ភាគទី41

886 19 0
                                        


ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី41

#វីឡាឃ្វីន
ថ្ងៃថ្មីឈានចូលមកដល់ គ្រប់យ៉ាងនៅក្នុងវីឡាធំស្កឹមស្កៃក៏ត្រូវបានរៀបចំបណ្ដើរៗ ត្បិតមិនប៉ុន្មានសប្ដាហ៍ខាងមុខ អ្នកប្រុសកម្លោះរបស់ត្រកូលនឹងត្រូវរៀបការម្ដង ទាំងដែលប្អូនប្រុសពៅទើបតែលែងលះមិនទាន់បានចូលជាខែស្រួលបួលផង។
"អរុណសួស្ដីអ្នកប្រុសរៃអេន?" សំឡេងស្វាគមន៍បន្លឺឡើងទ្រហឹង មុននិងលេចមុខសង្ហាបែបកូនកាត់របស់រៃអេន គេចុះពីជាន់បន្ទប់ខាងលើមកដោយដៃម្ខាងមានកាន់ឯកសារមួយដែលមើលទៅដូចជាសំខាន់ណាស់ ព្រោះតាំងពីបង្ហាញមកមុខ រៃអេនមើលទៅដូចជាតានតឹងជាមួយនិងអត្ថន័យនៅក្នុងក្រដាសប៉ុន្មានសន្លឹកនោះណាស់។
"បងសម្លាញ់" រៃអេនក្រពុលមុខសុខៗក៏ស្រាប់តែលេចនូវសំឡេងមនុស្សស្រីដែលជាអនាគតភរិយារបស់គាត់ ព្រោះមិនប៉ុន្មានសប្ដាហ៍ទៀតពួកគេក៏នឹងរៀបការជាមួយគ្នាដោយសារតែពួកគេបានចុះផ្សាយតាមសារព័ត៌មានអស់បាត់ទៅហើយ នរណាក៏ដឹងដែរថា រៃអេន អាឡិចសាន់តូស៍សាន កម្លោះសង្ហាដែលមិនធ្លាប់មានរឿងអាស្រូវស្នេហា ទីបំផុតក៏ត្រូវរៀបការនៅក្នុងខែនេះ តែអ្វីដែលពួកគេមិនបានដឹងនោះ គឺអនាគតប្រពន្ធរបស់គេ តាមពិតជាអតីតភរិយារបស់ប្អូនប្រុសបង្កើតគេទៅវិញ។
"យីង" រៃអេនឧទានហៅឈ្មោះនាងស្រាលៗ រួចលូកដៃម្ខាងទៅក្រសោបកាន់ចង្កេះនាង សុីងយីងញញឹមជំទើតជើងទៅថើបថ្ពាល់អតីតបងថ្លៃតែបន្តិចទៀតក៏ក្លាយទៅជាស្វាមីនោះតិចៗព្រមជាមួយនិងក្រសែភ្នែកត្របាញ់មើលទៅក្រដាសដែលនាយកំពុងតែកាន់នោះ។
"ការប្រកាសបណ្ដាំមរតកនឹងធ្វើឡើងក្នុងឆ្នាំនេះពិតទេបងរៃអេន?" សុីងយីងដកខ្លួនពីការអោបក្រសោបរួច ងើយមុខសំឡឹងមើលទៅរៃអេនហាក់ដូចជាចង់ដឹងលឺពីរឿងមួយនេះខ្លាំងណាស់។
"អឺម ពួកយើងរៀបការរួចក៏ដល់ពេលត្រូវទៅអុីតាលីល្មម លោកតាផ្ដាំគាត់គិតថាដល់ពេលដែលត្រូវប្រកាសពីបណ្ដាំមរតកហើយ ព្រោះគាត់ចង់នៅឃើញចៅៗទទួលយកវាដោយផ្ទាល់និងភ្នែក"
"ហើយបងក៏នឹងបានចំណែកលើសគេមែនទេ?" សុីងយីងនាងក៏និយាយឡើងហាក់ដូចជាមានបំណងគិតទុក គ្រាន់តែលឺពីមរតកដែលត្រូវបែងចែករវាងបងប្អូនទាំងបីនាក់នោះភ្លាម រៃអេនមិនទាន់និយាយអី មានតែបង្ហាញស្នាមញញឹម រួចលើកដៃម្ខាងវាសសក់ដែលធ្លាក់បាំងមុខសុីងយីងតិចៗ។
"ប្រាកដណាស់ ព្រោះសូម្បីតែក្រុមហ៊ុន បងក៏ជាអ្នកកាន់កាប់ទីតាំងធំជាងគេ ទោះជាបងរៀនមិនបានច្រើនជាងអាអៃដេន តែបងក៏ចំណាប់រឿងការងារ ហើយលោកប៉ាក៏ទុកចិត្តបងជាងកូនក្នុងចំណោមកូន3នាក់ដែរ"
"អ៊ីចឹងហើយទើបអូនស្រឡាញ់បង ហើយរើសយកបងមិនខុសនោះទេ ហ៊ឹសៗ" សុីងយីងនិយាយយ៉ាងមានមោទនភាពពីមុខរៃអេន ហាក់បីដូចជាគ្មានវិប្បដិសារីអ្វីលើរឿងដែលនាងធ្លាប់ធ្វើដាក់អៃដេន អតីតស្វាមីរបស់នាងសូម្បីមួយចុងក្រចក។ រៃអេនមិនបាននិយាយអ្វីតែក៏ឈោងដៃទាំងសងខាងអោបកាយរបស់សុីងយីង តែការអោបនោះក៏ត្រូវផ្អាកសិន ពេលដែលរៃអេនរេក្រសែភ្នែកឃើញវត្តមានប្អូនប្រុសដែលទើបតែចូលមកដល់ត្រឹមមាត់ទ្វារឯណោះ។
"អ្នកប្រុសអៃដេន.."
