ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី56
#មន្ទីរពេទ្យជាយក្រុង
សម្រឹបជើងមាំទាំដែលចូលមកទាំងក្ដីសង្ឃឹមពេញប្រៀប ពេលនេះក៏បែរជាចង់ដួលខ្ពោកវិញ ក្រោយពីបានមកដល់និងជួបមនុស្សដែលគេចង់សួរនាំនោះ។
"អ្នកជម្ងឺទើបតែធ្វើការពិនិត្យហើយចាក់ថ្នាំរួច គាត់អាចនឹងគេងលង់លក់យូរបន្តិច" អៃដេនឈរចោលក្រសែភ្នែកសំឡឹងមើលម្ដាយលីងអឺសម្រាន្តនៅលើគ្រែយ៉ាងស្ងប់សុខ ដាស់ក៏មិនក្រោក អង្រួនយ៉ាងណាក៏មិនងើប ពេលនេះបានដឹងមូលហេតុ អៃដេនក៏សឹងតែបោកក្បាលខ្លួនឯងស្លាប់នៅនិងកន្លែងតែម្ដង នាយព្យាយាមសង្រួមចិត្ត ព្រលែងភាពតានតឹងតាមរយៈការដកដង្ហើមវែងៗមុននិងងាកសួរទៅកាន់អ្នកគ្រូពេទ្យមើលថែស្ត្រីចំណាស់ឯណោះវិញ។
"អ៊ីចឹងប៉ុន្មានម៉ោងទៀតទើបគាត់អាចដឹងខ្លួនឡើងវិញ?"
"ប្រហែលជាមួយរឺក៏ពីរថ្ងៃទៀតលោក ព្រោះអ្នកជម្ងឺមានរាងកាយទន់ខ្សោយហើយក៏ត្រូវការសម្រាកច្រើនណាស់" អៃេដនគាំងតែឯងមិនល្មមទេ បងប្រុសទាំងពីរនាក់គេដែរទើបតែមកដល់ឯណោះក៏គាំងស្ញេញឈរនៅមាត់ទ្វារមើលមកម៉ាក់របស់លីងអឺដែលកំពុងសម្រាន្តស្ដូកនោះដូចគ្នា។
"មិនអាចទេ..បើចាំដល់មួយរឺក៏ពីរថ្ងៃទៀត លីងអឺច្បាស់ជាយ៉ាប់មិនខានទេ អត់ទេ មិនអាច"
"អាអៃ..ឯងស្ងប់អារម្មណ៍សិនបានទេ?"
"ឲ្យស្ងប់យ៉ាងមិច? លីងអឺនាងបាត់ខ្លួនពីវីឡា គ្មានលុយមួយកាក់មួយសេនជាប់ខ្លួន ថែមទាំងមានទម្ងន់កូននៅក្នុងពោះថែមទៀត ប៉ុណ្ណឹងហើយឯងនៅចង់ឲ្យស្ងាត់យ៉ាងមិចទៀត អាស្ទេហ្វាន៍?" ស្ទេហ្វាន៍ចូលមកឃាត់ ព្រោះមានបំណងល្អ គិតគូរដល់ផ្លូវអារម្មណ៍ប្អូនប្រុស ត្បិតថាភាពអន្ទះអន្ទែងមិនដែលជួយនរណាម្នាក់ឲ្យសម្រេចជោគជ័យអ្វីម្ដងទេ មានតែបញ្ហាជាន់លើបញ្ហា កាន់តែអន្ទះអន្ទែង ខួរក្បាលគេនឹងកាន់តែគិតលែងចេញ។
"យើង..យើងមិនគួរបណ្ដោយនាងឲ្យរត់គេចបាននោះទេ យើងមិនគួរស្ងាត់ស្ងៀមឲ្យនាងគិតខុសលើបំណងយើងនិងលោកតានោះទេ.. យើង..."
