ភាគទី២ : ពួកលោកជាអ្នកណា?

776 125 39
                                    

ភីត បើកភ្នែកតិចៗព្យាយាមឱ្យភ្នែកខ្លួនសមជាមួយពន្លឺព្រះអាទិត្យក្រោយសមដូចចិត្តហើយនាយងាកមើលជុំវិញខ្លួនទើបដៅថានៅមន្ទីរពេទ្យដ្បិតជុំវិញនាយតូចពេលនេះសុទ្ធតែគ្រឿងបរិក្ខារពេទ្យតែម្ដង។
«ភី... អ៊ឹម ផាយ ភ្ញាក់ហើយហ៎? យ៉ាងម៉េចហើយឈឺត្រង់ណាទេ?» ផស ក្រឡេកឃើញថា ភីត ដឹងខ្លួនហើយក៏រហ័សចូលមកជម្រិតសួរមុនគេមុនឯង។ ឯ វេកាស និង លោកភិឆៃ ក៏ចូលមកជិត ភីត ដូចគ្នា។ ភីត ប្រើក្រសែភ្នែកចម្លែកមើលទៅពួកគេទាំងបីធ្វើឱ្យអ្នកដែលត្រូវមើលនោះឃ្នាស់ចិត្តបន្តិចដែរ។
«ពួកលោកជាអ្នកណា?» សំណួរដំបូងដែលរបូតចេញពីមាត់របស់នាយតូចធ្វើឱ្យមនុស្សទាំងបីភាំងតែម្ដងជាពិសេសគឺ ផស។ កុំប្រាប់ណាថា ភីត ត្រូវបាត់បង់ការចងចាំពិតមែន។
«ខ្ញុំទៅតាមគ្រូពេទ្យឱ្យ» វេកាស ស្នើរឡើងហើយដើរចេញក្រៅដើម្បីហៅពេទ្យមក។
«ផាយ កូនកុំបំភ័យប៉ាណា» ទោះកាយវិការចេញមកហាក់មិនសូវពេញចិត្តនឹង ផាយ មែនពិតតែចិត្តជាឪពុកដែលស្រឡាញ់កូនក៏នៅតែមាន។ លោកភិឆៃ ផ្ដើមសួរពីនេះពីនោះមិនចេះអស់សំណួររហូតទាល់តែគ្រូពេទ្យមកទើបគាត់ឈប់សួរហើយឱ្យពេទ្យពិនិត្យអាការៈរបស់នាយតូចម្ដង។
«អ្នកប្រុសផាយ ប្រហែលអាចនឹងបាត់បង់ការចងចាំមួយរយៈ» លោកគ្រូពេទ្យចំណាស់ដើរចេញឆ្ងាយពី ភីត បន្តិចទើបនិយាយប្រាប់មនុស្សទាំងបីនាក់ដែលកំពុងឈរស្ដាប់យ៉ាងយកចិត្តទុកដាក់។
«ម៉េចនឹងអាចទៅ? ក្បាលមិនបានបែកទេត្រឹមតែរលាត់ស្បែកតិចតួចសោះហេតុអីដល់ថ្នាក់បាត់បង់ការចងចាំ?» វេកាស សួរព្រោះគេឆ្ងល់យកតែមែនទែនឡានមិនបានជ្រុលទៅបុក ភីត ឡើយសូម្បីតែក្បាលក៏មិនបានបែកដូចគ្នា។
«រឿងនេះខ្ញុំក៏ស្រាយចម្ងល់លោកមិនបានដូចគ្នាបាទ ព្រោះកាលដែលខ្ញុំពិនិត្យខួរក្បាលទៅក៏មិនឃើញថាប៉ះពាល់អីដែរ តែអាចដូចគ្នាថា អ្នកប្រុសផាយ តក់ស្លុតពេក»