"ភ្ញាក់ផ្អើលធ្វើអី? វីឡានេះយើងក៏ធ្លាប់នៅដែរមិនអ៊ីចឹងហ្អេស៎?" អៃដេននិយាយទៅកាន់កូនចៅដែលយាមកាមនៅមាត់ទ្វារដែលឧទានមើលមកគេទាំងភ្ញាក់ផ្អើលនោះ។ គេងាកក្រសែភ្នែកមើលមកកាន់មនុស្សពីរនាក់ដែលក្បត់ទំនុកចិត្តគេនោះ រួចក្រពាត់ដៃដើរចូលមករកពួកគេព្រមជាមួយនិងទឹកមុខញញឹម ញញឹមបែបធ្វើឲ្យអ្នកមើលមានអារម្មណ៍ថាមិនស្រណុកតែម្ដង។
"សុីងយីង អូនសម្លាញ់"
"មានការស្អីក៏និយាយជាមួយយើងមក ប្រពន្ធយើងមិនមានអារម្មណ៍និយាយជាមួយឯងទេ" ខណៈដែលអៃដេនចូលមកកាន់តែកៀកនិងសុីងយីង រៃអេនក៏មកឈរពាំងពីមុខនាង រួចនិយាយកាត់មុខប្អូនប្រុសដែលត្របាញ់ខ្សែភ្នែកមើលទៅអតីតភរិយាគេឯណោះ។
"មិនមានអីធំដុំ គ្រាន់តែចង់មើលហើយក៏ចង់ដឹងថាជិតរៀបការហេតុអីក៏មិនប្រាប់បងប្អូនបែបនេះ? បើសិនជាឯងប្រាប់យើងច្បាស់ជារីករាយនឹងមកចូលរួមជាក់ជាមិនខានទេ រៃអេន" មាត់រឹងនិយាយចេញមកហាក់ដូចជាគេមិនបានឈឺចាប់និងរឿងដែលមនុស្សស្រីគេស្រឡាញ់ជិតក្លាយមកជាបងថ្លៃគេសោះ ទាំងដែលការពិតបេះដូងគេនេះចាប់ឈឺអូចៗដូចជាចង់ផ្ទុះបែកឈាមនៅនិងមុខពួកគេនេះទៅហើយ។
រៃអេនគេមិនបាននិយាយអី បានត្រឹមតែឈរស្ងៀមហាក់ដូចជាកំពុងតែព្យាយាមសង្រួមអារម្មណ៍ឆ្លើយតបជាមួយនិងប្អូនប្រុសឯណោះ។
"ប្រាកដណាស់ប្អូនថ្លៃ.. ពួកយើងច្បាស់ជាហៅអៃដេនដែរណា៎ ចាំបន្តិច" រៃអេនមិនបាននិយាយអីទេ តែសុីងយីងជាអ្នកដែលព្រមព្រៀងនិងការអញ្ជើញមួយនោះ នាងតូចដកខ្លួនចេញពីក្រោយខ្នងរៃអេន រួចបោះជំហានទៅទាញយកបារីមួយដើមមកអុជ រួចជក់បង្ហុយឡើងដូចជាទំនើងហួសនិស្ស័យ អៃដេនតាមសំឡឹងមើលកាយវិការមនុស្សស្រីដែលធ្លាប់តែទន់ភ្លន់មុខគេពីមុន ពេលនេះនាងប្រែសឹងតែ360ដឺក្រេតែម្ដង រឺមួយនេះវាអាចជាធាតុពិតរបស់នាង ហើយអ្វីដែលគេឃើញកន្លងមកជាការសម្ដែងទាំងអស់ក៏ថាបាន។
សុីងយីងចូលទៅបើកប្រអប់ឡើង រួចហូតយកសំបុត្រអញ្ជើញមួយ រួចកាន់ទាំងសំបុត្រ កាន់ទាំងបារីចូលមកឈរទល់មុខនិងអៃេដនវិញ។ ការឈរទល់មុខគ្នាពេលនេះគឺឈរក្នុងនាមជាអ្នកដទៃសុទ្ធសាធ អៃដេនសំឡឹងមើលមកនាង មើលហើយមើលទៅ ព្រោះគេចង់ដឹងថានាងធ្វើបែបនេះដោយសារតែអ្វី? ហេតុអីក៏គេមិនល្អគ្រប់គ្រាន់សម្រាប់នាង? គេអន់ត្រង់ណាទៅ?