"ឯងស្រឡាញ់នាងមែនទេអាអៃ?" សំឡេងម្ដងនេះក៏ជាសំឡេងរបស់រៃអេន ទោះបីជាគេជាមួយប្អូនផ្សះផ្សាគ្នាវិញក៏ពិតមែន តែគេក៏នៅតែមានអារម្មណ៍ថាខុសឆ្គងហើយក៏ព្យាយាមធ្វើខ្លួនឃ្លាតឆ្ងាយ មិនមែនគេមិនខ្វល់ពីប្អូន តែគេក៏មិនចង់ឲ្យប្អូនទើសទាល់ចិត្ត ទើបតែលើកនេះ.. ឃើញប្អូនតប់ប្រមល់ មិនចូលអារម្មណ៍ខ្លួនឯងពេក ទើបរៃអេនបោះសំនួរមួយសួរទៅគេ។ សំនួរមួយឃ្លាដែលស្ដាប់មើលទៅដូចជាសាមញ្ញធម្មតាទេ តែវាក៏ដូចជាឆ្នុកចុកមាត់អៃដេនឲ្យគេឆ្លើយមិនចេញ ទ្រូងដែលកំពុងតែឈឺចុកក៏បែរជាលោតញាប់ឌឹបៗសឹងតែមិនទាន់ចង្វាក់គ្នា។
ការដែលឃើញប្អូនប្រុសនៅស្ងៀម ឆ្លើយមិនចេញបែបនេះ វាក៏បានផ្ដល់ចម្លើយឲ្យរៃអេននិងស្ទេហ្វាន៍ដឹងកាន់តែច្បាស់ជាជាងគេនិយាយថាគេស្រឡាញ់នាងចេញមកទៅទៀត។
"យើងមិនដឹង.. យើងមិនដឹងទេ" បន្ទាប់ពីគាំងមួយស្រប៉ក់មក អៃដេនគេក៏ប្រញាប់ហាមាត់បដិសេធជាមួយបងប្រុសភ្លាម គេកាន់តែប្រកែកបងប្រុសគេកាន់តែច្បាស់ចិត្តទៀតថាវាជាការពិត អៃដេនពិតជាស្រឡាញ់ស្រីសម្អប់ម្នាក់នោះពិតមែន គ្រាន់តែគេមិនដឹងចិត្តខ្លួនឯងនិងព្យាយាមហាមខ្លួនឯងប៉ុណ្ណោះ។
"ឯងអាចប្រកែកមួយពាន់ មួយសែនដងថាឯងមិនបានស្រឡាញ់ក្មេងស្រីម្នាក់នោះ តែទង្វើរបស់ឯងវាផ្ទុយស្រឡះពីពាក្យសម្ដីឯងទាំងអស់អាអៃេដន.. បងគ្រាន់តែចង់ក្រើនរំលឹកឯង ថាឱកាសវាមិនដែលធ្លាក់មកលើដៃនរណាម្នាក់ដោយគេមិនបានធ្វើអ្វីទាំងអស់នោះទេ កំឡុងពេលដែលឯងនៅអាចជួបនាង នៅក្បែរនាង ព្យាយាមក្ដោបក្ដាប់ពេលវេលាអស់ទាំងនោះទុកទៅ ព្រោះនៅថ្ងៃស្អែកមានរឿងអីកើតឡើង គ្មាននរណាអាចស្មានទុកមុនបានទេ" រៃអេននិយាយ ស្ទេហ្វាន៍នៅកៀកក្បែរគេក៏ងក់ក្បាលយល់ស្រប អត់តែអៃដេនម្នាក់ដែលគេមិនព្រមទទួលយកការពិត គេមិនគិតថាគេអាចនឹងបាត់បង់ឱកាសនោះទេ។
"លីងអឺ សុីរ៍ជាមនុស្សរបស់យើង នាងត្រូវនៅក្បែរយើងរហូត នាងមិនអាចទៅណាបានទេ.. ដរាបណាយើងនៅមានដង្ហើម យើងក៏នឹងនៅតែតាមរកនាង" អៃដេនគេនិយាយច្បាស់ៗថាជោគវាសនាលីងអឺ សុីរ៍ចាប់ពីពេលនេះជារបស់គេ បើសិនជាគេមិនអនុញ្ញាត នាងក៏មិនអាចទៅណាឆ្ងាយពីគេបានជាដាច់ខាត គេព្យាយាមក្ដោបក្ដាប់ឱកាសដោយការចាប់ឃុំឃាំងនាងនៅក្បែរខ្លួន តែគេមិនបានយកក្ដីស្រឡាញ់មកឃុំគ្រងបេះដូងនាងទុកទេ តើវានឹងស្ថិតស្ថេរយូរប៉ុណ្ណា ការក្ដាប់ឱកាសបែបនេះ?
