ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី34
#រសៀលម៉ោង3
លីងអឺនាងញ៊ាំបបរអស់ពីចាន ហើយក៏លេបថ្នាំតាមវេជ្ជបញ្ជាពេទ្យទាំងអស់ នាងក៏ត្រូវបានអនុញ្ញាតឲ្យចេញពីទីពេទ្យនារសៀលនោះតែម្ដង។ ពេលនេះនាងតូចក៏ត្រូវបានអៃដេននាំយកមកកាន់ផ្សារទំនើបមួយកន្លែងដែលនៅក្បែរនិងមន្ទីរពេទ្យមួយទៀតឯណោះ។
"ចង់ទិញអីក៏ទិញទៅ.. ព្រោះយើងនាំនាងទៅជួបម៉ែរបស់នាង"
"ចា..ចាស៎?" គ្រាន់តែឡានឈប់ អៃដេនគេក៏និយាយត្រង់ៗប្រាប់នាងតែម្ដង ថាគេនឹងនាំនាងទៅជួបម្ដាយឯណោះ នាងតូចមីងមាំង បែរទៅជារលីងរលោងអួលដើមករនិយាយមិនចេញទាល់តែសោះ។ អៃដេនមិនលឺនាងឆ្លើយតបក៏ងាកបែរមក តែក៏ដូចជាងាកមកមើលនាងតូចហក់មកអោបខ្លួនគេណែនផ្អឹសអ៊ីចឹង គេមិនបង្អង់ប្រញាប់លូកដៃច្រាននាងចេញ ចងចិញ្ចើមខ្ពស់ខឹងនិងនាងម្ដងទៀត។
"ខ្ញុំអរគុណអ្នកប្រុសអៃដេន..អ្ហឹក ខ្ញុំអរគុណណាស់ដែលជូនខ្ញុំមកជួបម៉ែ..អ្ហឹក អ្ហឺ" លីងអឺនិយាយផងទន្ទ្រាំជើងទាំងសប្បាយចិត្តដូចជាកូនក្មេង អៃដេនឯណោះគេភាំងមិនតិចដែរ ព្រោះតាំងពីដើមមកគេមិនដែលឃើញនរណាអារម្មណ៍ស្រាលដូចជានាង មានរឿងអីក៏យំ គេស្ដីថាឲ្យក៏យំ គេវាយធ្វើបាបយំ ហើយពេលសប្បាយចិត្តរំភើបខ្លាំង នាងក៏យំទៀត។
"ជូតទឹកភ្នែកហើយសឹមចេញមកចូលផ្សារតាមយើង បើនាងចេញទៅទាំងបែបនេះ គេច្បាស់ជាគិតថាយើងធ្វើបាបនាងមិនខានទេ" អៃដេនថារួច គេក៏បើកទ្វារឡានចុះទៅមុន មិនភ្លេចទាំងទាញទ្វារបិទផង។ លីងអឺឯណោះគ្រាន់តែអៃដេនចេញទៅបាត់ នាងក៏អោនផ្ទប់មុខយំយកៗមិនឈប់ នាងមិនគិត..មិនគិតថានាងនឹងអាចមានឱកាសបានជួបម្ដាយទៀតនោះទេ ព្រោះក្រោយពីមានរឿង នាងមិនទាំងគិតថានាងអាចនៅរស់បានដូចជាសព្វថ្ងៃនេះផង។ ស្រីតូចលូកដៃចូលហោប៉ៅហើយក៏ដឹងពីចំនួនលុយនៅជាប់និងខ្លួន នាងបានតែយំហើយក៏ស្ដាយ។
"បើដឹងថាមកមើលម៉ែ កូននឹងយកលុយមកជូនម៉ែឲ្យអស់ កូនសោកស្ដាយណាស់ម៉ែ អ្ហឹកកូនសុំទោស"
#ផ្សារទំនើបក្នុងក្រុង