"នេះធៀប.. កុំភ្លេចអញ្ជើញមកចូលរួមផង..អនាគតប្អូនថ្លៃ" ពាក្យថាប្អូនថ្លៃមួយម៉ាត់នេះហាក់ដូចជានាងយកកន្ត្រៃមកកាត់ច្រៀកបេះដូងគេជាច្រើនចម្រៀកអ៊ីចឹង អៃដេនចុកអួលនិយាយសឹងតែមិនចេញ មានតែញ៉ោចស្នាមញញឹមក្លែងក្លាយឡើងតិចៗ រួចទទួលយកធៀបការពីដៃនាង។
"បើឯងមានការរវល់ មិនចាំបាច់មកទេ ព្រោះយើងក៏មិនបានអញ្ជើញអាស្ទេហ្វាន៍ដែរ"
"អត់ទេ! យើងច្បាស់ជាបង យើងនឹងមកប្រាកដណាស់ ចាំជួបគ្នាថ្ងៃនោះ" អៃដេនងាកទៅតវ៉ាជាមួយបងប្រុស គេចង់ធ្វើជារឹងមាំណាស់ តែខណៈដែលងាកមើលទៅបងប្រុសគេក៏ធ្លោយសម្រក់ទឹកភ្នែកមួយតក់ចំពោះមុខរៃអេន តែនាយក៏ប្រញាប់ជូតវាចេញវិញយ៉ាងលឿន មុននិងបែរខ្នងដើរចាកចេញឆ្ងាយពីទីនោះ។
"ហ៊ឹស! រឹងមាំខ្លាំងណាស់ណ៎ សង្ស័យតែបាននាងលីងអឺនោះបញ្ជាក្បាលមកពីផ្ទះហើយមើលទៅ" សុីងយីងនាងពេបមាត់ជ្រេញអៃដេន រួចក៏ដើរទៅជក់បារីនៅចំហៀងផ្ទះដូចជាធម្មតា អ្នកដែលមិនធម្មតាគឺជារៃអេនឯណោះ គេតាមសំឡឹងមើលប្អូនប្រុស មើលរហូតទាល់តែគេឡើងឡាន បើកចេញទៅបាត់ ទើបនាយព្រួសខ្យល់ដង្ហើមស្រាល ភ្នែកថ្លាឆ្វង់មុននោះក៏ប្រែមកជាក្រហមដូចជាឈាមដែលហៀបនឹងហូរស្រក់ គេងាកមុខមើលទៅរូបថតជុំគ្នា3នាក់បងប្អូនដែលនៅជាប់ជញ្ជាំង ហើយក៏មើលមុខអៃដេនជាប់យូរជាងគេ។
(បងមិនរំពឹងថានឹងបានពាក្យថាអត់អោនពីឯងទេ បងសង្ឃឹមថាឯងនឹងរស់នៅយ៉ាងល្អជាមួយមនុស្សស្រីដែលបងនិងអាស្ទេហ្វាន៍បានរើសឲ្យនេះចុះ)
រៃអេននិយាយចិត្តតែម្នាក់ឯង មុននិងខួរក្បាលនឹកគិតដល់ថ្ងៃដែលគេនិងលីងអឺត្រូវចាប់បានថាដេកនៅលើគ្រែជាមួយគ្នានោះ។ គ្រប់យ៉ាងគឺគេ គេជាអ្នករៀបចំដាក់ថ្នាំគេ ហើយក៏ជាគេដែលនាំសុីងយីងទៅកាន់ទីនោះ ព្រោះគេចង់ឲ្យគ្រប់យ៉ាងឆាប់ចប់ ចង់ឲ្យអៃដេនលែងលះគ្នាជាមួយសុីងយីង កាន់តែឆាប់កាន់តែល្អ។
ក្រឺង..ក្រឺង..