«ចុះពេលណាទៅទើបការចងចាំត្រឡប់មកវិញ?» ផស ជាអ្នកសួរម្ដងប្រសិនបើ ភីត បាត់បង់ការចងចាំមែនមនុស្សដែលត្រូវភ័យស្លេកមុខជាងគេគឺគេហ្នឹងហើយ។ មកមានតែពីរនាក់ ភីត ដ្បិតគេកើតនៅទីនេះមែនតែគេទៅរស់នៅសឹង្ហបុរីរហូតលែងស្គាល់ផ្លូវអស់ទៅហើយ ខណៈនេះសូម្បីតែសាច់ញាតិក៏គ្មានដែរតទៅគេត្រូវពឹងលើ លោកភិឆៃ ទាំងស្រុង។ វាអាចនឹងលំបាកបន្តិចព្រោះ លោកភិឆៃ នេះមិនសូវជាស្និទ្ធនឹងគេប៉ុន្មានជាពិសេសគាត់កាចណាស់ខ្លាចតែនៅយូរទៅ ផស គេអាចនឹងគាំងបេះដូងស្លាប់មុនបានការប្រពន្ធទេ។
«មិនជ្រាបដែរបាទ! ស្ថិតលើពេលវេលាតែខ្ញុំគិតថាមិនយូរណាស់ណាទេ»
«ហ៊ើយ!» ផស ដកដង្ហើមធំទាំងអស់សង្ឃឹម។ មិនថាយូរឬឆាប់ទេតែទម្រាំដល់ពេលដែល ភីត មានការចងចាំឡើងវិញនោះគេប្រាកដជាលំបាកស្លាប់មិនខាន។
«បើអស់ការអីហើយខ្ញុំសុំលាទៅវិញហើយ» លោកគ្រូពេទ្យបានចាកចេញពីបន្ទប់ទៅ។ ឯ លោកភិឆៃ ក៏ដូចគ្នាគាត់ត្រូវទៅមើលការងារបន្តនៅឯក្រុមហ៊ុន គាត់ប្រហែលត្រូវរ៉ាប់រងបន្ទុកធ្ងន់ហើយពេលនេះដោយហេតុថាគ្មាន ផាយ មកជួយមើលទៀតទេ។ រំពឹង ភីត ក៏មិនបានដូចគ្នាព្រោះនាយគ្មានចំណេះដឹងពាក់ព័ន្ធនឹងរឿងបែបនេះសូម្បីតែប៉ុនចុងក្រចក។
«ឯងឈ្មោះ ផស មែនទេ?» ក្រោយពីមនុស្សចាស់ចេញទៅផុតអស់សំឡេងរឹងកំព្រឹសរបស់ វេកាស ក៏ចោទសួរ ផស ម្ដង។ នាយកំលោះសម្លឹងមុខ វេកាស ទាំងរអាបន្តិចគ្រាន់តែស្ដាប់សំឡេងក៏គួរឱ្យខ្លាចដែរ គេមិនហ៊ានស្រម៉ៃទេថាមិត្តរបស់គេនឹងត្រូវមករៀបការជាមួយមនុស្សកាចៗបែបនេះទេ។
«ប...បាទ» គេឆ្លើយទាំងរដាក់រដុបខណៈនេះគេចង់តែរត់ឱ្យផុតពីផែនដីទេគេខ្លាចខ្លាំងណាស់!
«ចុះទៅទិញបបរឱ្យ ផាយ បន្តិច!» ផស ងក់ក្បាលតិចៗមុននឹងរត់ចេញទៅយ៉ាងលឿន។ ក្នុងចិត្តក៏រុញរាមិនចង់ទៅដែរព្រោះគេមិនមែនកូនឈ្នួលតែមិនហ៊ានប្រកែកជាមួយ វេកាស ដូចគ្នា។ ឮពី ផាយ មកថា វេកាស នេះជាម៉ាហ្វៀកំណាចទៀតដំបូងនាយមិនខ្លាចដូចគ្នាតែពេលបានមកចួបផ្ទាល់ដូចនេះគឺខ្លាចឡើងបាក់ស្បាតតែម្ដង។
«យ៉ាងម៉េចហើយ? ឈឺក្បាលទេ? មានចង់ក្អួតអត់?» វេកាស ងាកមកចាប់អារម្មណ៍នឹង ភីត ម្ដង។
«អត់ទេ! តែលោកជាគូដណ្ដឹងរបស់ខ្ញុំមែនហ្អ?»
