ភាគទី៧ : ឯងជាអ្នកណាឱ្យប្រាកដ?

794 127 84
                                    

ភីត ដើរចុះមកតាំងៗដោយមុខក្រញ៉ូវៗដៃញីភ្នែកចុះឡើងៗមិនឈប់ ទម្រាំតែមកដល់តុជណ្ដើរភូមិគ្រឹះចង់បាក់ខ្ទេចអស់ទៅហើយ។ នាយមើលមុខមនុស្សគ្រប់គ្នាដែលអង្គុយតុអាហារពីម្នាក់ទៅម្នាក់ មនុស្សច្រើនមែនទែន នេះជាសាច់ញាតិរបស់ វេកាស ទាំងអស់ឬ? ក្រែងថា វេកាស ជាកូនទោលមានបងប្អូនជីដូនមួយតែម្នាក់ហើយគ្មានញាតិឯណាទៀតនោះអី?
«ផាយ ម៉េចក៏មិនរៀបខ្លួនសិនមុននឹងចុះមក?» វេកាស ងើបចេញពីកៅអីរបស់ខ្លួនហើយមកដាក់ឱ្យ ភីត អង្គុយឱ្យស្រួលបួលមុននឹងសួរនាំ។
«ខ្ញុំងងុយគេងតែ មីរ៉ា មិនឱ្យខ្ញុំគេងទេ» បានឱកាសក៏ទូពិតភ្លាម។
«អូនគេងពេញមួយថ្ងៃហើយមិនគ្រប់ទៀតហ្អ៎? ចេះចុះញ៉ាំបាយសិនហើយចាំទៅគេងវិញ អូខេទេ?» វេកាស អង្អែលក្បាលនាយតូចថ្នមៗ ឃើញថានាយយល់ហើយគេក៏នាំខ្លួនឯងទៅអង្គុយកៅអីវិញដែលវានៅទល់មុខ ភីត នោះឯង។ ភីត ពេលនេះអង្គុយនៅជិត អ្នកស្រីធីណា (ម៉ាក់វេកាស)។
«ហ៊ឺ! អតស្គាល់ណាគេរលីង» ភីត លួចនិយាយខ្សឹបៗកាលបើគេឃើញថានៅតុអាហារមួយពេលនេះគេមិនស្គាល់អ្នកណាឡើយ គេស្គាល់តែ វេកាស ម្នាក់ប៉ុណ្ណោះ។
«គ្រប់គ្នាចាប់ផ្ដើមញ៉ាំអាហារចុះ» គ្រប់គ្នាចាប់ផ្ដើមញ៉ាំអាហារក្រោយពីឮ លោកកាន់ ពោលប្រាប់រួច។ ភីត ក៏ធ្វើដូចគេដូចឯងដែរ ដៃគេឡើងញ័រអស់ហើយ ព្រោះភ័យខ្លាចគេចាប់បានពេក។ មួយសន្ទុះក្រោយអាហារពេលល្ងាចបានបញ្ចប់ទៅយ៉ាងរលូន ភីត ធូរទ្រូងជាខ្លាំងព្រោះគ្មានអ្នកណាសួរនាំអីគេ តែធូរមិនបានយូរឡើយព្រោះសុខៗមនុស្សប្រុសម្នាក់ក្នុងចំណោមប្រាំមួយនាក់ស្រាប់តែសួរគេឡើង។
«បងប្រុសជាហើយមែនទេ? ឮថាបងបាត់បង់ការចងចាំ» គេជា តេ ត្រូវជាបងប្អូនជីដូនមួយតែម្នាក់គត់របស់ វេកាស។ គ្រួសាររបស់ តេ បានស្លាប់អស់កាលពី តេ អាយុ១៥ឆ្នាំដោយមានមនុស្សធ្វើឃាត។ ចាប់ពីពេលនោះមកគេក៏មករស់នៅភូមិគ្រឹះជាមួយ វេកាស ប៉ុន្តែឥឡូវលែងនៅហើយព្រោះ ថាម ដែលត្រូវជាមិត្តភ័ក្តិជិតដិតនឹង វេកាស មកដណ្ដឹងយកទៅរៀបការបាត់និងពេលនេះគឺរស់នៅដំបូលផ្ទះជាមួយ ថាម នោះឯង។ ភីត មើលមុខរបស់ តេ ភ្លឹះៗរួចដៅបានភ្លាមថា តេ ជាប្អូនប្រុសជីដូនមួយរបស់ វេកាស បើស្ដាប់តាមសព្វនាមដែល តេ បានហៅគេ។
«គឺខ្ញុំមិន...»
