"អាអៃ.. ស្ងប់អារម្មណ៍!" ស្ទេហ្វាន៍ដឹងថាប្អូនប្រុសគេកំពុងតែស្លោរស្លន់ តុកសិកអារម្មណ៍ដែលត្រូវមកឃើញមនុស្សស្រីនៅក្បែរខ្លួនធ្លាក់មកក្នុងសភាពមួយដែលពិបាកមើលបែបនេះ គេក៏អាណិតនាងមិនចាញ់ប្អូនប្រុសដែរ តែគេក៏មានតែព្យាយាមធ្វើជារឹងប៉ឹង ដើម្បីបានធ្វើជាខ្នងបង្អែកដល់ប្អូនប្រុសដែលកំពុងតែមានទុក្ខឯណេះ។
"អញ្ជើញតាមសម្រួលចុះពេទ្យ"
"មោះអាអៃ..មកតាមបង ឲ្យឆាប់ឡើង" ដៃម្ខាងកាន់អោបក្មួយស្រីទើបនឹងកើតជាប់ទ្រូង ខណៈដៃម្ខាងទៀតលូកចាប់ទាញប្អូនប្រុសដែលកំពុងតែមានៈមិនចង់មកតាមខ្លួនសោះនោះ។ អៃដេនគេមិនអស់ចិត្ត គេមិនចង់ចាកចេញពីទីនោះ នាយចោលភ្នែកសំឡឹងមើលទៅសភាពរាងកាយអ្នកដែលកំពុងតែគេងស្ដូកស្ដើង មានបំពាក់អុកសុីសែនជំនួយ ជាសភាពមួយដែលធ្ងន់ធ្ងរបំផុត អៃដេនខាំបបូរមាត់លើកដៃអោបកូនជាប់ទ្រូងរួចចាកចេញទាំងបន្សល់ទុកពាក្យឧទានមួយដោយសង្ឃឹមថាលីងអឺអាចនឹងមានឱកាសបានលឺពាក្យទាំងនោះ។
(ឆាប់ក្រោកឡើងមកនាងច្រម៉ក់! នាងមិនចង់ឃើញមុខកូនទេមែនទេ? កូនគេយំរកនាងណាស់ លីងអឺ សុីរ៍)
អៃដេននិងស្ទេហ្វាន៍ចាកចេញទៅផុត គ្រូពេទ្យក៏ដុតដៃដុតជើងពិនិត្យមើលស្ថានភាពស្ត្រីជាម្ដាយឯណោះវិញ ពេទ្យម្នាក់ពិនិត្យមើលអុកសុីសែន ខណៈពេទ្យម្នាក់ទៀតមើលសឺរ៉ូមដែលដាក់ឲ្យអ្នកជម្ងឺឯណោះ។
"ដុកទ័រ..ដុកទ័រមកមើលត្រង់នេះមក" ដុកទ័រដែលទើបតែចូលមកក៏ត្រូវបានពេទ្យដៃស្ដាំឧទានហៅគេឲ្យចូលមកខាងណេះមួយភ្លែត គាត់មិនបានគិតច្រើន ដើរចូលមករួចក៏បានឃើញទិដ្ឋភាពដ៏សែនរំជួលចិត្តមួយ តែក៏ជាកម្លាំងជម្រុញគាត់ឲ្យកាន់តែខំប្រឹងជួយជីវិតម្ដាយវ័យក្មេងម្នាក់នេះថែមទៀត។
"អ្នកនាងសម្រាកយកកម្លាំងចុះ ពួកយើងនឹងព្យាយាមឲ្យអស់សមត្ថភាព ដើម្បីឲ្យអ្នកនាងឆាប់បានក្រោកមកជួបកូនឆាប់ៗ" ដុកទ័រនិយាយស្របនឹងដៃលូកយកកូនកន្សែងពីហោប៉ៅ រួចជូតវាសទឹកថ្លាដែលស្រក់ហូរតាមកន្ទុយភ្នែកលីងអឺឯណោះ គាត់ដឹងថាអ្នកជាម្ដាយនាងចង់ក្រោកណាស់ នាងប្រហែលជាបានលឺសំឡេងកូនយំ បានលឺសម្ដីមានៈឧទានរបស់ស្វាមីខ្លួន គាត់ជឿថានាងក៏កំពុងតែខំប្រឹងបំផុតក្នុងការដឹងខ្លួនដែរ។