«សក់នេះទៅអ៊ុតត្រង់ធ្វើអី? សក់រួញស្អាតសឹងស្លាប់» វេកាស ងក់ក្បាលតិចៗទើបដាក់បង្គុយលើកៅអីក្បែរគ្រែពេទ្យដែល ភីត កំពុងអង្គុយធ្វើភ្នែកម៉ក់ៗដូចកូនឆ្មាវង្វេងម្ចាស់រួចលូកដៃទៅវាសសក់របស់ ភីត លេងដោយមិនភ្លេចរិះគន់សក់របស់នាយតូចដូចគ្នា។ បើនិយាយតាមត្រង់ទៅ វេកាស ស្រឡាញ់ពេលដែល ផាយ មានសក់រួញទឹករលកនោះណាស់។
«មិនដឹង» ភីត គ្រវីក្បាលញាប់ស្អេក។ តែថាទៅគេមិនបានអ៊ុតឯណាសក់កំណើតគេមកបែបនេះគ្រាន់តែមុននឹងមកថៃគេភ្លេចអ៊ុតរួញឱ្យដូច ផាយ តែប៉ុណ្ណឹងឯង។
«ពេទ្យថាអូនចេញពីពេទ្យបានហើយ»
«លឿនម្ល៉េះ?»
«មិនដឹងរៀបចំខ្លួនទៅ»
«ខ្ញុំអត់ទៅជាមួយលោកទេអ្នកណាក៏ខ្ញុំមិនទៅដែរ! ខ្ញុំមិនស្គាល់លោកចុះបើសិនជាលោកចាប់ខ្ញុំទៅវះគ្រឿងក្នុងហើយយកឱ្យពួកលក់របស់ខុសច្បាប់ទៅគិតយ៉ាងម៉េច?»
«ផាយ! បងជាគូដណ្ដឹងរបស់អូនណា បងធ្វើបែបហ្នឹងម៉េចនឹងកើត?» វេកាស ចាប់ផ្ដើមក្ដៅក្បាលតិចៗហើយខណៈ ភីត បញ្ចេញរឹទ្ធ។ រាងក្រាស់ទទួលស្គាល់ថាចរិតបែបនេះគួរឱ្យស្រឡាញ់តែក៏ធ្វើឱ្យឡេឈឺក្បាលដូចគ្នា។ ពេលដែលពេទ្យមកពិនិត្យនោះក៏កូរពេទ្យហើយនេះចង់មកកូរគេទៀតមែនទេ?
«សង្សារ? សង្សារយ៉ាងម៉េច? ឬក៏លោកជាពួកឆបោកដែលដើរបោកមនុស្សស្រីឬមនុស្សប្រុសហើយយកទៅលក់ក្នុងបន? អូយ គិតហើយព្រឹសម្បុរ!» ដងនេះមិនត្រឹមតែនិយាយទេ ភីត ក៏ស្ទុះងើបចេញពីគ្រែហើយរត់ទៅរកបង្អួចដើម្បីគេចពី វេកាស ដូចគ្នាធ្វើដូចជាខ្លាច វេកាស ណាស់អ៊ីចឹង។
«ផាយ!»
«ផាយ ស្អី? អ្នកណា ផាយ?»
«ក៏អូនហ្នឹងហើយ» វេកាស យកដៃញីថ្ងាសខ្លាំងៗព្រោះគេវ៉ល់នឹង ភីត ខ្លាំងណាស់។
«មិនចូលចិត្តឈ្មោះហ្នឹងទេមិនឱ្យហៅ» ភីត គ្រវីក្បាលហើយឱបដៃពេបមាត់ដូចកូនក្មេង។
«ចឹងឱ្យហៅថាម៉េច?»