ក្រោយពីសង្រួមចិត្តបាន លីងអឺនិិងអៃដេនក៏ដើរចូលក្នុងផ្សារជាមួយគ្នាដើម្បីទិញអីវ៉ាន់ លីងអឺបានទិញនំនែកនិងរបស់គ្រប់យ៉ាងជូនម្ដាយ ហើយក៏ត្រូវបានកូនចៅអៃដេនយកវាទៅដាក់ក្នុងគូថឡានអស់។ ពេលនេះនាងសល់តែខ្លួនមួយ នាងដើរបន្តមើលរបស់របរនៅទីនោះ រហូតទាល់តែដល់sectionអាវរបស់កូនក្មេង លីងអឺក៏ស្រាប់តែឈប់ ឃើញអាវអស់ទាំងនោះស្នាមញញឹមនាងក៏ញ៉ោចឡើងស្របនឹងដៃម្ខាងទម្លាក់ចាប់កាន់ផ្ទៃពោះខ្លួនឯង។
"ខ្ញុំពិតជាចង់ឃើញកូនកើតមកបានស្លៀកពាក់អាវអស់ទាំងនេះណាស់មិនថាកូនស្រីរឺមួយក៏ប្រុស កូនច្បាស់ជាស្រស់ស្អាត..ហិ" លីងអឺលើកអាវយឺតរូបស្ត្រ៊ប័ររីមួយដាក់ចូលកន្ត្រក រួចបោះជំហានដើររកមើលអ្នកដែលបបួលគ្នាមកជាមួយនាងឯណោះ តែពេលនេះបាត់គេរកមិនឃើញសោះ។
(ខ្ញុំប្រាប់ប៉ុន្មានដងហើយថាខ្ញុំមិនបានក្បត់អូនយីង..នេះវាយ៉ាងមិច? រឿងទ្រព្យសម្បត្តិខ្ញុំច្បាស់ជាចែកឲ្យយីង មិនថា50% រឺក៏70%ខ្ញុំនឹងឲ្យនាង តែសុំឲ្យខ្ញុំបានលាងឈ្មោះពីមនុស្សផិតផង ព្រោះវាមិនដែលជាបំណងរបស់ខ្ញុំនោះទេ)
ការដើរតាមរកអៃដេនត្រូវបានបញ្ចប់ កាលបើលីងអឺនាងមកជួបនិងសំឡេងគេនៅកៀនហាងឯណោះ ស្រីតូចលបលួចមើលក៏ឃើញបុរសកំណាចដែលតែងតែចងចិញ្ចើម ពេលនេះកំពុងតែច្បូញមុខកើតទុក្ខជាមួយនិងរឿងមួយនោះ។
(ខ្ញុំមិនយល់ថាហេតុអីក៏អូនយីងចង់លែងលះទាំងបែបនេះ)
"លែងលះ?" លឺតែពាក្យថាលែងលះ លីងអឺនាងក៏ភ្ញាក់ដល់ខ្ទប់មាត់ខ្លួនឯងតែម្ដង នាងងាកបែរមើលទៅអ្នកម្ខាងទៀតជាថ្មី ម្ដងនេះគេមិនបាននិយាយទូរសព្ទ័ តែគេក៏សម្រូតខ្លួនអង្គុយច្បូតមុខ មុននិងទឹកថ្លាមួយតំណក់ហូរស្រក់កាត់ផែនថ្ពាល់នៃមុខមាំទាំរបស់គេ។ ការពិតក្រដាសដែលសុីងយីងគប់កណ្ដាលទ្រូងគេកាលពីថ្ងៃគឺជាលិខិតលែងលះសោះ អ៊ីចឹងតើបានជាវាប៉ះទង្គិចអារម្មណ៍អៃដេនខ្លាំងដល់ថ្នាក់មានជម្លោះវាយតប់គ្នានោះ។
លីងអឺឈរមើលទៅគេ កាន់តែមើល កាន់តែមានអារម្មណ៍ថាអាណិតនិងយល់ចិត្ត ស្រីតូចឈានជើងបំណងចង់ចូលទៅរកគេ លួងលោមគេ តែចិត្តមួយឃាត់នាងមិនឲ្យចូលទៅវិញ ព្រោះនាងដឹងថាបើនាងចូលទៅ មានតែបញ្ហាខឹង ព្រោះនាងដឹងថាគេមិនបានចង់បានការលួងលោមពីមនុស្សដូចជានាងនោះទេ បើនាងទៅលួងមានតែធ្វើឲ្យគេខឹងលើសដើមប៉ុណ្ណោះ។
