ដែលពេលនេះយំរហូតច្រមុះនិងថ្ពាល់ឡើងក្រហមព្រឿងៗអស់។
«ផាយ?» គ្រាន់តែងាកមកភ្លាមគាត់ដឹងភ្លែតថានេះជា ផាយ មិនមែនជា ភីត។ មិនពិបាកចំណាំពីរនាក់នេះប៉ុន្មានទេព្រោះ ផាយ មានសក់រួញទឹករលកឯ ភីត វិញសក់ត្រង់។ ទោះមុខមាត់និងសំឡេងដូចគ្នាយ៉ាងណាក៏ខុសគ្នានឹងសក់នេះហើយ ផាយ កាត់មករកម៉ាក់របស់គេឯ ភីត វិញកាត់រកប៉ា។
«ម៉ាក់ អ្ហឹកៗ» នាយតូចយំកាន់តែខ្លាំងលើសដើមហើយឈ្មុលទៅឱបម៉ាក់របស់គេយ៉ាងណែន គេពិតជានឹកម៉ាក់របស់គេខ្លាំងណាស់។
«កើតអីកូន?» អ្នកជាម្ដាយអង្អែលសក់កូនតិចៗរួចក៏នាំកូនទៅអង្គុយលើសាឡុងដើម្បីជីករកឬសគល់ដើមហេតុដែលធ្វើឱ្យកូនពៅរបស់គាត់យំថេមទាំងហោះមករកគាត់ដល់សឹង្ហបុរីយ៉ាងទាន់ហន់មិនសូម្បីតែផ្ដល់ដំណឹងដល់អ្នកជាម្ដាយដូចគាត់ដូច្នេះ។
«ប៉ាបង្ខំឱ្យកូនរៀបការ! ម៉ាក់ កូនមិនចង់រៀបការទេ» ផាយ និយាយបណ្ដើរគ្រវីក្បាលបណ្ដើរ។
«មានរឿងបែបនេះផងអ្ហេស៎?» ភីត ដែលទើបនឹងចេញពីបន្ទប់ឮសម្ដីរបស់ ផាយ ល្មមទើបនិយាយឮៗហើយដាក់ខ្លួនអង្គុយជិតប្អូនដែរ។
«បងភីត បងជួយខ្ញុំផងណា! ខ្ញុំមិនចង់រៀបការជាមួយមនុស្សម្នាក់ហ្នឹងទេ» ផាយ
«ឱ្យបងជួយយ៉ាងម៉េចទៅ?» ភីត ពិតជាចង់ជួយប្អូនរបស់គេខ្លាំងណាស់ពេលនេះឱ្យគេធ្វើអីក៏បានដែរ។
«បងទៅរៀបការជំនួសខ្ញុំបានទេ?» ក្រោយស្ដាប់ចប់ ភីត ក៏បើកភ្នែលធំៗដូចនឹងអ្នកស្រីលីផាដែរ។
«ផាយ នេះកូនចង់ឱ្យបងទៅការជាមួយអ្នកដែលបងមិនស្គាល់នោះឬ?» អ្នកស្រីលីផា ប្រកែកជំនួស។ ភីត មិនធ្លាប់ពាក់ព័ន្ធនឹងរឿងរបស់ លោកភិឆៃ និង ផាយ ឡើយ។ សព្វថ្ងៃនេះពីរនាក់ម្ដាយកូនរស់នៅយ៉ាងមានក្ដីសុខនៅទីនេះសុខៗក៏ចង់ឱ្យទៅរៀបការជំនួសយ៉ាងនេះឬ?
«តែម៉ាក់កូនគ្មានជម្រើសពិតមែន អ្ហឹក! កូនរងថ្មបាក់ជំនួស បងភីត មកដប់ឆ្នាំហើយ។ ម៉ាក់សាកគិតទៅមើលបើពេលនោះបណ្ដោយឱ្យតុលាការកាត់ក្ដីតាមច្បាប់អ្នកដែលត្រូវរៀបការប្រាកដជា បងភីត មិនខាន!» សំដីរបស់ ផាយ ក៏ត្រូវម្យ៉ាងហើយគ្រប់ពាក្យគ្រប់ម៉ាត់របស់ ផាយ វាចាក់ចូលទៅក្នុងចិត្តរបស់ ភីត យ៉ាងជ្រៅ។ បើកុំតែមាន ផាយ ម្ល៉េះពេលនេះគេមិនបានជាពីជំងឺទាំងឡាយឡើយព្រោះត្រូវប្រឹងរៀនឱ្យពូកែ លត់ដំខ្លួនឱ្យក្លាយទៅជា perfect son បង្ខំឱ្យរៀនពីការងារជំនួញ ៘ ការដែលគេមកនៅជាមួយម្ដាយគេមិនចាំបាច់ធ្វើរឿងអស់ទាំងនេះទាល់តែសោះ! ប៉ុន្តែពេលនេះដល់ពេលដែលគេត្រូវប្រគល់កន្លែងមួយនេះឱ្យ ផាយ ហើយគេត្រូវទៅប្រឈមមុខនឹងបញ្ហាទាំងនោះវិញហើយឬ?
«ខ្ញុំទៅក៏បានដែរម៉ាក់» ភីត
«ម៉ាក់មិនព្រមទេណា! កូនរបស់ម៉ាក់ៗស្រឡាញ់ម៉ាក់មិនព្រមឱ្យពីរនាក់កូនទៅទទួលរងរឿងបែបហ្នឹងជាដាច់ខាត» អ្នកស្រីលីផា
«ម៉ាក់ឱ្យខ្ញុំទៅៗ ខ្ញុំក៏ចង់ដឹងដូចគ្នាថា ផាយ រស់នៅជីវិតបែបណា» ភីត លូកដៃទៅចាប់ដៃរបស់ ផាយ ថ្នមៗព្រមទាំងញញឹមមកតិចៗផង។ គេគិតថាគេអាចឆ្លងផុតនូវរឿងទាំងនេះបាន គេរឹងមាំជាង ផាយ ហើយក៏កាចជាង ផាយ ដែរបើ ផាយ ទ្រាំនៅបានរហូតដល់ដប់ឆ្នាំគេក៏ត្រូវតែទ្រាំបាន។
«តែ...»
«ម៉ាក់កុំបារម្ភអីខ្ញុំនឹងអូស.ក ផស ទៅជាមួយ! មាន ផស គ្មានអ្នកណាធ្វើអីខ្ញុំបានទេ» ភីត រហ័សកាត់សម្ដីម្ដាយព្រោះដឹងយ៉ាងច្បាស់ថាម្ដាយនឹងនិយាយអ្វីចេញមក។ គេសម្រេចចិត្តរួចហើយ គ្មានអ្នកណាមកកែប្រែបានទេ ម្ដងនេះគេនឹងព្រមទទួលថ្មបាក់ពី ផាយ ម្ដងទោះជាយ៉ាងណាគេក៏ទ្រាំបានស្រាប់ហើយ។ ក្រោយពីនិយាយគ្នាដឹងរឿងអស់ហើយ ភីត ត្រូវប្រញាប់ទៅរៀបខោអាវនិងកក់សំបុត្រយន្តហោះយ៉ាងទាន់ហន់តាមដោយ ផស មិត្តជំនិតរបស់គេដែរ។ អ្នកកំលោះទាំងពីរត្រូវទៅព្រលានយន្តហោះទាំងយប់ព្រោះប្រញាប់ទៅស្រុកថៃវិញ។

ភរិយាជំនួស {ចប់}Where stories live. Discover now