«ហៅពៅមាស! ស្ដាប់ទៅពិរោះជាងហៅអូនសម្លាញ់ក៏បាន ហិហិ» ភីត និយាយចប់ភ្លាមក៏រត់ចេញពីបន្ទប់ភ្លែតរកតែ វេកាស ចាប់មិនទាន់។ វេកាស រហ័សចេញទៅតាម ភីត ដូចគ្នាតែ ភីត រត់លឿនណាស់ពេលនេះសូម្បីតែស្រមោលក៏មិនឃើញដែរ។ អង្គរក្សដែលឱ្យយាមនៅមុខបន្ទប់បានតែមើលមុខគ្នាព្រោះមិនទាន់យល់ពីហេតុការណ៍ដែលកើតឡើងចំពោះមុខទាល់តែ វេកាស បញ្ជាឱ្យទៅតាម ភីត ទើបនាំគ្នាទៅតាម។
«ចង្រៃយ៏!» វេកាស ចង់សន្លប់ទៅហើយ ភីត កូរគេរហូតគេវិលមុខខណៈនេះក៏បែកញើសជោគខ្នងទៀតព្រោះដើររក ភីត ចង់រលំមន្ទីរពេទ្យ។
«ណុប! យកអង្គរក្សមកជួយរក ផាយ បន្តិច» ដោយយល់យ៉ាងច្បាស់រំពឹងគេនិងអង្គរក្សពីរនាក់នោះគឺមិនអាចរក ភីត ឃើញឡើយទើប វេកាស ទាញទូរស័ព្ទតេរកជំនួយពី ណុប មនុស្សជំនិតរបស់នាយនោះឯង។

ងាកមកមើល ភីត ឯណេះវិញគេរត់ចេញមកក្រៅមន្ទីរពេទ្យបាត់ទៅហើយ។ តែមិនស្រួលដូចគ្នាព្រោះគេត្រូវគេចពីអង្គរក្សឈុតខ្មៅរបស់ វេកាស ដែលមានសឹងតែគ្រប់កន្លែងនៃមន្ទីរពេទ្យ ចាត់ទុកថាសំណាងគេដូចគ្នាដែលគេអាចរត់ចេញមកបាន។ នាយដើរលបៗងាកឆ្វេងងាកស្ដាំបំណងរក ផស ដែល វេកាស បានប្រើមកទិញបបរនោះ។
«ផស! ផស!» ពេលឃើញគោលដៅហើយនាយតូចក៏ស្រែកហៅតែមិនហ៊ានហៅខ្លាំងៗទេដោយសារខ្លាចពួកអង្គរក្សឮ។
«ហ៊ើយ! ភីត!» ផស រកស្រែកដែរតែពេលឃើញ ភីត ផ្ដល់សញ្ញាកុំឱ្យស្រែកទើបគេបិទមាត់ជាប់ហើយដើរមករក ភីត។
«មកទីនេះធ្វើអីក្លិនមិនល្អសោះ» ផស យកដៃមកខ្ទប់ច្រមុះម្ដងព្រោះកន្លែងដែល ភីត កំពុងនៅនេះជាកន្លែងចាក់សម្រាមហ្នឹងហើយ។ ក្លិនឆួលឡើងចង់សន្លប់ទៅហើយតែ ភីត ធ្វើធម្មតា។
«ឱ្យយើងនិយាយសិនបានទេ?»
«ឈប់ៗ! ក្រែងឯងបាត់បង់ការចងចាំមិនចឹង?»
«អត់ទេ ធ្វើលេងហ្នឹងហ៎ា» ភីត ប្រាប់ដោយមិនភ្លេចសើចតិចៗផង។ គេមិនបានបាត់បង់ការចងចាំអីទេគេគ្រាន់តែឃើញឱកាសល្អមកដល់ទើបសំដែងបន្តិចទៅ។
«ណែ! មកធ្វើលេងស្អីយើងភ័យសឹងស្លាប់ហើយដឹងទេ»
«ឱណា! យើងឱ្យមិត្តភ័ក្តិម៉ាក់មកយកឯងហើយ ឯងទៅនៅជាមួយគាត់សិនទៅចាំយើងកែស្ថានការឱ្យល្អជាងនេះចាំគិតទៀត»
«អូខេ! ឯងក៏មើលថែខ្លួនឯងផងណា អាប៉ិ វេកាស ដែលជាសង្សារ ផាយ នោះមើលទៅកាចមិនធម្មតាទេ»
«មិនបាច់បារម្ភទេពេលនេះប្រហែលវិលមុខសន្លប់បាត់ហើយ ហាហា» ភីត និយាយហើយសើចយ៉ាងក្អាកក្អាយខណៈនឹកដល់ទឹកមុខរបស់ វេកាស ពេលដែលគេកូរនោះ។

~~~~~~~~~~~~~~~~~~~~~~~~
មកនិយាយរឿងមួយឱ្យអាន អ្នកទាំងអស់គ្នាឃើញច្រវ៉ាក់លើរូប cover អត់? ច្រវ៉ាក់នឹងដំបូងជាផ្កាទេតែមិត្តខ្ញុំថាដាក់ផ្កាឡើងឆ្គងហើយខ្ញុំនេះអត់ចង់ឱ្យវាល្ហល្ហេវពេកក៏ដាក់ច្រវ៉ាក់ហ្នឹងហ្មងទៅ 🌚💙

Thanks for reading 💙
~Nerissa/ណេរីសសា 🌻

ភរិយាជំនួស {ចប់}Where stories live. Discover now