ខណៈគិតសញ្ជឹង ទូរសព្ទ័របស់រៃអេនក៏រោទ៍ឡើង នាយព្រួសដង្ហើមញ័រទទ្រើត មុននិងលើកលេខមកមើលហើយក៏ឃើញថាជាលេខរបស់ស្ទេហ្វាន៍...

#ឃ្វីនរីសត
(អាឡូ...)
គ្រាន់តែលឺសំឡេងបែបញ័ររបស់ប្អូនប្រុសកណ្ដាល ស្ទេហ្វាន៍ក៏អាចដឹងច្បាស់ មិនបាច់សួរអី ព្រោះអៃដេនច្បាស់ជាបានទៅដល់ទីនោះ និយាយអ្វីចេញមកហើយ ទើបបានជារៃអេនមានសភាពសំឡេងបែបនេះ។
"ឯងមិនគិតថាចង់និយាយឲ្យដាច់ស្រេចជាមួយនិងអាអៃដេនទេមែនទេ? គិតលាក់វាដល់ពេលណាទៀត? យើងមិនចង់ស្ងាត់មាត់ហើយមើលពួកឯងឈ្លោះគ្នាបន្តទៀតទេ" ស្ទេហ្វាន៍ព្យាយាមនិយាយលួងលោមប្អូន បកស្រាយឲ្យពួកគេបានចុះសម្រុងនិងទុកចិត្តគ្នាដូចជាកាលពីមុន ព្រោះស្ថានភាពពួកគេពេលនេះគឺបែកខ្ញែកគ្នាដូចជាដើមឈើដែលបែកមែកចេញពីគ្នាអ៊ីចឹង ជាបងប្អូនសាច់បង្កើត តែក៏ឃ្លាតឆ្ងាយគ្នាប្រៀបដូចជាអ្នកដទៃទៅវិញ។
ច្រឺង!
សំឡេងធ្លាក់អ្វីម៉្យាងបន្លឺឡើងពីក្នុងបន្ទប់មេគ្រួសារធំ ស្ទេហ្វាន៍ងាកបែរមើលទៅបន្តិច តែមិនទុកចិត្តទើបសម្រេចចិត្តរុញទ្វារចូលទៅខាងក្នុង ហើយក៏បានឃើញស្រីតូចលីងអឺកំពុងតែព្យាយាមឈោងយកកន្ត្រៃឯណោះ។ ឃើញដំបូងគេក៏រៀងសភ្នែកដែរ ទើបប្រញាប់ចូលទៅហើយទាញកញ្ឆក់យកវាឆ្ងាយពីដៃនាង។
"លីងអឺចង់ធ្វើអីហ្នឹង?" ស្ទេហ្វាន៍សួរនាំទាំងខួរក្បាលកំពុងតែគិតអគតិថានាងកំពុងតែគិតចង់ធ្វើបាបខ្លួនដោយកន្ត្រៃនេះ តែកាលបើងាកឃើញខ្លុកអំបោះនៅលើសាឡុងពូកនិងកូនស្រោមដៃស្រោមជើងតូចៗនៅជិតនោះ ទើបគេបានធូរចិត្ត ហើយទម្លាក់ខ្លួនអង្គុយលើសាឡុងជាមួយនាង។
"ហេតុអីក៏ចាក់ មិចក៏មិនចាំទិញតែម្ដងទៅ?" សំនួរស្ទេហ្វាន៍នាំឲ្យអ្នកដែលចាប់ចាក់ស្រោមដៃស្រោមជើងបន្តនោះអស់សំណើចបន្តិច។
"ខ្ញុំគ្រាន់តែចង់ចាក់ទុកឲ្យកូនក្នុងពោះខ្លះ ព្រោះបង្កើតគេរួច ខ្ញុំអាចនឹងមិនមានឱកាសធ្វើវាឲ្យគេនោះទេ ដូច្នេះសល់ពេលខ្លះ ខ្ញុំក៏ចង់ធ្វើវាទុកជាកាដូឲ្យកូន" លីងអឺនិយាយទាំងមុខញញឹមស្ងួត នាងអោនមុខចាក់ស្រោមដៃកូនក្មេងយ៉ាងស្ងប់ស្ងាត់ ស្ទេហ្វាន៍ឯណោះក៏សំឡឹងមើលមកនាងយ៉ាងស្ងប់ស្ងាត់ដូចគ្នាដែរ កាន់តែមើលនាង គេកាន់តែមានអារម្មណ៍ថាគេសោកស្ដាយជំនួសអៃដេន។
(ឯងគិតចង់បាត់បង់មនុស្សល្អដូចជាលីងអឺពីដៃទៅបែបនេះរឺអាអៃដេន? ហេតុអីក៏មិនចេះគិតបែបនេះ?)

ទឹកភ្នែកភរិយាសុីឈ្នួលМесто, где живут истории. Откройте их для себя