«ផាយ មិនអីទេ! កុំបារម្ភអី ម្យ៉ាងទៀតមិនបាច់សួរនាំគេច្រើនទេព្រោះគេនិយាយមិនដឹងរឿងអីដែរ» ដោយឃើញមុខរបស់ ភីត មិនសូវស្រួល វេកាស ក៏ជួយកែស្ថានការណ៍ឱ្យ។ ភីត មិនដឹងដូចគ្នាថាហេតុអី វេកាស ចាំបាច់ប្រាប់គ្រប់គ្នាថាគេបាត់បង់ការចងចាំទាំងដែលគេដឹងថានាយតូចគ្រាន់តែធ្វើពុត។ ឬមិនចង់ឱ្យនាយមានសម្ពាធខ្លាំងពេក?
«លោកវេកាស ដូចជាការពារ ផាយ ដល់ហើយគួរឱ្យច្រណែនពិតមែន» ដងនេះជា វ៉ាង លីហ្វឹង កូនប្រុសច្បងរបស់ត្រកូលវ៉ាងម្ដងជាអ្នកនិយាយតែស្ដាប់ទៅហាក់ដូចជាពាក្យឌឺដងយ៉ាងម៉េចក៏មិនដឹង។
«មនុស្សដែលខ្ញុំស្រឡាញ់ខ្ញុំត្រូវតែការពារបែបនេះហើយ! ផាយ នៅងងុយគេងទៀតទេ? ចាំបងនាំទៅគេង» វេកាស ស៊កសៀតឱ្យ លីហ្វឹង បន្តិចទើបសួរ ភីត ព្រោះគេចង់នាំ ភីត ចេញពីតុបាយមួយនេះ។ តែនៅបន្តិចទៀតគេប្រាកដជាទប់កំហឹងមិនជាប់ហើយ។
«ហីយ៉ា! យើងចួបអនាគតមិត្តថ្លៃមិនទាំងបាននិយាយលេងជាមួយផងឯងចង់នាំគេទៅហើយហ្អេស?» ឃីន ជាមិត្តជិតដិតនឹង វេកាស ដែរស្ដីឡើងដោយមិនសុខចិត្ត។ គេដឹងថា វេកាស មិនចូលចិត្ត លីហ្វឹង ហើយក៏មិនចង់ឱ្យ ភីត នៅទីនេះដូចគ្នា តែគេចង់ញ៉ោះ វេកាស ឱ្យខឹងលេងហ្នឹងណា។
«កុំចេះ!» ពីរម៉ាត់យ៉ាងខ្លីមុននឹងកាយមាំកញ្ឆក់ដៃរបស់ ភីត នាំឡើងទៅខាងលើវិញតាមអារម្មណ៍ខឹងវាឆេះឆួលពេញទាំងទ្រូង។ វេកាស លីហ្វឹង ឃីន និង ថាម សុទ្ធសឹងតែជាម៉ាហ្វៀសង្គមងងឹត ជួញដូរអាវុធខុសច្បាប់ និងនាំចេញនាំចូលទំនិញខុសច្បាប់ដូចគ្នា ថែមទាំងនៅក្នុងក្រុមតែមួយទៀតទាស់តែថា វេកាស ជាកូនរបស់អ្នកដឹកនាំក្រុមនិងនាថ្ងៃអនាគតនឹងក្លាយជាអ្នកស្នងតំណែងតែប៉ុណ្ណោះ និយាយឱ្យចំ វេកាស ធំជាងពួកគេឯទៀត។ តែ វេកាស មិនចូលចិត្ត លីហ្វឹង ឡើយនិយាយបានថាស្អប់ក៏បានដែរ គេស្អប់មួយគ្រួសារត្រកូលវ៉ាងតែម្ដង។ រោងចក្រនិងក្រុមហ៊ុនផលិតស្រាក្រហមរបស់ វេកាស បើកតាំងពីជំនាន់ដូនតាម្ល៉េះតែសុខៗ លីហ្វឹង