EP21 : គ្មានអ្នកណាដណ្តើមទ្រង់ចេញពីខ្ញុំម្ចាស់បានទៀតទេ

2.8K 343 27
                                    

    ក្រោយពីមានរឿងវឹកវរពេញរាជវាំងនៅចំពេលដែលអ្នកអង្គម្ចាស់មិនបានគង់នៅគឺពិតជាធ្វើឱ្យស្ថានការណ៍ទាំងនេះតឹងតែងខ្លាំងណាស់ ។ មានងារជាអ្នកអង្គម្ចាស់ទ្រង់មិនមែនចេះតែអង្គុយចាំតែបញ្ជាមួយមុខឯណា ទ្រង់មានទំនួលខុសត្រូវជាច្រើនដែលត្រូវចាត់ចែង ទោះបីជាមិនមែនញឹកញាប់តែទ្រង់ក៏អាចនឹងចេញទៅបាត់ច្រើនថ្ងៃមិនទៀងទាត់ឡើយ ។ ចម្លែកអីតែលើកនេះទ្រង់យាងចេញទៅបីថ្ងៃទៅហើយតែគ្មានរាជសារណាមួយបានផ្ញើរមកឡើយ មានត្រឹមតែរាជសារដែលទ្រង់ផ្ញើរមកនៅថ្ងៃដំបូងតែប៉ុណ្ណោះ ក្រៅពីនឹងគឺស្ងាត់សូន្យឈឹង ។

    ក្រឡេកមកមើលដែលត្រូវបានជាប់ទោសឯណេះវិញ រយៈពេលបីថ្ងៃហើយដែលគេមិនបានប៉ះអាហារណាមួយសូម្បីតែបន្តិចឡើយបានត្រឹមតែទឹកផឹកតែប៉ុណ្ណោះ ។ រង្វង់មុខតូចស្រទន់គ្របដណ្តប់ទៅដោយភាពស្លេកស្លាំងក៏សន្សឹមៗងើយទៅមើលពន្លឺព្រះអាទិត្យដែលចាំងចូលមកតាមបង្អួចតូចមួយនៅក្នុងគុក ។ ត្រូវហើយពេលនេះគេកំពុងតែត្រូវឃុំខ្លួននៅក្នុងគុក ។

    ខ្លួនប្រាណគេប្រលាក់ប្រលូកទៅដោយធូលីដីមើលសឹងតែមិនយល់ គេមិនដឹងឡើយថាថ្ងៃណាគេនឹងត្រូវដាច់ខ្យល់ស្លាប់ដោយទទួលរងទណ្ឌកម្មអស់ទាំងនេះ ។ បង្អត់អាហារមិនគ្រប់នៅវាយដំគេថែមទៀត គេពិតជាពិបាកទ្រាំទ្រខ្លាំងណាស់ តែគេក៏ខំប្រឹងដកដង្ហើមបន្តដោយគិតថាបុរសជាទីស្រឡាញ់នឹងមកជួយគេ ទោះសង្ឃឹមគេមានត្រឹមតែចុងក្រចកក៏ដោយក៏គេនៅតែសង្ឃឹមដែរ ។

    Tae រួញខ្លួនចូលទៅកន្លៀតជញ្ជាំងទាំងញ័រតតាត់តាំងពីក្បាលដល់ចុងជើង ពេលស្តាប់ឮសម្រឹបជើងមនុស្សដើរចូលមកកាន់តែកៀក គេច្បាស់ជាខ្លាចដោយសារតែគេគិតថាសម្លេងសម្រឹបជើងនេះគឺជាសម្លេងសម្រឹបជើងអ្នកដែលចំណាំមកធ្វើទារុណ្ឌកម្មគេនោះអី ។

« ម្ចាស់ប្រុស?? ខ្ញុំយកក្រយាមកឱ្យទ្រង់ណា៎ យាងមកសោយក្រយាសិនមក ខ្ញុំឮមកថាទ្រង់មិនបានសោយអ្វីបីថ្ងៃហើយ ខ្ញុំម្ចាស់គ្មានបំណងអ្វីអាក្រក់ទេ ទ្រង់អាចទុកព្រះទ័យបាន » វត្តមានរបស់ Morrigan ក៏បានលេចឡើងមកជាមួយក្រយាដែលរៀបចំបានយ៉ាងស្អាតបាត ព្រោះនាងបានធ្វើវាឡើងមកដោយផ្ទាល់ដៃ ។ ទទួលស្គាល់ថានាងពិតជាធ្លាប់ខឹងស្អប់គេ តែនាងក៏មិនដាច់ចិត្តបិទភ្នែកបិទត្រចៀកធ្វើជាមិនដឹងឮខណៈពេលដែលមនុស្សល្អៗដូចជាគេកំពុងតែរងទុក្ខវេទនាដែរ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now