ក៏បង្កើតក្រុមហ៊ុនផលិតស្រាក្រហមមកប្រជែងនឹងគេដែរ។ គិតទៅមើលគួរឱ្យខឹងដែរទេ? នៅមានកាលពីក្មេង លោកវ៉ាង យក ធីងអឺ ជាកូនពៅមកថ្វាយគេដល់ភូមិគ្រឹះបំណងផ្សាសាច់ផ្សាឈាមទៀតកុំតែម៉ាក់គេមិនចង់បង្ខំគេទេកុំអីពេលនេះគេបានរៀបការនឹង ធីងអឺ ជំនួសបានរៀបការនឹង ផាយ បាត់ទៅហើយ។
«អ៊ំសុំទោសជំនួស វេកាស ផង! ចរិតរបស់គេអ៊ំថាគ្រប់គ្នាគួរតែដឹងហើយថាបែបណា» លោកកាន់ ស្ដីសុំទោសជំនួសកូនប្រុសបណ្ដូលចិត្តប៉ុន្តែមិនសូវចេញពីចិត្តប៉ុន្មានឡើយដោយសារគាត់ដឹងថា វេកាស ប្រើចរិតបែបនេះដោយសារតែ លីហ្វឹង និង ធីងអឺ ឯគាត់ក៏មិនបានចូលចិត្តកំលោះក្រមុំទាំងពីរនាក់នេះប៉ុន្មាន។ ឃើញមុខស្លូតៗប៉ុន្តែពិសពុលណាស់ មិនដូច ឃីន ថាម និង តេ ឡើយ។
«ខ្ញុំមិនប្រកាន់ទេ! ចរិតពាលបែបនេះគេឧស្សាហ៍ធ្វើដាក់ខ្ញុំណាស់» លីហ្វឹង ទាញទឹកតែក្ដៅឧណ្ហៗមកក្រេបពីរបីក្អឹកសិនហើយពោលដៀមដាមបញ្ឆិតបញ្ឆៀងជាក្រោយធ្វើឱ្យអ្នកស្ដាប់ក្ដៅចិត្តមិនស្ទើរឡើយ។
«ចូលសាច់រឿងទៅ! អ៊ំដឹងថាពីរនាក់ឯងមកមានគោលបំណងអី!» លោកកាន់ និយាយតែប៉ុណ្ណេះបរិយាកាសនាតុបាយក៏ស្ងប់ស្ងាត់។ អ្នកស្រីធីណា ឃីន ថាម តេ រួមទាំង ធីងអឺ នាំគ្នាបិទមាត់ជិតអង្កុយស្ងៀមៗស្ដាប់ការសន្ទនា ទុកឱ្យ លោកកាន់ និង លីហ្វឹង ប្រយុទ្ធគ្នាដោយពាក្យសម្ដីទៅវិញទៅមកមិនចុះចាញ់រៀងខ្លួន។
«បើជ្រុលជាដឹងទៅហើយ ខ្ញុំក៏គង់ត្រូវនិយាយហើយណ៎? ខ្ញុំដឹងថា វេកាស មានគូដណ្ដឹងហើយប៉ុន្តែ ធីងធីង សំណព្វចិត្តរបស់ខ្ញុំនៅតែស្រឡាញ់គេខ្ញុំគិតថាលោកអ៊ំគួរពិចារណារឿងនេះបន្តិចទៅ»
«វេកាស មិនបានស្រឡាញ់ ធីងធីង អ៊ំមិនអាចបង្ខំគេបានទេ។ ឯងក៏ដឹងថាតាំងពីដើម វេកាស ស្រឡាញ់តែ ផាយ មិនធ្លាប់ទៅមានស្រីឬប្រុសឯណាក្រៅពី ផាយ»
«ចុះអ៊ំមានគិតពីអនាគតរបស់ក្រុមយើងទេ? ឬអ៊ំគិតចង់រំសាយក្រុុមហើយបោះបង់អំណាចទាំងអស់ដោយសារតែគ្មានអ្នកស្នងតំណែង??» សម្ដីប៉ុន្មានឃ្លារបស់ លីហ្វឹង ពិតជាចាក់ចំកណ្ដាលបេះដូងរបស់ លោកកាន់ ខ្លាំងណាស់។
«ខ្ញុំសង្ឃឹមថាលោកអ៊ំពិចារណាបានដិតដល់។ ធីងធីង ទៅផ្ទះ!» និយាយតែប៉ុណ្ណេះ លីហ្វឹង ក៏ឱបចង្កេះប្អូនស្រីសំណព្វបេះដូងទៅបាត់ទៅដោយបន្សល់ឱ្យ លោកកាន់ នៅអង្គុយឆេះឆួល។ គាត់សញ្ជឹងគិតបន្តិចយល់ថាសម្ដីរបស់ លីហ្វឹង ពិតជាត្រូវមែន។ ក្រុមម៉ាហ្វៀរបស់គាត់ត្រូវបានបង្កើតមករាប់ឆ្នាំទៅហើយថែមទាំងដូនតាគាត់ជាអ្នកបង្កើតមកដោយផ្ទាល់ដៃទៀតគាត់មិនអាចឱ្យវាត្រូវរលាយព្រោះគ្មានអ្នកស្នងបានឡើយ។ តែបើគិតទៅយក ធីងអឺ ក៏មិនបានព្រោះគាត់មិនចូលចិត្តក្មេងមិនស្គាល់ចាស់ទុំដូចជា លីហ្វឹង នោះទេ! គាត់មិនចង់សូម្បីតែផ្សាសាច់ផ្សាឈាមជាមួយគ្រួសារត្រកូលវ៉ាង។ លីហ្វឹង ដ្បិតគេឈានចូលវ័យ២៩ឆ្នាំទៅហើយក្ដីប៉ុន្តែគេនៅតែមិនស្គាល់ខ្ពស់ទាប ចាស់ក្មេង តែងប្រើសម្ដីមិនបានគិតគូរឱ្យគ្រប់ជ្រុងជ្រោយជានិច្ចជាហេតុធ្វើឱ្យមនុស្សក្នុងសង្គមធម្មតានិងសង្គមម៉ាហ្វៀមិនសូវជារាប់ញាតិនឹងគេប៉ុន្មានឡើយ។ ជាពិសេសគឺគេមានចរិតក្អេងក្អាង អំណួត និង ឃោរឃៅខុសគេខុសឯងតែម្ដង។
«បង! លីហ្វឹង គេនិយាយត្រូវណាបង។ អូនគិតមិនដល់រឿងនេះទាល់តែសោះបើសិនជាអូនគិតបានល្អិតល្អន់ជាងនេះអូនមិនព្រមឱ្យ វេកាស ដណ្ដឹង ផាយ ដាច់ខាត» អ្នកស្រីធីណា និយាយប្រាប់អ្នកជាប្ដីពីគំនិតរបស់ខ្លួន។
«ទោះបីជាយ៉ាងនេះក៏បងនៅតែឱ្យកូនធ្វើតាមអីដែលគេចង់ធ្វើព្រោះអ្នកពរពោះឱ្យកូនយើង យើងអាចរកមកបានទាស់តែពិបាករកអ្នកទុកចិត្តប៉ុណ្ណោះ» ស្របពេលដែលគំនិតមិនចង់ឱ្យ ធីងអឺ រៀបការចូលត្រកូលគំនិតដែលជួលគេឱ្យពរពោះឱ្យ វេកាស ក៏លេចឡើងដូចគ្នា។ ដ្បិតថារកមកស្រួលមែនពិតតែមិនប្រាកដថាគ្រប់គ្នាសុទ្ធសឹងតែអាចទុកចិត្តបានទាំងអស់។ តើចុងក្រោយគាត់ត្រូវទទួលយក ធីងអឺ មកធ្វើជាកូនប្រសារពិតមែនឬ?

ភរិយាជំនួស {ចប់}Where stories live. Discover now